ភាព​ខុស​គ្នា​រវាង​ការ​ឈប់​បាញ់​គ្នា​និង​ការ​ផ្អាក​បាញ់គ្នា​ត្រូវ​បាន​បញ្ជាក់

ក្មេង​ម្នាក់​កំពុង​ដើរ​ក្បែរកម្ទេច​អាគារ​និង​ប​ន្លាលួស​នៅ​ក្នុង​ទីក្រុង Aleppo ប្រទេស​ស៊ីរី កាល​ពីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៦។

មន្រ្តី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ចេញ​យន្តការ​ផែនការ​ពហុជាតិ​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដើម្បី​ផ្តល់​ឲ្យ​ជន​ជាតិ​ស៊ីរី​នូវការ​ជួយ​សង្គ្រោះ​ឲ្យ​គេច​ផុត​ពី​ការ​វាយ​ប្រហារ​ខាង​យោធា។ ផែនការដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អន្តរជាតិ​គាំទ្រស៊ីរី ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​អារិភាព។

លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក ​John Kerry ​មាន​ប្រសាសន៍​ថា ពួក​ប្រ​ឆាំង​ស៊ីរី ​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្អាក​សកម្មភាព​ខាង​យោធា​ដែល​ត្រូវ​បាន​គេចាត់​ទុកថា​ជា​ការ​បញ្ឈប់​ដែល​មាន​លក្ខណៈ​ខុស​គ្នា​ពី​ការ​ឈប់​បាញ់​គ្នា។​

​ក្រោយ​មក​បន្តិច​នៅ​ក្នុង​ការ​ថ្លែង​ព័ត៌មាន​ត្រួសៗ​កាល​ពី​ថ្ងៃ​សុក្រ ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួង​ការបរទេស​អាមេរិក​ ​បាន​ពណ៌នាពី​ភាព​ខុសគ្នា​ដោយ​និយាយ​ថា ​ក្រុម​ប្រឆាំង​ស៊ីរី​ជឿ​ជាក់​ថា ​ការ​ឈប់​បាញ់​គ្នា​ចង្អុល​បង្ហាញ​ពី​ការ​បញ្ចប់​ជាផ្លូវការ​នូវ​ជម្លោះ​ដែល​ក្នុង​នោះ​គោល​បំណង​ខាង​នយោបាយ​បាន​បញ្ជាក់​ថា ​ជម្លោនោះ​ ត្រូវ​បាន​បោះ​បង់​ចោល​ឬ​ត្រូវ​បាន​ដោះ​ស្រាយ។ ក៏ប៉ុន្តែ វា​ជា​ស្ថានភាព​មួយ​ដែល​មិន​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរី​ទេ។

​មន្រ្តី​រូប​នោះ​និយាយ​ថា៖ «គោល​បំណង​រួម​គឺ​បញ្ឈប់​អំពើ​ហឹង្សា‍»។

ការ​បញ្ឈប់​សកម្មភាព​ខាង​យោ​ធា​នឹង​មិន​រាប់​បញ្ចូល​ក្រុម​ភេរវ​ជនដូចជា ​ក្រុម​រដ្ឋ ឥស្លាមនិង​ក្រុម​ al-Nusra Front​ទេ។​ តាម​ផ្នែក​មួយ​នៃ​ផែនការ​នោះ ​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី ​នឹង​ដឹកនាំគណៈ​កម្មាធិការ​ចំពោះ​កិច្ច​ឈប់​បាញ់​គ្នា​ដែល​នឹង​ធ្វើ​ការ​ដើម្បី​គូស​ព្រាង​ដែន​ដី​ដែល​ត្រូវ​បាន​កាន់​កាប់​ដោយ​ក្រុម​ភេរវជន​ហើយ​នឹង​ដោះ​ស្រាយ​ការមិន​អនុវត្ត​តាម​ការបញ្ឈប់​សកម្មភាព​យោធា​នោះ៕