ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ត្រូវ​ដក​ចេញ​បន្ទាប់​ពី​បាន​ដោះលែង​ឪពុកម្តាយ​ថោង សារ៉ាត់

ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​កម្ពុជា។

ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​នៅ​ថ្ងៃ​អង្គារនេះ​បាន​សម្រេច​ភ្លាម​ៗ​ដក​ហូត​មុខ​តំណែង​លោក​ អាំង មាលតី​ ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ និងប្រកាស​តែង​តាំង​លោក​ តាំង ស៊ុន ឡាយ​ អនុ​ប្រធាន​តុលាការមក​កាន់​តួនាទី​ជំនួសជា​ប្រធាន​តុលាការ​វិញ​ក្នុង​ថ្ងៃ​តែមួយ។​

ការ​ផ្លាស់​ប្តូរ​តួនាទី​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​នេះ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​បញ្ជា​ទៅឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​ស៊ើប​អង្កេត​ករណី​ភាព​មិន​ប្រក្រតី​ទាក់​ទិន​នឹង​ការ​ដោះ​លែង​ឪពុក​ម្តាយ​លោក​ឧកញ៉ា ថោង សារ៉ាត់​ ដែល​កំពុង​រត់​គេច​ខ្លួន​ទាក់​ទិន​ករណី​ឃាត​កម្ម​បាញ់​សម្លាប់​លោក​ ឧកញ៉ា អ៊ឹង ម៉េងជឺ។​

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​បាន​ឱ្យ​ដឹង​ថា​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​ក៏​បាន​សម្រេចដាក់​ឱ្យមាន​ការ​ស៊ើប​អង្កេត​ចំពោះ​លោក​ អាំង មាល​តី​ និង​ ចៅ​ក្រម​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ម្នាក់​ទៀត​គឺ​លោក​ លី សុខ​ឡេង​ដែល​បាន​ចេញ​ដីការ​ដោះ​លែង​ឪពុក​ម្តាយ​លោក​ ថោង សារ៉ាត់។​

លោក​ អាំង មាលតី​ អតីត​ប្រធាន​តុលាការ​ក្រុង​ និង​ លោក​ ចៅ​ក្រុម​ លី សុខឡេង​ មិន​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល។​

ចំណែក​លោក​ តាំង ស៊ុនឡាយ​ ដែល​ត្រូវ​ឡើង​កាន់​តួនាទី​ជា​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ជំនួស​លោក​ អាំង មាលតី​ បាន​និយាយ​ថា​កំពុង​ជាប់​រវល់។​

លោក​និយាយ​ថា៖​«ខ្ញុំ​ជាប់​ប្រជុំ​បន្តិច​ ចាំ​បន្តិច​ទៀត​ខ្ញុំ​ទូរស័ព្ទ​ទៅ​វិញ»​។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដ៏​មាន​ឥទ្ធិពល​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញបាន​បញ្ជា​ឱ្យ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ទៅ​លើ​ករណី​ភាព​មិន​ប្រក្រតី​ទាក់​ទិន​នឹង​ការ​ដោះ​លែង​ឪពុក​ម្តាយ​លោក​ថោង​ សារ៉ាត់។​

លោក​ ហ៊ុន សែន​ មាន​ប្រសាសន៍​ខ្លាំងៗ​ថា​លោក​មិន​សុខ​ចិត្ត​ជា​ដាច់​ខាត​ចំពោះ​ករណី​នេះ។​

លោក​និយាយ​ថា៖​«ខ្ញុំ​មិន​សុខ​ចិត្ត​ទេ​ ខ្ញុំ​ស្នើ​សុំ​ឱ្យ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ចាត់​វិធាន​ការ​ជា​បន្ទាន់​លើ​សំណុំ​រឿង​មួយ​នេះ​ ហើយ​ទោះ​បី​ជា​ដាក់​ជណ្តើរ​ឡើង ​បើ​ថា​ចុង​ត្នោត​វា​ខ្ពស់​ ដាក់​ជណ្តើរ​ឡើង​ក៏​ឡើង។​បើ​ថា​ត្រូវ​ចុះក្នុងទឹកតាម​រក​ក៏​ត្រូវ​ពាក់​ស្អីៗ​ចុះ​ក្នុង​ទឹក​រក​រឿង​ហ្នឹង​ឱ្យ​ឃើញ»។​

លោក​ ថោង ចំរើន ​អាយុ​៦៥​ឆ្នាំ​ ត្រូវ​ជា​ឪពុក ​និង​ អ្នក​ស្រី​ កែវ សារី ​អាយុ​ ៥៥​ ឆ្នាំ​ ជនជាតិ​វៀតណាម​ ត្រូវ​ជាម្តាយ​លោក​ ថោង សារ៉ាត់​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​ការ​បង់​ប្រាក់​ធានា​កាល​ពី​ចុង​សប្តាហ៍​មុន​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់។​

ជន​ជាប់​ចោទ​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួនម្តង​ទៀត​ក្នុង​ខណៈពេល​ដែល​ប៉ុន​ប៉ង​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម​ ហើយ​ក្រោយ​មក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញចេញ​ដីការ​សម្រេច​ឃុំ​ខ្លួន​សារជាថ្មី​ ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ​កាល​ពី​ថ្ងៃ​ច័ន្ទ។​

លោក​ ថោង សារ៉ាត់​ ត្រូវ​បាន​ប៉ូលិស​អន្តរជាតិ​ចេញ​ដីការ​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ​ ថៅកែ​ស៊ីម៉ង់តិ៍​សញ្ញា​ត្បូង​ពេជ្រ​ ​កាល​ពី​កាល​ពី​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ ​បណ្តាល​ឱ្យ​ជនរង​គ្រោះ​បាន​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ។ ក្នុង​ខណៈ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​ ចាក​ចេញ​ពី​រថ​យន្ត​ទៅ​ទិញ​ផ្លែ​ឈើ​នៅ​តូប​លក់​ផ្លែឈើ​មួយ​នៅ​ជិត​ម្តុំ​អាង ​ទឹក​អូឡាំពិក។

លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ​ឆ្លើយ​តប​នឹង​ការចោទ​ប្រកាន់​ថា​ការ​ចាក​ចេញ​របស់​សមាជិក​សភា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពត​ម្នាក់​របស់​គណបក្ស​ប្រឆាំង​ថា​ជា​ការ​ទិញ​ទឹក​ចិត្ត​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ។ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។​

លោក​ វ៉ាន សំអឿន ​អតីត​អ្នក​តំណាង​រាស្ត្រ​ខាង​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពត​បាន​ប្រកាស​ចាក​ចេញ​ពី​សមាជិក​សភា​តំណាង​រាស្ត្រ​មក​ចូល​រួម​ជីវិត​នយោបាយ​ថ្មី​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​លោក​បាន​លើក​ហេតុ​ផល​ថា​លោក​គ្មាន​ឱកាស​បម្រើ​ប្រទេស​ជាតិ។​

លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​ថា​មនុស្ស​មិន​មែន​ជា​ទំនិញ​ទេ។​ លោក​បាន​បញ្ជាក់​ថា​មនុស្ស​ម្នាក់​លោក​ទិញ​យក​មក​ធ្វើ​អ្វី​បើ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​បណ្ឌិត​រាប់​មិន​អស់៕