ក្រោយពីបានប្រកាសកាលពីឆ្នាំ ២០២១ ពីការសម្រេចបានគ្រប់លក្ខខណ្ឌចំនួនបីសម្រាប់រដ្ឋ ដែលត្រូវរួចផុតពីការចាត់ថ្នាក់ជាប្រទេសមានការអភិវឌ្ឍតិចតួចនោះ កម្ពុជាអាចប្រឈមនឹងការបាត់បង់ប្រយោជន៍ជាច្រើន ដែលធ្លាប់ទទួលបានកន្លងមក។
ក្នុងនាមជាប្រទេសដែលមានការអភិវឌ្ឍតិចតួច កម្ពុជា រួមទាំងប្រទេស ៤៥ ផ្សេងទៀត ទទួលបានអត្ថប្រយោជន៍ពីវិធានការគាំទ្រអន្តរជាតិផ្តាច់មុខ (ISMs) នៅក្នុងវិស័យពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការចូលរួមក្នុងអង្គការអន្តរជាតិ និងដំណើរការនានា។ ក្នុងនោះរួមមាន ហិរញ្ញប្បទានអភិវឌ្ឍន៍ ដែលជាជំនួយ និងកម្ចីពីម្ចាស់ជំនួយ និងស្ថាប័នហិរញ្ញវត្ថុ ការទទួលបានទីផ្សារអនុគ្រោះ ជំនួយបច្ចេកទេសពាក់ព័ន្ធនឹងពាណិជ្ជកម្មផងដែរ។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ប្រាប់ VOA ក្នុងអំឡុងពេលចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីប្រទេសអភិវឌ្ឍតិចតួចលើកទី ៥ (LDC5) ដែលប្រារព្ធធ្វើឡើងនៅក្រុងដូហា ប្រទេសកាតា ថា ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ធ្វើឱ្យកម្ពុជាប្រឈមបញ្ហាច្រើន ដោយសារប្រព័ន្ធអនុគ្រោះពន្ធដែលកម្ពុជាតែងទទួលបាន ត្រូវបាត់បង់។
លោកថ្លែងថា៖ «បញ្ហាប្រឈមហ្នឹងគឺ ធ្វើឱ្យប្រទេសហ្នឹងអត់មានទីផ្សារ យើងអត់អាចនាំអីវ៉ាន់ចេញទៅក្រៅបាន»។
កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសថា កម្ពុជានឹងចាកចេញពីប្រទេសដែលមានចំណូលអភិវឌ្ឍតិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាពេលឆាប់ៗខាងមុខ។ ក៏ប៉ុន្តែលោកបានបង្ហាញក្តីបារម្ភថា គ្រាដែលកម្ពុជាចាកចេញពីប្រទេសដែលមានប្រាក់ចំណូលតិចតួច នោះការខ្ចីប្រាក់ពីបណ្ដាប្រទេសផ្សេងៗ និងធនាគារនានា លែងមានការប្រាក់ទាបដូចមុន។
ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា កម្ពុជាក៏បាននិងកំពុងបើកទីផ្សារក្នុងតំបន់ និងជាមួយបណ្តាប្រទេសផ្សេងៗទៀត ដែលនេះជាការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច។
លោកបញ្ជាក់ថា៖ «យើងបានបើកទីផ្សារទ្វេភាគីបានច្រើនទៅហើយ ដែលខ្ញុំបានជម្រាបហ្នឹងគឺទីមួយនៅក្នុងតំបន់ហ្នឹងគឺយើងមាន RCEP (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី) ដែលមាន១៥ប្រទេសដែលយើងបើកទីផ្សារ គឺជាអលជ្ជី បានន័យថារហូត។ ដូច្នេះយើងបើក ហើយយើងអាចធ្វើការជាមួយគ្នា ឆ្នាំ២០២២ហ្នឹង ខែមួយហ្នឹង បានបើកទីផ្សារតំបន់ RCEP ហើយនិងចិន ទ្វេភាគីចិន និងកម្ពុជា។ ហើយយើងបានបើកទីផ្សារកូរ៉េ ថ្ងៃទី១ ធ្នូ ឆ្នាំ២០២២ដែរ»។
តាំងតែពីឆ្នាំ ១៩៩១ មក កម្ពុជាត្រូវបានអង្គការសហប្រជាជាតិដាក់បញ្ចូលជាប្រទេសមានការអភិវឌ្ឍតិចតួច ដោយសារស្ថានភាពសេដ្ឋកិច្ច និងសង្គមមានកម្រិតទាបនិងងាយរងគ្រោះខ្លាំងពីបញ្ហាខាងក្រៅ ជាពិសេសវិបត្តិសេដ្ឋកិច្ច និងបញ្ហាបរិស្ថាន និងធនធានមនុស្សតិចតួច។ ប្រទេសដែលត្រូវបានចាត់ចូលក្នុងតារាងប្រទេសដែលមានការអភិវឌ្ឍតិចតួច គឺមានចំណូលក្រោម ១.០១៨ ដុល្លារ អាមេរិក ក្នុងមួយឆ្នាំ។
បើតាមការិយាល័យតំណាងជាន់ខ្ពស់ទទួលបន្ទុកប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UN-OHRLLS) បច្ចុប្បន្ន មានប្រទេសចំនួន ៤៦ ត្រូវបានដាក់ក្នុងចំណាត់ថ្នាក់ប្រទេសមានការអភិវឌ្ឍតិចតួច ឬប្រទេសក្រីក្របំផុតរបស់ពិភពលោក។ ក្នុងនោះ តំបន់អាស៊ីប៉ាស៊ីហ្វិកមាន ៩ ប្រទេស រួមទាំងកម្ពុជាផងដែរ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា ការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍតិចតួចទៅជាប្រទេសមានចំណូលមធ្យម ធ្វើឱ្យកម្ពុជាទទួលបានទាំងអត្ថប្រយោជន៍ និងផលប៉ះពាល់។ លោកថា សម្រាប់អត្ថប្រយោជន៍ គឺជំរុញឱ្យមានការវិនិយោគទ្រង់ទ្រាយធំ និងការចាកចេញពីឧស្សាហកម្មធុនស្រាលដែលប្រើកម្លាំងពលកម្មច្រើន ទៅជាឧស្សាហកម្មបច្ចេកវិទ្យា។ ចំណែកបញ្ហាប្រឈម គឺកង្វះកម្លាំងពលកម្មជំនាញ ដែលចាំបាច់រដ្ឋាភិបាលត្រូវបង្កើតគោលនយោបាយ និងរៀបចំយុទ្ធសាស្រ្តដើម្បីធានាថា ការចាកចេញមិនរងផលប៉ះពាល់ខ្លាំង។
លោកបញ្ជាក់ថា៖ «គោលនយោបាយកម្លាំងពលកម្ម គោលនយោបាយផលិតភាពដែលបានចេញរួចមកហើយនេះ អាចនឹងពិនិត្យកែសម្រួលបន្ថែមទៀត គោលនយោបាយបង្កើតសហគមន៍កសិកម្ម ដើម្បីកំណើនកសិកម្មប្រកបដោយបរិយាបន្ន ទើបបានអាចជួយវិស័យនេះបាន»។
លោកបន្ថែមថា៖ «ហើយនិងការជំរុញឱ្យមាន SME cluster [ចង្កោមនៃសហគ្រាសខ្នាតតូច និងមធ្យម] ដែលសម្រាប់លើកទឹកចិត្តឱ្យមានការផលិតឱ្យបានច្រើន និងមានការលំហូរចូលបច្ចេកវិទ្យា ហើយជាមួយគ្នានោះទៀតដែរគឺការរៀបចំច្បាប់លិខិតបទដ្ឋានគតិយុត្តនានាដើម្បីគាំទ្របន្ថែមទៀត ទៅដល់ការចាកចេញនេះ សម្រាប់គាំទ្រវិស័យឧស្សាហកម្ម កាប្រកួតប្រជែង និងការអនុវត្តច្បាប់ប្រកបដោយភាពស្មើគ្នា»។
របាយការណ៍ស្តីអំពីទំនិញវាយនភណ្ឌ និងសម្លៀកបំពាក់នៅក្នុងប្រទេសអាស៊ីដែលរួចផុតពីប្រទេសអភិវឌ្ឍតិចតួច៖ បញ្ហាប្រឈម និងជម្រើស បង្ហាញថា នៅពេលដែលប្រទេសក្នុងតំបន់អាស៊ីណាមួយត្រូវរួចផុតពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ការបាត់បង់ចំណូលពាណិជ្ជកម្មនឹងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើការប្រកួតប្រជែង និងអនាគតនៃការនាំចេញរបស់ពួកគេ។
ការនាំចេញទំនិញវាយនភណ្ឌ និងសម្លៀកបំពាក់របស់កម្ពុជា គឺស្មើនឹងជាង ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន។ វិស័យសម្លៀកបំពាក់បានផ្តល់ការងារកម្មករចំនួន ០.៨៥ លាននាក់ក្នុងឆ្នាំ ២០១៧ ដែលស្មើនឹង ៨៦ ភាគរយនៃការងារនៅក្នុងវិស័យឧស្សាហកម្ម។
ចាប់តាំងពីឆ្នាំ ២០០១ មក កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ គ្រប់មុខទំនិញលើកលែងតែសព្វាវុធ ឬ EBA (Everything But Arms) ពីសហភាពអឺរុបដោយអាចនាំចេញទំនិញគ្រប់មុខទៅអឺរ៉ុបដោយមិនបង់ពន្ធ ដែលធ្វើឱ្យកម្ពុជាចំណេញទឹកប្រាក់ប្រមាណជា ៧០០ លានដុល្លារក្នុងមួយឆ្នាំ។
កម្ពុជាក៏ទទួលបានកម្មវិធីនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP (Generalized System of Preferences) ពីសហរដ្ឋអាមេរិក ដោយអាចនាំចេញទំនិញជាសម្លៀកបំពាក់ និងកាបូបធ្វើដំណើរដោយមិនបង់ពន្ធ ដែលកម្ពុជាចំណេញបានទឹកប្រាក់ប្រមាណជា ៤០០ លានដុល្លារផងដែរ។
ប៉ុន្តែកាលពីចុងឆ្នាំ ២០២០ សហរដ្ឋអាមេរិកបានព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP ពាក់ព័ន្ធនឹងការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ហើយសហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ខ្លួនចំនួន២០ភាគរយពីកម្ពុជា ដោយសាររកឃើញការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលាយអតីតគណបក្សសង្រ្គោះជាតិ និងការដកសិទ្ធិនយោបាយរបស់មន្រ្តីបក្សប្រឆាំងជាដើម។
ថ្លែងនៅក្នុងសន្និសីទ ដែលធ្វើឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមីនា ដោយមានការចូលរួមពីតំណាងអង្គការសហប្រជាជាតិ មេដឹកនាំពិភពលោក ប្រមុខរដ្ឋដែលមកពីប្រទេសអភិវឌ្ឍតិចតួចទាំង ៤៦ សមាជិកសភា វិស័យឯកជន តំណាងយុវជន ព្រមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញូ ហ្គុយតេរេស (António Guterres) ថ្លែងថា ការរួចផុតពីស្ថានភាពប្រទេសអភិវឌ្ឍតិចតួច នឹងធ្វើឱ្យប្រទេសទាំងនោះរងផលប៉ះពាល់ពីបញ្ហាកម្ចីដែលមានការបា្រក់ខ្ពស់។
លោកថ្លែងថា៖ «បណ្តាប្រទេសដែលបានបញ្ចប់ស្ថានភាពជាប្រទេសអភិវឌ្ឍតិចតួច ទៅជាប្រទេសមានប្រាក់ចំណូលមធ្យម នឹងបាត់បង់អត្ថប្រយោជន៍ជាក់លាក់របស់ប្រទេសអភិវឌ្ឍតិចតួច ដែលនឹងក្លាយជាការដាក់ទណ្ឌកម្ម មិនមែនជារង្វាន់នោះទេ»។
លោកបញ្ជាក់បន្ថែមថា អង្គការសហប្រជាជាតិកំពុងធ្វើការជាមួយអ្នកពាក់ព័ន្ធដើម្បីបង្កើតយុទ្ធសាស្រ្តផ្លាស់ប្តូរដោយរលូន ដោយផ្អែកលើការគាំទ្រដែលសមស្របសម្រាប់ដំណើរការបញ្ចប់ស្ថានភាពជាប្រទេសអភិវឌ្ឍតិចតួច ដូចជាការបង្កើតកម្មវិធីសកម្មភាពដូហា (DPoA) ការបង្កើតប្រព័ន្ធស្តុកស្បៀងសម្រាប់ប្រទេសអភិវឌ្ឍតិចតួច។
លោកថ្លែងថា៖ «កម្មវិធីសកម្មភាពដូហា រួមបញ្ចូលសាកលវិទ្យាល័យអនឡាញ ដើម្បីផ្តល់ឱ្យប្រទេសអ្នកនូវលទ្ធភាពទទួលបានវិទ្យាសាស្រ្ត ជំនាញ និងបច្ចេកវិទ្យាកាន់តែប្រសើរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងកម្លាំងការងារប្រកបដោយភាពច្នៃប្រឌិត និងចម្រុះ […] កម្មវិធីសកម្មភាពដូហា ក៏រួមបញ្ចូលផងដែរនូវការបង្កើតមជ្ឈមណ្ឌលគាំទ្រការវិនិយោគអន្តរជាតិដើម្បីជួយ ប្រទេសដែលមានការអភិវឌ្ឍតិចតួច និងប្រទេសបញ្ចប់ជាប្រទេសអភិវឌ្ឍតិចតួច ទាក់ទាញការវិនិយោគពីបរទេស»។
កម្មវិធីសកម្មភាពដូហា (DPoA) គឺជាផែនទីបង្ហាញផ្លូវសម្រាប់ប្រទេសអភិវឌ្ឍតិចតួច ដែលត្រូវបានព្រមព្រៀងគ្នាក្នុងខែមីនា ឆ្នាំ២០២២។
លោក Conor O'Loughlin ប្រធានផ្នែកតស៊ូមតិ និងផ្សព្វផ្សាយ ការិយាល័យតំណាងជាន់ខ្ពស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍតិចតួច ប្រទេសកំពុងអភិវឌ្ឍគ្មានដីគោក និងរដ្ឋកំពុងអភិវឌ្ឍកោះតូច (UN-OHRLLS) បានប្រាប់ VOA ថា នៅពេលដែលកម្ពុជារួចផុតពីប្រទេសអភិវឌ្ឍតិចតួច នោះកម្ពុជានឹងបាត់បង់វិធានការគាំទ្រអន្តរជាតិជាពិសេសដែលមានចំពោះប្រទេសអភិវឌ្ឍតិចតួច។ លោកថា ក្នុងករណីខ្លះ ការគាំទ្រប្រហែលជាត្រូវបានបញ្ឈប់ជាបណ្តើរៗ បន្ទាប់ពីរយៈពេលជាក់លាក់មួយ។
លោក Conor បានលើកឡើងបន្ថែមអំពីការត្រៀមខ្លួនក្នុងការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍតិចតួច ថា៖ «កម្ពុជាគួរតែបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរដោយរលូនរបស់ខ្លួន ក្នុងការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសង្គមស៊ីវិល វិស័យឯកជន ដៃគូអភិវឌ្ឍ និងពាណិជ្ជកម្ម និងតួអង្គពាក់ព័ន្ធដទៃទៀត។ ការិយាល័យតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍតិចតួច (OHRLLS) នឹងក្លាយជាដៃគូដ៏សំខាន់ក្នុងរឿងនេះ»។
ស្របពេលជាមួយគ្នានោះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានបញ្ជាក់ផងដែរថា កម្ពុជាចង់ឱ្យអង្គការសហប្រជាជាតិពន្យារពេលបញ្ចប់ការរួចផុតពីប្រទេសអភិវឌ្ឍតិចតួច ដើម្បីអាចត្រៀមខ្លួនបានប្រសើរជាងនេះ។
បើតាមអង្គការសហប្រជាជាតិផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីអាចរួចផុតពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចបាន រដ្ឋនីមួយៗត្រូវបំពេញលក្ខខណ្ឌចំនួនបី។ លក្ខខណ្ឌទាំងបីនោះមានដូចជា សន្ទស្សន៍នៃការអភិវឌ្ឍធនធានមនុស្ស (HAI) កម្រិតចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗ (GNI) និងសន្ទស្សន៍នៃភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច (EVI)។ រដ្ឋត្រូវបំពេញលក្ខខណ្ឌនេះក្នុងការវាយតម្លៃពីរដងជាប់គ្នា មានន័យថាត្រូវវាយតម្លៃម្តងទៀតនៅបីឆ្នាំក្រោយ។
ក្នុងករណីដែលកម្ពុជានៅបន្តរក្សាបានលក្ខខណ្ឌទាំងបី ក្នុងការវាយតម្លៃជាលើកទីពីរ មហាសន្និបាតអង្គការសហប្រជាជាតិអាចចេញដំណោះស្រាយណែនាំប្រទេសសាម៉ីក្នុងការរៀបចំខ្លួនសម្រាប់ចាកចេញ និងទ្រទ្រង់ដំណើរការនៃការរៀបចំខ្លួនដើម្បីធានាថា កម្ពុជាមិនប្រឈមបញ្ហាច្រើន និងមិនអាចត្រឡប់ក្លាយជាប្រទេសមានការអភិវឌ្ឍតិចតួចឡើងវិញ៕