កងទ័ពប្រទេសឆាដនិយាយថា លោកប្រធានាធិបតី Idriss Deby ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចជាមួយក្រុមឧទ្ទាម ដោយបញ្ចប់ការកាន់កាប់អំណាចរបស់លោករយៈពេល៣០ឆ្នាំនៅប្រទេសនេះ។ ថ្លែងតាមទូរទស្សន៍រដ្ឋកាលពីថ្ងៃអង្គារ អ្នកនាំពាក្យកងទ័ពបាននិយាយថា លោកDeby បានស្លាប់ដោយសាររបួសពេលលោកទៅសួរសុខទុក្ខកងទ័ពជួរមុខ។ ក្រុមឧទ្ទាមមានឈ្មោះថា រណសិរ្សដើម្បីការផ្លាស់ប្តូរនិងកិច្ចព្រមព្រៀងនៅប្រទេសឆាដបានសម្រុកចូលពីភាគខាងជើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះឆ្ពោះទៅរដ្ឋធានី N’Djamena ។
រដ្ឋាភិបាលនិងសភាត្រូវបានរំលាយ ហើយអ្នកនាំពាក្យកងទ័ពលោក Azem Bermendao Agouna បាននិយាយថា ក្រុមប្រឹក្សាយោធានឹងគ្រប់គ្រងប្រទេសនេះរយៈពេល១៨ខែ។ លោកបាននិយាយថា ក្រុមប្រឹក្សានឹងត្រូវដឹកនាំដោយកូនប្រុសរបស់លោក Deby គឺលោកឧត្តមសេនីយ៍ Mahamat Idriss Deby Into អាយុ៣៧ឆ្នាំ។
មិនទាន់មានការបញ្ជាក់ឯករាជ្យអំពីការស្លាប់របស់ប្រធានាធិបតីប្រទេសឆាដនេះទេ។ អ្នកនាំពាក្យបញ្ជាការដ្ឋានយោធាអាមេរិកនៅការអាហ្រ្វិកបានសម្តែងការចូលរួមមរណទុក្ខជាមួយប្រជាជនឆាដ ហើយបាននិយាយថា បញ្ជាការដ្ឋាននេះកំពុងឃ្លាំមើលយ៉ាងដិតដល់នូវការលុកលុយរបស់ក្រុមឧទ្ទាមនៅប្រទេសនេះ។
ទន្ទឹមនឹងនេះដែរ ស្ថានទូតសហរដ្ឋអាមេរិកនៅរដ្ឋធានី N’Djamena បានបញ្ជាឱ្យបុគ្គលិកស្នាក់នៅកន្លែងដែលមានសុវត្ថិភាព ដោយលើកឡើងអំពីភាពចលាចលដែលអាចកើតមាន។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចូលរួមរំលែកទុក្ខដល់ប្រជាជនឆាដ និងបានឲ្យដឹងថា សហរដ្ឋអាមេរិកគាំទ្រ«ការផ្ទេរអំណាចដោយសន្ដិវិធី ដោយយោងតាមរដ្ឋធម្មនុញ្ញនៃប្រទេសឆាដ»។
លោក Deby អាយុ៦៨ឆ្នាំបានគ្រប់គ្រងប្រទេសឆាដចាប់តាំងពីឡើងកាន់អំណាចក្នុងរដ្ឋប្រហារខែធ្នូ ឆ្នាំ១៩៩០ ដែលធ្វើឱ្យលោកក្លាយជាមេដឹកនាំដែលកាន់អំណាចយូរជាងគេបំផុតនៅអាហ្វ្រិក។ ក្រុមអ្នកប្រឆាំងបានហៅលោកថា ជាជនផ្ដាច់ការ ហើយបានរិះគន់លោកក្នុងការគ្រប់គ្រងប្រេងរបស់ប្រទេស។ ទោះយ៉ាងណាក៏ដោយ ក៏ប្រទេសលោកខាងលិចយល់ថា លោកគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយមឥស្លាមនៅអាហ្វ្រិកខាងលិចនិងតំបន់ Sahel ដូចជាក្រុម Boko Haram ដែលមានមូលដ្ឋាននៅប្រទេសនីហ្សេរីយ៉ាជាដើម៕