ព្រះវិហារគ្រឹស្តសាសនា Emanuel AME Church ដែលជាវិហាររបស់ក្រុមជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកក្នុងក្រុង Charleston រដ្ឋ South Carolina ដែលនៅទីនោះជនស្បែកខ្មៅ៩នាក់នៅក្នុងក្រុមសិក្សាព្រះគម្ពីរប៊ីប មួយបានត្រូវសម្លាប់ដោយជនស្បែកសបាញ់កាំភ្លើងម្នាក់កាលពីសប្តាហ៍មុន មានកំណត់នឹងបើកនៅថ្ងៃអាទិត្យនេះសម្រាប់ពិធីសូត្រធម៌គោរពសាសនាជាទៀងទាត់របស់ខ្លួន និងសម្រាប់សាលានៅថ្ងៃអាទិត្យ។
លោក Harold Washington ដែលជាសមាជិកព្រះវិហារគ្រឹស្តសាសនានេះបាននិយាយកាលពីថ្ងៃសៅរ៍ថា លោករំពឹងថាពិធីសូត្រធម៌នៅថ្ងៃអាទិត្យនឹងមានការរំភើបចិត្ត។ លោកបាននិយាយថា «ខ្ញុំយល់ថានឹងមានការរំភើបចិត្ត ដោយមានការយំច្រើន និងមានការឱបគ្នាផងដែរ»។
លោកបានថ្លែងផងដែរថា លោករំពឹងថានឹងមានមនុស្សថ្មីៗមកចូលរួមក្នុងពីធីសូត្រធ៌មក្នុងព្រះវិហារនេះ។ លោក Washington បាននិយាយថា«យើងនឹងមានមនុស្សដែលយើងមិនដែលឃើញពីពេលមុនមកចូលរួមក្នុងពិធីសូត្រធម៌ ហើយយើងប្រហែលមិនឃើញពួកគេទៀតទេ។ នេះជាព្រះវិហាររបស់ព្រះអាទិទេព លោកអ្នកមិនច្រានចោលនរណាម្នាក់ទេ»។
ការប្រជុំមហាជន និងការប្រមូលផ្តុំមនុស្សបានធ្វើឡើងកាលពីថ្ងៃសៅរ៍នៅក្នុងក្រុង Charleston និងនៅទូទាំងស.រ.អា នៅពេលដែលប្រជារាស្ត្រអាមេរិកាំងប្រមូលផ្តុំគ្នាដើម្បីរំឮក និងសម្តែងការគោរពដល់ជនរងគ្រោះដោយសារការបាញ់សម្លាប់នៅក្នុងព្រះវិហារគ្រឹស្តសានានោះកាលពីយប់ថ្ងៃពុធ៕