របាយការណ៍សិក្សារបស់អង្គការភ្លែន អន្តរជាតិកម្ពុជានិងក្រសួងកិច្ចការនារី ស្តីពីការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារ និងការមានផ្ទៃពោះនៅវ័យជំទង់បង្ហាញថា បញ្ហានេះនៅតែជាបញ្ហាប្រឈមខ្ពស់សម្រាប់កម្ពុជា បើទោះបីជាអាត្រានៃការរៀបការនៅវ័យកុមារធ្លាក់ចុះតិចតួចក្តី។ នេះបើតាមលោក យី គឹមថាន នាយករងប្រចាំប្រទេសអង្គការ ភ្លែនអន្តរជាតិកម្ពុជា ដែលជាអង្គការធ្វើការផ្តោតទៅលើក្មេងស្រី និងសិទ្ធិកុមារ ជាមួយសហគមន៍ ដើម្បីកាត់បន្ថយភាពក្រីក្រ។
របាយការណ៍ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានសិក្សាស្រាវជ្រាវក្នុងខេត្តគោលដៅចំនួន ៩ រួមមានខេត្តសៀមរាប ព្រះវិហារ បាត់ដំបង ព្រៃវែង ស្ទឹងត្រែង រតនគិរី តាកែវ កំពត និងខេត្តព្រះសីហនុ ក្នុងចំណោមអ្នកដែលផ្តល់បទសម្ភាសន៍សរុបប្រមាណ ១.៣៥០នាក់។
របាយការណ៍នេះត្រូវបានផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិកម្ពុជាកាលពីសប្តាហ៍មុន។
លោក យី គឹមថាន នាយករងប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា ប្រាប់វីអូអេថា របាយការណ៍រកឃើញថា កុមារអាយុក្រោម ១៥ ឆ្នាំម្នាក់ក្នុងចំណោម ១០០ នាក់ រៀបការនៅវ័យកុមារ។ ចំណែកកុមារអាយុក្រោម ១៨ ឆ្នាំ ១៥ នាក់ ក្នុងចំណោម ១០០ នាក់ បានរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង។ លោកបន្តថា អត្រាដែលកុមាររៀបការវ័យក្មេងនៅតែស្ថិតក្នុងតួលេខខ្ពស់ ជាពិសេសកុមារដែលរស់នៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលរកឃើញថាអត្រានៅក្នុងខេត្តរតនគិរី មាន ៣៧,៣% ខ្ពស់ជាងគេក្នុងចំណោមខេត្តដទៃទៀត។
លោក យី គឹមថាន ថ្លែងថា៖ «យើងឃើញថា នេះជាការព្រួយបារម្ហមួយហើយ ទោះបីជាមានការថយចុះតិចក៏ដោយ ប៉ុន្តែអត្រាគឺនៅតែមានកម្រិតមួយខ្ពស់នៅឡើយ ជាពិសេសនៅតំបន់ភូមិភាគឦសាន។ យើងឃើញថា អត្រានៅខេត្តរតនគិរី បន្តមកខេត្តព្រះវិហារអីហ្នឹងគឺយើងឃើញថា វានៅមានកម្រិតមួយខ្ពស់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីយើងលុបបំបាត់នូវការរៀបការវ័យក្មេង ឬនៅវ័យកុមារនេះហើយក៏ដូចជាទាក់ទងទៅនឹងកាត់បន្ថយការមានផ្ទៃពោះនៅវ័យជំទង់»។
លោកបញ្ជាក់ថា ការរៀបការនៅវ័យកុមារបង្កផលប៉ះពាល់ជាច្រើន រួមមានប៉ះពាល់សុខភាពរបស់ក្មេងស្រីនៅពេលមានផ្ទៃពោះ ដោយសារតែកាយសម្បទារបស់ក្មេងស្រីមិនទាន់អាចត្រៀមលក្ខណៈនៅពេលមានផ្ទៃពោះ ជាពិសេសពួកគេក៏មិនទាន់យល់ដឹងពីការមានផ្ទៃពោះនិងការចិញ្ចឹមកូនដែលធ្វើឱ្យប៉ះពាល់ទាំងម្ដាយនិងទារក។ លោកបន្ដថា ការរៀបការវ័យកុមារក៏ធ្វើឱ្យកុមារបាត់បង់ការសិក្សា ជាពិសេសក្មេងស្រីនៅពេលដែលពួកគេមានផ្ទៃពោះ ឬត្រូវទទួលបន្ទុកការងារផ្ទះ។
លោក យី គឹមថាន បន្ថែមទៀតថា នៅក្នុងគ្រួសារដែលមានការរៀបការនៅវ័យក្មេង ក៏អាចងាយនឹងកើតមានអំពើហិង្សាក្នុងគ្រួសារ ដោយសារតែពួកគេក្មេងខ្ចី ការគិត ការពិចារណាមិនទាន់មានការយល់ដឹងច្រើននៅឡើយទេ។
យោងតាមរបាយការណ៍ដែលបានសិក្សានិងចេញផ្សាយកាលពីសប្តាហ៍មុន មូលហេតុដែលបណ្ដាលឱ្យមានការរៀបការនៅវ័យក្មេង និងការមានផ្ទៃពោះនេះកើតឡើង ដោយសារតែកត្តាជាច្រើនរួមផ្សំគ្នា រួមមានវិសមភាពយេនឌ័រ កង្វះខាតការយល់ដឹងអំពីការរៀបការវ័យក្មេងនិងផ្នែកច្បាប់ពីឪពុកម្ដាយរបស់ក្មេង ការមានផ្ទៃពោះវ័យជំទង់ ទំនៀមទម្លាប់ប្រពៃណីរបស់សហគមន៍ជនជាតិភាគតិចមួយចំនួន សេដ្ឋកិច្ចគ្រួសារ ភាពក្រីក្រ ឥទិ្ធពលនៃអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គមមិនទាន់មានភាពទូលំទូលាយក្នុងការផ្សព្វផ្សាយទៅដល់អ្នកដែលរស់នៅតំបន់ដាច់ស្រយាល និងជាពិសេសអក្ខរកម្មឌីជីថលនៅមានកម្រិត។
កញ្ញា សយ ពិសី អាយុ ២៧ ឆ្នាំ ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូន ៣ នាក់ និងជាជនជាតិដើមភាគតិចព្រៅ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ធ្លាប់ឆ្លងកាត់បទពិសោធន៍ដែលសហគមន៍របស់ខ្លួនជំរុញឱ្យរៀបការ កាលពីវ័យក្មេង តែមិនបានសម្រចដោយសារខ្លួនមិនចង់ និងមានការការពារពីម្ដាយ។ ពិសី បន្តថា ដោយសារតែឃើញបទពិសោធន៍ម្ដាយរបស់ខ្លួនជួបការលំបាក ក្រោយការរៀបការវ័យក្មេងបែបនេះ ទើបនាងសម្រេចចិត្តមិនទាន់ឆាប់រៀបការនៅពេលនោះ និងស្វះស្វែងក្នុងការរៀនសូត្ររហូតទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។
កញ្ញា សយ ពិសី ថ្លែងថា៖ «បើមែនទែនទៅ បើសិនជាម្ដាយរបស់ខ្ញុំគាត់បណ្ដែតបណ្ដាយប្រហែលជាខ្ញុំនឹងមានទំនោរទៅតាមសហគមន៍ដែលខ្ញុំរស់នៅជាមួយ ដោយសារតែគេឱ្យតម្លៃទៅលើការកាន់តែរៀបការកាន់តែលឿនកាន់តែល្អ កុំឱ្យយើងចាស់ទាន់ ដើម្បីយើងមានអ្នកណាដែលជាទីពឹងផ្អែក ប៉ុន្ដែនៅក្នុងករណីខ្ញុំ ខ្ញុំមានម្ដាយរបស់ខ្ញុំគាត់តម្រង់ទិសរហូត គាត់ណែនាំគាត់ការពាររហូតចឹងទៅគោលដៅរបស់ខ្ញុំគឺយ៉ាងហោចណាស់ ក៏ខ្ញុំត្រូវរៀនចប់ទី១២ដែលដោយសារមានម្ដាយគាត់តម្រែតម្រង់»។
ពិសី មើលឃើញថា ការរៀបការនៅវ័យក្មេងនេះនៅតែបន្ដកើតមាននៅក្នុងសហគមន៍ដែលខ្លួនរស់នៅចំពោះកុមារដែលមានអាយុក្រោម ១៨ ឆ្នាំ ជាពិសេសក្មេងស្រី។ ពិសី បន្តថា ដើម្បីទប់ស្កាត់បញ្ហានេះ មានតែការជួយជ្រោមជ្រែង ការពារ ការណែនាំពីឪពុកម្ដាយ និងសហគមន៍ពិតជាមានសារៈសំខាន់ក្នុងការកាត់បន្ថយការរៀបការ និងមានផ្ទៃពោះនៅវ័យក្មេង។
អ្នកស្រី ក្រូន ចន្រ្ទា មេឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី មើលឃើញថាចំនួនកុមារដែលរៀបការនៅវ័យក្មេងក្នុងឃុំល្អក់នៅតែមានចំនួនច្រើនគួរឱ្យព្រួយបារម្ហ។
អ្នកស្រីបន្ដថា កន្លងមក មន្រ្តីភូមិឃុំតែងតែចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃការរៀបការនៅវ័យក្មេងតាមសហគមន៍ ហើយរដ្ឋបាលភូមិឃុំមិនចុះសំបុត្រអាពាហ៍ពិពាហ៍ឱ្យគ្រួសារដែលមានអាយុមិនគ្រប់តាមច្បាប់ដែលមានចែងឡើយ។ អ្នកស្រីមើលឃើញថា អត្រាដែលកុមាររៀបការវ័យក្មេង ភាគច្រើនតែងកើតឡើងចំពោះក្មេងស្រីជាងក្មេងប្រុស។
អ្នកស្រី ក្រូន ចន្រ្ទា ថ្លែងថា៖ «គាត់រៀបការវ័យក្មេងយើងអត់ធ្វើអាពាហ៍ពិពាហ៍អីឱ្យៗ ហើយម៉្យាងបើតាមច្បាប់បើអត់គ្រប់អាយុក៏យើងអត់អាចធ្វើសំបុត្រអាពាហ៍ពិពាហ៍បានដែរ»។
យោងតាមច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ មាត្រា ៥ ចែងថា អ្នកដែលអាចរៀបអាពាហ៍ពិពាហ៍បាន បុរសអាយុចាប់ពី ២០ ឆ្នាំឡើង នារីអាយុចាប់ពី ១៨ ឆ្នាំឡើង។ ក្នុងករណីពិសេស បុរសដែលមានអាយុមិនទាន់ដល់ ២០ ឆ្នាំ និងនារីដែលមិនទាន់ដល់អាយុ ១៨ ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍ស្របច្បាប់បាន ប្រសិនបើនារីមានផ្ទៃពោះ ហើយមានការអនុញ្ញាតពីឪពុកម្ដាយ។ ចំណែកមាត្រា ២២ នៃច្បាប់នេះចែងថាអាពាហ៍ពិពាហ៍រវាងបុរសអាយុតិចជាង ២០ ឆ្នាំ ឬនារីអាយុតិចជាង ១៨ ឆ្នាំ ត្រូវទុកជាមោឃៈ។ អាពាហ៍ពិពាហ៍ដែលចាត់ទុកជាមោឃៈនោះនឹងលែងចាត់ទុកជាមោឃៈ កាលបើប្ដីប្រពន្ធនោះចម្រើនវ័យដល់អាយុតាមបញ្ញតិ្តច្បាប់ដែលចែង។
អ្នកស្រី ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី ប្រាប់វីអូអេថា បញ្ហាការរៀបការវ័យក្មេងនៅតែជាបញ្ហាប្រឈមខ្ពស់សម្រាប់កម្ពុជា។ អ្នកស្រីបន្តថាចំពោះបញ្ហានេះ ក្រសួងកិច្ចការនារីនឹងពិនិត្យមើលមូលហេតុឬសគល់នៃបញ្ហានេះបន្ថែមទៀត ដើម្បីទប់ស្កាត់ការរៀបការនៅវ័យកុមារ និងការមានផ្ទៃពោះនៅវ័យក្មេងនេះ ព្រោះវាបង្កផលប៉ះពាល់ជាច្រើនដល់កុមារ និងសង្គមផងដែរ។
អ្នកស្រីថ្លែងថា៖ «យើងមានការប្ដេជ្ញាចិត្តក្នុងការទប់ស្កាត់ និងលុបបំបាត់កុំឱ្យមានការរៀបអាពាហ៍ពិពាហ៍វ័យកុមារនេះ ហើយផ្អែកទៅលើការសិក្សាស្រាវជ្រាវនេះ យើងនឹងពិនិត្យមើលអំពីឫសគល់នៃមូលហេតុ ឬក៏កត្តាដែលនាំឱ្យមានការរៀបអាពាហ៍ពិពាហ៍វ័យកុមារ ហើយយើងនឹងធ្វើម៉េចផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថសង្គមយើងឱ្យគាត់យល់ដឹងអំពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់ ហើយយើងនឹងកៀរគរដៃគូក្នុងការបង្កើតឱ្យមាននូវផែនការ សកម្មភាព ដើម្បីទប់ស្កាត់ការរៀបការវ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់»។
បើយោងតាមរយៈរបាយការណ៍សិក្សាស្រាវជ្រាវរបស់ក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិកម្ពុជាដែលចេញផ្សាយកាលពីសប្តាហ៍មុន កុមាររៀបការមុនអាយុ ១៥ ឆ្នាំ មានអត្រាថយចុះប្រមាណ ០,៥%។ អ្នកឆ្លើយតបប្រមាណ ១៤%ក្នុ ងចំណោមអ្នកសម្ភាសន៍ជាង ១.៣០០ នាក់បា នរាយការណ៍ថាបានរៀបការនៅអាយុចន្លោះ ១៥ ដល់ ១៨ ឆ្នាំ។ ក្នុងនោះ ស្រ្តីប្រមាណ ១៤% ដែរបានរៀបការមុនអាយុ ១៨ ឆ្នាំ។ ចំណែកបុរសមានតែ ០,២២% ដែលបានរៀបការមុនអាយុ ១៥ ឆ្នាំ ហើយបុរសប្រមាណ ៣% បានរៀបការនៅអាយុពី ១៥ ទៅ ១៨ ឆ្នាំ៕