បន្ទាប់ពីបានដឹកនាំសមាគមភាពយន្តកម្ពុជាអស់រយៈពេលជាង៣ឆ្នាំ លោក ឆាយ បូរ៉ា ប្រធានសមាគមដែលបានផលិតខ្សែភាពយន្តរហូតមានភាពល្បីល្បាញ និងបានចូលរួមប្រកួតប្រជែងរង្វាន់អូស្ការ បានសម្រេចចិត្តលាលែងចេញពីតំណែងទាំងពាក់កណ្តាលអាណត្តិ ដោយមូលហេតុថា«វិស័យភាពយន្តខ្វះការគាំទ្រ»។
លោក ឆាយ បូរ៉ា ជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង«ឃ្លាតទៅសែនឆ្ងាយ» ដែលខ្សែភាពយន្តខ្នាតវែងមួយនេះ ត្រូវបានជ្រើសរើសក្នុងចំណោមខ្សែភាពយន្តចំនួន៨ នៃខ្សែភាពយន្តចំនួន១៤០ ទូទាំងពិភពលោក ក្នុងការប្រកួតប្រជែងពានរង្វាន់អូស្ការ កាលពីឆ្នាំ២០១៣។ ខ្សែភាពយន្តដែលផលិតផ្អែកទៅលើរឿងពិតរបស់ម្ដាយម្នាក់ក្នុងសម័យខ្មែរក្រហមនេះក៏ទទួលបានពានរង្វាន់អន្តរជាតិចំនួន៧ផ្សេងទៀតផងដែរ។
បន្ទាប់ពីត្រូវបានបោះឆ្នោតឲ្យធ្វើជាប្រធានដឹកនាំសមាគមភាពយន្ត តាំងពីឆ្នាំ២០១៥មក លោក ឆាយ បូរ៉ា តែងលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងស្ថានភាពវិស័យភាពយន្តនៅកម្ពុជា ជាពិសេសការតស៊ូមតិរបស់លោកជាមួយស្ថាប័នពាក់ព័ន្ធដើម្បីពង្រឹងគុណភាព និងទីផ្សារភាពយន្តនៅកម្ពុជា ការស្នើឲ្យពន្យារពេលការប្រមូលពន្ធលើការផលិតខ្សែភាពយន្ត ដើម្បីទុកពេលឲ្យផលិតករទទួលបានចំណូលគ្រាន់បើ ក្នុងការជំរុញឲ្យវិស័យភាពយន្តនៅកម្ពុជាមានភាពប្រសើរឡើង ជាដើម។
ក្រោយការសម្រេចចិត្តចាកចេញពីតំណែងជាប្រធានសមាគមកាលពីថ្ងៃទី១១ ខែវិច្ឆិកា ដោយបានបង្ហាញភាពអាលោះអាល័យលើបណ្តាញសង្គមផងនោះ លោក ឆាយ បូរ៉ា ប្រាប់ VOA ថា ការសម្រេចចិត្តចាកចេញពីតំណែងជាប្រធានសមាគមទាំងពាក់កណ្តាលអាណត្តិ ដោយសារលោកចង់ផ្តោតលើការគ្រប់គ្រងផលិតកម្មរបស់លោក។ លោកបន្តថា មូលហេតុនៃការចាកចេញរបស់លោកក៏ដោយសារកង្វះការគាំទ្រពីស្ថាប័នពាក់ព័ន្ធលើបញ្ហាក្នុងវិស័យភាពយន្តដែលលោកតែងលើកឡើង ប៉ុន្តែមិនមានដំណោះស្រាយ ខណៈដែលវិស័យភាពយន្តក្នុងឆ្នាំ២០១៨នេះ មានការធ្លាក់ចុះយ៉ាងខ្លាំង។
អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងវ័យជាង៥០ឆ្នាំរូបនេះពន្យល់ថា៖ «បញ្ហាដែលយើងត្រូវដោះស្រាយហ្នឹង វាពាក់ព័ន្ធទៅនឹងស្ថាប័នរដ្ឋផ្សេងៗដែលយើងមិនអាចទៅដល់។អ៊ីចឹងអ្វីដែលយើងមិនអាចទៅដល់ គឺយើងដោះស្រាយអត់បាន។ អ៊ីចឹងបើយើងនៅតែបន្តទៅទៀត ក៏យើងនៅតែទៅមិន។ សំឡេងរបស់យើងក៏ទៅមិនដល់សេចក្តីស្នើសុំរបស់យើងក៏ទៅមិនដល់។ អ៊ីចឹងដើម្បីកុំឲ្យខាតពេល ពូគិតថា ពូលាលែងទៅ ហើយអ្នកផ្សេងមកប្រហែលជាគេមានសំឡេងខ្លាំងជាង ឮជាង អាចទៅដល់អ្នកដែលទទួលខុសត្រូវវិស័យឧស្សាហកម្មភាពយន្ត ក៏ដូចជាអ្នកដែលពាក់ព័ន្ធហ្នឹងអាចចូលខ្លួនមកជួយដោះស្រាយ ជួយរំលែកទុក្ខដល់ផលិតករ»។
លោក ឆាយ បូរ៉ា គឺជាអ្នកនិពន្ធ អ្នកដឹកនាំ និងអ្នកសម្តែង ដែលបានចាប់ផ្តើមការសិក្សាផ្នែកសម្តែង និងផលិតភាពយន្តទាំងក្នុងប្រទេស និងក្រៅប្រទេស តាំងពីអំឡុងឆ្នាំ១៩៨០មក។ លោកបានចាប់ផ្តើមប្រឡូកចូលវិស័យភាពយន្តក្នុងឆ្នាំ២០០៨ ហើយរឿងដែលលោកនិពន្ធ និងដឹកនាំទទួលបានពានរង្វាន់ជាបន្តបន្ទាប់ ដែលភាគច្រើនជាពានរង្វាន់អន្តរជាតិ។
លោក ឆាយ បូរ៉ា បានបន្ថែមថា មូលហេតុនៃការធ្លាក់ចុះនូវវិស័យភាពយន្តកម្ពុជាក្នុងពេលបច្ចុប្បន្ន គឺបណ្តាលមកពីកង្វះការយកចិត្តទុកដាក់ពីស្ថាប័នរដ្ឋ ខ្វះការពង្រឹងគុណភាព និងសមត្ថភាពរបស់អ្នកនិពន្ធ និងអ្នកដឹកនាំរឿងជាដើម។ លោកបន្តថា រដ្ឋាភិបាលគួរបង្កើតស្ថាប័នបណ្តុះបណ្តាលវិស័យភាពយន្តឲ្យបានទូលំទូលាយ បង្កើតមូលនិធិសម្រាប់គាំទ្រដល់ការផលិតខ្សែភាពយន្ត ជាពិសេសគាំទ្រដល់អ្នកផលិតដែលខ្វះខាត សម្រួលដល់ការនិពន្ធ និងផលិតខ្សែភាពយន្ត ធ្វើយ៉ាងណាជំរុញ និងលើកទឹកចិត្តផលិតករឲ្យផលិតខ្សែភាពយន្តដែលមានគុណភាពឲ្យកាន់តែច្រើន។
អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងជើងចាស់រូបនេះ ដែលជាម្ចាស់ផលិតកម្មដើមត្នោតបានបន្ថែមថា វិស័យភាពយន្តគឺជាប្រភពសេដ្ឋកិច្ច ការអប់រំ និងផ្សព្វផ្សាយកិត្យានុភាពជាតិទៅបរទេស ដូច្នេះលោកថា កម្ពុជានឹងត្រូវបានអន្តរជាតិស្គាល់កាន់តែច្រើន ប្រសិនបើវិស័យភាពយន្តខ្មែរមានការរីកចម្រើន។
លោកមានប្រសាសន៍ថា៖
«វាមិនត្រឹមតែផ្សព្វផ្សាយនូវអរិយធម៌ វប្បធម៌របស់ប្រទេសជាតិហ្នឹងទៅកាន់ពិភពលោកដើម្បីឲ្យគេមកទស្សនាទេ។ យើងមើលដូចរឿង Tomb Rider ដែលគេថតនៅប្រាសាទតាព្រហ្ម អ្នកទេសចរណាក៏ដោយ ឲ្យតែមកអង្គរវត្តគឺគាត់សុំទៅមើលប្រាសាទតាព្រហ្ម ដែលមានដើមឈើធំ ដើមស្ពង់ធំដុះលើថ្ម។ អាហ្នឹងគឺជានិមិត្តរូបរបស់ប្រទេសខ្មែរដែរ បានទៅដល់ពិភពលោក គេមករកហើយ។ អ៊ីចឹងវានាំឲ្យមានកិត្យានុភាពរបស់ជាតិ»។
លោក ឆាយ បូរ៉ា ក៏ជាអ្នកនិពន្ធ និងដឹកនាំរឿងដែលមានចំណងជើងថា ៣កន្លះ ដែលជារឿងលាតត្រដាងពីអំពើជួញដូរផ្លូវភេទ ជាពិសេសគឺការទិញ និងលក់ព្រហ្មចារីយ៍ស្ត្រីក្នុងប្រទេសកម្ពុជា។ ក្រោយបញ្ចប់ការថតកាលពីឆ្នាំ២០១៣ រឿង៣កន្លះរបស់លោក ឆាយ បូរ៉ា ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហាមមិនឲ្យចាក់បញ្ចាំងដោយយោងលើមូលហេតុថា ឈុតឆាកមួយចំនួនក្នុងសាច់រឿងនោះបង្ហាញពីភាពអវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។
ក្រោយមករឿង៣កន្លះត្រូវបានសម្រេចឲ្យដាក់បញ្ចាំងនៅឆ្នាំ២០១៦ ដោយមានការកាត់ឈុតមួយចំនួនចោល។
លោក អ៊ិន សុភិន អនុប្រធានសមាគមភាពយន្តកម្ពុជា និងជាម្ចាស់ផលិតកម្មមហាហង្សបានលើកឡើងថា លោកមានការសោកស្តាយដែលលោក ឆាយ បូរ៉ាសម្រេចចាកចេញពីតំណែងជាប្រធានសមាគម។ លោកបន្ថែមថា លោក ឆាយ បូរ៉ា និងក្រុមការងារក្នុងសមាគមតែងស្វែងរកការគាំទ្រ ដើម្បីជំរុញឲ្យវិស័យភាពយន្តនៅកម្ពុជាមានភាពប្រសើរឡើង ខណៈដែលបញ្ហាមួយចំនួនកំពុងធ្វើឲ្យវិស័យភាពយន្តនៅកម្ពុជាប្រឈមនឹងការធ្លាក់ចុះ ប្រសិនបើមិនមានការដោះស្រាយ។
លោកបញ្ជាក់ថា៖
«សំខាន់គឺយើងកាត់បន្ថយការនាំចូលខ្សែភាពយន្តបរទេសឲ្យបានច្រើន ហើយផលិតករខ្មែរហ្នឹងត្រូវរកដៃគូសហការឲ្យបានល្អដើម្បីបង្កើនគុណភាព ឬមួយបង្កើនការផលិតឲ្យបានល្អ។ បើយើងមើលរំលងចំណុចពីរហ្នឹង ភាពយន្តខ្មែរនឹងធ្លាក់ចុះ»។
វិស័យភាពយន្តខ្មែរបានឈានដល់ចំណុចកំពូលរបស់ខ្លួននៅក្នុងអំឡុងទសវត្ស១៩៦០ ប៉ុន្តែបានដាំក្បាលធ្លាក់មកវិញយ៉ាងគំហុកចាប់តាំងពីទសវត្ស១៩៧០មក។ ទើបតែនៅទសវត្សចុងក្រោយនេះទេ ដែលគេឃើញមានការរើបឡើងវិញបន្តិចម្តងៗ ដោយមានផលិតករ ផលិតស្នាដៃដែលមានគុណភាពមួយចំនួន។
យ៉ាងណាក្តី ក្នុងពេលបច្ចុប្បន្ន គេឃើញនៅតាមរោងភាពយន្តភាគច្រើននៅកម្ពុជាតែងចាក់បញ្ចាំងខ្សែភាពយន្តនាំចូលពីបរទេសច្រើនជាងខ្សែភាពយន្តខ្មែរ។
លោក សៅ សុខនី អ្នកគ្រប់គ្រងទូទៅរបស់រោងភាពយន្ត Major Cineplex ដែលជារោងភាពយន្តធំមួយនៅកម្ពុជា បានប្រាប់ VOA ថា រោងភាពយន្តរបស់លោកមានចំនួន៤នៅទូទាំងប្រទេស និងតែងនាំយកភាពយន្តបរទេសចំនួន១៦០ និងខ្សែភាពយន្តខ្មែរចំនួន៤០ មកចាក់ផ្សាយជារៀងរាល់ឆ្នាំ។ លោកបន្ថែមថា ក្នុងឆ្នាំ២០១៨នេះ ការគាំទ្រខ្សែភាពយន្តខ្មែរមានការធ្លាក់ចុះខ្លាំង រហូតដល់ទៅជិតពាក់កណ្តាលនៃអ្នកទស្សនា។
លោកមានប្រសាសន៍ថា៖
«ក្នុងមួយរឿង យើងធ្លាប់បញ្ចាំងបានមនុស្សប្រមាណជា១ម៉ឺននាក់ជាមធ្យមនៅក្នុងរោងរបស់ពួកខ្ញុំ។ វាធ្លាក់នៅសល់ប្រហែលជា៤ពាន់ ៥ពាន់ ទៅ៦ពាន់ រឿងខ្លះ។ អ៊ីចឹងវាមានការធ្លាក់ច្រើន ហើយការធ្លាក់ហ្នឹងក៏យើងសង្កេតទៅវាមានកត្តា២។ កត្តាមួយ គឺរឿងខ្មែរយើងផលិតឆ្នាំនេះ គឺភាគច្រើនមិនសូវល្អ មានល្អមួយៗដែរ តែនិយាយរួមគឺអត់សូវល្អ។ អ៊ីចឹងទៅ វាធ្វើឲ្យអ្នកមើលគាត់អត់សូវចង់មើល។ ទី២គឺរោងភាពយន្តបើកថែមច្រើន អ៊ីចឹងមនុស្សចែកគ្នាទៅទីកន្លែងផ្សេង»។
ទោះយ៉ាងណាលោកថា រោងភាពយន្តរបស់លោកបាននិងកំពុងជួយជំរុញឲ្យខ្សែភាពយន្តខ្មែរមានគុណភាពខ្លាំង តាមរយៈការស្វែងយល់ពីអ្នកទស្សនា និងត្រៀមការសហការផលិតខ្សែភាពយន្តបន្ថែម។
កាលពីខែតុលា ឆ្នាំ២០១៧ រដ្ឋាភិបាលបានសម្រេចលើការរឹតបន្តឹងពន្ធលើវិស័យខ្សែភាពយន្ត ដែលមានប្រភេទពន្ធមួយចំនួនត្រូវបង់ជារៀងរាល់ខែ ពន្ធបង់ប្រចាំឆ្នាំ និងពន្ធបង់តាមចំនួនភាពយន្តដែលត្រូវបានផលិត។ ចំណែកផលិតករខ្សែភាពយន្តក៏ត្រូវបង់ពន្ធទៅលើការជួលសម្ភារៈ ការជួលទីតាំងថត ពន្ធលើចំណូលដែលទទួលបានពីការចាក់បញ្ចាំងខ្សែភាពយន្ត អាករលើតម្លៃបន្ថែមប្រចាំឆ្នាំ និងពន្ធកាត់ទុកលើចំណូលជាដើម។
នាពេលនោះ ទាំងលោក ឆាយ បូរ៉ា និងអ្នកផលិតខ្សែភាពយន្តមួយចំនួនទៀតបានស្នើឲ្យមានការពន្យារពេលការយកពន្ធនេះ ដោយលើកឡើងថា វិស័យភាពយន្តនៅកម្ពុជាស្ថិតក្នុងភាពក្មេងខ្ចី មិនគួរត្រូវបានអនុវត្តការប្រមូលពន្ធនៅពេលនោះទេ។ ប៉ុន្តែការស្នើសុំរបស់ពួកគេត្រូវបរាជ័យ។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តកម្ពុជា ប្រាប់ VOA ថា កម្ពុជានាំចូលខ្សែភាពយន្តបរទេសចំនួនពី១៦០ទៅ១៧០រឿងក្នុងមួយឆ្នាំ ដើម្បីចាក់បញ្ចាំង សម្រាប់ផ្គត់ផ្គង់ក្នុងរោងភាពយន្តជិត១៥.០០០កៅអីនៅទូទាំងប្រទេស ស្របពេលដែលខ្សែភាពយន្តខ្មែរមានចំនួន៣០រឿងក្នុងមួយឆ្នាំ។ លោកបន្តថា បច្ចុប្បន្នការគាំទ្រខ្សែភាពយន្តខ្មែរមានការធ្លាក់ចុះ ដោយសារកង្វះធនធាន និងថា ការផលិតរបស់ផលិតករខ្មែរមិនមានអ្វីប្លែក។
លោកបញ្ជាក់ថា៖
«គឺវាមានភាពដដែលៗនៃការផលិតរបស់យើងហ្នឹង គឺធ្វើឲ្យទស្សនិកជនគាត់មានភាពឆ្អែតឆ្អន់នៃភាពដដែលនៃការផលិតហ្នឹង។ ហើយបើយើងមើលជារួម បញ្ហាគឺយើងអាចទទួលស្គាល់បានថា វានៅមានបញ្ហាខ្វះនូវធនធានរបស់យើងនៅក្នុងការផលិត គឺនៅខ្វះធនធាននៅឡើយ។ ដូច្នេះជាកត្តាមួយធ្វើឲ្យកម្រិតគុណភាពរបស់យើងហ្នឹងមិនទាន់បានបំពេញសេចក្តីត្រូវការរបស់ទស្សនិកជនបានទាំងស្រុងទេ»។
លោក ប៉ុក បូរក្ស បន្ថែមថា កម្ពុជាជាប្រទេសអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗជាអន្តរជាតិ ដូច្នេះការនាំចូលខ្សែភាពយន្តបរទេសមិនអាចហាមឃាត់បាននោះទេ។ ទោះយ៉ាងណាលោកថា ក្រសួងវប្បធម៌កំពុងរៀបចំការបណ្តុះបណ្តាល និងសម្របសម្រួលដល់ការផលិតភាពយន្តដើម្បីជំរុញឲ្យវិស័យនេះមានភាពប្រសើរឡើង។
លោកមានប្រសាសន៍ថា៖
«ភាពយន្តបរទេសត្រូវមានកម្រិតមួយតឹងតែង ឲ្យមានថ្លៃដើមនៃការនាំចូលខ្ពស់ ឬក៏ការសម្របសម្រួលលើការផលិតក្នុងស្រុកយើងហ្នឹង ឲ្យមានភាពងាយស្រួល បង្កលក្ខណៈងាយស្រួលដើម្បីឲ្យពួកគាត់ហ្នឹងផលិតបាន។ ទី២ក៏យើងបានរៀបចំបណ្តុះបណ្តាលអ្នកជំនាញផ្នែកសរសេរ ផ្នែកដឹកនាំរឿងដើម្បីឲ្យពួកគាត់ក្លាយជាធនធានមនុស្សមួយក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពភាពយន្តរបស់គាត់ដែរ។ អ៊ីចឹងនេះជាវិធានការដែលយើងបាន និងកំពុងរៀបចំធ្វើ»។
បើទោះបីជាការគាំទ្រវិស័យភាពយន្តខ្មែរមានការធ្លាក់ចុះ និងពិបាកក្នុងការប្រកួតប្រជែងជាមួយភាពយន្តបរទេសក្តី ប៉ុន្តែក៏នៅមានអ្នកនិពន្ធ និងផលិតករវ័យក្មេងជាច្រើនក៏កំពុងតែបញ្ជ្រៀបខ្លួនចូលក្នុងវិស័យនេះជាបន្តបន្ទាប់។
កញ្ញា សុធា អ៊ីណេស ផលិតករវ័យក្មេងមួយរូបដែលទទួលបានពានរង្វាន់ក្នុងពេលចាប់ផ្តើមអាជីពរបស់ខ្លួនដំបូងតាមរយៈភាពយន្តខ្លីរឿង«អង្ករ»បាននិងកំពុងផលិតខ្សែភាពយន្តខ្នាតខ្លី និងវែងមួយចំនួនទៀតជាបន្តបន្ទាប់។ ផលិតករវ័យ២៧ឆ្នាំរូបនេះប្រាប់ VOA ថា ការងារជាផលិតករមានការលំបាកខ្លាំង ទាំងអំឡុងពេលផលិត ជាពិសេសកង្វះខាតថវិកា ព្រមទាំងក្រោយការផលិត ដែលមិនមានការគាំទ្រ ស្របពេលដែលចំនួនភាពយន្តបរទេសត្រូវបាននាំចូលមកចាក់បញ្ចាំងច្រើនជាងភាពយន្តខ្មែរ។
កញ្ញាបន្ថែមថា វិស័យភាពយន្តអាចរីកលូតលាស់ទៅបាន លុះត្រាតែមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសការគាំទ្ររបស់ប្រជាពលរដ្ឋ។
កញ្ញាបញ្ជាក់ថា៖
«សម្រាប់ខ្ញុំផ្ទាល់ ដើម្បីលើកស្ទួយវិស័យភាពយន្តហ្នឹងឲ្យបានល្អ មានន័យថា ឲ្យប្រជាជន ឬក៏ប្រិយមិត្តទស្សនិកជនគាត់ជឿជាក់នៅលើភាពយន្តខ្មែឡើងវិញ គឺយើងត្រូវការការជួយជ្រោមជ្រែងពីគ្រប់ស្ថាប័នទាំងអស់ហ្នឹង តាំងពីការផលិតរហូតដល់ការចាក់ផ្សាយ រហូតដល់សារព័ត៌មានផ្សេងៗ»។
ខ្សែភាពយន្ត ដែលជាវីដេអូមានរូបភាព និងសំឡេង ត្រូវបានគេទទួលស្គាល់ថា ជាផ្នែកយ៉ាងសំខាន់មួយជួយនាំយកកេរ្តិ៍ឈ្មោះប្រទេសទៅកាន់ឆាកអន្តរជាតិ និងធ្វើឲ្យបរទេសស្គាល់ពីវប្បធម៌ ប្រពៃណី និងរបៀបរបបរស់នៅរបស់ជាតិសាសន៍មួយជាដើម។
លោក ឆាយ បូរ៉ា បារម្ភថា វិស័យភាពយន្តនៅកម្ពុជាអាចឈានទៅបាត់បង់ទាំងស្រុង ប្រសិនបើនៅតែមិនមានការយកចិត្តទុកដាក់។
លោកមានប្រសាសន៍ថា៖
«ខ្ញុំគិតថា ទាន់មានជំងឺ អ៊ីចឹងទាមទារឲ្យយើងព្យាបាល ព្រោះមិនទាន់ដាច់ខ្យល់ស្លាប់នៅឡើយទេ ទើបមានជំងឺទេ។ បើយើងព្យាបាលទាន់ពេលវេលា យើងអាចរស់បានឡើងវិញ ហើយយើងមានកម្លាំងជាងមុន ព្រោះយើងដឹងពីប្រព័ន្ធ យើងដឹងពីផ្លូវដែលត្រូវដើរ។ ប៉ុន្តែបើយើងព្យាបាលមិនបានទាន់ពេលវេលា គឺយើងស្លាប់ហើយ»។
យ៉ាងណាក្តី លោក ឆាយ បូរ៉ា រំពឹងថា អ្នកជំនាន់ក្រោយដែលបន្តវេនដឹកនាំវិស័យខ្សែភាពយន្តខ្មែរនឹងបន្តការងារពង្រឹងវិស័យដ៏មានឥទ្ធិពលមួយនេះឲ្យរីកចម្រើនឡើងវិញ និងអាចប្រកួតប្រជែងជាមួយខ្សែភាពយន្តបរទេស៕