មេ​ដឹកនាំ​គណបក្សភ្លើង​ទៀន​​ត្រៀម​ចូល​បំភ្លឺតំណាង​​អយ្យការ​រឿង​រិះគន់​រដ្ឋាភិបាល

លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន ថ្លែងនៅក្នុងសមាជវិសាមញ្ញរបស់គណបក្សនៅខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

មេ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀនលោក​ ទាវ វណ្ណុល បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃអង្គារ​ និងបាន​ត្រៀម​ចូលទៅ​បំភ្លឺ​នៅអយ្យការអម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជុំវិញ​ការ​ថ្លែង​របស់​លោក​ជា​មួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេស​ជប៉ុន​ថា​ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់​តែចុះ​ខ្សោយ​ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​គឺ​លោក ​ហ៊ុន ម៉ាណែត​។

លោក​ ទាវ វណ្ណុល​ បាន​ចំណាយ​ពេល​ជិត​២ខែ​ដើម្បី​ពិនិត្យ និង​តាម​ដាន​សុខភាព​នៅ​សហរដ្ឋ​អាមេរិក​ មុន​ពេល​លោក​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​វិញ​ ដោយ​មាន​ការ​ស្វាគមន៍​ពី​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរលោក​ សុក ហាច​ ដែល​ទើប​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធ​សភា​។​ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ភ្លើង​ទៀន​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពីថ្ងៃ​អង្គារ​។ ​

​មេធាវី​ការពារក្តី​លោក ទាវ វណ្ណុល គឺ​លោក ជូង ជូ​ងី​ ប្រាប់វីអូអេ​ថា​ កូនក្តី​របស់​លោក​ នឹងចូល​បំភ្លឺ​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​ តប​ទៅ​តាម​ដីកា​កោះ​របស់​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ក្រោយសុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​ម្តង​រួច​មក​ហើយ​។ ​

មេធាវី​រូប​នេះ​ថា ​កូន​ក្តី​របស់​លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ចូល​សវនាការ​នៅ​ថ្ងៃ​ស្អែក​នេះ ហើយ​ថា​ លោក​នឹង​ព្យាយាម​ការពារ​សិទ្ធិ​លោក​ ទាវ វណ្ណុល ​ទៅ​តាម​នីតិវិធី​ក្នុងនាម​ជាមេធាវី​ការ​ពារ​ក្តី​។

លោក​បាន​បញ្ជាក់​ថា៖«បាទ​ត្រៀម​ដើម្បី​ទៅ​ចូល​បំភ្លឺ​ថ្ងៃ​ស្អែក​ហើយ​បាទ»។

ពាក្យ​បណ្តឹង​របស់​រដ្ឋាភិបាល​មក​លើ​លោក​ ទាវ វណ្ណុល ​បាន​ផ្តើម​ចេញ​ពី​ការ​ចុះ​ផ្សាយ​ព័ត៌មានរបស់​សារព័ត៌មាន​ក្នុង​ប្រទេស​ជប៉ុន​មួយ​ចំនួន​ ដែល​បាន​សម្ភាស​អ្នក​នយោបាយ​ជំទាស់​ជើង​ចាស់​រូបនេះ​ អំពី​ដំណើរ​ប្រជាធិបតេយ្យនៅ​កម្ពុជា។ បទសម្ភាសន៍​នេះ​ ធ្វើ​ឡើង​អំឡុង​ពេល​លោក​បាន​និង​កំពុងបំពេញ​បេសកកម្ម​នៅទីក្រុង​តូក្យូប្រទេស​ជប៉ុន​ កាល​ពីខែ​កុម្ភៈ​ ឆ្នាំ​២០២៤។

ក្រោយ​បទសម្ភាសន៍​នោះ​ រដ្ឋាភិបាល​កម្ពុជា​ ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ទាវ វណ្ណុល ដែល​ថា ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​កាន់​តែ​ចុះ​ខ្សោយ​នៅ​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត មាន​លក្ខណៈ​ជា​ការ​ចោទ​ប្រកាន់​មក​លើ​រដ្ឋាភិបាល​ទាំង​បំពាន និង​ខុស​ពី​ការ​ពិត។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ដ​កស្រង់​នូវការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Nikkei Asia និង​ការ​ផ្សាយ​បន្ត​ដោយ​វិទ្យុបារាំង​ជា​ភាសា​ខ្មែរថា​៖ «តាម​រយៈ​ការ​ដក​ស្រង់​សម្តី​របស់​សារព័ត៌មាន​ទាំង​ពីរ ​លោក ទាវ វណ្ណុល ​បាន​អះអាង​ថា​រាជរដ្ឋា​ភិបាល​បាន​ដាក់​កាមេរ៉ា​នៅ​មុខ​ផ្ទះ​របស់​លោក ដើម្បី​ឃ្លាំមើល​សកម្មភាព​២៤​ម៉ោង​»។

បើតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ទាវ វណ្ណុល ក៏​បាន​និយាយ​ទៀតថា​ រដ្ឋា​ភិបាល​ដឹកនាំ​ដោយ​លោក​ ហ៊ុន ម៉ាណែត​ កាន់​តែ​អាក្រក់​ទៅ​ទាក់ទង​នឹង​ប្រជាធិប​តេយ្យ ​ដោយ​បាន​បន្ត​ចាប់​ខ្លួន​ក្រុម​ប្រកួត​ប្រជែង​នយោបាយ និង​ប្រជា​ពល​រដ្ឋ​ដែល​រិះគន់​រាជរដ្ឋាភិបាល​។

ប្រធាន​គណបក្ស​ភ្លើងទៀន លោក ទាវ វណ្ណុល​ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​នៅ​ថ្ងៃ​ពុធនេះ។​

វីអូអេ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពីអ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ បានទេ​នៅ​ថ្ងៃ​ពុធ​នេះ។

ប្រធាន​ក្រុមមេធាវីការ​ពារ​ក្តី​របស់​រដ្ឋាភិបាល​លោក ​គី តិច​ បញ្ជាក់​វីអូអេ​ឱ្យ​ដឹង​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅថ្ងៃ​ពុធ​នេះ​ថា ករណី​លោក​ ទាវ វណ្ណុល សិ្ថត​ក្នុង​ដំណាក់​កាល​អយ្យការ ​ពោល​គឺ​ ការ​កោះ​ហៅ​ចូល​ខ្លួន​ ឱ្យ​ឆ្លើយបំភ្លឺ​ ដោយ​ពុំទាន់​ដល់​ដំណាក់​កាល​សវនាការ​ទេ​។

ថ្នាក់​ដឹកនាំមួយ​ចំនួន​របស់​គណបក្សភ្លើង​ទៀន​ ត្រូវ​បាន​គេ​សង្កេត​ឃើញថា បាន​រង​ការ​ប្តឹងផ្តល់​នៅតុលា​ការ​តាម​បណ្តឹង​របស់​មេធាវី​រដ្ឋាភិបាល​កម្ពុជា ដែល​ភាគច្រើន​ពាក់​ព័ន្ធនឹង​ការ​និយាយ​បង្ខូច​កេរ្តិ៍​ឈ្មោះ​គណបក្ស​កាន់​អំណាច​ តួ​យ៉ាង​លោក​ ថាច់ សេដ្ឋា​ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន៣ឆ្នាំ​ចំពោះ​ការ​ថ្លែង​សារ​នយោបាយ​ពាក់​ព័ន្ធ​នឹង​ថ្ងៃ​៧​មករា ​និង​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​៕