ទិន្នន័យបង្ហាញថា អត្រាកុមារនិងមនុស្សពេញវ័យដែលធាត់លើសទម្ងន់ បានកើនឡើងយ៉ាងគំហុកទូទាំងសាកលលោកក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ ហើយនឹងបន្តកើនឡើងនៅក្នុងបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ ការសិក្សានោះបានរកឃើញថា កម្រិតអ្នកធាត់លើសទម្ងន់បានធ្លាក់ចុះ និងនៅនឹងថ្កល់នៅក្នុងប្រទេសដែលសម្បូរសប្បាយ។ តែទោះជាយ៉ាងណានេះក្តី កម្រិតទាំងនោះនៅតែខ្ពស់ខ្លាំងមិនអាចទទួលយកបាន។
កាលពីឆ្នាំ២០១៦ ការសិក្សានោះបានរកឃើញថា អត្រាអ្នកធាត់លើសទម្ងន់ គឺខ្ពស់ខ្លាំងបំផុតនៅតាមតំបន់ Polynesia និងតំបន់ Micronesia ហើយតំបន់ដែលមានកម្រិតខ្ពស់បន្ទាប់គឺតំបន់និយាយភាសាអង់គ្លេសដូចជាសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ អៀវឡង់ និងអង់គ្លេសជាដើម។
អ្នកសរសេររបាយការណ៍នេះបានព្រមានថា បើសិនជា និន្នាការបច្ចុប្បន្ននៅតែបន្ត កម្រិតកុមារនិងមនុស្សពេញវ័យធាត់លើសទម្ងន់នៅក្នុងសាកលលោក នឹងកើនលើសកុមារដែលមិនគ្រប់ទម្ងន់និងក្មេងខ្វះអាហាររូបត្ថម្ភមធ្យមនិងធ្ងន់ធ្ងរខ្លាំង គិតដល់ត្រឹមឆ្នាំ២០២២។ ទាំងនេះជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនៅក្នុងទ្វីបអាស៊ី និងផ្នែកខ្លះនៃតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ាក្នុងទ្វីបអាហ្វ្រិក។
អ្នកស្រី Fiona Bull អ្នកសម្របសម្រួលកម្មវិធីឃ្លាំមើលនិងការពារជំងឺមិនឆ្លងតាមរយៈមនុស្សនៅអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វិធានការដែលមានប្រសិទ្ធភាពហើយធូរថ្លៃក្នុងការបញ្ឈប់ការធាត់លើសទម្ងន់លើកុមារនិងមនុស្សពេញវ័យគឺមាន។ ការអន្តរាគមន៍ទាំងនេះ រួមមានបទបញ្ញត្តិនិងគោលនយោបាយសារពើពន្ធ។
អ្នកស្រីបាននិយាយថា៖
«ការដាក់បទបញ្ញតិក្នុងតំបន់ទីផ្សារដែលមានការរឹតបន្តឹង ការពិចារណាលើគោលនយោបាយសារពើពន្ធដូចជាការបង់ពន្ធ និងគោលនយោបាយស្លាកសញ្ញាម្ហូបអាហារ ដែលអាចផ្តល់ព័ត៌មានទៅដល់អតិថិជនអំពីគ្រឿងផ្សំនៅខាងមុខកញ្ចប់ដែលមានដូចជា អំបិល ខ្លាញ់ និងស្ករជាដើម។ ដំណើរការនៃការដាក់បទបញ្ញតិ និងការបង្កើនការយល់ដឹងទាំងនេះ គឺជាវិធានការបញ្ចប់ការធាត់លើសទម្ងន់ខ្លាំង ដោយយកសុខភាពសាធារណៈ និងគិតដល់ប្រជាជនជាធំ»។
ប៉ុន្តែអ្នកស្រី Bull និយាយថាកុមារគួរតែត្រូវបានជំរុញឲ្យចំណាយពេលតិចក្នុងការលេងហ្គេមតាមប្រព័ន្ធអ៊ីនធឺណិត ឬក៏មើលទូរទស្សន៍។ ពួកគេគួរចំណាយពេលច្រើនធ្វើសកម្មភាពរាងកាយ និងលេងកីឡា។ អ្នកស្រីនិយាយទៀតថា កុមារដែលធាត់ជ្រុល ទំនងជានឹងក្លាយជាមនុស្សពេញវ័យដែលធាត់ជ្រុលដែរ។ ហើយពួកគេ ប្រឈមនឹងហានិភ័យស្លាប់មុនអាយុដោយសារជំងឺដែលទាក់ទងនឹងការធាត់លើសទម្ងន់ ដូចជាជំងឺបេះដូង ជំងឺថ្លើម ជំងឺមហារីក និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម៕
ប្រែសម្រួលដោយ ទុំ ម្លិះ