ភ្នំពេញ —
សំឡេងសូត្រធម៌បានចាប់ផ្តើមបន្លឺឡើងនៅក្នុងវត្តសាមគ្គីរង្សីដែលជាវត្តមួយកសាងឡើងដោយព្រះសង្ឃកម្ពុជាក្រោម។
ខុសប្លែកពីថ្ងៃធម្មតា នៅថ្ងៃទី០៤ខែមិថុនានេះសំឡេងសូត្រធម៌នេះបានដាស់អារម្មណ៍ប្រជាពលរដ្ឋ ជាពិសេសខ្មែរក្រោមឲ្យនឹកដល់ថ្ងៃដែលកម្ពុជាក្រោមត្រូវកាត់ទៅឲ្យប្រទេសវៀតណាមក្នុងសម័យអាណានិគមបារាំង។
រហូតមកទល់ពេលនេះគឺដែនដីកម្ពុជាក្រោមដែលមានខេត្តសរុបចំនួន២១ខេត្តបានស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាមចំនួន៦៥ឆ្នាំហើយ ពោលគឺនៅថ្ងៃទី៤ខែមិថុនា ឆ្នាំ១៩៤៩។
ចាប់តាំងពីម៉ោង៨ព្រឹក មនុស្សម្នាដែលជាខ្មែរកម្ពុជាក្រោម រួមទាំងព្រះសង្ឃ តំណាងគណបក្សប្រឆាំង និងយុវជនជាច្រើនរយនាក់ បានប្រមូលផ្តុំគ្នាក្នុងបរិវេណវត្តតូចចង្អៀតមួយ ហើយបានចាប់ផ្តើមប្រារព្ធពិធីរំឭកខួបបាត់បង់ទឹកដីនេះ។
បទចម្រៀងរំឭកអំពីទឹកដីកម្ពុជាក្រោមក៏បានបន្លឺឡើងនៅក្នុងពិធីនេះ។
កម្មវិធីនេះបានបញ្ចប់ទៅដោយការរំឭកឡើងវិញនូវប្រវត្តិសាស្រ្ត ការឈឺចាប់របស់ពលរដ្ឋខ្មែរកម្ពុជាក្រោម និងការរិះគន់ធ្ងន់ៗទៅលើរដ្ឋាភិបាលកម្ពុជា ដែលក្រុមអ្នកចូលរួមចោទថា មិនបានអើពើ និងមិនយកចិត្តទុកដាក់លើប្រជាពលរដ្ឋខ្មែរក្រោម។
ដូចសព្វមួយដងដែរ គេក៏ឃើញមានតំណាងព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្តមសីហមុនីមកចូលរួមក្នុងពិធីនេះផងដែរគឺសម្តេចព្រះស៊ីសុវត្ថិពង្សនារីមុនី ពង្សបានចូលរួមចែករំលែកការឈឺចាប់ជាមួយពលរដ្ឋខ្មែរកម្ពុជាក្រោម។
លោកថាច់សេដ្ឋា នាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម មានប្រសាសន៍ថា ការប្រារព្ធធ្វើពិធីរំឭកខួបការបាត់បង់ទឹកដីកម្ពុជាក្រោមនេះគឺដើម្បីជាការរំឭកដល់កូនខ្មែរជំនាន់ក្រោយឲ្យយល់ដឹងពីប្រវត្តិសាស្រ្តនៃការបាត់បង់ទឹកដីរបស់កម្ពុជា និងជាការសម្តែងការដឹងគុណទៅលើអ្នកដឹកនាំខ្មែរកម្ពុជាក្រោមដែលបានលះបង់ជីវិតក្នុងការរើបម្រាសដើម្បីសិទ្ធិសេរីភាពក្នុងការរស់នៅ។
«បារាំង ដោយសំអាងលើអំនាចអាណានិគមរបស់ខ្លួន បានអនុម័តច្បាប់ដ៏ទុយ៌សមួយ កាត់ទឹកដីខ្មែរទៅឲ្យវៀតណាមនៅថ្ងៃទី០៤ខែមិថុនាឆ្នាំ១៩៤៩ ដោយមិនបានសួរមតិថ្នាក់ដឹកនាំ អ្នកដឹកនាំខ្មែរដែលជាម្ចាស់សុ្រកឡើយ»។
លោកថាច់សេដ្ឋាក៏ចោទប្រកាន់ថា អាជ្ញាធរប្រទេសវៀតណាមបានព្យាយាមបំបាត់វប្បធម៌ ការអប់រំ និងការរស់តាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរកម្ពុជាក្រោម តាមរយៈការបិទសាលារៀនដែលបង្រៀនអក្សរសាស្រ្តខ្មែរ ការបង្ក្រាបដោយហិង្សាផ្សេងៗចំពោះចលនារបស់ខ្មែរកម្ពុជាក្រោមដែលហ៊ានចេញមុខងើបឡើងតវ៉ា។
នាយកប្រតិបត្តិសមាគមខ្មែរក្រោមដដែលក៏បានជំរុញឲ្យរាជរដ្ឋាភិបាលទាមទារដែនដីខ្មែរកម្ពុជាក្រោមពីប្រទេសវៀតណាមមកវិញ។
«រឿងទាមទារទឹកដីកម្ពុជាក្រោមមកវិញគឺជារឿងរបស់រដ្ឋាភិបាលខ្មែរ។ បើអស់លោកមិនទាមទារ ប្រវត្តិសាស្រ្តគេជេរស្តី អាហ្នឹងជារឿងរបស់អស់លោកទេ»។
ទោះជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានបដិសេធថា លោកនឹងមិនធ្វើការទាមទារណាមួយដើម្បីយកដែនដីខ្មែរកម្ពុជាក្រោមពីប្រទេសវៀតណាមនោះទេ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលមានវត្តមានក្នុងពិធីរំឭកខួបបាត់បង់ដីកម្ពុជាក្រោមនេះ បានចាត់ទុកថា ប្រជាពលរដ្ឋខ្មែរក្រោមទាំងអស់មានសិទ្ធិសេរីភាព និងកាតព្វកិច្ចដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ។
«បងប្អូនខ្មែរកម្ពុជាក្រោមជាខ្មែរដូចខ្មែរដទៃទៀត ដែលរស់នៅលើទឹកដីកម្ពុជា ត្រូវទទួលស្គាល់ហើយសូមការពារ។ ខ្មែរនៅលើទឹកដីកម្ពុជា មានសិទ្ធិ និងកាតព្វកិច្ចដូចខ្មែរដទៃទៀតដែរ។ សូមកុំឲ្យមានការបែងចែកថា ខ្មែរក្រោម ខ្មែរកណ្តាល ខ្មែរលើ សូមនិយាយតែខ្មែរតែមួយ»។
ទោះបីជាយ៉ាងណាក្តី លោកទ្រីញ វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំក្រុងភ្នំពេញបញ្ជាក់ថា ការលើកឡើងរបស់សមាគមខ្មែរកម្ពុជាក្រោមធ្វើឡើងដោយគ្មានមូលដ្ឋាននិងមានចេតនាដើម្បីមូលបង្កាច់រដ្ឋាភិបាលវៀតណាម ដោយក្រុមប្រជាពលរដ្ឋខ្មែរក្រោមមួយចំនួនតែប៉ុណ្ណោះ។
«អំពីបញ្ហាហ្នឹងវាជាការមួលបង្កាច់ ការប្រឌិត។ ពាក្យចោទប្រកាន់របស់គាត់ហ្នឹងគ្មានភស្តុតាង គ្មានមូលដ្ឋានអ្វីទេ»។
ទឹកដីកម្ពុជាក្រោមលាតសន្ធឹងលើផ្ទៃដី៩៨.៩៦៥គឺឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមរស់នៅប្រហែលជាង១៤លាននាក់។ នេះបើយោងតាមការឲ្យដឹងរបស់សេចក្តីប្រកាសព័ត៌មានរបស់សមាគមខ្មែរកម្ពុជាក្រោម។ ប៉ុន្តែបើតាមតួលេខរបស់អង្គការសហប្រជាជាតិដោយផ្អែកទៅលើជំរឿនឆ្នាំ២០០៩របស់រដ្ឋាភិបាលវៀតណាមឲ្យដឹងថាពលរដ្ឋខ្មែរក្រោមមានចំនួនត្រឹម១,២លាននាក់៕