លោក ឆាំង យុ អាយុ ៥៦ ឆ្នាំ នាយកប្រតិបត្តិនៅឯមជ្ឈមណ្ឌលឯកសារកម្ពុជា ឬហៅកាត់ថា DC-Cam នឹងធ្វើដំណើរទៅកាន់ទីក្រុង San Francisco សហរដ្ឋអាមេរិក ដើម្បីទទួលពានរង្វាន់សិទ្ធិមនុស្ស Judith Lee Stronach Human Rights ឆ្នាំ២០១៧ សម្រាប់ការរួមចំណែករបស់លោកក្នុងការលើកតម្កើងសន្តិភាពនិងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ពានរង្វាន់នេះនឹងផ្តល់ដោយមជ្ឈមណ្ឌលដើម្បីយុត្តិធម៌និងទំនួលខុសត្រូវ ឬ Center for Justice and Accountability នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។
ដូចគ្នាទៅនឹងពលរដ្ឋកម្ពុជារាប់លាននាក់ដទៃទៀតផងដែរ លោក ឆាំង យុ គឺជាជនរងគ្រោះមួយរូបនៅក្នុងរបបខ្មែរក្រហម។ ក្រោយរួចផុតពីរបបនោះ លោកបានភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងនេះក្តី បទពិសោធន៍នៃភាពឈឺចាប់ដែលលោកបានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម បានធ្វើឲ្យលោកវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅដើមទសវត្សរ៍ ១៩៩០ ដើម្បីលើកតម្កើងការចងចាំនិងភាពយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។
លោកបានដឹកនាំមជ្ឈមណ្ឌលឯកសារកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៥ មកម្លេះ។ លោកបានប្រមូលព័ត៌មានដើម្បីស្វែងរកភាពយុត្តិធម៌ ហើយលោកក៏បានអភិវឌ្ឍកម្មវិធីអប់រំអំពីអំពើប្រល័យពូជសាសន៍នៅទូទាំងប្រទេសផងដែរ។
លោក ឆាំង យុ គឺជាបុគ្គលដ៏សំខាន់មួយដែលបានលះបង់ពេលវេលារបស់លោកជាច្រើនឆ្នាំ ដើម្បីប្រមូលភស្តុតាងសំខាន់ៗពាក់ព័ន្ធនឹងអំពើឃោឃៅនៅក្នុងរបបខ្មែរក្រហមនៅប្រទេសកម្ពុជា។ បើមិនមានកិច្ចខិតខំប្រឹងប្រែងរបស់លោកនោះទេ យុត្តិធម៌នឹងពុំមានសម្រាប់ជនរងគ្រោះឬអ្នកដែលរួចជីវិតពីរបបខ្មែរក្រហមនោះទេ។ នេះបើយោងតាមអ្នកស្រី Nushin Sarkarati មេធាវីជាន់ខ្ពស់នៅឯមជ្ឈមណ្ឌលដើម្បីយុត្តិធម៌និងទំនួលខុសត្រូវ CJA។
«បើមិនមានការងារដែលលោកនិងមជ្ឈមណ្ឌល DC-Cam និងក្រុមការពារសិទ្ធិមនុស្សដទៃផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាដើម្បីរក្សាទុកនូវភស្តុតាងនៃអំពើឧក្រិដ្ឋកម្មនោះទេ ភាពយុត្តិធម៌នឹងពុំមានសម្រាប់ជនរងគ្រោះសម្រាប់សព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា ឬនិយាយឲ្យចំទៅនឹងពុំមានភាពយុត្តធម៌សម្រាប់ជនរងគ្រោះពីរបបខ្មែរក្រហមនោះទេ»។
មជ្ឈមណ្ឌល DC-Cam គឺជាមជ្ឈមណ្ឌលដែលមាននិន្នាការទៅរកជនរងគ្រោះ ហើយមជ្ឈមណ្ឌលនេះបានក្លាយជាគំរូមួយសម្រាប់មជ្ឈមណ្ឌលនៅជុំវិញពិភពលោកដែលកំពុងប្រមូលព័ត៌មានដើម្បីស្វែងរកយុត្តិធម៌។ នេះគឺជាមូលហេតុចម្បងដែលលោក ឆាំង យុ បានក្លាយជាបុគ្គលមួយរូបដែលទទួលពានរង្វាន់នៅក្នុងឆ្នាំនេះ។ នេះបើយោងតាមលោកស្រី Beth Van Schaack ទីប្រឹក្សាច្បាប់នៅឯមជ្ឈមណ្ឌល DC-Cam និងជាសាស្ត្រាចារ្យផ្នែកច្បាប់នៅឯសកលវិទ្យាល័យ Stanford។
«អ្វីដែលមជ្ឈមណ្ឌល CJA កោតសរសើរចំពោះមជ្ឈមណ្ឌល DC-Cam គឺដោយសារតែមជ្ឈមណ្ឌលនេះគឺជាមជ្ឈមណ្ឌលដែលផ្តោតទៅលើជនរងគ្រោះ ហើយមជ្ឈមណ្ឌលនេះបានធ្វើការងារយ៉ាងសកម្មដើម្បីជួយដល់ពលរដ្ឋកម្ពុជាដែលរងគ្រោះស្វែងរកយុត្តិធម៌ មុនពេលដែលមានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឬហៅកាត់ថា ECCC។ មជ្ឈមណ្ឌល DC-Cam បានក្លាយជាគំរូមួយដល់មជ្ឈមណ្ឌលប្រមូលឯកសារដទៃទៀតនៅជុំវិញពិភពលោក ដែលកំពុងប្រមូលព័ត៌មានដែលអាចប្រើប្រាស់នៅក្នុងដំណើរការស្វែងរកយុត្តិធម៌ នៅកន្លែងដែលកំពុងមានការព្រួយបារម្ភទៅលើបញ្ហាសិទ្ធិមនុស្ស»។
លោក Nate Thayer អ្នកកាសែតមួយរូបដែលបានធ្វើការទាក់ទងនឹងអំពើប្រល័យពូជសាសន៍នៅកម្ពុជាជាង៣០ឆ្នាំមកហើយនោះ បានប្រាប់ VOA ថា ប្រសិនបើលោក ឆាំង យុ មិនបានធ្វើកិច្ចការទាំងអស់នេះនោះទេ នោះអ្នកដែលបានសម្លាប់មនុស្សយ៉ាងរង្គាល ធ្វើទារុណកម្ម និងអ្នកដែលប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមនឹងរួចខ្លួន។
«លោក ឆាំង យុ គឺជាទាហានដ៏អង់អាចមួយដែលវាយប្រយុទ្ធតែឯងដើម្បីស្វែងរកយុត្តធម៌សម្រាប់អ្នកដែលបានរងគ្រោះនៅក្នុងប្រទេសកម្ពុជា ហើយឆន្ទៈនិងការលះបង់របស់លោក បាននាំខ្លួនអ្នកដែលត្រូវទទួលខុសត្រូវចំពោះការសម្លាប់យ៉ាងរង្គាលនោះទៅកាន់តុលាការ ទៅប្រឈមមុខនិងទៅទទួលខុសត្រូវចំពោះបទឧក្រិដ្ឋដែលពួកគេបានប្រព្រឹត្តិ»។
លោក Peter Maguire សាស្ត្រាចារ្យផ្នែកច្បាប់និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «Facing Death in Cambodia» បានហៅលោក ឆាំង យុ ថាជាទ្រព្យសម្បតិ្តដ៏មានតម្លៃមួយសម្រាប់ប្រទេសកម្ពុជា ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់លោកបាននាំមកនូវការពិតនិងការផ្សះផ្សារដល់ពលរដ្ឋកម្ពុជា ច្រើនជាងអ្វីដែលអង្គការសហប្រជាជាតិនិងតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ECCC រួមគ្នាធ្វើទៅទៀត»។
«ខ្ញុំអាចនិយាយបានថា លោក ឆាំង យុ គឺជាមរតកមួយសម្រាប់ជាតិកម្ពុជា ហើយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាញយកប្រវត្តិសាស្ត្ររបស់ខ្លួនមកធ្វើជាកម្មសិទ្ធិវិញ តាមរយៈកិច្ចខិតខំប្រឹងប្រែងដែលលោកបានធ្វើនៅឯមជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam»។
លោកបន្តថា៖«សៀវភៅរបស់លោកដែលមានចំណងជើងថា «Victims and Perpetrator» និងទស្សនាវដ្តីរបស់លោកដែលមានចំណងជើងថា «Searching for the Truth» បាននាំមកនូវការពិតនិងការផ្សះផ្សារដល់ពលរដ្ឋកម្ពុជាច្រើនជាងអ្វីដែលអង្គការសហប្រជាជាតិនិងតុលាការកាត់ទោសខ្មែរក្រហម ECCC រួមបញ្ចូលគ្នាទៅទៀត»។
លោក នេត ភ័ក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានប្រាប់ VOA ថា មជ្ឈមណ្ឌលឯកសារកម្ពុជា DC-Cam សាកសមនឹងទទួលបានពានរង្វាន់នេះ ដោយសារតែមជ្ឈមណ្ឌលនេះបានជួយសន្សំពេលវេលារបស់តុលាការក្នុងការស្វែងរកភស្តុតាងនិងឯកសារនានា។
«កិច្ចការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជានេះគឺបានជួយឲ្យសាលាក្តីខ្មែរក្រហមហ្នឹង កាត់បន្ថយពេលវេលាមួយចំនួន ក្នុងការស្វះស្វែងរកភស្តុតាងដោយខ្លួនឯង ហើយបានផ្តល់នូវពន្លឺ ក៏ដូចជាព័ត៌មាន ក៏ដូចជាឯកសារជាប្រវត្តិសាស្ត្រមួយចំនួនដែលយើងពិបាករក ដើម្បីយើងអាចប្រើប្រាស់នៅក្នុងដំណើរការជំនុំជម្រះក្តី»។
ពានរង្វាន់សិទ្ធិមនុស្ស Judith Lee Stronach Human Rights ដែលប្រគល់ជូនជារៀងរាល់ឆ្នាំ មានចាប់តាំងពីឆ្នាំ២០០៧ ដែលពានរង្វាន់នេះដាក់ឈ្មោះតាម លោកស្រី Judith Lee Stronach ដែលជាសកម្មជនសិទ្ធិមនុស្សមួយរូប។ ពានរង្វាន់នេះប្រគល់ជូនជារៀងរាល់ឆ្នាំដល់បុគ្គលឬអង្គការណាដែលបានរួមចំណែកបានល្អដល់ចលនាដើម្បីភាពយុត្តិធម៌នៅលើសកលលោក នេះបើយោងតាមមជ្ឈមណ្ឌល CJA។
លោក ឆាំង យុ បច្ចុប្បន្ននេះកំពុងតែដឹកនាំអភិវឌ្ឍវិទ្យាស្ថានស្លឹករឹត ដែលជាមណ្ឌលអចិន្ត្រៃយ៍មួយសម្រាប់សិក្សាអំពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ី ដែលមានស្នាក់ការនៅក្នុងរាជធានីភ្នំពេញ។ ទស្សនវិស័យរបស់វិទ្យាស្ថាននេះគឺដើម្បីលើកកម្ពស់កេរដំណែលនៃភាពយុត្តិធម៌ ការចងចាំ និងការផ្សះផ្សារ៕