និស្សិតបញ្ចប់ការសិក្សាផ្នែកភូមិសាស្ត្រនិងប្រវត្តិសាស្ត្របរិស្ថានម្នាក់ ដែលមកពីភូមិតូចមួយក្នុងប្រទេសចិន ព្យាយាមដោះស្រាយបញ្ហាសំរាម ដោយការផ្លាស់ប្តូរទម្លាប់នៅក្នុងមួយភូមិម្តងៗ។
នៅពេលដែល Chen Liwen បានត្រឡប់ទៅភូមិរបស់ឪពុកម្តាយនាងនៅខេត្ត Hebei វិញ ក្រោយពីទទួលបានសញ្ញាប័ត្រអនុបណ្ឌិតនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកមក នាងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះអ្វីដែលនាងបានឃើញ។
សំរាមបានគ្របដណ្តប់លើទីកន្លែងដែលនាងធ្លាប់បានលេងកាលពីនៅក្មេង។ ក្នុងវ័យ ៣៦ ឆ្នាំ នាងបានដឹងថា ប្រទេសចិនបានផ្លាស់ប្តូរ ក៏ប៉ុន្តែចំនួនសំរាមនៅក្នុងភូមិ Xicai បានបង្ហាញថា ភាពរុងរឿងបានផ្លាស់ប្តូរទម្លាប់សន្សំសំចៃដល់កម្រិតណា។
អ្នកភូមិបានផ្លាស់ប្តូរពីការទិញទំនិញក្នុងស្រុកទៅទិញតាមអនឡាញ។ ការធ្លាក់ចុះនូវការធ្វើស្រែចំការ និងចិញ្ចឹមសត្វតាមគ្រួសារមានន័យថា កាកសំណល់ចំណីអាហារដែលពីមុនធ្លាប់ប្រើជាចំណីជ្រូក មាន់ ទា គឺមិនត្រូវបានគេធ្វើដូច្នេះទៀតទេ។ កាកសំណល់ទាំងនោះ ត្រូវបានទុកចោលឲ្យស្អុយរលួយ។ ពីមុនគេ គេបោះចោលសម្លៀកបំពាក់នៅពេលដែលវាចាស់ស្លៀកពាក់លែងកើត តែឥឡូវនេះ គេបានបោះចោលសម្លៀកបំពាក់ ដែលអាចនៅស្លៀកពាក់បាន ឬ ក៏អាចឲ្យបន្តទៅអ្នកផ្សេងបាន។
ភូមិរបស់នាង Chen ឆ្លុះបញ្ចាំងពីប្រទេសជាតិទាំងមូល។ នៅទសវត្សរ៍ ១៩៨០ ប្រទេសចិនដែលនៅក្រីក្រនៅឡើយ មានកាកសំណល់ប្រមាណ ៣០ លានតោន ជារៀងរាល់ឆ្នាំ។ មកដល់ត្រឹមឆ្នាំ ២០១៧ ប្រទេសចិនមានសំរាម ២១៥ លានតោន បើប្រៀបធៀបទៅនឹងសំរាមនៅសហរដ្ឋអាមេរិកដែលមានចំនួន ២៦៨ លានតោននៅឆ្នាំនោះ។ ធនាគារពិភពលោកប៉ាន់ប្រមាណថា នៅឆ្នាំ ២០២៥ ប្រទេសចិននឹងមានសំរាម ៥០០ លានតោនជារៀងរាល់ឆ្នាំ។
ចាប់តាំងពីពេលទៅលេងផ្ទះនៅឆ្នាំ ២០១៧ នោះមក នាង Chen ដែលបានបញ្ចប់ការសិក្សាផ្នែកភូមិសាស្ត្រនិងប្រវត្តិសាស្ត្របរិស្ថាន បានចាប់ផ្តើមចាត់វិធានការដោយខ្លួនឯងផ្ទាល់ ដើម្បីធ្វើឲ្យបរិស្ថានប្រទេសចិនមានភាពប្រសើរឡើង ដោយនាងធ្វើក្នុងមួយភូមិម្តងៗ។ បើតាមគំនិតរបស់នាង ការធ្វើដូច្នេះនឹងធ្វើឲ្យប្រទេសចិនគ្មានកាកសំណល់។ ជាក់ស្តែង ការកាត់បន្ថយការប្រើប្រាស់ ការប្រើប្រាស់របស់របរណាមួយឡើងវិញ និងការកែច្នៃកាកសំណល់ គឺជាការចាប់ផ្តើមដ៏ល្អ។
នាង Chen ដឹងថា ការធ្វើកិច្ចការនេះត្រូវប្រឈមនឹងបញ្ហាជាច្រើន។ នាងបានចាប់ផ្តើមសិក្សាផ្នែកបរិស្ថាន ពេលនៅជានិស្សិតបរិញ្ញាប័ត្រ បន្ទាប់មកនាងបានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ ដើម្បីកាត់បន្ថយការបំពុលខ្យល់ និងទឹកនៅប្រទេសចិន រហូតដល់ពេលដែលបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ University of Southern California ក្នុងឆ្នាំ ២០១៥។
នៅខែកក្កដាឆ្នាំ ២០១៧ នាងបានបង្កើតអង្គការមួយឈ្មោះថា ភូមិគ្មានសំរាម ឬ Zero Waste Village ដែលជាអង្គការមិនរកប្រាក់កម្រៃមានទីស្នាក់ការនៅទីក្រុងប៉េកាំង ហើយជាមួយក្រុមរបស់នាង អង្គការនោះបានចាប់ផ្តើមផ្លាស់ប្តូរទម្លាប់របស់ប្រជាជនក្នុងការបោះចោលសំរាមនៅភូមិ Xicai។
ក្រុមនេះបានរើសកំប៉ុងពីគំនរសំរាមនៅតាមទីសាធារណៈ ដែលជាសកម្មភាពមួយដែលបញ្ឈប់អ្នកភូមិមិនឲ្យបោះសំរាមចោលតាមទំនើងចិត្ត។
ក្រុមរបស់នាង Chen នេះ បានចែកចាយធុងពណ៌បៃតងសម្រាប់ដាក់កាកសំណល់ដែលអាចច្នៃទៅជាជីកំប៉ុស និងធុងពណ៌លឿងសម្រាប់ដាក់កាកសំណល់ផ្សេងៗទៀត។ សមាជិកក្រុមនេះបានចុះទៅតាមផ្ទះចំនួន ៤៨០ ខ្នងនៅភូមិ Xicai ដើម្បីពន្យល់អំពីវិធីល្អបំផុតក្នុងការបែងចែកសំរាម។
នាង Chen បានថ្លែងក្នុងសម្តីដើមថា៖ «ការបែងចែកសំរាមឲ្យបានត្រឹមត្រូវ ត្រូវការឲ្យមានការផ្លាស់ប្តូរឥរិយាបថជារួមមួយ ហើយរឿងនេះ ងាយនឹងសម្រេចបាននៅក្នុងភូមិជាងនៅតាមទីក្រុងធំៗ»។
ដោយទទួលស្គាល់អំពីឥទ្ធិពលនៃការដាក់សម្ពាធជាក្រុម នាង Chen ថ្លែងថា៖ «នៅតាមភូមិមានមនុស្សតិចជាងនៅទីក្រុង ហើយពួកគេស្គាល់គ្នានៅក្នុងភូមិ»។
នៅតាមភូមិមានដីទូលាយ ដូច្នេះការធ្វើជីកំប៉ុសពីកាកសំណល់ដែលគ្មានជាតិគីមីគឺមិនមានក្លិនស្អុយ ឬ រញ៉េរញ៉ៃ ដូចនៅក្នុងទីក្រុងដែលមានមនុស្សរស់នៅយ៉ាងកកកុញនោះទេ។
នាង Chen បានថ្លែងបន្តក្នុងសម្តីដើមថា៖ «ភូមិនេះធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលមែនទែន។ អ្នកភូមិគាំទ្រដល់កិច្ចការរបស់ពួកយើងជាខ្លាំង»។
កិច្ចខិតខំប្រឹងប្រែងរបស់នាង Chen កើតឡើងស្របពេលដែលប្រទេសចិនជំរុញឲ្យមានចំណាត់ការលើបញ្ហាសំរាម។ កាលពីខែកក្កដា ឆ្នាំ ២០១៧ រដ្ឋាភិបាលក្រុងប៉េកាំងបានកែប្រែទាំងស្រុងនូវកម្មវិធីកែឆ្នៃកាកសំណល់ដើម្បីប្រើប្រាស់ឡើងវិញនៅទូទាំងពិភពលោក ដោយបានបិទស្ទើរតែទាំងអស់មិនឲ្យមានការនាំចូលកាកសំណល់មកក្នុងប្រទេសចិន ដែលធ្លាប់ជាទីផ្សារឧស្សាហកម្មសំរាមដ៏ធំបំផុត។
ឯកសាររបស់រដ្ឋាភិបាលចិនដែលបញ្ជូនទៅអង្គការពាណិជ្ជកម្មពិភពលោកបានសរសេរថា៖ «ដើម្បីការពារផលប្រយោជន៍បរិស្ថាន និងសុខភាពប្រជាជនចិន យើងត្រូវកែសម្រួលជាបន្ទាន់នូវបញ្ជីកាកសំណល់រឹងដែលបាននាំចូល ហើយហាមឃាត់ការនាំចូលនូវកាកសំណល់រឹងដែលមានការបំពុលខ្លាំង»។
វិធានការនេះបានធ្វើឡើងស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថានដែលដឹកនាំដោយលោកប្រធានាធិបតី ស៊ី ជីនពីង។ រោងចក្របំពុលបរិស្ថានរាប់ម៉ឺនកន្លែងត្រូវបានបិទនៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីទប់ស្កាត់ការខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី និងដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។
រដ្ឋាភិបាលបានលើកកម្ពស់ថាមពលកកើតឡើងវិញ ហើយនៅពេលដែលលោក ស៊ី ជីនពីង ថ្លែងនៅឯសមាជជាតិនៃបក្សកុម្មុយនីស្តចិនកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៧ លោកបានលើកឡើងពីការខិតខំប្រឹងប្រែងដើម្បីឲ្យមាន «ការអភិវឌ្ឍន៍ដែលមិនប៉ះពាល់ដល់បរិស្ថាន ... ហើយនិងការងាកចេញពីនិន្នាការដែលមិនយកចិត្តទុកដាក់លើការការពារប្រព័ន្ធអេកូឡូស៊ី និងការការពារបរិស្ថាន»។
គោលនយោបាយដាវជាតិរបស់ប្រទេសចិន ដែលបានអនុវត្តនៅខែមករា ឆ្នាំ២០១៨ បានហាមឃាត់ការនាំចូលផលិតផលដែលអាចកែឆ្នៃបាន និងកាកសំណល់រឹងចំនួន ២៤ ប្រភេទ ដែលក្នុងនោះរួមមាន ផ្លាស្ទិក ផលិតផលធ្វើពីក្រដាស ស្លាកសញ្ញាធ្វើពីដែក វាយនភណ្ឌជាច្រើនប្រភេទ និងរបស់របរផ្សេងៗទៀត។
មួយឆ្នាំក្រោយមក គឺនៅឆ្នាំ ២០១៩ ក្រសួងអេកូឡូស៊ី និងបរិស្ថានរបស់ប្រទេសចិន បានប្រកាសថា បញ្ជីហាមឃាត់នឹងពង្រីកដល់ ៣២ ប្រភេទ រួមមាន ផ្លាស្ទិកដែលប្រើប្រាស់ហើយដូចជា ដបទឹកក្រូច និងដបទឹកជាដើម។
ការផ្តួចផ្តើមដែលមិនគិតពីប្រាក់កម្រៃមួយឈ្មោះថា China Water Risk ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងបានឲ្យដឹងថា នៅឆ្នាំដដែលនោះផងដែរ ប្រទេសចិនបានប្រកាសអំពីផែនការលើកកម្ពស់កម្មវិធីគ្មានកាកសំណល់នៅក្នុងទីក្រុងចំនួន ១០ ដូចជាទីក្រុងប៉េកាំង និងសៀងហៃជាដើម ក្នុងគោលបំណងកាត់បន្ថយចំនួនកាកសំណល់រឹងចេញពីតាមផ្ទះ រោងចក្រឧស្សាហកម្ម មន្ទីរពេទ្យ និងប្រភពផ្សេងៗទៀត ខណៈដែលលុបបំបាត់ចោលនូវការចាក់សំរាមខុសច្បាប់។
រហូតមកដល់ឆ្នាំ ២០១៩ នោះ ក្រុមរបស់នាង Chen នៅក្នុងអង្គការ Zero Waste Village បានកាត់បន្ថយសំរាមនៅក្នុងភូមិ Xicai ចំនួនជាង ៧០ ភាគរយ ក្នុងរយៈពេល ៦ ខែ។ ក៏ប៉ុន្តែ ភូមិ Xicai មានប្រជាជនតែ ១.៦០០ នាក់ប៉ុណ្ណោះ ដែលមិនស្មើនឹង ១ ភាគរយនៃចំនួនប្រជាជននៅក្នុងទីក្រុងប៉េកាំងផង។
នៅចម្ងាយប្រមាណជា ២០០ គីឡូម៉ែត្រខាងជើងភូមិ Xicai ទីក្រុងប៉េកាំងបានប្រមូលសំរាមប្រមាណជា ១០ លានតោនក្នុងឆ្នាំ ២០១៨ ដែលជាទម្ងន់ស្មើនឹងអគារ Empire State ក្នុងទីក្រុងញូវយ៉ក ចំនួន ៣០ដង។
ការស្ទង់មតិមួយកាលពីឆ្នាំ ២០១៨ របស់ក្រុមហ៊ុន Vanke Foundation and Dataway បានបង្ហាញថា តិចជាង ២៨ ភាគរយនៃពលរដ្ឋក្នុងទីក្រុងធំៗចំនួន ៣.៦០០ នាក់ ដែលចូលរួមក្នុងការស្ទង់មតិ ដឹងពីរបៀបបែងចែកកាកសំណល់អារហារចេញពីកាកសំណល់ដែលអាចកែច្នៃឡើងវិញបាន។ ការស្ទង់មតិនេះ បានធ្វើឡើងនៅក្នុងសហគមន៍ចំនួន ១០២ នៅក្នុងទីក្រុងចំនួន ១៧ ដូចជាទីក្រុងប៉េកាំង សៀងហៃ និងក្វាងចូវជាដើម។
ឥឡូវនេះ រដ្ឋបាលរដ្ឋធានីប៉េកាំងកំពុងព្យាយាមដាក់ចេញនូវការកែប្រែជាលើកដំបូងរបស់ខ្លួននូវច្បាប់ឆ្នាំ ២០១២ ស្តីអំពីសំរាម។ ឥឡូវនេះ ពលរដ្ឋត្រូវបែងចែកកាកសំណល់របស់ពួកគេទៅតាមប្រភេទ ដូចជាកាកសំណល់ដែលអាចកែច្នៃប្រើប្រាស់ឡើងវិញ កាកសំណល់អាហារ កាកសំណល់មានគ្រោះថ្នាក់ និងប្រភេទកាកសំណល់ផ្សេងៗទៀត។
ការខកខានមិនបានអនុវត្តតាមច្បាប់ អាចមានន័យថា នឹងត្រូវពិន័យជាប្រាក់ ២០០ យ័ន ដែលស្មើនឹងប្រមាណជា ៣០ ដុល្លារអាមេរិក។ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនម្នាក់ៗនៅទីក្រុងប៉េកាំងគឺប្រមាណជា ៦៨.០០០ យ័ន ដែលស្មើនឹងប្រហែលជា ៩.៨៧០ ដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៩។ នេះបើយោងតាមការិយាល័យស្ថិតិក្រុងប៉េកាំង។
អ្នកស្រី Lin Xudan អាយុ ៦២ ឆ្នាំ ជាអ្នករស់នៅក្នុងសង្កាត់ Chaoyang ក្នុងទីក្រុងប៉េកាំង។ អ្នកស្រីបាននិយាយថា អ្នកស្រីមិនបានឃើញមនុស្សផ្លាស់ប្តូរអាកប្បកិរិយាឡើយ។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «យើងមានធុងសំរាមនៅជាន់ក្រោមដែលមានមានធុងសម្រាប់ «សំរាម» និងធុងសម្រាប់កាកសំណល់ «កែច្នៃឡើងវិញ» ប៉ុន្តែគ្មាននរណាម្នាក់បោះសំរាមឲ្យត្រូវទៅតាមធុងនោះទេ។
នេះអាចជាបញ្ហានៃទំហំ ដែលជាអ្វីដែលនាង Chen ទទួលស្គាល់នៅពេលដែលនាងទៅអប់រំប្រជាជនពីភូមិមួយទៅភូមិមួយ គឺត្រូវប្រាប់អំពីការបោះសំរាមឲ្យត្រូវទៅតាមធុង។
នាង Chen បានថ្លែងបន្តក្នុងសម្តីដើមថា៖ «ការដោះស្រាយបញ្ហាសំរាមនៅប្រទេសចិននឹងត្រូវចំណាយពេលរាប់ឆ្នាំ ហើយឥឡូវនេះអ្វីដែលយើងកំពុងធ្វើ គឺជាជំហានដំបូង។ ប្រសិនបើយើងមិនចង់ឲ្យមានសំរាមមកគរដូចមុន នោះយើងត្រូវធ្វើឲ្យការបោះចោលសំរាមបានត្រឹមត្រូវ ក្លាយជាទម្លាប់ មិនមែនជាច្បាប់នោះទេ»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់