ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចាប់​ខ្លួន​ក្រុម​អ្នក​កាសែត CNN ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក Floyd គឺ​ជា «ការ​រំលោភ​លើ​សេរីភាព​សារព័ត៌មាន»


បាតុករ​នាំ​គ្នា​លុត​ជង្គង់ចុះ​នៅ​មុខ​ប៉ូលិស កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ ក្នុង​ក្រុង Minneapolis សហរដ្ឋអាមេរិក។ ការ​តវ៉ា​បន្ត​ធ្វើ​ឡើង​ ក្រោយ​ការ​ស្លាប់​របស់​លោក George Floyd ដែល​ជា​បុរស​ជនជាតិ​ស្បែកខ្មៅ។
បាតុករ​នាំ​គ្នា​លុត​ជង្គង់ចុះ​នៅ​មុខ​ប៉ូលិស កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ ក្នុង​ក្រុង Minneapolis សហរដ្ឋអាមេរិក។ ការ​តវ៉ា​បន្ត​ធ្វើ​ឡើង​ ក្រោយ​ការ​ស្លាប់​របស់​លោក George Floyd ដែល​ជា​បុរស​ជនជាតិ​ស្បែកខ្មៅ។

កាល​ពី​ថ្ងៃ​សុក្រ អ្នក​កាសែត​បណ្ដាញ​ព័ត៌មាន CNN ម្នាក់ បាន​ផ្សាយ​ផ្ទាល់​នូវ​សកម្មភាព​ដែល​ប៉ូលិស​បាន​ចាប់ខ្លួន​ក្រុម​ការងារ​កាសែត CNN នៅ​ក្នុង​រដ្ឋ Minnesota នៅ​ពេល​ដែល​ពួកគេ​កំពុង​យក​ព័ត៌មាន​អំពី​ការ​តវ៉ា​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd ដែលបាន​ស្លាប់​ក្រោយ​ពី​ប៉ូលិស​ស្បែក​ស​ម្នាក់​សង្កត់​ជង្គង់​ពី​លើ​ក​របស់​លោក​អស់​ជាង ៨ នាទី។

ប៉ូលិស​បាន​ចាប់​ដាក់​ខ្នោះ និង​ចាប់​ខ្លួន​អ្នក​យក​ព័ត៌មាន​របស់ CNN ចំនួន​បី​នាក់ គឺ​លោក Omar Jimenez ជា​អ្នក​រាយការណ៍​ព័ត៌មាន​របស់ CNN លោក Bill Kirkos ​ជា​ផលិករ CNN និងលោក Leone Mendez ជា​អ្នក​កាសែត​រូបថត នៅ​ម៉ោង​ប្រហែល​ជាង ៥ ព្រឹក នៅ​ក្នុង​ទីក្រុង Minneapolis ទោះបីជា​លោក Jimenez បាន​បញ្ជាក់​ថា​ ក្រុម​របស់​លោក​ជា​អ្នក​កាសែត​ក៏​ដោយ។ ក្រោយ​មក លោក​ទាំង ៣ ត្រូវ​បាន​គេ​ដោះលែង​វិញ​ដោយ​មិន​មាន​ចោទ​ប្រកាន់​អ្វី​នោះ​ទេ។

ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង នៅ​ចំ​ពេល​មាន​ការ​តវ៉ា​ជា​ទូទៅ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក George Floyd។

អភិបាល​រដ្ឋ Minnesota លោក Tim Walz បាន​ចេញ​សេចក្ដី​សុំទោស​ជា​សាធារណៈ​មួយ កាល​ពី​ថ្ងៃ​សុក្រ ទាក់ទិន​នឹង​ការ​ចាប់​ខ្លួន​ក្រុម​អ្នក​កាសែត CNN នេះ ដោយ​បាន​និយាយ​ថា៖ «រឿង​នេះ​មិន​គួរ​កើត​ឡើង​ទាល់តែ​សោះ»។ លោក​បាន​បន្ថែម​ថា លោក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​រឿង​នេះ។

បណ្ដាញ​ព័ត៌មាន CNN បាន​បញ្ជាក់​នៅ​លើ Twitter ថា ការ​ចាប់​ខ្លួន​នេះ​គឺ​ជា «ការ​រំលោភ​យ៉ាង​ច្បាស់​លើ​សេរីភាព​បញ្ចេញ​មតិ សេរីភាព​សាសនា សេរីភាព​ជួបជុំ និង​សេរីភាព​សារព័ត៌មាន»៕

XS
SM
MD
LG