ក្រុមហ៊ុន​រុករក​ប្រេង​អាមេរិក​ Chevron លក់​ភាគហ៊ុន​ប្រេង​ក្នុង​សមុទ្រ​កម្ពុជា​

​​​​​​​​​ក្រុមហ៊ុន Chevron ទទួល​បាន​សិទ្ធិ​រុករក​និង​ធ្វើ​អាជីវកម្ម​ប្រេង​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ក្នុង​ប្លុក A ដែល​មាន​ទំហំ​៤.៧០៩​គីឡូម៉ែត្រ​ក្រឡា។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន ​Chevron Global Energy Inc.​ របស់​សហរដ្ឋ​អាមេរិក​ដែល​ទទួល​សិទ្ធិ​រុករក​ប្រេង​ក្នុង​ដែន​សមុទ្រ​កម្ពុជា​កំពុង​រៀបចំ​បែប​បទ​ផ្ទេរ​ភាគហ៊ុន​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​អាជីវកម្ម​ប្រេង​ KrisEnergy ​Ltd. ​របស់​ប្រទេស​សិង្ហបុរី​និង​ដើម្បី​ស្នើ​សុំ​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​កម្ពុជា។

​បើ​តាម​គម្រោង ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ដាក់​សំណើ​សុំ​ការ​ឯកភាព​នេះ​ទៅ​កាន់​ក្រសួង​រ៉ែ​និង​ថាមពលនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រុមហ៊ុន Chevron និង​ក្រុមហ៊ុន ​KrisEnergy គឺ​ជា​ដៃគូ​ភាគហ៊ុន​សំខាន់​ពីរ​ក្នុងចំណោម​ដៃគូ​ភាគហ៊ុន​ចំនួន​បួន​ក្នុង​ការ​រុករក​និង​ធ្វើ​អាជីវកម្ម​ប្រេង​ក្នុង​ប្លុកA ក្នុង​ដែន​សមុទ្រ​កម្ពុជា។

កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​១១​ខែ​សីហា​ ក្រុមហ៊ុន ​Chevron ​បាន​សម្រេច​លក់​ភាគហ៊ុន​របស់​ខ្លួន​មួយ​ផ្នែក​ដល់​ក្រុមហ៊ុន​ KrisEnergy​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​៦៥​លាន​ដុល្លារ​អាមេរិក។

លោក​ ម៉េង សាក់ធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ​Chevron ​និង​ក្រុមហ៊ុន​ ​KrisEnergy ​កំពុង​រៀបចំ​សំណើ​សុំ​ការ​ឯកភាព​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ផ្ទេរ​ភាគហ៊ុន។

«គាត់កំពុង​រៀបចំ​សំណុំ​បែបបទ​ដើម្បី​ស្នើ​សុំ​ការ​ឯកភាព​ពី​រដ្ឋា​ភិបាល​អំពី​បញ្ហា​នេះ។​ រដ្ឋាភិបាល​កំពុង​ពិនិត្យ​អំពី​បញ្ហា​នេះ​ដែរ។ ​យើង​ត្រូវ​ការ​ឲ្យ​អ្នក​ច្បាប់​និង​អ្នក​សេដ្ឋកិច្ច​យើង​មើល​ថា​ តើ​ការ​ដែល​ផ្ទេរ​និង​លក់ដូរ​ភាគហ៊ុនទៅ​ក្រុមហ៊ុន​ KrisEnergyនេះ​អាច​នឹង​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ផលប្រយោជន៍​របស់​ជាតិក្នុង​ការ​គ្រប់គ្រង​និង​ការ​ប្រមូល​ផល​ពី​សកម្មភាព​រុករក​និង​គម្រោង​អាជីវកម្ម​ធនធាន​ប្រេង។»

ជា​គោលការណ៍​ ការ​ផ្ទេរ​ភាគហ៊ុន​ឬ​លក់​ភាគហ៊ុន​ក្នុង​រង្វង់​ក្រុមហ៊ុន​ដៃគូ​គឺ​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន។ ​ប៉ុន្តែ​លោក ម៉េង សាក់ធារ៉ា ពន្យល់​ថា​ ក្រុមហ៊ុនChevronនិង​ក្រុមហ៊ុនKrisEnergyត្រូវ​បំពេញ​បែបបទ​ជា​ការ​ជូន​ដំណឹង​ដល់​រដ្ឋាភិបាល។

​ក្រុមហ៊ុន Chevron ទទួល​បាន​សិទ្ធិ​រុករក​និង​ធ្វើ​អាជីវកម្ម​ប្រេង​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ក្នុង​ប្លុក A ដែល​មាន​ទំហំ​៤.៧០៩​គីឡូម៉ែត្រ​ក្រឡា។

​ក្រុមហ៊ុន​នេះ​ធ្លាប់​បាន​ប្រកាស​ថា​ ខ្លួន​នឹង​បូម​ប្រេងជា​លើក​ដំបូង​នៅ​ឆ្នាំ​២០១៦។

​លោក រីឆាត ឡរ៉ិន (Richard Lorentz) នាយក​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន KrisEnergy​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​បន្ទាប់​ពី​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Chevron ​នេះ​ក្រុមហ៊ុន KrisEnergy នឹង​មាន​លទ្ធភាព​គិត​គូ​ពី​ផែនការ «សម្រាប់​ការ​ផលិត​ប្រេង​ជា​លើក​ដំបូង​ឲ្យ​បាន​ឆាប់រហ័ស។»

​ក្រុមហ៊ុន​របស់​ប្រទេស​សិង្ហបុរី​នេះ​រំពឹង​ថា​ នឹង​អាច​បូម​ប្រេង​បាន​ចំនួន​១ម៉ឺន​ធុង​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ក្នុង​ប្លុកA នេះ។

នៅ​មិន​ទាន់​មាន​សេចក្តី​ថ្លែងការណ៍​ណា​មួយ​ពី​ក្រុមហ៊ុន ​Chevron នៅ​ឡើយ​ទេ៕