នៅថ្ងៃអាទិត្យ ទី៣ ខែឧសភាខាងមុខនេះ ពិព័រណ៍ជំនាញសិក្សា និងការងារលើកទី៦ នឹងប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅរាជធានីភ្នំពេញ។ ពិព័រណ៍ជំនាញសិក្សា និងការងារនេះគឺជាព្រឹត្តិការណ៍សាធារណៈដ៏មានសារៈសំខាន់មួយ ដែលផ្តល់ព័ត៌មានគន្លឹះដល់សិស្សវិទ្យាល័យ និងនិស្សិតជុំវិញការជ្រើសរើសមុខជំនាញ និងអំពីទីផ្សារការងារនៅកម្ពុជា។
ឆ្នាំនេះគឺជាលើកទី៦ហើយ ដែលពិព័រណ៍ជំនាញសិក្សា និងការងារបានប្រារព្ធធ្វើឡើង។ ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយសមាជិកស្ម័គ្រចិត្តនៃសមាគមអតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិក ឬហៅថា (FUSAAC) និងផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ។
កញ្ញា ហ៊ត សៀកហួយ ប្រធានរៀបចំគម្រោងកម្មវិធីពិព័រណ៍ឆ្នាំនេះ ឲ្យដឹងថា ពិព័រណ៍ជំនាញសិក្សា និងការងារនេះទទួលបានជោគជ័យខ្លាំង ក្នុងការផ្តល់ព័ត៌មានគន្លឹះទាក់ទងនឹងជំនាញសិក្សា និងទីផ្សារការងារនៅកម្ពុជាដល់សិស្សវិទ្យាល័យ។
«កម្មវិធីរបស់យើងនឹងបន្តទទួលជោគជ័យ និងផ្តល់ជាគន្លឹះសំខាន់ផ្សេងៗដើម្បីឲ្យសិស្សពិចារណា និងយល់ដឹងថាតើទីផ្សារនៅកម្ពុជាសព្វថ្ងៃនេះមានអ្វីខ្លះ ហើយមានមុខវិជ្ជាអ្វីខ្លះដែលមានបង្រៀននៅតាមស្ថាប័ននានា ហើយថាតើគាត់គួរជ្រើសរើសមុខវិជ្ជានេះដោយពឹងផ្អែកលើគន្លឹះអ្វីខ្លះ»។
សិស្សវិទ្យាល័យ និងមហាវិទ្យាល័យប្រមាណ២ពាន់នាក់រំពឹងថានឹងចូលរួមក្នុងកម្មវិធីពិព័រណ៍ជំនាញសិក្សា និងការងារលើកទី៦នេះ។ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងចូលរួមជាអធិបតី ហើយនឹងថ្លែងសន្ទុរកថាបើកកម្មវិធីពិព័រណ៍ដ៏មានសារៈសំខាន់នេះ។
កម្មវិធីពិព័រណ៍នេះនឹងចាប់ផ្តើមឡើងដោយការពិភាក្សារួមគ្នាមួយរវាងសិស្សនិស្សិត ជាមួយនឹងលោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន អំពីតួនាទីយុវជនក្នុងការអភិវឌ្ឍសង្គម។ នៅពេលរសៀល ភ្ញៀវកិត្តិយសប្រមាណ៦០នាក់នឹងធ្វើបទបង្ហាញអំពីមុខជំនាញសិក្សា និងចែករំឡែកបទពិសោធន៍ការងារ និងវិធីសាស្ត្រក្នុងការទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅបរទេស។
ជាមួយគ្នានេះ សកលវិទ្យាល័យរដ្ឋ និងឯកជនមួយចំនួនធំនឹងដាក់តាំងពិព័រណ៍ព័ត៌មានទាក់ទងនឹងមុខជំនាញសិក្សាដែលមានបង្រៀននៅតាមស្ថាប័នរបស់ខ្លួន។
ប្រមាណ៦០ភាគរយនៃចំនួនប្រជាជនសរុបរបស់កម្ពុជាមានអាយុក្រោម៣០ឆ្នាំ ហើយជារៀងរាល់ឆ្នាំ យុវជនប្រមាណ២៥ម៉ឺននាក់ត្រូវការការងារធ្វើ។ ដើម្បីត្រៀមខ្លួនប្រឡូកក្នុងវិស័យការងារ កញ្ញា ហ៊ត សៀកហួយ យល់ថា វាពិតជាមានសារៈសំខាន់ក្នុងការដែលសិស្ស និងនិស្សិតចូលរួមធ្វើការងារស្ម័គ្រដោយមិនយកប្រាក់កម្រៃក្នុងវិស័យអប់រំ និងសង្គមជាដើម។
«តាមបទពិសោធន៍របស់ខ្ញុំ បើទោះបីជាយើងធ្វើការងារស្ម័គ្រដោយមិនទទួលប្រាក់កម្រៃក្តី ក៏ប៉ុន្តែ វាអាចជួយឲ្យយើងទៅដល់កន្លែងមួយ ដែលយើងនឹកស្មានមិនដល់ គឺវាផ្តល់ទាំងបទពិសោធន៍ការងារ ឲ្យយើងជួបជាមួយនឹងមនុស្សជោគជ័យ ហើយឲ្យយើងខំប្រឹងតាមពួកគាត់។ ហើយជាមួយគ្នានោះដែរ វាក៏ឲ្យយើងមានឱកាសដើម្បីទទួលបានអាហារូបករណ៍ផ្សេងៗ»។
ក៏ប៉ុន្តែ សៀកហួយ បានរំឭកថា សិស្សនិស្សិតមិនគួរមានការរំពឹងទុកមកវិញពីការងារស្ម័គ្រចិត្តដែលខ្លួនកំពុងតែធ្វើនោះទេ ហើយថា ការងារស្ម័គ្រចិត្តនេះគួរតែផ្តោតសំខាន់លើការដកស្រង់បទពិសោធន៍ការងារ ការអភិវឌ្ឍន៍ខ្លួនឯង និងការអភិវឌ្ឍន៍សង្គម៕