អ៊ីមែលមួយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក CDC ដែលបានផ្សព្វផ្សាយក្រោមច្បាប់សេរីភាពសារព័ត៌មាន បានបញ្ជាក់ប្រាប់បុគ្គលិកផ្នែកទំនាក់ទំនងរបស់ខ្លួនកុំឲ្យឆ្លើយតបជាមួយនឹងសំណើសុំយោបល់ណាមួយរបស់សំឡេងសហរដ្ឋអាមេរិក VOA។ នេះបើយោងតាមឯកសារដែលចេញផ្សាយដោយវិទ្យាស្ថាន Knight First Amendment Institute។
ឯកសារដែលចេញផ្សាយក្រោមច្បាប់សេរីភាពសារព័ត៌មាននេះ រួមមានអ៊ីមែលមួយកាលពីថ្ងៃទី ៣០ ខែមេសា ដែលផ្ញើចេញពីឈ្មោះ Michawn Rich ដោយមានចំណងជើងថា «បញ្ជីសង្ខេប»។ អ៊ីមែលនេះរៀបរាប់អំពីដំណើរការស្នើសុំព័ត៌មានរបស់មជ្ឈមណ្ឌល CDC ដើម្បីជួយសហសេវិកម្នាក់ឈ្មោះ Rachael ឲ្យ «យល់ដឹងអំពីតួនាទីថ្មីរបស់ខ្លួន»។
អ្នកស្រី Rich ដែលជាអ្នកនាំពាក្យរបស់ក្រសួងកសិកម្ម បានផ្ទេរតំណែងមកកាន់មជ្ឈមណ្ឌល CDC កាលពីដើមឆ្នាំនេះ ដើម្បីជួយចាត់ចែងទំនាក់ទំនងនានាទាក់ទិននឹងព័ត៌មានអំពីជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែត Politico។
នៅក្រោមផ្នែកមួយដែលនិយាយអំពីការយល់ព្រមចំពោះសំណើសួរសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ មុនពេលបញ្ជូនសំណើទាំងនោះទៅកាន់ក្រសួងសុខាភិបាល និងសេវាកម្មពលរដ្ឋ ឬក៏ការិយាល័យរបស់លោកអនុប្រធានាធិបតី អ៊ីមែលនោះបញ្ជាក់ដូច្នេះថា៖ «កំណត់សំគាល់៖ តាមច្បាប់ ចូរកុំបញ្ជូនសំណួររបស់អ្នកស្រី Greta Van Susteren ឬក៏នរណាម្នាក់ដែលមកពីសំឡេងសហរដ្ឋអាមេរិក VOA។
បន្ទាប់មក អ៊ីមែលនោះបានភ្ជាប់ទៅនឹងរឿងមួយដែលចេញផ្សាយនៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃរបស់សេតវិមាន ដែលបានចោទប្រកាន់ VOA ថា ផ្សព្វផ្សាយការឃោសនារបស់បរទេស។
ទាក់ទិននឹងរឿងនេះ VOA បានស្នើសុំយោបល់ពី CDC។ CDC បានបញ្ជាក់ថា ខ្លួនទទួលបានសំណើនេះ និងបានបន្ថែមថា អ្នកនាំពាក្យនឹងទាក់ទងទៅ។ ប៉ុន្តែ គិតមកទល់នឹងពេលដែលអត្ថបទនេះបានចេញផ្សាយ VOA មិនទាន់ទទួលបានការឆ្លើយតបណាមួយពី CDC នៅឡើយទេ៕