ការ​ស្ទង់មតិ​ថ្មី​មួយ​រក​ឃើញ​ថា​ស្ត្រី​ក្នុង​ជម្លោះ​ដីធ្លី​​ជិត​១០០%​រង​ផល​ប៉ះពាល់​ផ្លូវ​ចិត្ត

រូបឯកសារ៖ សកម្មជន​ដីធ្លី​មកពី​៨​សហគមន៍ បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥ ដើម្បី​អំពាវនាវ​ឲ្យ​លោកស្រី Michelle Obama ធ្វើ​អន្តរាគមន៍​ឲ្យ​រដ្ឋភិបាល​កម្ពុជា ដោះលែង​ស្រ្តី​១១នាក់​ពី​ពន្ធនាគារ និង​បញ្ហា​ដី​ធ្លី។ (ហេង រស្មី/VOA)

របាយការណ៍​ដែល​បាន​ស្ទង់មតិ​លើ​ស្រ្តី​​រងគ្រោះ​ដោយ​​បញ្ហា​ដីធ្លី​ចំនួន​៦១២​នាក់​ ក្នុង​១២​រាជធានី​ខេត្ត​នេះ​​បន្ថែម​ថា ជម្លោះ​ដីធ្លី​អូស​បន្លាយ​បាន​បង្ក​ឲ្យ​ស្ត្រី​៤០,១% ប្រើ​ហិង្សា​ទៅ​លើ​កូន​៤៣,៩%​ បង្ខំ​ឲ្យ​កូន​បោះបង់​ការ​សិក្សា និង​៣៦​ភាគរយ​ទៀត បង្គាប់​ឲ្យ​កូន​ទៅ​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ពលកម្ម​កុមារ​ជា​ច្រើន​ករណី។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចេញ​របាយការណ៍​ស្ទង់​មតិ​លើ​ស្រ្តី​មាន​វិវាទ​ដីធ្លី​ចំនួន​៦១២​នាក់ ក្នុង​១២​រាជធានី​ខេត្ត ដោយ​រក​ឃើញ​ថា​ ស្ត្រី​ជាង​៩៨% រង​ផល​ប៉ះពាល់​សុខភាព​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ ក្នុង​នោះ​ស្រ្តី​ជាង​៤៦%​ធ្លាប់​គិត​ពី​ការ​ធ្វើ​អត្តឃាត និង​ជាង១៨%​ធ្លាប់​ប៉ង​សម្លាប់​ខ្លួន។ ម្យ៉ាង​ទៀតស្ថានភាព​គ្រួសារ​របស់​ពួកគេ​ភាគច្រើន​ត្រូវប្រឈម​នឹង​បញ្ហា​ដោយ​សារ​ជម្លោះ​ដី​ធ្លី។​

របាយការណ៍​ស្តី​ពី​ «ស្រ្តី​ក្នុង​ជម្លោះ​ដីធ្លី» ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​ចេញ​នៅ​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា ឆ្នាំ​២០១៦ បង្ហាញ​ថា ស្រ្តី​តែង​ត្រូវ​បាន​ជំរុញ​ឲ្យ​ធ្វើ​សកម្មភាព​ការពារ​ដីធ្លីរបស់​ពួក​គេ ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​បាត់​បង់​ពេល​វេលា​ក្នុង​ការ​ថែ​រក្សា​គ្រួសារ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក​ចំណូល​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។ ការ​បាត់​បង់​ទាំង​នេះ​បណ្តាល​ឲ្យ​ស្រ្តី​ត្រូវ​ប្រឈម​នឹង​ទំនាស់​ផ្ទៃ​ក្នុង​គ្រួសារ​ រហូត​ដល់​មាន​ការ​កើន​ឡើង​នូវ​ការ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ។

របាយការណ៍​ដែល​បាន​ស្ទង់មតិ​លើ​ស្រ្តីរងគ្រោះ​ដោយបញ្ហា​ដីធ្លី​ចំនួន​៦១២​នាក់​ ក្នុង​១២​រាជធានី​ខេត្ត​នេះបន្ថែម​ថា ជម្លោះ​ដីធ្លី​អូស​បន្លាយ​បាន​បង្ក​ឲ្យ​ស្ត្រី​៤០,១% ប្រើ​ហិង្សា​ទៅ​លើ​កូន​៤៣,៩%​ បង្ខំ​ឲ្យ​កូន​បោះបង់​ការ​សិក្សា និង​៣៦​ភាគរយ​ទៀត បង្គាប់​ឲ្យ​កូន​ទៅ​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ពលកម្ម​កុមារ​ជា​ច្រើន​ករណី។

របាយការណ៍​កម្រាស់​៣១​ទំព័រ​នេះ​ក៏​បាន​រក​ឃើញ​ថា ស្រ្តី​ដែល​ធ្លាប់​មាន​វិវាទ​ដីធ្លី​ស្ទើរ​តែ​ទាំងអស់​តែង​ទទួល​រង​នូវ​ការ​គំរាមកំហែង​ ការ​យាយី ការ​ឃាត់​ខ្លួន និង​ការ​ប្រើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ រួម​ទាំង​កម្លាំង​សន្តិសុខ​ឯកជន និង​បុគ្គលិក​ក្រុមហ៊ុន​ជាដើម។ ​

មន្ត្រី​សម្របសម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វ៉ាន់ សូផាត ថ្លែង​ប្រាប់ VOA ថា ស្ត្រី​មាន​តួនាទី​ដ៏​សំខាន់​ជា​អ្នក​មើល​ថែ​គ្រួសារ ហើយ​ស្រ្តី​ក៏​ជា​អ្នក​សកម្ម​ជាង​គេ​ក្នុង​ការចេញ​មុខ​តវ៉ា​ជម្លោះ​ដីធ្លី។ ដោយសារ​ការ​ចេញ​មុខ​សកម្ម​ក្នុងជម្លោះ​ដីធ្លី​ធ្វើ​ឲ្យ​ស្រ្តី​គ្មាន​ពេល​គិត​គូរ​ពី​គ្រួសារ ជា​ហេតុ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ វិបត្តិ​ផ្លូវចិត្ត និង​ពលកម្ម​កុមារ​កាន់​តែ​ខ្លាំង​ឡើង​នៅ​កម្ពុជា។ លោក​បន្ថែម​ថា បញ្ហា​ទាំង​នេះ​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ប្រសិន​បើរដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​រក​ដំណោះស្រាយ​ឲ្យ​បាន​ទាន់​ពេល។

លោក​ វ៉ាន់ សូផាត បញ្ជាក់​ថា៖

«រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​វិធីសាស្រ្ត​យ៉ាង​ម៉េច​យើង​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន ក៏​ដូចជាស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ផ្តោត​អារម្មណ៍​ទៅ​លើ​រឿង​នេះ បើ​មិន​អញ្ចឹង​ទេ​ គឺ​ថា​អនាគត​របស់​កុមារ​ដែល​រង​ផល​ប៉ះពាល់ដោយ​សារដី​ធ្លី​នេះ​នឹង​អត់​មាន​អនាគត​ល្អ​ទេ។ ហើយ​គឺ​ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​របស់​ស្រ្តី រាជរដ្ឋាភិបាល​គួរ​គិត​គូរ​ពី​រឿង​ហ្នឹង ហើយ​ជាពិសេស​គឺ​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ដឹងពី​បញ្ហា​ផ្លូវ​ចិត្ត​ហើយ​មាន​ការ​ប្រឹក្សា​យោបល់ខាង​បញ្ហា​ផ្លូវ​ចិត្ត​ហ្នឹង ​និង​បង្កើត​ឲ្យ​មាន​ការ​ព្យាបាល​សុខភាព​ផ្លូវ​ចិត្ត​ហ្នឹង​នៅ​តាម​បណ្តា​ខេត្ត​ឲ្យ​បាន​ទូលំទូលាយ​ និង​ទូទាំង​ប្រទេស»។

អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត ប្រាប់ VOA ថា ​វិវាទ​ដីធ្លី​កំពុងថយ​ចុះ​ជា​បន្ត​បន្ទាប់ ​ដោយសារ​ក្រសួង​បាន​និង​កំពុង​ដោះ​ស្រាយ​ទៅ​តាម​យន្ត​ការ​ច្បាប់។​

លោក​ សេង ឡូត បញ្ជាក់​ថា៖

«ពី​ឆ្នាំ​២០០៣​មក​ដល់​បច្ចុប្បន្ន​នេះ ​យើង​មាន​ប្រហាក់​ប្រហែល​៧.៥០០​ករណី​ទេ ដែលកើតមាន​វិវាទ ហើយ​ក្នុង៧.៥០០​ករណី​វិវាទ​ដែល​កើត​ឡើង​ហ្នឹង ការ​ដោះ​ស្រាយ​តាម​យន្តការ​សុរិយោដី ដោយ​ក្រុម​ការងារ​ចល័ត​ រួម​ទាំង​ក្រុម​ការងារ​ដែល​ក្រសួង​បាន​បង្កើត​ដើម្បី​ជួយ​និង​ពង្រឹង​ការ​ដោះ​ស្រាយហ្នឹង​ បច្ចុប្បន្ន​ឃើញ​ថា​ នៅ​សល់​វិវាទ​ដែលត្រូវ​បន្ត​ដោះ​ស្រាយ​ហ្នឹងមាន​ចំនួន​ប្រមាណ​ក្រោម​៨០០​ករណី បើ​យើង​គិត​ជា​ភាគរយ​ឃើញ​ថា​ សល់​ប្រហាក់ប្រហែល១០​ភាគ​រយ​ប៉ុណ្ណោះ​ ដែល​ត្រូវ​បន្ត​ដោះ​ស្រាយ»។

លោក សេង ឡូត បន្ថែម​ប្រាប់ VOA ថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជាមិន​បាន​ឆ្លង​កាត់​ការ​ទំនាក់ទំនង​មក​ក្រសួងនោះ​ទេ ដូច្នេះ​លោក​ថា ​របាយ​ការណ៍​នេះ​គួរ​តែ​ត្រូវ​បាន​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជាង​នេះ៖

«ខ្ញុំ​មិន​ដឹង​ថា​ អ្នក​ធ្វើ​របាយការណ៍​ហ្នឹង​គាត់​មាន​មូលដ្ឋាន​ទិន្នន័យ​មក​ពី​ណា​ខ្លះ ហើយ​ការ​ប្រមូល​ទិន្នន័យ​មក​មិន​ដឹង​ថា​ទិន្នន័យ​ហ្នឹង​ជា​ទិន្នន័យដែល​សុក្រឹត ដែល​ត្រឹមត្រូវ ប្រមូល​ពី​អង្គភាព​ដែលធ្វើ​កិច្ចការ​ហ្នឹង​ផ្ទាល់ ដែល​គួរ​ឲ្យ​ជឿជាក់​បាន​ ឬ​យ៉ាង​ណា ចឹង​ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋាន​ទេ គ្រាន់តែ​ក្រសួង​មិន​បាន​ឃើញ​នូវ​អ្វី​ដែល​ជា​ទិដ្ឋភាព​ដែល​បង្ហាញ​រហូត​ដល់​ធ្វើ​អត្តឃាត​អី​ហ្នឹង​ទេ ដូចជា​មិន​ដែលមាន​ទេ»។​

ប្រធាន​គណៈកម្មការ​កិច្ចការ​នារី​នៃ​រដ្ឋ​សភា លោកស្រី កែ សុវណ្ណារតន៍ លើក​ឡើង​ថា​ លោក​ស្រី​យល់​ស្រប​ចំពោះ​របាយ​ការណ៍​ដែល​បាន​រក​ឃើញ​នេះ ដោយ​សារ​ស្រ្តី​តែង​ប្រឈម​ខ្លាំង​ក្នុង​វិវាទ​ដីធ្លី។ លោកស្រីបន្ថែម​ថា គណៈ​កម្មការ​នឹង​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​លើ​បញ្ហា​នេះ​ ប៉ុន្តែ​លោកស្រី​ថា​ ការ​សម្រេច​ស្ថិត​លើ​រដ្ឋាភិបាល។

លោក​ស្រី​បញ្ជាក់​ប្រាប់ VOA ​ថា៖

«រដ្ឋាភិបាល​ជា​អ្នក​គ្រប់គ្រង​ថវិកា ជា​អ្នក​ស្នើ​សុំ​ថវិកា​ពី​ប្រទេស​ផ្តល់​ជំនួយ ត្រូវ​ផ្តោត​អារម្មណ៍​លើ​ករណី​ណា​ដែល​ជា​ករណីចាំបាច់ ហើយ​ករណី​ចាំ​បាច់​ហ្នឹង​ធម្មតា​ពលរដ្ឋ​ត្រូវ​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ ត្រូវ​តែ​មាន​ជម្រក ត្រូវ​តែ​មាន​ការងារ​ធ្វើ ហើយ​បើ​គាត់​អត់​មាន​ជម្រក​ រដ្ឋាភិបាល​ត្រូវ​តែ​មាន​សមត្ថកិច្ច​ក្នុង​ការ​ចាត់ចែង​លើ​រឿង​ហ្នឹង»។

កន្លង​មក​មាន​ស្រ្តី​មួយ​ចំនួន​ដែល​ជា​សកម្មជន​ដីធ្លី ត្រូវ​បាន​តុលាការ​ចាប់​ដាក់​ពន្ធនាគារ​ដោយ​សារ​ការ​តវ៉ា​បញ្ហា​ដីធ្លី​របស់​ពួកគេ។ ក្នុង​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏​បាន​បញ្ជាក់​ថា ៣ភាគ៤ ​នៃ​ស្ត្រី​មាន​វិវាទ​ដីធ្លី​ដែល​បាន​ស្ទង់​មតិ​ទាំងនោះ​មាន​អារម្មណ៍​ថា ​ការ​កាន់កាប់​ដីធ្លី​គ្មាន​សុវត្ថិភាព ក្នុង​នោះ​១ភាគ៤​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ ដែល​អង្គការ​នោះ​ថា​ ជា​ការ​បង្ហាញ​នូវ​ការ​បណ្តេញ​ចេញ​ដ៏​រាលដាល និង​ជា​ប្រព័ន្ធ​នៅ​កម្ពុជា៕