អ្នកស្រី Caroline Kennedy កូនស្រីរបស់លោក John F. Kennedy អតីតប្រធានាធិបតីអាមេរិក បានចូលគាល់ព្រះមហាក្សត្រខ្មែរជាលើកដំបូង ដើម្បីរំឭកអនុស្សាវរីយ៍ដែលអ្នកស្រី Jacqueline Kennedy បានចូលគាល់ព្រះបាទនរោត្តម សីហនុកាលពី៥០ឆ្នាំមុន។ នេះបើតាមការលើកឡើងរបស់លោក សឺន ស៊ូប៊ែរ្តិ៍ ឧត្តមប្រឹក្សាព្រះមហាក្សត្រ។
លោកសឺន ស៊ូប៊ែរ ឧត្តមទីប្រឹក្សាព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី និងជាអ្នកនាំដំណើរអ្នកស្រី Caroline Kennedy បានប្រាប់ VOA នាល្ងាចថ្ងៃព្រហស្បតិ៍នេះថា លោកស្រី Caroline Kennedy បានចូលគាល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី កាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈអ្នកស្រីធ្វើដំណើរជាឯកជនមកកម្ពុជា។ លោកបន្តថា អំឡុងការចូលគាល់នោះ ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីបានបង្ហាញរូបថតរបស់អ្នកស្រី Jacqueline Kennedy ដែលត្រូវជាម្តាយរបស់អ្នកស្រី Caroline កាលពីដំណើរទស្សនកិច្ចមកកាន់កម្ពុជាក្នុងឆ្នាំ១៩៦៧ ព្រមទាំងបានរំឭកនូវអនុស្សាវរីយ៍ផ្សេងៗ នាពេលនោះ។
លោកមានប្រសាសន៍ថា៖
«មានរឿងទំនាក់ទំនងរវាងអតីតកាលដែលម្តាយបានជួប ហើយលោក [អ្នកស្រី Caroline Kennedy] ក៏មកអរគុណ ហើយក៏ថ្វាយសៀវភៅពីម្តាយលោកហ្នឹង និងសម្តេចម៉ែលោកព្រះទ័យល្អមែនទែន ដែលនៅក្នុងរយៈពេលខ្លីហ្នឹង លោកអនុញ្ញាតឲ្យចូលទៅគាល់»។
អ្នកស្រី Caroline Kennedy អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន ហើយអ្នកស្រីក៏ជាអ្នកនិពន្ធសៀវភៅ ហើយសៀវភៅមួយមានចំណងជើងថា«Jacqueline Kennedy: ការសន្ទនាជាប្រវត្តិសាស្រ្តជាមួយអតីតប្រធានាធិបតី John F. Kennedy» ជាសៀវភៅដែលអ្នកស្រីសរសេរអំពីម្តាយរបស់អ្នកស្រីផ្ទាល់។
លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា សុំមិនធ្វើអត្ថាធិប្បាយ ដោយលោកអះអាងថា ការធ្វើដំណើរមកកាន់កម្ពុជារបស់អ្នកស្រីCaroline Kennedy មិនមែនជាដំណើរទស្សនកិច្ចផ្លូវការរបស់អាមេរិកនោះទេ។
ដំណើរទស្សនកិច្ចរបស់អ្នកស្រី Caroline Kennedy ធ្វើឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បានរៀបចំពិព័រណ៍ស្តីពីដំណើរទស្សនកិច្ចរបស់អ្នកស្រី Jacqueline Kennedy ភរិយារបស់អតីតប្រធានាធិបតីអាមេរិកដែលបានមកទស្សនកិច្ចនៅកម្ពុជាដំបូងគេបង្អស់ ដើម្បីបង្ហាញពីចំណងមិត្តភាពរឹងមាំរវាងកម្ពុជា-អាមេរិក៕