ជំងឺគ្រុនស្វិតដៃជើងត្រូវបានលុបបំបាត់នៅកន្លែងជាច្រើនក្នុងពិភពលោកនេះ ប៉ុន្តែជំងឺនេះនៅតែកើតមាននៅតាមកន្លែងខ្លះដែលគេពិបាកធ្វើដំណើរទៅដល់។ ក្រុមគ្រូពេទ្យក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងនីហ្សេរីយ៉ា កំពុងព្យាយាមផ្តល់ថ្នាំវ៉ាក់សាំងដល់កុមារនៅតាមជនបទដាច់ស្រយាល និងនៅតាមតំបន់ងាយរងគ្រោះផ្សេងៗទៀត។ ប៉ុន្តែភាពចលាចលនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន និងជម្លោះនៅក្នុងតំបន់ភាគខាងជើងប្រទេសនីហ្សេរីយ៉ាបានរារាំងមិនឲ្យកុមារទទួលបានថ្នាំវ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង។
ដើម្បីការពារកុមារកុំឲ្យមានជំងឺពិការភាព និងជំងឺធ្ងន់ធ្ងរដែលអាចកើតឡើងលើពួកគេបាននោះ ក្រុមគ្រូពេទ្យត្រូវធ្វើការឆ្លងកាត់តាមព្រំដែន តំបន់ជម្លោះ និងក្នុងចំណោមកុលសម្ព័ន្ធដែលធ្វើចំណាកស្រុក។ លោក វេជ្ជបណ្ឌិត Andrew Etsano មកពីអង្គការកាកបាទប្រហមនិងអឌ្ឍចន្ទក្រហមបានថ្លែងថា៖ «ប្រជាពលរដ្ឋនៅតែចល័តផ្លាស់ប្តូរទីលំនៅដោយសារជម្លោះផ្សេងៗ ស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពនយោបាយ។ ពលរដ្ឋមួយចំនួនដែលផ្លាស់ទីលំនៅមានផ្ទុកមេរោគ ដែលការណ៍នេះបានបង្កការលំបាកក្នុងការតាមរកពួកគេ និងផ្តល់ថ្នាំវ៉ាក់សាំងដល់កុមារដែលងាយរងគ្រោះនៅក្នុងចំណោមមនុស្សផ្លាស់ទីលំនៅទាំងនោះ»។
ក៏ប៉ុន្តែខណៈដែលកិច្ចខំប្រឹងប្រែងដើម្បីលុបបំបាត់ជំងឺគ្រុនស្វិតដៃជើងផ្តោតសំខាន់លើការស្វែងរកទីតាំងចុងក្រោយដែលមេរោគនេះកំពុងនៅមានជីវិតនោះ បញ្ហាថ្មីៗអាចកើតឡើង។ អ្នកស្រី IRENE KOEK មកពីកម្មវីធីជំនួយអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិកហៅកាត់ថា USAID បានថ្លែងថា៖ «ប្រសិនបើគ្មានការការពារឲ្យបានគ្រប់គ្រាន់ទេនោះ មេរោគនេះអាចនឹងប្រែប្រួល។មេរោគនេះនឹងនៅលាយឡំក្នុងបរិយាកាស និងអាចប្រែប្រួលបាន ហើយបន្ទាប់មកវានឹងផ្ទុះរីករាលដាលនៅគ្រប់ទីកន្លែង»។ គេអាចទប់ស្កាត់ការផ្ទុះរីករាលដាលនេះបានតាមរយៈការផ្តល់ថ្នាំវ៉ាក់សាំងដល់ពលរដ្ឋទាំងអស់ដូច្នេះមេរោគនេះគ្មានឱកាសអាចប្រែប្រួលលាយឡំនៅក្នុងបរិយាកាសបានទៀតទេ។
កាលពីឆ្នាំ២០១៧ អង្គការសុខភាពពិភពលោក WHO បានរាយការណ៍ថា មានចំនួនអ្នកកើតជំងឺគ្រុនស្វិតដៃជើងតែ២២ករណីប៉ុណ្ណោះ ប៉ុន្តែចំនួនទាបនេះអាចបណ្តាលឲ្យមានការលែងយកចិត្តទុកដាក់។ លោកវេជ្ជបណ្ឌិត ANDREW ETSANO មកពីអង្គការកាកបាទប្រហម និងអឌ្ឍចន្ទក្រហមបានថ្លែងបន្តថា៖« ប្រជាពលរដ្ឋមានការធុញទ្រាន់នឹងស្ថានភាពនេះ។ កម្មវីធីកម្ចាត់ជំងឺគ្រុនស្វិតដៃជើងនៅតែមានជាបន្ត។ ពួកគេធ្លាប់គិតថាជំងឺនេះនឹងត្រូវបញ្ចប់ ហើយយើងនៅតែធ្វើការផ្លាស់ប្តូរគោលបំណងនៃកម្មវិធី និងការងារផ្សេងៗទៀត»។
ក្រុមអ្នកជំនាញលើកឡើងថាប្រសិនបើគ្មានការជួយគាំទ្រនិងថវិកាពីអន្តរជាតិបន្តទៀតទេនោះ យើងនឹងមានការលំបាកក្នុងការលុបបំបាត់ជំងឺគ្រុនស្វិតដៃជើងនេះ។ ហេតុដូច្នេះហើយបានជាការផ្តោតលើជំងឺនេះគឺជាបញ្ហាសំខាន់។ លោកវេជ្ជបណ្ឌិត ANDREW ETSANO បានថ្លែងបន្តទៀតថា៖ «ការយកចិត្តទុកដាក់នេះមិនមែនកើតឡើងតែទៅលើកម្មវិធីប៉ុណ្ណោះទេ។ ក្រុមអ្នកផ្តល់ជំនួយដល់កម្មវិធីនេះក៏មានការធុញទ្រាន់ដែរ។ ថវិកាជំនួយកាន់តែខ្សត់ខ្សោយទៅ ហើយប្រសិនបើការងារមិនទាន់ចប់រួចរាល់ទេនោះ យើងនឹងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ។ យើងប្រហែលជាប្រឈមនឹងការកើតមានជំងឺនេះឡើងវិញម្តងទៀត»។
ក្តីសង្ឃឹមគឺថាប្រសិនបើកិច្ចខំប្រឹងប្រែងនៅតែរឹងមាំ ជំងឺឆ្លងដែលបង្កឡើងដោយមេរោគស្វិតដៃជើងនេះនឹងត្រូវលុបបំបាត់បានទាំងស្រុង៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា