កាណាដា​បណ្តេញ​អ្នកការទូត​ចិន​ម្នាក់

រូបឯកសារ៖ សមាជិកសភាលោក Michael Chong ថ្លែងនៅឯការជជែកដេញដោលរបស់​គណបក្ស​អភិរក្សនិយមរបស់កាណាដានៅទីក្រុង Toronto នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៧។ របាយការណ៍​ចារកម្មកាណាដាឆ្នាំ២០២១ ថា មានការគំរាមកំហែង​ដែល​អាច​កើត​មាន​ចំពោះ​លោក Chong និង​ក្រុមគ្រួសារលោកពាក់ព័ន្ធនឹងអ្នកការទូតចិនលោក Zhao Wei។

កាណាដាបានបណ្តេញ​អ្នក​ការទូត​ចិន​ម្នាក់​ដែល​ត្រូវចោទ​ប្រកាន់​ថា ​បានបំភ័យ​សមាជិក​សភាកាណាដា​ម្នាក់​ដែល​បានរិះគន់រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

រដ្ឋមន្ត្រីការ​បរទេស​កាណាដា លោកស្រី Melanie Joly បានចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពីថ្ងៃច​ន្ទនិយាយ​ថា លោក Zhao Wei ត្រូវ​បាន​ប្រកាស​ជា​«ជន​មិន​ត្រូវបានស្វាគមន៍‍»ជា​ការ​ឆ្លើយ​តបនឹងរបាយការណ៍​មួយ​ចំនួន​ដោយ​កាសែត The Globe និង Mail នៃ​ប្រទេស​កាណាដាដែល​ថា​ លោក Zhou បាន​ស្វែង​រក​ព័ត៌មានអំពី​លោក Michael Chong ដែល​ជា​សមាជិក​សភាគណបក្ស​អភិរក្ស​និយម​ ដែល​បានផ្ចុង​ផ្តើម​ញត្តិមួយ​ប្រកាស​ការ​ប្រព្រឹត្តិ​របស់អាជ្ញាធរ​ចិន​លើ​ក្រុម​ជន​អំបូរ Uyghur ​កាន់សាសនា​ឥស្លាមថាជា​ការប្រល័យ​ពូជសាសន៍។

របាយការណ៍​ទាំង​នេះ​បាននិយាយថា​ ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់កាណាដាបានរក​ឃើញ​ថា ចិន​បាន​គ្រោង​យកលោក Chong និង​ញាតិសន្តាន​លោក​នៅ​ហុងកុង​ជា​ទីដៅ​ដាក់ទណ្ឌកម្ម​និង​ការ​គំរាមកំហែង។

លោកស្រី​រដ្ឋមន្ត្រី​ការបរទេស Joly បាននិយាយថា រដ្ឋាភិបាល​ក្រុងអូតាវ៉ា «នឹងមិន​អត់ឱន​ដល់ការ​ជ្រៀតជ្រែក​បែបណា​មួយ​របស់​បរទេស​ទេ‍»។​ លោកស្រី​បានថ្លែងថា​ ពួក​អ្នកការទូត​បរទេស​ធ្វើការ​ក្នុង​ប្រទេស​កាណាដា​ត្រូវ​បាន​ព្រមាន​ថា «បើ​ពួកគេមាន​អាកប្បកិរិយា​បែប​នេះ ពួកគេនឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ពួក​គេ​វិញ‍»។

ក្រសួង​ការបរទេស​ចិន​នៅ​ក្រុង​ប៉េកាំងបានប្រកាស​កាលពីព្រឹកថ្ងៃ​អង្គារ​នេះ​ថា ​ខ្លួន​បាន​ប្រកាស​ថា​លោកស្រី​ Jennifer Lynn Lalonde កុងស៊ុលប្រចាំ​ស្ថានកុងស៊ុល​កាណាដា​ក្នុងក្រុង Shanghai ជា​«ជន​មិន​ត្រូវបានស្វាគមន៍‍» ​ហើយត្រូវ​បានបញ្ជា​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​ចិន​មិន​ហួស​ពី​ថ្ងៃទី១៣ ​ខែឧសភា។ ការបណ្តេញលោកស្រី​ Lalonde ​ចេញ​ពី​ប្រទេស​ចិនមានតែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ស្ថានទូត​ចិន​ក្នុងក្រុងអូតាវ៉ា បានថ្លែងថា ​ចិន​នឹង​ចាត់«វិធានការ​ដាច់ណាត់‍»​ឆ្លើយ​តបនឹងការបណ្តេញលោក Zhou។

ការ​ចោទប្រកាន់​លោក Zhou កើត​មាន​ឡើង​នៅពេល​មាន​របាយការណ៍​មួយ​ចំនួនដោយ​កាសែត​ The Globe និង​សារព័ត៌មាន Mail និង​បណ្តាញ​ព័ត៌មាន​ឯទៀតៗ​អំពី​ការ​ប៉ុនប៉ង​របស់​ចិនឱ្យ​មាន​ឥទ្ធិពល​លើ​ការ​បោះឆ្នោតទូទៅនៅ​កាណាដាកាលពី​ឆ្នាំ២០១៨​ និង​ឆ្នាំ២០២១។ រឿង​ទាំង​ពីរ​នេះ​ផ្អែកលើ​ព័ត៌មានប្រមូល​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កាណាដា។

ប្រទេសចិន​បានបដិសេធការចោទ​ប្រកាន់​ទាំង​អស់​នេះហើយ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង ​AFP។