លោក​ ឈូក បណ្ឌិត ​ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយករង​នៅ​ក្រសួង​មហាផ្ទៃ

រូបឯកសារ៖ លោក​ ឈូក បណ្ឌិត​​ អតីត​អភិបាល​ក្រុង​បាវិត ​បាន​រត់​គេច​ខ្លួន​ បន្ទាប់​ពី​បាន​បាញ់​កម្មការិនី​ចំនួន​បី​នាក់ឱ្យ​រង​របួស​ នៅ​ក្នុងការបង្រ្កាប​ការ​តវ៉ា​របស់​​កម្ម​ករ​ដើម្បី​ទាម​ទារ​​លក្ខខណ្ឌ​ការងារ​នៅ​ស្វាយរៀង ​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​​ឆ្នាំ​​២០១២។​​ (រូបថត៖ ហេង រស្មី)

អតីត​អភិបាល​ក្រុង​បាវិត​លោក​ ឈូក បណ្ឌិត​ ដែល​ធ្លាប់​បង្កអំពើ​ហិង្សាលើ​កម្មករ​ក្នុង​ការ​តវ៉ា​មួយ​កាល​ពី​១២​ឆ្នាំ​មុន​ ត្រូវ​បាន​តែងតាំង​ជា​អគ្គ​នាយករង​រដ្ឋបាល​នៅ​ក្រសួង​មហាផ្ទៃ។ នេះ​បើ​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ ក្នុង​សៀវភៅ​រាជកិច្ច ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

លោក​ ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត​នៃ​ខេត្ត​ស្វាយរៀង​ដែល​មក​ពី​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​តុលាការ​ខេត្ត​ស្វាយរៀង កាត់​ទោស​នៅ​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០១៣​ ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ខែ ​ដោយ​សារ​បាន​បាញ់​កម្មការិនី​ចំនួន​ ៣ នាក់​ឱ្យ​របួស​ក្នុង​ពេល​ដែល​ពួកគេ​តវ៉ា​សុំ​ដំឡើង​ប្រាក់ខែ​កាល​ពី​ឆ្នាំ​២០១២។

ប៉ុន្តែ​លោក​មិន​បាន​ចូល​ខ្លួន​ទទួល​ទោស​រហូត​ដល់​ឆ្នាំ ២០១៥ បន្ទាប់​ពី​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​ ហើយ​លោក​ត្រូវ​បាន​ជាប់​ក្នុង​ពន្ធនាគារ​រហូត​ដល់​ឆ្នាំ ​២០១៧ ។

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ សង់ត្រាល់ ​លោក​ ឃុន ថារ៉ូ ប្រាប់​វីអូអេ​ថា អតីត​អភិបាល​ក្រុង​បាវិត ស្ទើរ​តែ​មិន​បាន​ទទួល​ទោស​នៅ​ក្នុង​ពន្ធនាគារ​នោះ​ទេ ព្រោះ​លោក​បានចំណាយ​ពេល​ភាគ​ច្រើន​នៅ​ក្នុង​មន្ទីរពេទ្យ​ បន្ទាប់ពីតុលាការ​ខេត្ត​ស្វាយរៀង​រក​ឃើញ​ថា ​មាន​ទោស​ពី​បទ​បាញ់​ប្រហារ​ទៅ​លើ​កម្មការិនី​ឱ្យ​រង​របួស។

លោក​បន្ថែម​ថា​ និទណ្ឌភាព​គឺ​ជា​បញ្ហា​ដ៏​រសើប​មួយ​ដែល​កំពុង​តែ​ញាំញី​នៅ​ក្នុង​សង្គម​កម្ពុជា និង​ថា​ការ​បញ្ចប់​និទណ្ឌភាព​គឺ​ជា​កាតព្វកិច្ច​ដ៏​សំខាន់​មួយ​របស់​រដ្ឋ​ក្នុង​ការ​លើក​កម្ពស់​នីតិរដ្ឋ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស។

បើ​តាម​លោក ​ឃុន​ ថារ៉ូ​ បញ្ហា​និទណ្ឌភាព​នេះ​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ការ​រំលោភ​អំណាច និង​អំពើ​ពុករលួយ ​ហើយ​ជា​លទ្ធផល​ភាព​អយុត្តិធម៌​សង្គម​បន្ត​កើត​មាន​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​ប្រជាពលរដ្ឋ​កាន់​តែ​បន្ត​រង​គ្រោះ​ជា​បន្ត​បន្ទាប់ និង​បាត់បង់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា និង​លើក​ទឹក​ចិត្ត​បុគ្គល​ទាំង​នោះ​បន្ត​ប្រព្រឹត្ត​បទ​ល្មើស៕