គណបក្សភ្លើងទៀនច្រានចោលការពាក់ព័ន្ធនឹងបាតុកម្មនៅក្រុងតូក្យូប្រឆាំងនឹងរដ្ឋាភិបាលចូលកាន់តំណែងថ្មី

បាតុករប្រមូលផ្តុំគ្នានៅទីក្រុងតូក្យូនៃប្រទេសជប៉ុន ដើម្បីបាតុកម្មប្រឆាំងនឹងការផ្ទេរអំណាចរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃអាទិត្យ ទី ២០ ខែសីហា ឆ្នាំ ២០២៣។ (Facebook/Kung Ji)

ខណៈ​មានការ​ធ្វើ​បាតុកម្មនៅប្រទេស​ជប៉ុនប្រឆាំង​នឹង​រដ្ឋាភិបាល​ថ្មី​ដែលនឹង​ដឹកនាំដោយលោក ​ហ៊ុន ម៉ាណែត ​កូនប្រុស​ច្បងរបស់​នាយករដ្ឋមន្ត្រី​ចាំផ្ទះកម្ពុជា ​លោក ហ៊ុន សែន​ គណ​បក្ស​ភ្លើងទៀន​បាន​បដិសេធ​ថា គណបក្ស​មិនពាក់​ព័ន្ធ​នឹង​បាតុកម្ម​នោះ​ទេ​។

បាតុកម្ម​ដែល​បាន​ធ្វើ​ឡើងនៅទីក្រុង​តូក្យូ (Tokyo) មានគោល​បំណង​សំខាន់​ៗ​មួយ​ចំនួន​ ដូចជាមិនទទួលស្គាល់ការបោះឆ្នោតថ្ងៃទី​ ២៣ កក្កដា ឆ្នាំ​ ២០២៣ កន្លង​មក ប្រឆាំងដាច់​ខាតនឹងការផ្ទេរអំណាចប​ន្តពូជនៅកម្ពុជា និងអំពាវនាវ​ដល់រដ្ឋាភិ​បាលប្រទេស​ជប៉ុន​កុំឲ្យ​ទទួល​ស្គាល់​គណៈរដ្ឋមន្រ្តីថ្មី​របស់លោក​ ហ៊ុន ម៉ាណែត​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​បាតុករ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក

បាតុកម្មនេះមាន​ការ​ចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​ជាពល​ករជាច្រើននាក់​ និងពលរដ្ឋ​មួយចំនួន​ទៀត​ដែល​ជា​ជន​ភៀស​ខ្លួន​ខាង​នយោបាយ ក្នុងនោះរួមមាន​លោក គង់ ជិ ​អតីត​អនុ​ប្រធាន​ក្រុម​ការងារនៃគណបក្ស​ភ្លើង​ទៀនប្រចាំខេត្ត​ព្រះសីហនុ។

នៅពេល​បាតុកម្ម​កំពុង​ចាប់​ផ្តើម​កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក​ គីម សួរភិរិទ្ធ​ បាន​បញ្ជាក់​វីអូអេ​ឱ្យដឹងថា ​គណបក្ស​គ្មានតួនាទី​នៅ​ក្នុង​បាតុ​កម្ម​ ដែល​ត្រូវបាន​ធ្វើ​ឡើង​នៅ​ទីក្រុង​កូត្យូ​នោះ​ទេ​។ លោក​បន្ថែម​ថា ការ​រៀបចំ​បាតុ​កម្ម​នោះ​ជា​សិទ្ធិ​របស់​បុគ្គល​។ ​

លោកប្រាប់​វីអូអេ​កាលពីថ្ងៃ​អាទិត្យថា៖​ «ខ្ញុំ​អត់​មាន​ដឹង​ដំណឹង​អី​ទេ​ ពីព្រោះ​អី​គ្រាន់​តែដឹង​ថា​ មាន​ខ្មែរ​នៅ​ជប៉ុន​គេធ្វើ​អី គេធ្វើ​អី​ យើង​អត់​មាន​ពាក់​ព័ន្ធ​ទេ​។ យើង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ច្រើន​ដង​ហើយ​។ ហើយ​លោក​ស្អីមិញ​ គង់ ជិ អីហ្នឹង​ គាត់​ចេញ​ពី​ភ្លើង​ទៀន​ទៅ​ចូល​គណបក្ស​ប្រជាជន​ហើយតើ! ធ្វើអ៊ីចឹង​ ខ្ញុំម៉េចដឹង! ដូច្នេះ​រឿង​គាត់​ខ្ញុំ​អត់​ដឹង​ទេ​ វាអត់​មាន​អី​ពាក់​ព័ន្ធ​ជាមួយ​គណបក្ស​ទៀត​ទេ។ ខ្ញុំចង់​ជម្រាប​ប្រាប់​អ្នក​សារព័ត៌មាន​ថា រឿង​ដែល​គេធ្វើ​នៅ​ខាង​ក្រៅ ជាសិទ្ធិរបស់​ក្រុម​គេ។ វា​អត់​មាន​ពាក់​ព័ន្ធ​ជាមួយ​នឹង​គណបក្ស​ភ្លើង​ទៀន​ទេ​។ ត្រង់​ថា គេយក​ឈ្មោះ​ គេយក​អី​ទៅ​ប្រើប្រាស់​អាហ្នឹង​ អាហ្នឹង​វា​ពិបាកទប់​ស្កាត់​គេណាស់​ គេ​ចង់​បាន​ផល​ប្រយោជន៍​អីមួយៗ​យើង​អត់​ដឹង​ទេ​»។

បាតុករប្រមូលផ្តុំគ្នានៅទីក្រុងតូក្យូនៃប្រទេសជប៉ុន ដើម្បីបាតុកម្មប្រឆាំងនឹងការផ្ទេរអំណាចរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃអាទិត្យ ទី ២០ ខែសីហា ឆ្នាំ ២០២៣។ (Facebook/Kung Ji)


បើតាម​លោក​ គង់ ជិ​ ដែល​កំពុង​គេច​ពី​ការ​ចាប់ខ្លួន​របស់​អាជ្ញាធរ​កម្ពុជា​ទៅ​ស្នាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន ក្រោម​ហេតុផល​នយោបាយ​ បាតុកម្ម​ដែលជំទាស់នឹង​ការ​ឡើង​កាន់​អំណាច​របស់​លោក ហ៊ុន ម៉ាណែត​ ត្រូវបាន​ដឹកនាំ​ដោយ​អ្នកស្រី​ មាស ភារ៉ា​ ដែល​ជាអ្នក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ។

លោក​ប្រាប់​វីអូអេ​ថា​ លោក​ចូលរួមបាតុកម្មនោះ ដើម្បីបញ្ជាក់ពី​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ខាង​នយោបាយ​នៅ​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា៖ «ដោយសារ​ខ្ញុំយល់​ថា ​របប​បច្ចុប្បន្ននេះ​ របប​កម្ពុជា​បច្ចុប្បន្ន​គឺ​វា​សា​ហាវ​យង់​ឃ្នង​មែន​ទែន​ ដោយ​សារ​តែ​គាត់​ចាប់​ប្រជាពលរដ្ឋ​ ជាពិសេស​គណ​បក្ស​ប្រឆាំង​ និង​សកម្មជន​ដីធ្លី​ សាហាវ​ៗ​ ដោយ​ៗ​ពុំរើស​មុខ​ គ្រាន់តែ​គាត់​បញ្ចេញ​មតិ​ក្នុង​ការ​រិះគន់​អ៊ីចឹង​ទៅ​»។

អ្នកស្រី​ មាស ភារ៉ា​ ​អ្នកដឹកនាំបាតុកម្មនោះ ថែ្លងថា ការ​ឡើង​កាន់អំណាច​របស់​លោក ​ហ៊ុន ម៉ាណែត ​មិន​អាច​យក​ជាការបាន​ទេ​ ព្រោះវា​ជា​ការ​ផ្ទេរ​អំណាច​ដែល​គ្មាន​ភាព​ស្របច្បាប់ ហើយ​ការ​បោះឆ្នោត​ថ្ងៃ ២៣ ខែ​កក្កដា ក៏មាន​ភាពមិន​ប្រក្រតី​ នៅ​ពេល​គណបក្សប្រឆាំង​ដ៏ខ្លាំងមួយ​ត្រូវ​បាន​រាំងខ្ទប់​មិន​ឲ្យ​ចូលរួម​ការ​ប្រកួត​ប្រជែង​។ ​

អ្នក​ស្រី​ថ្លែង​ថា​៖ «ច៎ា​ ដោយ​សារ​ថ្ងៃ​ ២២ ​ហ្នឹង​ លោក ​ហ៊ុន ម៉ាណែត ​នឹង​ឡើង​តំណែង​ ជា​នាយក​រដ្ឋមន្ត្រី​ជាផ្លូវ​ការ ​អ៊ីចឹង​ពួក​យើង​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​ជប៉ុន​ អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​ផ្ទេរ​អំណាច​ដ៏ទាន់​ហន់​នេះ​ យើង​តស៊ូ​មតិ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​មើល​ឃើញ​ឲ្យដឹង​ថា​ មិនមែន​ខ្មែរ​យើង​គ្រប់​គ្រា​ចេះ​តែ​យល់​ព្រម​ឯកភាពក្នុង​ការ​ផ្ទេរ​អំណាច​នេះ​ទេ​»។

វីអូអេ​បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថាន​ទូត​ជប៉ុន​ប្រចាំនៅ​ប្រទេស​កម្ពុជា​តាម​សារ​អ៊ីមែល​កាលពីថ្ងៃ​អាទិត្យ​ តែ​គ្មាន​ការ​ឆ្លើយ​តប​ ជុំវិញបាតុកម្មរបស់​ពលរដ្ឋ​កម្ពុជា​នៅ​ទីក្រុង​តូក្យូ​។

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច ​លោក សុខ ឥសាន​ លើក​ឡើង​ថា ​បាតុកម្មដែល​បាន​កើត​ឡើង​កាលពីថ្ងៃអាទិត្យ​នៅ​ប្រទេស​ជប៉ុន​ មិន​អាច​រារាំង​ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី​របស់​កម្ពុជា​ទេ។ លោកបន្ថែម​ថា​ ការ​ធ្វើ​បាតុកម្ម​នោះ​ជា​រឿង​ឥត​បាន​ការ​។

លោក​ប្រាប់វីអូអេ​កាលពីថ្ងៃអាទិត្យ​ថា​៖ «វារារាំង​ជា​ឧបសគ្គ​ នៅ​ក្នុង​ការ​រៀបចំ​ ក្បាល​ម៉ាស៊ីន​រដ្ឋ​សភា​ក៏ដូច​ជា​ផ្តល់សេចក្តី​ទុកចិត្ត​របស់​រដ្ឋសភា​ជូនទៅ​រាជរដ្ឋា​ភិបាលនីតិកាល​ទី​ ៧ ហ្នឹង​ វា​អត់​បាន​ការ​។ អាពាក្យ​ថា អត់​ប្រយោជន៍​ហ្នឹង​ គឺ​វា​អត់​បាន​ការ​ត្រង់ន័យ​ហ្នឹង​។ ទប់វា​អត់​បាន​។ ដំណើរ​ការ​វា​ទៅ​មុខ​ហើយ​ បាយ​វា​ក្លាយ​ទៅ​ អង្ករ​ក្លាយ​ទៅ​ជាបាយ​ហើយ​ អ៊ីចឹង​ទេ​ អស់​លោក​អ្នកស្រែក​ វា​បាន​តែ​ស្រែក​ទេ​ ហើយ​ការ​ស្រែកនេះ​ វាគ្រាន់​តែ​ជា​ការ​ លម្អ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ​»។ ​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ​ឲ្យដឹង​ទៀត​ថា​ ការ​ស្បថ​ចូលកាន់​តំណែងរបស់​តំណាង​រាស្ត្រជាប់​ឆ្នោត​នឹង​ប្រព្រឹត្តទៅតាមការ​គ្រោង​ទុក​ក្រោយ​ការ​ប្រជុំពេញ​អង្គរបស់​រដ្ឋសភា ហើយ​គណៈរដ្ឋមន្ត្រី​ថ្មីនឹង​ដំណើរ​ការ​នៅ​ថ្ងៃទី​ ២៣ ខែ​សីហា​នេះ​៕