លោក Chauvin ត្រូវ​បាន​សម្រេច​ថា​មាន​ទោស​លើ​រាល់​ការ​ចោទប្រកាន់​ទាំងអស់​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd

លោក Derek Chauvin អតីតមន្ត្រីប៉ូលិសក្រុង Minneapolis ដែលជាជនជាប់ចោទ ស្តាប់ការប្រកាសនៃសេចក្តីសម្រេចរបស់គណៈវិនិច្ឆ័យតុលាការលើបទចោទរូបលោក ពាក់ព័ន្ធនឹងការស្លាប់របស់លោក George Floyd នៅថ្ងៃអង្គារ ទី ២០ ខែមេសា ឆ្នាំ ២០២១។

អតីត​ប៉ូលិស​ក្រុង Minneapolis លោក Derek Chauvin ត្រូវ​បាន​គណៈវិនិច្ឆ័យ​សម្រេច​ថា​ មាន​ទោស​លើ​រាល់​ការ​ចោទប្រកាន់​ទាំង​អស់​កាល​ពី​ថ្ងៃ​អង្គារ​ ចំពោះ​ការ​ស្លាប់​របស់​លោក George Floyd កាល​ពី​ជិត​មួយ​ឆ្នាំ​មុន។

លោក Chauvin ត្រូវ​បាន​កាត់​ទោស​ចំពោះ​បទ​ឃាតកម្ម​ដោយ​មិន​គិត​ទុក​ជា​មុន​កម្រិត​មធ្យម បទ​ឃាតកម្ម​ដោយ​មិន​គិត​ទុក​ជា​មុន​កម្រិត​ស្រាល និង​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​កម្រិត​មធ្យម។

បន្ទាប់​ពី​បាន​ស្ដាប់​អំណះអំណាង​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ គណៈវិនិច្ឆ័យ​ទាំង​ ១២ ​នាក់ ដែល​មាន​ជនជាតិ​ស្បែក​ស​ ៦ នាក់​ និង​ស្បែក​ខ្មៅ​ ៦ ​នាក់ បាន​ជួប​ពិភាក្សា​គ្នា​ដើម្បី​សម្រេចថា​លោក ​Chauvin មាន​ទោស​ឬ​ក៏​អត់។

នៅ​ក្នុង​ការ​បង្ហាញ​អំណះអំណាង​បិទ​បញ្ចប់​កាលពី​ថ្ងៃ​ចន្ទ រដ្ឋអាជ្ញា​បាន​ចោទ​ប្រកាន់​លោក Chauvin ថា​បាន​សម្លាប់​លោក Floyd ដោយ​ការ​សង្កត់​ជង្គង់​លើ​ក​លោក Floyd អស់​ជាង ៩ នាទី៕