លោក ឆាំង សុង អតីតរដ្ឋមន្ត្រីឃោសនាការនៃរបបសាធារណរដ្ឋខ្មែរ ដែលគ្រប់គ្រងដោយ លោកលន់ នល់ បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៨៥ឆ្នាំ នៅទីក្រុងLong Beachរដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។ នេះបើយោងតាមលោក ឆាំង យុ ប្អូនប្រុសជីដូនមួយរបស់លោក ឆាំង សុង។
លោក ឆាំង សុង ដែលមានភរិយាឈ្មោះ ស៊ុំ រុន និងកូន៣នាក់ បានទទួលមរណភាព កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។ កាលពីកន្លងទៅ លោកត្រូវបានគេរាយការណ៍ថាធ្លាក់ខ្លួនឈឺ ដោយសារជំងឺបេះដូង រលាកតម្រងនោម និងលើសឈាម។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាលោក ឆាំង សុង កាលនៅរស់ បានឆ្លងកាត់បទពិសោធន៍ជីវិតច្រើន។
លោក ឆាំង យុ ថ្លែងថា៖ «អ៊ីចឹង គឺចំពោះក្រុមគ្រួសារយើងគិតតាមធម៌ព្រះពុទ្ធ គាត់គង់តែអនិច្ចកម្មថ្ងៃណាមួយ។ អ៊ីចឹង គិតអ៊ីចឹងគ្រប់គ្នា ហើយយើងធ្វើបុណ្យបង្សុកូលអីជូនគាត់ទៅ»។
បើតាមលោក ឆាំង យុ លោក ឆាំង សុង ធ្លាប់បានសរសេរ និងចងក្រងសៀវភៅមួយចំនួន ដូចជាសៀវភៅព្រះពុទ្ធសាសនាក្រោមរបបប៉ុល ពត សៀវភៅរដ្ឋប្រហារទម្លាក់សេនាប្រមុខ លន់ នល់ សៀវភៅស្តីពីការវិលត្រឡប់មកកាន់កម្ពុជា អត្ថបទទាក់ទងនឹងវត្ថុអស្ចារ្យពីរប្រភេទ និងកំណាព្យផ្សេងៗទៀត។
ក្រសួងព័ត៌មាន និងព្រឹទ្ធសភាកម្ពុជា ក៏បានចេញសាររំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក ឆាំង សុង ផងដែរ។ ក្រសួងព័ត៌មានបានបញ្ជាក់នៅក្នុងសាររំលែកទុក្ខមួយចេញផ្សាយនៅថ្ងៃអង្គារនេះថាមរណភាពលោកឆាំង សុង«ជាការបាត់បង់នូវឥស្សរជនមួយរូប ដែលបានបូជាកម្លាំងកាយចិត្តក្នុងការបម្រើជាតិមាតុភូមិ»។
លោក ឆាំង សុង អតីតរដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតនៃរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ត្រូវបានគេទទួលស្គាល់ថា ជាអ្នកដែលបានចូលរួមចំណែកជួយដល់សមាជិកសហគមន៍ខ្មែរជាច្រើនដែលបានរត់ភៀសខ្លួនមកនៅសហរដ្ឋអាមេរិកក្នុងអំឡុងទសវត្សរ៍១៩៨០។
មានស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ លោក ឆាំង សុង កើតនៅថ្ងៃទី៥ ខែឧសភា ឆាំ្ន១៩៣៩។ លោកគឺជាកូនរបស់តាម៉ក់យាយផូ និងជាកូនសិស្សសាលាវត្តព្រៃល្វាខេត្តតាកែវ ដែលរៀនពូកែ និងទទួលបានអាហារូបករណ៍ទៅរៀននៅសហរដ្ឋអាមេរិកផ្នែកកសិកម្មនៅសាកលវិទ្យាល័យរដ្ឋ Louisiana។ លោកក៏បានចេះដឹងជ្រៅជ្រះពីអក្សរសាស្ត្របារាំង ដោយសារលោកបានសិក្សាមុនពេលលោកត្រឡប់ពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាវិញ នៅចុងទសវត្សរ៍១៩៦០។ ក្រោយពីលោក ឆាំង សុង បានមកដល់ប្រទេសកម្ពុជា សង្គ្រាមវៀតណាមកាន់តែរីកធំ ហៀរចូលប្រទេសកំណើតរបស់លោក។
ក្រុមវៀតកុងដែលជាកងទ័ពវៀតណាមខាងជើងបានបង្កើតផ្លូវលំហូជីមិញក្នុងប្រទេសកម្ពុជា និងតាមសេចក្តីរាយការណ៍នានា គឺដោយសារមានការបើកដៃពីរដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់សម្ដេចព្រះនរោត្តមសីហនុ ដើម្បីដឹកអាវុធទៅវាយប្រហារកងទ័ពវៀតណាមខាងត្បូង និងកងទ័ពសហរដ្ឋអាមេរិកដែលនាំឲ្យមានការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកលើផ្នែកភាគខាងកើតប្រទេសកម្ពុជាជាប់ព្រំដែនវៀតណាមខាងត្បូង។
ក្រោយការទម្លាក់សម្តេចនរោត្តម សីហនុ ចេញពីតំណែងប្រមុខរដ្ឋតាមរយៈរដ្ឋប្រហារ ក្រុមយោធាបានបង្កើតរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ និងមានការគាំទ្រពីសហរដ្ឋអាមេរិក។
និស្សិតដែលបានទៅសិក្សានៅសហរដ្ឋអាមេរិកត្រូវបានរដ្ឋាភិបាលថ្មីចាប់អារម្មណ៍និងទុកចិត្ត។ ជាពិសេសលោក ឆាំង សុង បានក្លាយជាមនុស្សជំនិតរបស់លោកប្រធានាធិបតី លន់ នល់ និងបានក្លាយជារដ្ឋមន្ត្រីក្រសួងឃោសនាការរបស់រដ្ឋាភិបាលសាធារណរដ្ឋខ្មែរពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៧៤ រហូតដល់ចុងខែមីនា ឆ្នាំ១៩៧៥។ នៅពេលនោះលោក ឆាំង សុង បានក្លាយជាលេខាព័ត៌មានផ្ទាល់របស់លោក លន់ នល់។
នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥ លោក ឆាំង សុង បានចាកចេញពីប្រទេសកម្ពុជាជាមួយលោក លន់ នល់ គឺ១៦ថ្ងៃមុនពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នេះបើតាមលោក វ៉ាន់ ស អតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិរបស់រដ្ឋាភិបាលលោក ឡុង បូរ៉េត ដែលបានឡើងកាន់អំណាចរយៈពេលពីរសប្តាហ៍ចុងក្រោយ។
ដោយមានតួនាទីជាអតីតរដ្ឋមន្ត្រីឃោសនាការ និងជាអ្នកនាំពាក្យនៃរបបសាធារណរដ្ឋខ្មែរលោក ឆាំង សុង ដែលកាលណោះអាយុ៣៥ឆ្នាំ បានក្លាយជាសាក្សីរស់អំពីព្រឹត្តិការណ៍នៅមុន និងនៅពេលរបបខ្មែរក្រហមប្រល័យពូជសាសន៍ចូលកាន់អំណាច។ បើទោះជារបបដែលលោកបម្រើការបានចាញ់សង្គ្រាមខ្មែរក្រហមក៏ដោយ ក៏លោកនៅតែរកវិធីជួយសង្គ្រោះពលរដ្ឋខ្មែរដោយបានបង្កើតអង្គការក្រៅរដ្ឋាភិបាលឈ្មោះខេមរៈសង្គ្រោះ (Save Cambodia Inc) នៅទីក្រុង Arlington រដ្ឋ Virginia ជួយជនភៀសខ្លួនខ្មែរក្នុងការតាំងលំនៅនៅសហរដ្ឋអាមេរិក។ លោកបានចូលសញ្ជាតិអាមេរិកាំងនៅឆ្នាំ១៩៨៧។
លោក ឆាំង សុង បានវិលត្រឡប់មកប្រទេសកម្ពុជា នៅឆ្នាំ១៩៨៩ មុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយក្រោយមកនៅអំឡុងទសវត្សរ៍១៩៩០ លោកបានក្លាយជាទីប្រឹក្សាលោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា។ ជាអតីតនិស្សិតសេរីនិយមរៀននៅសហរដ្ឋអាមេរិក លោកបានក្លាយជាសមាជិកព្រឹទ្ធសភាមួយរយៈខ្លីរបស់គណបក្សប្រជាជនកម្ពុជានៅឆ្នាំ១៩៩៩៕