គណបក្សភ្លើងទៀននឹងចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅ គ.ជ.ប. នៅដើមខែឧសភានេះ រីឯគណបក្សចំនួន៨បានចុះបញ្ជី និងដាក់បេក្ខជននៅស្ថាប័នជាតិរៀបចំការបោះឆ្នោត រួចរាល់ហើយ។
ដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះមានរយៈពេល១៥(ដប់ប្រាំ)ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា គណបក្សនឹងចុះបញ្ជី និងដាក់បេក្ខជននៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប.នៅដើមខែឧសភាខាងមុខនេះ ដោយអះអាងថា គណបក្សត្រូវការពេលច្រើនបន្តិច ក្នុងការចម្រាញ់យកបេក្ខជនដែលមានសមត្ថភាព និងលទ្ធភាពឈ្នះការបោះឆ្នោតដែលកំពុងតែខិតជិតមកដល់។
លោកបន្ថែមថា ការសម្រិតសម្រាំងបេក្ខជន និងរៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះឱ្យមានភាពល្អប្រសើរជាមុនសិននេះ គឺដើម្បីចៀសវាងកំហុសដោយប្រការណាមួយពេលបញ្ជូនទៅគ.ជ.ប.។
លោកថ្លែងថា៖ «យើងគិតថា ការប្រកួតប្រជែងវាសំខាន់នៅសល់តែគណបក្សភ្លើងទៀនមួយទេ
ដែលយើងគិតថា ទោះបីជាថា យើងខ្សោយយើងអីយ៉ាងម៉េចក៏យើងជាគូប្រកួតមួយដែលចាំបាច់។ ដូច្នេះខ្ញុំគិតថា វាមិនមានបញ្ហាអីដែលយឺតពេលទេ សំខាន់ខ្លួនយើងដឹងថា ខ្លួនយើងរៀបចំទាន់។
អ៊ីចឹងខ្ញុំគិតថា វាមិនចោទទេកុំភ័យអីចាំមើលឱ្យកៀកបន្តិចទៅ យើងនឹងប្រកាសប្រាប់ថា ថ្ងៃណាយើងយកទៅដាក់ហើយ»។
អ្នកនាំពាក្យគ.ជ.ប.លោក ហង្ស ពុទ្ធា ថ្លែងថា គិតត្រឹមថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ នេះ មានគណបក្សនយោបាយចំនួន៨បានមកចុះបញ្ជីគណបក្ស និងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
លោកបានបញ្ជាក់ថា ក្នុងចំណោមគណបក្សទាំងអស់នោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ និងគណបក្សខ្មែរអភិរក្ស។
លោកបន្ថែមថា៖ «គ.ជ.ប.បានជូនដំណឹងរួចហើយអំពីប្រតិទិននៃការទទួលពាក្យស្នើសុំចុះបញ្ជី និងដាក់បេក្ខជនរបស់គណបក្សនយោបាយគឺ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា។
អ៊ីចឹងប្រសិនបើខាងគណបក្សណាមួយខកខានមិនបានដាក់ស្នើសុំចុះបញ្ជី ហើយនិងដាក់បេក្ខជនប្រកួតប្រជែងនៅក្នុងអំឡុងពេលនេះទេ គឺចាត់ទុកថាមិនបានចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោតនេះទេ បាទ»។
គណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ បានចាប់ដំណើរការឡើងវិញតែប៉ុន្មានខែ មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០២២។
ថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សនេះ ត្រូវគេរាយការណ៍ថាបានឆ្លងកាត់ការធ្វើទុក្ខបុកម្នេញជាច្រើន រួមមានការបឹ្តងផ្តល់ និងគំរាមកំហែងពីថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងអាជ្ញាធរមូលដ្ឋាន រហូតដល់មានការចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ។
អ្នកវិភាគនយោបាយ លោក មាស នី លើកឡើងថា ការឈានទៅមុខរបស់គណបក្សភ្លើងទៀនមានពីរផ្លូវ គឺទីមួយកត្តាផ្ទៃក្នុងរបស់គណបក្សជំទាស់មួយនេះក្នុងការរៀបចំក្បាលម៉ាស៊ីនរបស់ខ្លួន និងកត្តាទីពីរគឺ អាស្រ័យលើបរិយាកាសនៃការបោះឆ្នោត។
លោកថ្លែងថា៖ «ឥទ្ធិពលរបស់ភ្លើងទៀនវាអាស្រ័យលើបរិយាកាសនៃការបោះឆ្នោតចាប់ពីពេលនេះទៅដល់ថ្ងៃបោះឆ្នោតផងដែរ ហើយពិសេសគឺថា តើគ.ជ.ប.នឹងបំពេញតួនាទីឯករាជ្យភាពរបស់ខ្លួននោះបានកម្រិតប៉ុណ្ណា ហើយលម្ហនយោបាយនៅមុនពេលបោះឆ្នោតវានឹងមានលម្ហល្អយ៉ាងម៉េចនោះ ក៏វាអាចមានផលប៉ះពាល់ទៅលើការវិវត្តនៃឥទ្ធិពលរបស់គណបក្សភ្លើងទៀន»។
ក្រោយដំណើរការឡើងវិញជាងមួយឆ្នាំ ថ្នាក់ដឹកនាំនៃគណបក្សប្រឆាំងបានប្រឈមមុខនឹងវិធានការផ្លូវច្បាប់ដោយរងការចោទប្រកាន់ផ្សេងៗជាបន្តបន្ទាប់។
កាលពីពាក់កណ្តាលខែមករា លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនហើយឃុំខ្លួន ពាក់ព័ន្ធនឹងការចេញសែកមិនអាចបើកប្រាក់បានកាលពីឆ្នាំ ២០១៩។ លោក សុន ឆ័យ អនុប្រធានម្នាក់ទៀតនៃគណបក្សភ្លើងទៀន ត្រូវបានចោទប្រកាន់ និងរកឃើញថាមានទោសពីបទបរិហារកេរ្តិ៍ តាមពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប. ជុំវិញការអះអាងអំពីការក្លែងបន្លំសន្លឹកឆ្នោត អំឡុងពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២។ ចំណែកលោក គង់ គាំ ទីប្រឹក្សាគណបក្សភ្លើងទៀន បាននិយាយថា លោករងសម្ពាធ ហើយត្រូវបង្ខំចិត្តបញ្ឈប់សកម្មភាពនយោបាយរបស់ខ្លួន បន្ទាប់ពីលោករងការគំរាមរឹបអូសដីធ្លី ពាក់ព័ន្ធនឹងជម្លោះជាមួយនឹងរដ្ឋាភិបាល៕