ធនាគារកណ្តាលបានប្រកាសជាសាធារណៈ អំពីការផ្លាស់ប្តូរក្រដាសប្រាក់រៀលចាស់ៗ នៅក្នុងយុទ្ធនាការមួយដើម្បីគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងមួយរបស់ធនាគារជាតិនៃកម្ពុជា។
សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីរសៀលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ បានឱ្យដឹងថា ធនាគារជាតិសហការណ៍ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើគ្រប់ខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» ដោយទទួលប្តូរក្រដាសប្រាក់រៀល«ចាស់ ទក់ រហែក» និងជំនួសវិញនូវក្រដាសប្រាក់ថ្មីដល់ពលរដ្ឋ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមីនានេះតទៅ។
សេចក្តីជូនដំណឹងបន្ថែមថា សាធារណជនអាចអញ្ជើញមកប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវានៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំងប្រទេស នៅក្នុងអំឡុងពេលនៃយុទ្ធនាការផ្លាស់ប្តូរប្រាក់រៀលនេះ។
លោក ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជាយល់ថា នេះជាភារកិច្ច និងតួនាទីរបស់ធនាគារជាតិនៃកម្ពុជាក្រៅពីការបោះពុម្ព គ្រប់គ្រងចរន្តអតិផរណា និងតាមដានស្រាវជ្រាវទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ។ លោកថា ធនាគារជាតិដើរតួនាទីក្នុងការប្រមូល និងផ្លាស់ប្តូរប្រភេទសាច់ប្រាក់ដែលចាស់ និងប្តូរជាក្រដាសថ្មី។
លោកប្រាប់វីអូអេថា ការបង្កើតឱ្យមានយុទ្ធនាការនេះគឺជារឿងល្អ ព្រោះវាអាចជួយសម្រួលដល់អ្នកប្រើប្រាស់ ដែលមានក្រដាសប្រាក់ប្រឡាក់ ឬរហែក ហើយមិនដឹងថាត្រូវយកទៅដូរនៅទីណា។
លោកថ្លែងថា៖ «នេះជាយុទ្ធនាការមួយល្អដែលខាង NBC ធនាគារជាតិនៃកម្ពុជាប្រកាសផ្សព្វផ្សាយជាឱឡារិក អ៊ីចឹងក្នុងរយៈពេលប៉ុន្មានខែប៉ុន្មានឆ្នាំទៅតាមការងាររបស់ខ្លួនហ្នឹង ខ្ញុំគិតថាគួរយើងប្រកាសផ្សព្វផ្សាយឱ្យបានទូលំទូលាយ ហើយមែនទែនទៅឱ្យបានញឹកញាប់ជាការល្អដែរ»។
បើតាមលោក ហុង វណ្ណៈ ការប្រមូលយកនូវក្រដាសប្រាក់ចាស់នេះគួរតែធ្វើឱ្យបានច្រើនជាងនេះដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់។ លោកបន្ថែមថាពលរដ្ឋអាចនឹងលែងមានការបារម្ភអំពីប្រាក់ដែលរហែក ឬប្រឡាក់ដែលខ្លួនមានតទៅទៀត។ លោកបន្ថែមថា ក្រដាសប្រាក់រៀលគួរតែអភិវឌ្ឍជាក្រដាសស្វិតដូចប្រទេសជិតខាង ដើម្បីឱ្យមានភាពងាយស្រួល និងកាត់បន្ថយហានិភ័យនៃការរហែក ឬប្រឡាក់៕