ក្មេងៗ​ចាប់​ផ្តើម​ទទួល​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ខណៈ​ទីក្រុង​ភ្នំពេញ​ប្រឈម​​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី​ Delta

យុវជនម្នាក់កំពុងចាក់វ៉ាក់សាំង Sinovac សម្រាប់​បង្ការជំងឺកូវីដ១៩ នៅមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងក្នុង​រាជធានីភ្នំពេញ ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១។

អាណា​ព្យាបាល​របស់​កុមារ និង​យុវជន​នៅ​រាជធានី​ភ្នំពេញ​បាន​នាំ​កូន​ៗ​របស់​ពួកគេ​ដែល​មាន​អាយុ​ចាប់​ពី​១២​ឆ្នាំ​ដល់​១៧​ឆ្នាំ ទៅ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ​១៩ ដែល​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣ហើយ គិត​ចាប់​ពី​ថ្ងៃ​អាទិត្យ​នៃ​ការ​បើក​យុទ្ធនាការ។

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ក្មេងៗ​នេះ ធ្វើ​ឡើង​ខណៈមាន​ការព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី​ដែលតា​(Delta)​ដែល​ចាប់​ផ្តើម​រក​ឃើញ​ក្នុង​រាជ​ធានី​ភ្នំពេញ។

នៅឯ​មណ្ឌល​ផ្សារ​ដើម​ថ្កូវ សង្កាត់​បឹង​ទំពុន​ទី២ ខណ្ឌ​មានជ័យ អាណា​ព្យា​បាល​របស់​កុមា​រ​បាន​នាំ​កូ​នៗ​របស់​ពួកគេទៅ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​១៩។

យុវជន គង់ អាយុ​វឌ្ឍនៈ​បណ្ឌិត អាយុ​១៥​ឆ្នាំ ដែល​កំពុង​អង្គុយ​ចាំ​ស្តាប់​លេខ​រៀង​ក្នុង​ការ​ចូល​ទៅ​ចាក់​វ៉ាក់​សាំង បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​គាត់​ត្រូវ​បាន​ម្តាយ​ឪពុក​ណែនាំ​ឲ្យ​មក​ចាក់​វ៉ាក់​សាំង​បង្ការនេះ​។ យុវជន​រូប​នេះ​យល់​ថា​ការ​ទទួល​បាន​វ៉ាក់​សាំង​បង្ការ​កូវីដ​១៩​សម្រាប់​ខ្លួន​ឯង និង​សម្រាប់កុមារ​ដទៃ​ទៀត ជា​រឿង​ល្អ ដោយ​សារ​វា​អាចជួយ​ការ​ពារ​បាន​មួយ​កម្រិត។

យុវជន​រូប​នេះ​បន្ថែម​ថា​ខ្លួនត្រូវ​សុំ​លិខិត និង​ការ​អនុ​ញ្ញាត​ពី​ភូមិ​ឃុំ ដើម្បី​ឲ្យ​ឪពុក​ម្តាយ​ចុះ​ហត្ថ​លេ​ខា ឬ​ផ្តិត​មេដៃ​លើ​ឯក​សារជាមុន​សិន ទើប​អាច​មក​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​នេះ។ គាត់​មក​ចាក់​វ៉ាក់សាំង​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ជាមួយ​មិត្តភក្តិ ដោយ​មិន​មាន​វត្តមាន​ឳពុក​ម្តាយ ឬ​អាណា​ព្យាបាល​នោះ​ទេ។

លោក​និយាយ​ថា​៖ «ប្រធាន​ភូមិ​គាត់​មក​ប្រាប់​យើង​ដល់​ផ្ទះ​ថា​អ្នក​នៅ​ក្នុង​ផ្ទះ​ហ្នឹង​អាយុ​ប៉ុន្មាន​ៗ ឈ្មោះ​អី​ៗ ត្រូវ​ទៅ​ចាក់​[ហើយ​]​គាត់​ប្រាប់​យើង​តែ​ប៉ុណ្ណឹង​មក យើង​ទៅ​យក​ក្រដាស​ពី​គាត់​ហើយ​ ហើយ​យើង​យក​មក​ឲ្យ​ម៉ែ​ឪ​យើង​គាត់​ផ្តិត​មេដៃ​អញ្ចឹង​ទៅ​»។

យុវជន​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ​ នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

យុវជន គង់ អាយុ​វឌ្ឍនៈ​បណ្ឌិត ជា​យុវជន​ម្នាក់ក្នុង​ចំណោម​ក្រុម​មនុស្ស​ប្រមាណ​២៨​ម៉ឺន​នាក់​នៅ​ទីក្រុង​ភ្នំពេញ ដែល​មាន​អាយុចន្លោះ​ពី​១២​ទៅ​១៧​ឆ្នាំ ហើយ​ជាក្រុម​អាទិភាព​សម្រាប់​ការ​ចាក់​វ៉ាក់សាំង ដែល​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១ ខែ​សី​ហា។ វ៉ាក់សាំង​សម្រាប់​ក្មេង​ចាក់​បង្ការ​នេះ គឺ​វ៉ាក់សាំង​ស៊ីណូវ៉ាក់(Sinovac) ​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ​ Sinovac Biotech​ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

អ្នកស្រី សេង ចំរើន អាយុ​៤១​ឆ្នាំ កំពុង​អង្គុយ​រង់​ចាំ​កូន​ស្រី អាយុ​១៤​ឆ្នាំ ដែល​មក​ទទួល​កា​រ​ចាក់​វ៉ាក់​សាំង​ដូច​គ្នា។ អ្នកស្រី​និយាយ​ថា​មុន​ពេល​ដែល​កូន​របស់​អ្នក​ស្រី​មិន​ទាន់​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នេះ អ្នកស្រី​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​កូ​ន​យ៉ាង​ខ្លាំង ដោយ​សារ​ខ្លាច​ឆ្លងជំងឺ​នេះ​។ ទោះ​បី​ជា​បានទទួល​ការ​ចាក់​វ៉ាក់​សាំង​នេះហើយ អ្នក​ស្រី​នៅ​តែ​ការ​ពារ​តាម​វិធាន​សុខា​ភិបាល។

អ្នក​ស្រី​ថ្លែង​ថា៖«ខ្ញុំ​គិត​ថា​ពួក​ខ្ញុំ​បាន​[ចាក់​វ៉ាក់​សាំង​]​អស់​ហើយ​ចាស់ៗ នៅ​តែ​ក្មេង​ៗ[គឺ]​នៅ​ព្រួយ​បារម្ភ​។ ប៉ុន្តែ​ឥឡូវ​យើង​បាន​ចាក់​វ៉ាក់​សាំង អញ្ចឹង​ទៅ​ដូច​ជា​សុវត្ថិភាព​ក្នុង​ខ្លួន ដូច​ជា​ឃាំង​ការ​ពារ​យើង​ល្អ​»​។

នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង​ផ្សារ​ដើម​ថ្កូវ​ដដែល អ្នក​ស្រី ងួន​ សុ​ធា កំពុង​ឈរ​ចាំ​កូនក្បែរ​របង​មណ្ឌល បង្ហាញ​ភាព​សប្បាយ​ចិត្ត នៅ​កូន​របស់​គាត់​២​នាក់ អាយុ​១៤​ឆ្នាំ និង​១៧​ឆ្នាំ បាន​ទទួល​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ១៩។ អ្នក​ស្រី​បន្ត​ថា​បើទោះ​ការ​ចាក់​វ៉ាក់សាំង​នេះ​មិនមាន​ប្រសិទ្ធ​ភាព​ការពារ​បាន​១០០% ប៉ុន្តែ​យ៉ាង​ហោច​ណាស់ វា​អាច​ការ​ពារ​បាន​មួយ​ចំនួន។ អ្នក​ស្រី​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី​ដែល​តា។

អ្នកស្រី​ថ្លែង​ថា​៖ «និយាយ​ទៅ បើ​មិន​បាន​ការ​ពារ​ច្រើន ក៏[​ប៉ុន្តែ]​បើ​ឆ្លង ក៏​វា​ទៅជា​ជំងឺ​ស្រាល​ដែរ។ អញ្ចឹង​ទៅ ពី​ព្រោះ​អី​យើង​មើល​មិន​ឃើញ អញ្ចឹង​បាន​បង​ថា​បាន​ចាក់​បង​សប្បាយ​ចិត្ត»។

ការ​ចាក់​វ៉ាក់សាំង​នេះ តម្រូវ​ឲ្យ​មាន​ការ​ឯកភាព​ពី​អាណា​ព្យាបាល​និង​ការ​ត្រួត​ពិនិត្យ​ឯកសារ​ពី​អាជ្ញា​ធរ​ភូមិ​ឃុំ​សង្កាត់ ដើម្បី​អាច​បង្ហាញ​ទៅ​អាជ្ញាធរ​សុខាភិ​បាល មុន​នឹង​ទទួល​បាន​ការ​ឯក​ភាព​ចាក់។

យុវជន និង​កុមារ​កំពុងរង់ចាំចាក់វ៉ាក់សាំង Sinovac សម្រាប់​បង្ការជំងឺកូវីដ១៩ នៅមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែង​ក្នុង​រាជធានីភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ ២០២១។

លោក លុក ជ័យ​ ចៅ​សង្កាត់​បឹង​ទំពន់​ទី២ ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ បាន​ប្រាប់​VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថាកុមារ​ដែល​មាន​អាយុ​គ្រប់ក្នុង​ការ​ទទួល​បាន​វ៉ាក់​សាំងនេះ ​ពួក​គេឬ​អាណាព្យា​បាល​ត្រូវ​តែ​ទាក់​ទង​មកមេ​ភូមិ ឬ​អាជ្ញា​ធរ​ភូមិ ដើម្បី​ទទួល​បាន​លិខិត​ស្នាម​យកទៅ​បំពេញ និង​មានការ​ធានា​ពី​អាណា​ព្យាបាល​ជា​មុន​សិន។

លោក​ថ្លែង​ថា៖ «​ក្មេង​ពី​អាយុ​១២ឆ្នាំ​ដល់​១៧​ឆ្នាំ​ហ្នឹង យើង​ឲ្យ​ក្មេង​ហ្នឹង​យក​សំបុត្រ​កំណើត​ឬ​សៀវ​ភៅ​ស្នាក់​នៅ​មក។ ហើយ​យក​សៀវភៅ​ស្នាក់​នៅ​មក មេ​ភូមិ​គេ​ដើរ​ចែក​Form​(លិខិត​បំពេញ)ឲ្យ​ឪពុក​ម្តាយ​ផ្តិត​មេ​ដៃ...ហើយ​អម​នឹង​លិខិត​អញ្ជើញ​មួយ​ហ្នឹង និង​Form​(លិខិត​បំពេញ​)​ផ្តិត​មេ​ដៃហ្នឹង ហើយ និង​សំបុត្រ​កំណើត យក​បញ្ជាក់ឲ្យ​គ្រូពេទ្យ»។

បើ​តាម​លិខិត​ព្រម​ព្រៀង​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ដល់ក្មេងៗ ករណី​ហាម​ចាក់​វ៉ាក់​សាំង ជា​បុគ្គល​ដែល​ធ្លាប់​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​ជាមួយ​នឹង​វ៉ាក់​សាំង​ផ្សេងៗ បុគ្គល​ដែល​មាន​ឬ​សង្ស័យ​ថា​មាន​ជំងឺ​កូវីដ​១៩ កំពុង​គ្រុន​ក្តៅ ៣៧.៥​អង្សារ​សេ មាន​ការ​ប៉ះ​ពាល់​អ្នក​ជំងឺ​កូវីដ១៩ ឬ​កំពុង​រង់ចាំ​លទ្ធ​ផល​តេស្ត​កូវីដ១៩ អ្នក​មាន​ជំងឺ​ស្រួច​ស្រាល់ និង​អ្នក​មាន​ជំងឺ​រុំារៃ​ធ្ងន់ធ្ងរ ដែល​កំពុង​ធ្វើ​ទុក្ខ។ លិខិត​ព្រម​ព្រៀង​ឲ្យ​ដឹង​ទៀត​ថា​ផល​រំខាន​ក្រោយ​ពេល​ចាក់វ៉ាក់សាំង​ហើយ ដូចជាឈឺ​ក្បាល​ ក្តៅ​ខ្លួន​ ល្ហិត​ល្ហៃ​ និង​ឈឺ​ចាប់​កន្លែង​ចាក់ ដែល​អាច​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​២​ទៅ​៣​ថ្ងៃ និង​ក្នុង​ករណី​កម្រ​បំផុត អាច​ប​ណ្តាល​ឲ្យ​មាន​ស្ហុក​អា​ណា​ហ្វ៊ី​ឡា​ក់​ទិច(Anaphylactic Shock) ឬ​អាច​ជា​ការ​ភ័យ​ខ្លាំង​រហូត​ដល់​សន្លប់។

ក្រោយ​បញ្ចប់​ការ​ចាក់​វ៉ាក់​សាំង​ដល់​ក្មេង​ និង​យុវជន​នៅ​ទីក្រុង​ភ្នំពេញ អាជ្ញាធរ​សុខាភិបាល​នឹង​ចាប់​ផ្តើម​ពង្រីក​ការ​ចាក់​នេះ​ដល់​ក្មេង​ៗ​នៅ​ទូទាំង​ប្រទេស ដែល​មាន​ការ​ប៉ាន់​ប្រមាណ​២​លាន​នាក់។

ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​នៃ​ការ​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ដល់​ក្មេង កាល​ពី​ថ្ងៃ​អាទិត្យ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាង​ថា​ការ​ចាក់​វ៉ាក់សាំង​នេះ ជា​រឿង​សំខាន់ដែល​ត្រូវ​គិត​គូរ ដើម្បី​អាច​ឈាន​ទៅ​ដល់​ការ​បើក​សាលា​រៀន ក្នុង​ពេល​ឆាប់ៗ។

លោក​ថ្លែង​ថា​៖ «យើង​ធ្លាប់​និយាយ​ជា​ហូរ​ហែ​មក​ កុមារ​ជា​ទំពាំង​ស្នង​ឫស្សី ប្រសិន​បើ​កុមារ​ខូច​ខាត​សុខភាពចាប់​ពី​ពេល​នេះ​ យើង​ពុំ​មាន​ឫ​ស្សី​ដែល​ល្អ​នោះ​ទេ។ មួយ​ផ្នែក​ទៀតផល​ប៉ះពាល់​ដែលបាន​កើត​ឡើង​នៅ​ក្នុង​ពេល​វេលា​នៃ​កូវីដ​១៩​ គឺប៉ះ​ពាល់​យ៉ាង​ធ្ងន់​ទៅ​លើ​បញ្ហា​ ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ស្ទើរ​គ្រប់​ប្រទេស​ទាំង​អស់​មាន​ការ​បិទ​សាលា​រៀន។ ចំណុច​នេះ ​គឺ​ជា​ចំណុច​ដែល​យើង​កំពុង​គិត​គូរ​រៀប​ចំធ្វើ​យ៉ាង​ណា​ឲ្យ​បាន​បើក​សាលា​រៀន​ឡើង​វិញ​ ហោច​ណាស់​ចាប់​ពី​អនុវិទ្យាល័យ​ឡើង​ទៅ»។

លោក អ៊ូច វុទ្ធី ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណ​ធម៌​កម្ពុជា បាន​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ការ​ចាក់​វ៉ាក់​សាំង​ដល់​កុមារ ជា​រឿង​ល្អ ដែល​អាច​ឲ្យ​កុមារ ឬ​ក្មេង​ៗ​អាច​ចូល​រៀន​បាន​ជា​ធម្មតា​វិញ។ ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​អាណា​ព្យាបាល និង​ក្រុម​គ្រូពេទ្យ​ជំនាញ ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​អាការៈ ឬ​ប្រភេទ​ជំងឺ​របស់​ក្មេង​ម្នាក់​ៗ​ដែល​ធ្លាប់​មាន​កាល​ពី​មុន ក្នុង​ការ​យក​មក​ពិភាក្សា​គ្នា ដើម្បីកុំ​ឲ្យ​បង្ក​ជាផល​ប៉ះ​ពាល់​លើ​កុមារ។

លោក​ថ្លែង​ថា៖ «កន្លែង​ហ្នឹង​ហើយ​ដែល​ខ្ញុំ​យល់​ឃើញ​ថា​ជា​រឿងមួយ​ដែល​អាច​ទប់​ស្កាត់​ ហើយ​ឲ្យ​ក្មេង​ កុមារ​ឲ្យ​គាត់​បាន​ចូល​សាលា​ជួប​ជុំ​គ្នា។ នេះ​ជា​រឿង​មួយ​ដែល​យើង​មិន​អាច​ជៀស​ផុត​បាន​ រាល់​គ្នា​ត្រូវ​ទទួល​វ៉ាក់​សាំង ប៉ុន្តែ​សុំ​ឲ្យ​អ្នក​ជំនាញ​ៗ​ហ្នឹង​ឲ្យ​ចុះ​ជួយ​ដល់​ការ​ចាក់​វ៉ាក់​សាំង ដើម្បី​មើល​ដល់​ក្មេង​ទាំង​អស់​គ្នា។ ជួន​កាល​កុមារ​ខ្លះ​មាន​អាលែក​ហ្ស៊ី មាន​ជំងឺ​ផ្សេងៗ​នៅ​ក្នុង​ខ្លួន​ នៅ​ពេល​ដែល​ចាក់​ហ្នឹង​យើង​គួរ​តែ​សួរ​គាត់​ តើ​គាត់​មា​ន​បញ្ហា​សុខ​ភាព​អី​ខ្លះ​ពី​មុន​ ពីព្រោះ​មនុស្ស​ទទួល​វ៉ាក់​សាំងមាន​សភាព​ខុសៗ​គ្នា»។

គួរ​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ អង្គការ​សុខភាព​ពិភព​លោក(​WHO)​មិន​ទាន់​ដាក់​ប្រភេទ​វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) ​ដែល​ចាក់​សម្រាប់ក្មេង​នេះ ចូល​ទៅ​ក្នុង​បញ្ជី​ទទួល​ស្គាល់​សម្រាប់​ចាក់​ដល់​កុមារ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ក្រុមហ៊ុន​ស៊ីណូវ៉ាក់​ធ្លាប់​បាន​ប្រកាស​ថា​វ៉ាក់សាំង​របស់​ខ្លួន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ចិន​សម្រាប់​ចាក់​ដល់​ក្មេង​អាយុ​ចាប់ពី​៣ឆ្នាំ​ឡើង​ទៅ៕