អ្នក​វិភាគ៖ តុល្យភាព​អំណាច​ក្នុង​សភា​ងាយ​ទទួល​យក​ជាង​សម្រាប់​បក្ស​កាន់​អំណាច

លោក​អ៊ូ វីរៈ​ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​ម​នុស្ស​កម្ពុជា នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ​នៅ​រាជធានី​ភ្នំពេញ។

Your browser doesn’t support HTML5

អ្នក​វិភាគ៖ តុល្យភាព​អំណាច​ក្នុង​សភា​ងាយ​ទទួល​យក​ជាង​សម្រាប់​បក្ស​កាន់​អំណាច


វ៉ាស៊ីនតោន៖ ការរក្សា​តុល្យភាព​អំណាច​តាម​រូបមន្ត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​រដ្ឋាភិបាល​និង​គណបក្ស​សង្គ្រោះជាតិ​គ្រប់​គ្រង​សភាជាតិ​គឺ​ជា​ដំណោះស្រាយ​មួយ​ដែល​រសើប​និង​មិន​អាច​ទទួល​យក​បាន​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ទេ។ នេះ​បើតាម​ការ​ឱ្យ​ដឹង​ពីអ្នក​វិភាគ។

លោក​អ៊ូ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​ម​នុស្ស​កម្ពុជាបាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាលពី​ថ្ងៃ​ច័ន្ទ​ថា៖

«ការព្រួយ​បារម្ភ​របស់​គណបក្ស​ប្រជាជន​វាមាន​គន្លឹះ​ហ្នឹង​ដែល​គណបក្ស​ប្រជាជន​គាត់​ព្រួយ​បារម្ភ​ហ្នឹង​គឺ​បើ​សិន​ជា​សភា​ជាប់​គាំង​ ទី១​ថវិកា​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មិន​ត្រូវ​បាន​អនុម័ត​ហើយ​ទីពីរ​សភាបើ​ទុក​គាំង​រហូត​សភា​ប្រហែល​ជា​ត្រូវ​រំលាយ​រដ្ឋាភិបាល​ហើយ​បើ​សិន​ជា​រំលាយ​រដ្ឋាភិបាល​ហើយ​បង្កើត​ម្តង​ទៀត​ត្រូវ​រំលាយ​ម្តង​ទៀត​គឺ​ត្រូវ​តែ​ប្រកាស​ឱ្យ​មាន​ការ​បោះឆ្នោត​មុន​អណត្តិ។ នេះ​ជា​រឿងមួយ​ដែល​គណបក្ស​ប្រជាជន​មាន​ការ​ព្រួយ​បារម្ភបន្តិច»។​

ការជាប់​គាំង​នយោបាយ​កំពុង​រួត​រឹត​ប្រទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​ហើយ​ជា​បណ្តើរៗ​កំពុង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ប្រទេស​នេះ។​

គណបក្ស​សង្គ្រោះជាតិ​ដែល​ប្រកាស​អះអាង​ថា​ខ្លួន​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ដោយ​ទទួ​ល​បាន​អាសនៈ​៦៣​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ទទួលបាន​តែ​៦០​នោះ​បាន​ប្រកាស​ថា​ខ្លួន​សុខ​ចិត្តធ្វើ​សម្បទាន​ដោយ​ទទួល​កាន់​កាប់​ធ្វើ​ប្រធាន​សភា​ហើយ​ទុក​រដ្ឋាភិបាល​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​ដដែល។
ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​បាន​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖​

«ប្រសិនបើ​ប្រគល់​តំណែង​ប្រធាន​រដ្ឋ​សភា​ឱ្យ​គេ​ច្បាស់​ណាស់​ថា​សភា​ជាប់​គាំង។ បើ​សភា​ជាប់​គាំង​ច្បាស់​ណាស់​ថា​រាជ​រដ្ឋាភិបាល​ក៏​ជាប់​គាំង​ដែរ។ អស់​លោក​ដឹង​ទេ​អំពី​នីតិ​វិធី​រដ្ឋ​សភា​នៅ​ត្រង់​ថា​សេចក្តី​ស្នើ​ទាំង​ឡាយ​ពី​រាជ​រដ្ឋាភិបាល​ត្រូវ​ឆ្លង​កាត់​ប្រធាន​សភា​បើ​ប្រធាន​សភា​មិន​ព្រម​កោះ​ប្រជុំ​អចិន្ត្រៃយ៍​ឬ​ប្រធាន​សភា​មិន​ព្រម​ដាក់​ចូល​ក្នុង​របៀប​វារៈ​គឺ​បាន​សេចក្តី ថា​ជាប់គាំង​ហើយ»។

គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​ថា​ឈ្នះ​បាន​៦៨​អាសនៈ​ក្នុង​សភា​ដែល​មាន​១២៣អាសនៈ​ដែល​ជា​ចំនួន​ឈ្នះ​គ្រប់​គ្រាន់​សម្រាប់​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​និង​ដឹកនាំ​សភាជាតិ។​

លោក​អ៊ូ វីរៈ​បន្ថែម​ថា​ការប៉ះពាល់​ខាង​ផ្នែក​សេដ្ឋកិច្ច​អាច​នឹង​ប៉ះពាល់​បើ​ទោះ​បី​ជា​វិនិយោគិន​មក​ពី​ប្រទេស​ចិន កូរ៉េខាងត្បូង​ ម៉ាឡេស៊ី និង​សឹង្ហបុរី​មិន​មាន​កា​រខ្វាយ​ខ្វល់​ក៏ដោយ។​

លោក​អ៊ូ វីរៈ​បាន​បញ្ជាក់​នូវ​រូបមន្ត​ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​ថា​ត្រូវ​មាន​ការ​ យល់ព្រម​លើ​កំណែ​ទម្រង់​សំខាន់ៗ ចែក​អំណាច​សភា​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​តំណែងប្រធាន​សភា​និង​អនុប្រធាន​ទី២​ព្រម​ទាំង​តំណែងប្រធាន​គណៈ​កម្មការ​ចំនួន​៤​ រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ទទួល​យក​តំណែងអនុ​ប្រធាន​ទី១​សភា​ជាតិ​ និង​ប្រធាន​គណៈកម្មការ​ចំនួន​៥ ហើយ​ជា​ចុង​ក្រោយ​ត្រូវបង្កើត​គណៈកម្មាការ​ពិសេស​មួយ​ដើម្បី​កំណែ​ទំរង់ ដោយ​មាន​គណបក្ស​សង្គ្រោះ​ជាតិជា​ប្រធាន។​

«នេះ​ជា​រូប​មន្ត​ដែល​ខ្ញុំ​ស្នើឡើង​ហើយ​រូបមន្ត​ទាំងបី​ត្រូវ​យល់​ព្រម​ទាំង​បី​ទើប​ខ្ញុំ​មើល​ទៅ​ទើប​មាន​ផល​ប្រយោជន៍សម្រាប់​ជាតិ។ បើ​សិន​ជា​យល់​ព្រម​អញ្ចឹង​អាច​យក​ផល​ប្រយោជន៍​កំណែ​ទម្រង់​យក​ផល​ប្រយោជន៍​ទៅ អនាគត​ជា​ធំ​ខ្ញុំ​មើល​ទៅ​បាន​ផល​ប្រយោជន៍​អាច​ដោះស្រាយ​បាន»។​

លោក​ អ៊ូ វីរៈ​បានបញ្ជាក់​ថា​លទ្ធភាព​នៅ តែ​មាន​ក្នុង​ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បង្ខំ​ចិត្ត​ដើម្បី រឹបយក​អាសនៈ​នៅ សល់​ទាំង​៥៥របស់​គណបក្ស​សង្គ្រោះជាតិមក​តែ​ម្នាក់​ឯងដែល​ធ្វើ​ឱ្យ​សភានេះ​ក្លាយ​ទៅ​ជា​ឯកបក្សដូច​ការ​លើក​ឡើង​ក្នុង​ពេល​កន្លង​មក៖

«បើ​សិន​ជា​អញ្ចឹងមែន​នៅ​តែ​អាច​ធ្វើ​បាន​ប៉ុន្តែ​ដូច​នឹង​ប្រទេស​ភូមា​កាលពី​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ មាន​ន័យ​ថា​ប្រទេស​កម្ពុជា​ប្រហែល​ជា​ដើរ​ថយ​ក្រោយ​ច្រើន​មែន​ទែន​ហើយ​។ យើង​ក្លាយ​ទៅ ជា​ប្រទេស​មួយ​ដែល​បរាជ័យ​ទាំង​សេដ្ឋកិច្ច​ទាំង​នយោបាយ​ហើយ​ខ្ញុំ​មើល​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នឹង​រងគ្រោះ​ខ្លាំង​មែន​ទែន»។

យ៉ាង​ណា​ក៏​ដោយ​លោ​កបញ្ជាក់​ថា​គណបក្ស​សង្គ្រោះជាតិ​មិន​ដែល​ប្រកាស​បោះបង់​អាសនៈ​សភា​ទេ គ្រាន់​តែ​មិន​ទាន់​ស្បថ​ដើម្បី ចូល​កាន់​តំណែង៕