បេក្ខជន​ចំនួន​២៣នាក់ ចូល​ប្រឡូក​ក្នុង​ការបោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​នៅ​ប្រទេស​ស៊ីមបាវ៉េ

  • Sebastian Mhofu

លោក Japhet Murenje ប្រធាន​តុលាការ​តែងតាំង​បេក្ខជន​នៅ​ទីក្រុង Harare បាន​ប្រកាស​ឈ្មោះ​បេក្ខជន ដែល​នឹង​ចូលរួម​ការប្រកួត​ប្រជែង​សម្រាប់​តំណែង​ប្រធានាធិបតី​របស់​ស៊ីមបាវ៉េ ក្នុងការ​បោះឆ្នោត​ទូទៅ​នៅ​ថ្ងៃទី៣០ខែ​កក្កដា ខាងមុខ​នេះ។

មនុស្ស​ចំនួន​២៣​នាក់​បាន​ចុះ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​ស៊ីមបាវ៉េ នាពេល​ខាងមុខ​នេះ ក៏ប៉ុន្តែ មាន​អ្នក​ខ្លះ​ដែល​មិន​បាន​ជាប់​ឈ្មោះ បាន​ប្រឆាំង​ជំទាស់។

លោក Japhet Murenje ប្រធាន​តុលាការ​តែងតាំង​បេក្ខជន​នៅ​ទីក្រុង Harare បាន​ប្រកាស​ឈ្មោះ​បេក្ខជន ដែល​នឹង​ចូលរួម​ការប្រកួត​ប្រជែង​សម្រាប់​តំណែង​ប្រធានាធិបតី​របស់​ស៊ីមបាវ៉េ ក្នុងការ​បោះឆ្នោត​ទូទៅ​នៅ​ថ្ងៃទី៣០ខែ​កក្កដា ខាងមុខ​នេះ។

ក្នុង​ចំណោម​បេក្ខជន​ទាំងអស់​មាន​លោក​ប្រធានាធិបតី Emmerson Mnangagwa អតីត​អនុ​ប្រធានាធិបតី Joice Mujuru និង​លោក Nelson Chamisa ដែល​ដឹកនាំ​ក្រុម​ចម្រុះ​គណបក្ស​ប្រឆាំង​ភាគច្រើន។

លោកស្រី Priscilla Chigumba ប្រធាន​គណៈកម្មាធិការ​បោះឆ្នោត​ប្រទេស​ស៊ីមបាវ៉េ ហៅ​កាត់​ថា (ZEC) បាន​និយាយ​ថា ការ​ចុះឈ្មោះ បាន​ដំណើរការ​ទៅ​យ៉ាងរលូន។

លោកស្រី​បាន​និយាយ​ថា៖

«យើង​សប្បាយ​រីករាយ​ណាស់ ដែល​ការតែងតាំង​នេះ បាន​ដំណើរការ​ទៅ​បាន​យ៉ាងល្អ។ ការរៀបចំ​របស់​យើង​ទាំងអស់ គឺ​មាន​ភាពរលូន។ អ្នកដែល​ត្រូវ​បាន​តែង​តាំង​ទាំងអស់ បាន​ទទួល​ការជួយ​ជ្រោមជ្រែង​គ្រប់គ្រាន់​ពី​គណៈកម្មាធិការ​បោះឆ្នោត​ប្រទេស​ស៊ីមបាវ៉េ (ZEC) ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​ចំពោះ​ដំណើរ​ការ​នៅ​ទីនេះ ទាក់ទងនឹង​បេក្ខជន​ប្រធានាធិបតី»។

ក៏ប៉ុន្តែ មិន​មែន​មនុស្សគ្រប់​គ្នា​សប្បាយចិត្ត​នោះ​ទេ។ គណបក្ស​តូចៗ​មួយ​ចំនួន បាន​ត្អូញត្អែរ​ថា ពួកគេ​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ពិនិត្យមើល​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ផ្លូវការ មុន​ពេល​កំណត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទេ។

ប្រសិនបើ​មិន​មើល​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​នោះ​ទេ បេក្ខជន​នឹង​មាន​ការពិបាក​ក្នុង​ការ​ប្រមូល​ហត្ថលេខា​ចំនួន​១០០ ដែល​តម្រូវ​ឲ្យ​មាន​ពី​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត។

លោក Mapfumo Peter Gava ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​បង្រួបបង្រួម ដែល​គេ​ស្គាល់​តិចតួច គឺ​ជា​បេក្ខជន​ប្រធានាធិបតី​តែ​ម្នាក់​គត់​ដែល​សង្ឃឹម​ថា នឹង​ប្រមូល​បាន​ហត្ថលេខា​គ្រប់គ្រាន់។

លោក Gava បាន​ថ្លែងថា៖

«នេះ​គឺ​ជា​ការបោះឆ្នោត​ដោយ​បើក​ចំហ​មួយ ដែល​ប្រជាជន​ស៊ីមបាវ៉េ​ភាគច្រើន នៅ​មិន​ទាន់​សម្រេច​ថា នឹង​បោះឆ្នោត​ឲ្យ​បេក្ខជន​ណា​ទេ។ ក៏ប៉ុន្តែ ការប្រឈម​នេះ បាន​ធ្វើ​ឲ្យ​មាន​ការលំបាក​ខ្លាំងណាស់ ដោយ​សារ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ត្រូវ​បាន​បោះពុម្ព​ចេញ​យឺតយ៉ាវ​ពេក។ បេក្ខជន​ភាគច្រើន ត្រូវ​ស្វះស្វែង​រក​អ្នកបោះឆ្នោត​ទាំងនោះ ដើម្បី​ឲ្យ​ចុះ​ហត្ថលេខា​គាំទ្រ​បេក្ខភាព​របស់​ពួកគេ»។

ក៏ប៉ុន្តែ លោក​ Gava​ មិន​អាច​ប្រមូល​ហត្ថលេខា​ឲ្យ​បាន​គ្រប់គ្រាន់​ឲ្យ​ទាន់​ពេល​វេលា​ទេ។ រីឯ​គណបក្ស​ដ៏ទៃ​ទៀត មិន​អាច​បង់ថ្លៃ​ចុះ​ឈ្មោះ ដែល​មាន​ចំនួន​១.០០០ ដុល្លារ បាន​ទេ។

លោក Douglas Mwonzora អគ្គលេខា​ធិការ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​មួយ​ឈ្មោះ​ចលនា​សម្រាប់​ការផ្លាស់ប្តូរ​ទៅរក​លិទ្ធិ​ប្រជា​ធិបតេយ្យ បាន​ចុះ​ឈ្មោះ​ដោយ​ជោគជ័យ​សម្រាប់​ការចូលរួម​បោះឆ្នោត​នៅ​ថ្ងៃ​ទី៣០ ខែកក្កដា ខាងមុខ​នេះ។

លោក ​Mwonzora ​បាន​ថ្លែង​ថា៖

«វា​អាច​ជាការ​យកចិត្ត​ទុកដាក់​ដ៏​ល្អ​មួយ បើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ត្រូវ​បាន​ផ្តល់​ឲ្យ​មុន​ពេល​ការតែងតាំង​បេក្ខភាព​ពី​តុលាការ។ ក៏ប៉ុន្តែ គណៈកម្មាធិការ​បោះឆ្នោត​ប្រទេស​ស៊ីមបាវ៉េ (ZEC) បាន​និយាយ​ថា ពួកគេ​នឹង​ផ្តល់​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឲ្យ​ពួកយើង បន្ទាប់ពី​ការតែងតាំង​បេក្ខភាព ដូច្នេះ​យើង​សង្ឃឹម​ថា ដំណើរការ​ទាំងមូល​នឹង​ដើរ​បាន​ល្អ»។

ចាប់តាំងពី​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​មក ក្រុមមេធាវី​សម្រាប់ការពារ​សិទ្ធិ​មនុស្ស​ ស៊ីមបាវ៉េ បាន​ស្នើ​ដល់​តុលាការ​កំពូល​ឲ្យ​ចេញ​បទបញ្ជា​ទៅ​គណៈកម្មាធិការ​បោះឆ្នោត​ប្រទេស​ស៊ីមបាវ៉េ (ZEC)ឲ្យ​ផ្តល់​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ដ៏ទៃ​ទៀត ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ជាតិ (NCA)។

បញ្ហា​នេះ អាច​បង្កជម្លោះ​ដល់​ពេល​បោះឆ្នោត។

ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី៣០​ខែកក្កដា នឹង​ក្លាយ​ទៅ​ជា​ការ​បោះ​ឆ្នោត​ជា​លើក​ដំបូង​បង្អស់​សម្រាប់​ប្រទេស​ស៊ីមបាវ៉េ​ក្នុង​រយៈពេល​៣៨ឆ្នាំ ក្រោយពី​បាន​ទទួល​ឯករាជ្យ​ដោយ​គ្មាន​ឈ្មោះ​លោក Robert Mugabe នៅ​លើ​សន្លឹក​ឆ្នោត។ លោក Mugabe បាន​លា​ឈប់​កាលពី​ខែ​វិច្ឆិកា ក្រោម​សម្ពាធ​យោធា​យ៉ាង​ខ្លាំង។

លោក Mnangagwa អ្នក​ស្នង​តំណែង​លោក Mugabe បាន​ដក​ចេញ​ជា​យូរ​មក​ហើយ​នូវ​បម្រាម​ដែល​បាន​ហាម​មិន​ឲ្យ​មាន​អ្នក​អង្កេតការណ៍​បោះឆ្នោត​មកពី​បស្ចិម​ប្រទេស​ចូលរួម។ ក៏ប៉ុន្តែ គណបក្ស​ប្រឆាំង បាន​និយាយ​ថា វា​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ការ​ប្រកួត​ប្រជែង​ស្មើភាព​មួយ ដោយ​ចង្អុល​បង្ហាញ​ថា គណៈកម្មាធិការ​បោះឆ្នោត​ប្រទេស​ស៊ីមបាវ៉េ មិន​ព្រម​ចែកចាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត។

គណបក្ស​ប្រឆាំង​ចង់​ឲ្យ​មាន​ការត្រួត​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត។ ពួកគេ​បាន​និយាយ​ថា នេះ​ជា​ជំហាន​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការ​បោះ​ឆ្នោត​មួយ​ដែល​អាច​ជឿ​ទុកចិត្ត​បាន៕

ប្រែសម្រួល​ដោយ​លោក ហេង រស្មី