មជ្ឈមណ្ឌល​បង្ការ​ជំងឺ CDC ថា ជំងឺ​កូវីដ១៩ អាច​ឆ្លង​តាម​វីរុស​នៃ​ជំងឺ​នេះ​ដែល​មាន​ក្នុង​ខ្យល់

  • ​Reuters

រូបឯកសារ៖ មនុស្ស​ពាក់ម៉ាស​នៅ​ពេល​ពួកគេ​ដើរ​នៅ​សួន Golden Gardens មួយថ្ងៃ​បន្ទាប់ពី​មជ្ឈមណ្ឌល​បង្ការ​ជំងឺ CDC បាន​ណែនាំ​ឱ្យ​មនុស្ស​ពាក់ម៉ាស​នៅ​ទីសាធារណៈ​អំឡុងពេល​មាន​ការផ្ទុះឡើង​នៃ​វីរុស​កូរ៉ូណា នៅ​ទីក្រុង Seattleរដ្ឋវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ ទី៤ ខែមេសា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក CDC បាន​ឲ្យ​ដឹង​ថា ជំងឺ​កូវីដ១៩ អាច​ឆ្លង​តាម​វីរុស​ដែល​នៅ​វិលវល់​នៅ​ក្នុង​ខ្យល់។ ការ​លើកឡើង​ដូច​នេះ​ គឺ​ជា​ការ​ទទួលស្គាល់​អំពី​ក្ដី​បារម្ភ​របស់​អ្នកជំនាញ​ខាង​សុខភាព​សាធារណ:​ដែល​បាន​បញ្ជាក់​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ តាម​វីរុស​នៃ​ជំងឺ​នេះ​នៅ​ក្នុង​ខ្យល់។

ការ​ប្រកាស​របស់​មជ្ឈមណ្ឌល CDC នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​មជ្ឈមណ្ឌល​នេះ​បាន​ចេញ​ផ្សាយ ហើយ​បាន​លុប​ចោល​វិញ​នូវ​ការ​ព្រមាន​ស្រដៀង​គ្នា​នេះ​ដែរ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​អំពី​វិធី​ដែល​ជំងឺ​កូវីដ១៩ នេះ ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់។

នៅ​ក្នុង​សេចក្ដី​ណែនាំ​នោះ មជ្ឈមណ្ឌល CDC បាន​ឲ្យ​ដឹង​ថា មាន​ភស្តុតាង​បង្ហាញ​ថា មនុស្ស​ដែល​មាន​ជំងឺ​កូវីដ១៩ អាច​ចម្លង​ទៅ​អ្នក​ដទៃ​ ដែល​នៅ​គម្លាត​ឆ្ងាយ​ជាង ២ ម៉ែត្រ​បាន ក្នុង​កន្លែង​ខាង​ក្នុង ​ដែល​មាន​ខ្យល់​ចេញ​ចូល​មិន​ល្អ។

ក្នុង​កាល:ទេស:​បែប​នេះ មជ្ឈមណ្ឌល CDC បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា ចំនួន​នៃ​ភាគល្អិត​ ឬ​តំណក់​តូចៗ​នៃ​វីរុស ដែល​បញ្ចេញ​ដោយ​អ្នក​ជំងឺ​កូវីដ១៩ អាច​ប្រមូល​ផ្ដុំ​គ្នា​គ្រប់គ្រាន់​នៅ​ក្នុង​ខ្យល់​ក្នុង​ការ​ចម្លង​ជំងឺ​នេះ​ដល់​អ្នក​ដទៃ​បាន។

មជ្ឈមណ្ឌល CDC បាន​ព្រមាន​ជា​យូរ​មក​ហើយ​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ តាម​រយៈ​តំណក់​តូចៗ​នៃ​វីរុស​នេះ​ដែល​អ្នក​ជំងឺ​បញ្ចេញ​ទៅ​ក្នុង​ខ្យល់ និង​ជាទូទៅ​ធ្លាក់​ទៅ​លើ​ដី ដែល​ករណី​នេះ​ធ្វើ​ឲ្យ​មាន​ការ​ណែនាំ​ឲ្យ​រក្សា​គម្លាត​ប្រហែល ២ ម៉ែត្រ​ពី​គ្នា។ តំណក់​តូចៗ​ខ្លះ​ គឺ​តូច​មែនទែន ដែល​ធ្វើ​ឲ្យ​តំណក់​ទាំង​នេះ​ អាច​នៅ​ហោះហើរ​វិលវល់​ក្នុង​ខ្យល់​ដូចជា​ផ្សែង​បាន៕