ការគំរាមកំហែងត្រួតពិនិត្យខ្លឹមសារជាមុននៅក្នុងឧស្សាហកម្មភាពយន្តថៃ អាចនឹងត្រូវបានដកចេញនាពេលឆាប់ៗខាងមុខនេះ ខណៈដែលរដ្ឋាភិបាលថ្មីកំពុងយកចិត្តទុកដាក់ទៅលើ «អំណាចទន់» ដើម្បីលើកតម្កើងសក្ដានុពលរបស់ព្រះរាជាណាចក្រមួយនេះឲ្យទៅជាមជ្ឈមណ្ឌលនៃគំនិតច្នៃប្រឌិត។
ប្រទេសថៃបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលដែលមានចរិតអភិរក្សនិយមខ្លាំង អស់រយៈពេល ៩ ឆ្នាំ ក្រោមការដឹកនាំរបស់អតីតមេបញ្ជាការកងទ័ព លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដែលបានឆក់យកអំណាចតាមរយៈរដ្ឋប្រហារឆ្នាំ ២០១៤ និងជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលក្រុមអ្នកការពារសិទ្ធិមនុស្សហៅថា ការដួលរលំនៃសេរីភាព និងការរឹតត្បិតទៅលើឧស្សាហកម្មគំនិតច្នៃប្រឌិត។
តារាចម្រៀងរ៉ែប និង អ្នកចម្រៀងដែលប្រឆាំងរដ្ឋាភិបាល បានរងការចោទប្រកាន់ដោយបទចោទជាច្រើនពាក់ព័ន្ធនឹងការបះបោរ និង ការប្រមាថព្រះមហាក្សត្រ ខណៈដែលអ្នកផលិតខ្សែភាពយន្ត និងសិល្បករវិញ បានស្ថិតក្រោមការឃ្លាំមើល និងបៀតបៀន ពីសំណាក់អាជ្ញាធរ ឬ ត្រូវរឹតត្បិតខ្លួនឯង។
រដ្ឋាភិបាលស៊ីវិលថ្មី ដឹកនាំដោយគណបក្សភឿថៃ និយាយថា ខ្លួនចង់ជំរុញឲ្យសង្គមថៃមានភាពបើកចំហជាងមុន ដែលជំរុញឲ្យអង្គការធ្វើការពាក់ព័ន្ធនឹងភាពច្នៃប្រឌិត រួមមានក្រុមហ៊ុនផលិតភាពយន្ត អាចរីកលូតលាស់។
អ្នកស្រី Paetongtarn Shinawatra ប្រធានគណៈកម្មាធិការជាតិស្ដីពីការអភិវឌ្ឍអំណាចទន់ បានថ្លែងកាលពីថ្ងៃទី ៤ ខែមករាកន្លងទៅថា៖ «គណបក្សភឿថៃ និងគណបក្សសម្ព័ន្ធត្រៀមខ្លួនរួចរាល់ដើម្បីគាំទ្រសេរីភាពនៃការបញ្ចេញមតិ។ មានតែភាពយន្តដែលមានខ្លឹមសារប៉ះពាល់ដល់ព្រះមហាក្សត្រប៉ុណ្ណោះដែលនឹងត្រូវបន្តហាមឃាត់មិនឲ្យចាក់ផ្សាយនៅក្នុងប្រទេសនេះ»។
ផ្នែកដ៏សំខាន់នៃកំណែទម្រង់ទាំងនេះ គឺការបង្កើតក្រុមប្រឹក្សាត្រួតពិនិត្យ ដែលទំនងមានសមាសភាពមកពីបណ្ដាអ្នកមានអាជីពក្នុងឧស្សាហកម្មភាពយន្ត និង សមាជិកមួយចំនួនមកពីវិស័យឯកជន។
ក្រុមអ្នកជំនាញនិយាយថា កំណែទម្រង់ទាំងនេះ អាចបញ្ចប់ភ្លាមៗនូវការរឹតត្បិតរបស់រដ្ឋ ដែលមកទល់នឹងពេលនេះបានហាមឃាត់ និងកែតម្រូវភាពយន្តនានាដែលគេយល់ឃើញថា «ធ្វើឲ្យខូច ឬរំខានដល់សណ្ដាប់ធ្នាប់សង្គម សុជីវធម៌ ឬភាពយន្តដែលអាចមានឥទ្ធិពលទៅលើសន្តិសុខជាតិ ឬប៉ះពាល់ដល់មោទនភាពជាតិ»។
កម្មវិធីតាមកញ្ចក់ទូរទស្សន៍ដែលមានខ្លឹមសារពាក់ព័ន្ធនឹងក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ឬ LGBTQ+ និងភាពយន្តដែលគេយល់ថា ធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ត្រូវបានហាម ឬ ពន្យារមិនឲ្យចាក់បញ្ចាំងនៅក្នុងប្រទេសនេះ។
ខ្សែភាពយន្តរន្ធត់មួយឈ្មោះថា «Shakespeare ត្រូវតែស្លាប់» ដែលសរសេរឡើងវិញតាមលំនាំរឿងមានចំណងជើងថា «Macbeth» ដោយអ្នកស្រី Ing Kanjanavanit ត្រូវបានរដ្ឋាភិបាលថៃហាមមិនឲ្យចាក់ផ្សាយតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ដោយហេតុផលថាវា «គំរាមកំហែងដល់សន្តិសុខជាតិ»។
ភាពយន្តនេះបានយោងទៅលើការវាយប្រហារកាលពីខែតុលា ឆ្នាំ ១៩៧៦ ដោយប៉ូលិស និង យោធាប៉ារ៉ាស្ដាំនិយម ទៅលើបាតុករឆ្វេងនិយមដែលបានគ្រប់គ្រងទៅលើសាកលវិទ្យាល័យធម្មសាត (Thammasat University) នៅក្នុងទីក្រុងបាងកក។ បាតុកររហូតដល់ទៅ ១០០ នាក់ត្រូវបានសម្លាប់ ហើយយោធាថៃ បានធ្វើរដ្ឋប្រហារបន្ទាប់ពីហេតុការណ៍នេះកើតឡើង ដោយបានបញ្ចប់ការគ្រប់គ្រងបែបប្រជាធិបតេយ្យមួយរយៈ។
ភាពយន្តរបស់អ្នកស្រី Ing មួយទៀតឈ្មោះថា DogGod ថតនៅឆ្នាំ ១៩៩៧ ដែលបានបង្ហាញពីការគោរពដើរតាមសត្វឆ្កែ ទើបតែត្រូវបានអនុញ្ញាតឲ្យចាក់បញ្ចាំងកាលពីពេលថ្មីៗនេះ បន្ទាប់ពីត្រូវបានហាមឃាត់អស់រយៈពេលមួយទសវត្សរ៍។
គណបក្សភឿថៃដ៏មានប្រជាប្រិយ៍ភាព កំពុងផ្សព្វផ្សាយមុខមាត់ថ្មីរបស់ថៃដែលមានលក្ខណៈសេរី ដរាបណាតួនាទីស្នូលនៃរបបរាជានិយមមិនត្រូវបានប៉ះពាល់។
ច្បាប់មួយដែលមានឈ្មោះថា ច្បាប់អំណាចទន់ នឹងបង្កើតឲ្យមានទីភ្នាក់ងារផ្នែកគំនិតច្នៃប្រឌិតមួយ ដើម្បីបង្កើត និង លើកស្ទួយអ្វីដែលផលិតឡើងនៅប្រទេសថៃ រាប់ចាប់តាំងពីភាពយន្ត រហូតដល់ម្ហូបអាហារ និង ការច្នៃម៉ូត។
លោក Kong Rithdee នាយករងនៃទីភ្នាក់ងារបណ្ណាសារភាពយន្តថៃ ដែលជាទីភ្នាក់ងារទទួលរ៉ាប់រងការលើកស្ទួយមរតកភាពយន្តថៃ បានថ្លែងថា៖ «វាជាការចាប់ផ្ដើមមួយដ៏ល្អ»។
លោកនិយាយថា៖ «បើចង់បានផលអ្វីមួយពីច្បាប់ស្ដីពីការរឹតត្បិត វាតម្រូវឲ្យមានឆន្ទៈនយោបាយជាច្រើន ពីព្រោះថា វាតែងតែមានការប្រឆាំងពីសំណាក់ក្រុមអ្នកអភរិក្សនិយម»។
លោកបន្តថា មានតែពេលវេលាទេដែលអាចប្រាប់ ថាតើក្រុមប្រឹក្សាត្រួតពិនិត្យនឹងបញ្ចប់ទង្វើហាមឃាត់លើខ្លឹមសារចម្រូងចម្រាស់ឬយ៉ាងណា។
លោកបន្តទៀតថា៖ «ដើម្បីជំរុញឲ្យសង្គម និងសេដ្ឋកិច្ចនៃការច្នៃប្រឌិតរីកចម្រើន ពួកគេត្រូវតែបញ្ឈប់ការរឹតត្បិត នឹងមានទឹកចិត្តបើកចំហរ ដោយអនុញ្ញាតឲ្យពលរដ្ឋនិយាយ និង បញ្ចេញគំនិតអំពីអ្វីដែលពួកគេចង់បាន»។
លោក Chayanin Tiangpitayagorn អ្នកវិភាគអំពីខ្សែភាពយន្តនិយាយថា លោកស្វាគមន៍កិច្ចប្រឹងប្រែងធ្វើកំណែទម្រង់នេះ ប៉ុន្តែយ៉ាងណាក៏ដោយ កំណែទម្រង់នេះជាការលើកលែងមួយ។
លោកថ្លែងថា៖ «ការដកការរឹតត្បិតគួរតែជារឿងដែលត្រូវធ្វើលើវិស័យភាពយន្តទាំងមូល។ ការដែលពួកគេនៅតែពិចារណាបន្តហាមឃាត់ខ្លឹមសារដែលប៉ះពាល់ដល់ព្រះមហាក្សត្រនោះ គឺហាក់បីដូចយើងញាត់ខ្លួនយើងចូលទៅក្នុងអាវចំណង ដែលមិនចាំបាច់ទាល់តែសោះ»។
នយោបាយអំណាចទន់
អ្នកស្រី Paetongtarn អាយុ ៣៧ ឆ្នាំ គឺជាកូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ និង ជាស្ថាបនិកគណបក្សថៃស្រឡាញ់ថៃ (Thai Rak Thai) ដែលបច្ចុប្បន្ន បានប្ដូរឈ្មោះទៅជាគណបក្សភឿថៃ។ កាលពីខែសីហា កន្លងទៅ លោក ថាក់ស៊ីន បានត្រឡប់មកប្រទេសថៃវិញដ៏ភ្ញាក់ផ្អើល បន្ទាប់ពីលោកបានរស់នៅនិរទេសខ្លួនដោយខ្លួនឯងនៅក្រៅប្រទេសអស់រយៈពេល ១៥ ឆ្នាំ។ ការវិលត្រឡប់របស់លោកធ្វើឡើងក្នុងថ្ងៃដែលគណបក្សភឿថៃ បានឡើងកាន់អំណាច។
ការចងសម្ព័ន្ធភាពរវាងគណបក្សភឿថៃជាមួយគណបក្សដែលមានចរិតអភិរក្សនិយមមកពីរដ្ឋបាលចាស់ បានធ្វើឲ្យគណបក្ស «ឆ្ពោះទៅមុខ» ឬ Move Forward Party ដែលមានចរិតរ៉ាឌីកាល់ និង មានថ្នាក់ដឹកនាំក្មេងៗ នៅឯកោ ទោះបីជាគណបក្ស Move Forward បានឈ្នះការបោះឆ្នោតក៏ដោយ។
បច្ចុប្បន្ននេះ គណបក្សភឿថៃ កំពុងយកចិត្តយុវជនតាមរយៈការធ្វើកំណែទម្រង់ច្បាប់មានចរិតអភិរក្សនិយម រួមទាំងការជំរុញឲ្យមានច្បាប់អាពាហ៍ពិពាហ៍សម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា និង ការបន្ធូរបន្ថយការរឹតត្បិតក្នុងវិស័យភាពយន្ត។
កម្មវិធីនយោបាយរបស់អ្នកស្រី Paetongtarn ត្រូវបានលើកទឹកចិត្តដោយបទពិសោធនៅប្រទេសកូរ៉េខាងត្បូង ដែលរដ្ឋគាំទ្រដល់យុទ្ធសាស្ត្រវប្បធម៌ដែលជំរុញឲ្យមានបាតុភូតរលកវប្បធម៌កូរ៉េ តាមរយៈតន្ត្រី K-pop និងរឿងភាគកូរ៉េ ដែលកំពុងមានភាពល្បីល្បាញនៅលើសាកលលោក។
លោក Aekaphong Sarasante អ្នកផលិតភាពយន្តថៃ និយាយថា ការបន្ធូរបន្ថយការរឹតត្បិតរបស់ថៃ នឹងធ្វើឲ្យមាន «ការរីកចម្រើនខ្លះ»។ លោកកំពុងរង់ចាំមើលការផ្លាស់ប្ដូរ មុននឹងលោកបញ្ចេញភាពយន្តឯកសារមានចំណងជើងថា «បំបែកវដ្ដ» សម្រាប់ចាក់ផ្សាយ ដែលភាពយន្តនេះនិយាយអំពីការងើបឡើងនៃកម្លាំងយុវជនក្នុងស្រទាប់នយោបាយថ្មី។
លោកនិយាយថា៖ «ប៉ុន្តែ ខ្ញុំខកចិត្តជាខ្លាំងដែលរឿងទាំងអស់នេះ កើតឡើងដើម្បីតែផលប្រយោជន៍នយោបាយ»។
ស្របពេលជាមួយគ្នានេះ អ្នកវិភាគនិយាយថា គោលបំណងចម្បងនៃអំណាចទន់ដែលចង់លើកតម្កើងកិត្យានុភាពរបស់ប្រទេសនេះបានថមថយ ទោះបីជារដ្ឋាភិបាលបានត្រៀមថវិកា ១៤០ លានដុល្លារ និងលើកអ្នកស្រី Paetongtarn ឲ្យធ្វើជាអ្នកនាំពាក្យនៃផែនការនេះក្ដី។
លោក Voranai Vanijaka សាស្ត្រាចារ្យផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យធម្មសាត ( Thammasat University) និងជាអតីតបេក្ខជននយោបាយម្នាក់ រៀបរាប់អំពីទិដ្ឋភាពសេរីភាពនៃវប្បធម៌ថៃ ដែលមានករណីលើកលែង។
លោកនិយាយថា៖ «វិធីតែមួយគត់ដើម្បីដឹងថា យើងនឹងមានសេរីភាពប៉ុណ្ណានោះ គឺត្រូវដឹងថា ក្រុមប្រឹក្សាត្រួតពិនិត្យមានសមាសភាពមកពីណាខ្លះ។ តើមានប៉ុន្មាននាក់មកពីវិស័យឯកជន? តើអ្នកណាមានទម្ងន់ខ្លាំងជាង ហើយអ្នកណាមានអំណាចខ្លាំងជាង?»៕
ប្រែសម្រួលដោយ នៀម ឆេង