អង្គការ​អាមេរិក​រៀបចំ​ឲ្យ​ម្ចាស់​ឆ្នោត​ដេញដោល​បេក្ខជន​ឃុំ​សង្កាត់​នៅ​បាត់ដំបង

Your browser doesn’t support HTML5

បេក្ខជន​មក​ពី​គណបក្ស​នយោបាយ​បួនធំៗ ចូលរួម​តស៊ូមតិ​ ដោយ​ឆ្លើយ​តប​នឹង​សំណួរ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​វត្តតាមិម ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។

បេក្ខជន​ ឬ​តំណាង​គណបក្ស​នយោបាយ​មួយ​ចំនួន បាន​ចូលរួម​ពិភាក្សា​នៅ​វត្ត​សុវណ្ណ​បុប្ផា​ ហៅ​វត្តតាមិម ​ស្ថិត​នៅ​ក្នុង​ឃុំវត្ត​តាមិម​ ក្នុង​ខេត្ត​បាត់ដំបង ដោយ​បាន​ឆ្លើយ​នឹង​សំណួរ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដោយ​ផ្ទាល់​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ដែល​ត្រូវ​ជា​ថ្ងៃ​ទី​បី​នៃ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ កម្មវិធី​ពិភាក្សា​នេះ​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ ឬ​ NDI របស់​សហរដ្ឋអាមេរិក។

ពលរដ្ឋ​ក្នុង​ភូមិ​ និង​ឃុំ​នានា បាន​ចូលរួម​យ៉ាង​កុះករ​ដើម្បី​ស្ដាប់​កម្មវិធី​នយោបាយ​ និង​ការ​សន្យា​ពី​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ មកពី​គណបក្ស​ចំនួន​៤​ទាក់ទង​នឹង​ការ ​អភិវឌ្ឍ​វិស័យ​នានា​ ក្រោយ​ពេល​ដែល​ពួកគេ​ជាប់ឆ្នោត​ ហើយ​ដឹកនាំ​មូលដ្ឋាន​ក្នុង​ឃុំ​តាមិម​ របស់​ពួកគេ​ ស្ថិត​ក្នុង​ខេត្ត​បាត់​ដំបង​នេះ។

មាន​គណបក្ស​នយោបាយ​ចំនួន​៥ បាន​ចុះ​ឈ្មោះ​ប្រកួតប្រជែង​សម្រាប់​ឃុំ​តាមិម​ នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នេះ តែ​មាន​គណបក្ស​នយោបាយ​ចំនួន​៤​ បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​តាម​ការ​អញ្ជើញ​ ដើម្បី​តទល់​នឹង​ការ​ដេញដោល​របស់​ពលរដ្ឋ​ ដែល​ក្លាហាន​សួរ​ពី​បញ្ហា​អត់​ការងារ​ធ្វើ​ បញ្ហា​ចំណាក​ស្រុក ​បញ្ហា​សុខាភិបាល ​បញ្ហា​ទឹក​ បញ្ហា​ភូមិ​ឃុំ ​មាន​សុវត្ថិភាព ​និង​បញ្ហា​បំបាត់​ការ​ជួញដូរ​គ្រឿង​ញៀន ​ជាដើម។

គណបក្ស​ទាំង​៤​នេះ​រួម​មាន គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លើកលែង​តែ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក ​ខឹម វាសនា ​មិន​បាន​ចូលរួម។

លោក ​ អ៊ិម​ ស្វាង​ បេក្ខជន​ និង​ជា​មេឃុំ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ឆ្លើយ​នឹង​សំណួរ​របស់​ពលរដ្ឋ​ជាច្រើន​ពី​សមិទ្ធផល​នានា ​ដែល​គណបក្ស​របស់​លោក​បាន​កសាង ​និង​យក​ជា​អាទិភាព​សម្រាប់​ពលរដ្ឋ។​

ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត បាន​ចោទ​សួរ​បេក្ខជន​មក​ពី​គណបក្ស​នយោបាយ​បួន​ធំៗ នៅក្នុង​កិច្ច​ពិភាក្សា​តស៊ូ​មតិ​មួយ នៅឃុំវត្តតាមិម ខេត្ត​បាត់ដំបង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

តែ​ថ្លែង​ប្រាប់​វីអូអេ ​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​លោក​បាន​ដាក់​ក្តី​សង្ឃឹមថា​ គណបក្ស​ប្រជាជន​ នឹង​ឈ្នះ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឃុំ​វត្តតាមិម​នេះ​ទៀត។

«ដោយសារ​ប្រជា​ពល​រដ្ឋ​មាន​ការ​គាំទ្រ​ច្រើន ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា។ ​ក្នុង​ការ​គាំទ្រ​នេះ​ យើង​បាន​ធ្វើ​អ្វី​ដែល​ជា​តម្រូវ​ការ​របស់​គាត់​ យើង​បាន​ដោះស្រាយ​រួច​ហើយ​នឹង​កំពុង​ដោះស្រាយ»។

លោក​ថា ការ​គាំទ្រ​នេះ​កើត​ចេញ​ពី​គណបក្ស​ប្រជាជន ​ដែល​លោក​អះអាង​ថា​ បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​សម្រាប់​ពលរដ្ឋ​មូលដ្ឋាន ដូចជា​ប្រឡាយ​ទឹក​ សាលារៀន​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត។

ចំណែក​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ គឺ​លោក ​ណូ រិន​ បាន​ឆ្លើយ​នឹង​សំណួរ​របស់​ពលរដ្ឋ​គ្រប់​បញ្ហា​ដែល​ត្រូវ​បាន​ចោទ​សួរ​ផងដែរ។

​លោក​បាន​អះអាង​ថា ​គណបក្ស​លោក​ នឹង​ឈ្នះ​ឆ្នោត​ដែរ​ ដោយ​សារ​ពលរដ្ឋ​ចូលចិត្ត​និង​មាន​ជំនឿ​លើ​គណបក្ស​លោក។

«អាណត្តិ​នេះ​យើង​យល់ឃើញ​ថា ប្រជា​ពលរដ្ឋ​យល់ដឹង​ច្រើន។ ​ខ្លះ​អត់​ហ៊ាន​ចេញមុខ​ទេ​ហើយ​ខ្លះ​ថា ឲ្យតែ​បាន​ដល់​ថ្ងៃ​បោះឆ្នោត​គាត់​នឹង​ដូរ​ តែ​គាត់​អត់​ហ៊ាន​ចេញ​មុខ។អាណត្តិ​មុន​ខ្ញុំ​ចាញ់​គណបក្ស​ប្រជាជន​តែ៥​សំឡេង​ទេ។​ អាណត្តិ​នេះ​ ប្រជាជន​ផុលផុស​ច្រើន។​ យើង​ខ្ញុំ​សង្ឃឹម​ថា នឹង​បាន​ធ្វើ​មេឃុំ»។

លោក​ថា ​បើ​គណបក្ស​លោក​ជាប់ឆ្នោត​បញ្ហា​អាទិភាព​ភ្លាមៗ​ គឺ​ការ​កសាង​ផ្លូវ​គមនាគមន៍​ សាលារៀន​ចាស់ៗ​ប្តូរ​ថ្មី​ មន្ទីរពេទ្យ ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ដទៃ​ទៀត​ដោយ​គ្មាន​អំពើ​ពុករលួយ​ នៅ​ពេល​ទទួល​បាន​ថវិកា​ពី​រដ្ឋ។

នៅ​ក្នុង​ចំណោម​អាសនៈ​ចំនួន១១​ក្នុង​ឃុំ គណបក្ស​ប្រជាជន​បាន​ឈ្នះ​ចំនួន​៨អាសនៈ​រាប់​ទាំង​អាសនៈ​មេឃុំ​ផង​ដែរ​ ហើយ​គណបក្ស​ជំទាស់​ ឈ្នះ​បាន​៣​អាសន:​ជា​ជំទប់​ឃុំ​ សង្កាត់​តែប៉ុណ្ណោះ​ កាលពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​កាលពី​ឆ្នាំ២០១២។

ក្នុង​ស្រុក​សង្កែ​ខេត្ត​បាត់​ដំបង​ទាំងមូល​ មាន​១០​ឃុំ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​មេឃុំ​ទាំងអស់​ដែរ។​

តំណាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លោក ជុំ​ ចន ​បាន​ឆ្លើយ​នឹង​សំណួរ​ ហើយ​បកស្រាយ​ពី​គោល​នយោបាយ​ភូមិ​ឃុំ​របស់​ខ្លួន​ប្រាប់​ពលរដ្ឋ​ជាច្រើន​ផង​ដែរ ហើយ​លោក​ក៏​បាន​អះអាង​អំពី​ការ​ត្រៀម​ជួយ​ពលរដ្ឋ​មូលដ្ឋាន​ដែរ។

ចំណែក ​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​លោក​ ណម ឆៃ ក៏​បាន​អះអាង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​មូលដ្ឋាន​ដែរ។

ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៤​នេះ​ មាន​គណបក្ស​នយោបាយ​ចំនួន​១២ ចូលរួម​ប្រកួត​ប្រជែង​នៅ​ថ្ងៃ​ទី៤ ​ខែ​មិថុនា។

លោក ​ ចស់ ហីលស៏ (Josh Hills) នៃ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ដែល​ជា អ្នក​ជួយ​រៀបចំ​វេទិកា​ពិភាក្សា​ម្នាក់​ បាន​ថ្លែង​ពី​សារៈសំខាន់​នៃ​កិច្ច​ពិភាក្សា​ស្មើ​ភាព​គ្នា​រវាង​បេក្ខជន​ឈរ​ឈ្មោះ។

«យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ថា ​គ្រប់​គណបក្ស​មាន​ឱកាស​បញ្ចេញ​សារ ហើយ​ដោយ​មាន​រយៈពេល​ស្មើគ្នា​ តាម​វិធាន​បែប​យុត្តិធម៌​ ហើយ​យើង​ក៏​ចង់​ឮ​ពី​ពលរដ្ឋ​ក្នុង​សហគមន៍​ថា តើ​ពួកគេ​មាន​បញ្ហា​អ្វី​ដែល​ជា​ក្តី​បារម្ភ​ពិតប្រាកដ​របស់​ពួកគេ។ វា​ជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់​ពួក​គេ​ក្នុង​ការ​ប្រើ​វិធី​នេះ​ដើម្បី​ពិភាក្សា​ ហើយ​នេះ​ជា​វិធី​ល្អ​សម្រាប់​គណបក្ស​នានា​ស្វែងយល់​ថា តើ​ប្រជា​ពលរដ្ឋ​ដែល​ពួកគេ​តំណាង​ឲ្យ​នោះ​ត្រូវការ​អ្វី​ខ្លះ»។

លោក​ថា តាម​គោលការណ៍​ប្រជាធិបតេយ្យ​ លោក​សង្ឃឹម​ថា ​ អ្នក​បោះឆ្នោត​ត្រូវ​ចូល​រួម​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ ​និង​ធ្វើការ​ទាក់ទង​នឹង​បេក្ខជន​នយោបាយ​ជាដើម។

តាម​ច្បាប់ គណបក្ស​នយោបាយ​នីមួយៗ​ ត្រូវ​អនុញ្ញាត​ឱ្យ​ឃោសនា​បាន​១៤​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២០​ ខែ​ឧសភា​ ដល់​ថ្ងៃ​ទី​២ ​ខែ​មិថុនា ​មុន​ថ្ងៃ​បោះឆ្នោត​មក​ដល់​នៅ​ថ្ងៃ​ទី​៤​ ខែ​មិថុនា៕