ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងអ្នកស្រីអនុប្រធានាធិបតី Kamala Harris បានថ្លែងទៅកាន់ប្រជាជាតិពីសេតវិមានកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីអតីតមន្ត្រីប៉ូលិសលោក Derek Chauvin ត្រូវបានតុលាការរកឃើញថាមានកំហុសលើបទចោទទាំងអស់ទាក់ទិននឹងការស្លាប់របស់លោក George Floyd កាលពីជិតមួយឆ្នាំមុន។
លោក Chauvin ត្រូវបានរកឃើញថាមានកំហុសក្នុងបទចោទឃាតកម្មដោយអចេតនាកម្រិតមធ្យម បទឃាតកម្មកម្រិតស្រាល និងបទមនុស្សឃាតដោយអចេតនាកម្រិតមធ្យម។
ការផ្តន្ទាទោសលោក Chauvin នឹងធ្វើឡើងក្នុងពេល ២ ខែខាងមុខ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរ។
ក្រោយពីសាលក្រមត្រូវបានប្រកាស សេតវិមានបានបញ្ជាក់ថា លោក Biden បានហៅទូរស័ព្ទទៅកាន់ក្រុមគ្រួសាររបស់លោក Floyd។
បន្ទាប់មក លោក Biden និងអ្នកស្រី Harris បានថ្លែងទៅកាន់ប្រជាជាតិ ហើយអ្នកស្រី Harris បានស្នើព្រឹទ្ធសភាឲ្យអនុម័តច្បាប់កំណែទម្រង់ប៉ូលិស។
អ្នកស្រី Harris បញ្ជាក់ថា៖ «ថ្ងៃនេះ យើងមានការធូរស្បើយក្នុងចិត្ត។ ទំហំនៃយុត្តិធម៌មួយមិនដូចទៅនឹងយុត្តិធម៌ស្មើភាពគ្នានោះទេ។ ...យើងនៅតែត្រូវធ្វើកំណែទម្រង់ប្រព័ន្ធ [ប៉ូលិស]»។
ចំណែកឯលោក Biden វិញ បានថ្លែងថា «សាលក្រមនៅថ្ងៃនេះគឺជាជំហានទៅមុខមួយ» ដែលមានលក្ខណៈដ៏កម្រ «ប៉ុន្តែនេះអាចជាជំហានទៅមុខដ៏ធំមួយក្នុងដំណើរឆ្ពោះទៅរកយុត្តិធម៌»៕