តើ​សុនខ​អាច​ហិត​ដឹង​ក្លិន​ជំងឺ​កូវីដ​១៩ ដែរ​ឬ​ទេ?

  • Deborah Block

សុនខ​អាច​ហ្វឹកហាត់​ហិត​ក្លិន​ជំងឺ​ផ្សេងៗ។

ឃានវិញ្ញាណ​របស់​សុខន​​គឺ​ខ្លាំង​ជាង​ឃានវិញ្ញាណ​របស់​មនុស្ស​ឆ្ងាយ​ណាស់ ដោយ​អាច​ហិត​ដឹង​តាំង​ពី​ក្លិន​នៅ​ក្នុង​ខ្យល់​រហូត​ដល់​សរីរៈ​នានា​នៅ​ក្នុង​ដី។ ឥឡូវ​នេះ វា​អាច​ទៅ​រួច​ដែល​ថា សុនខ​ប្រហែល​ជា​អាច​ហិត​ដឹង​ក្លិន​វីរ៉ុស​កូរ៉ូណា ដែល​បង្ក​ឲ្យ​កើត​ជំងឺ​កូវីដ១៩​បាន។

អ្នក​វិទ្យាសាស្ត្រ​គិត​ថា​ឃានវិញ្ញាណ​របស់​សុនខ​គឺ​ខ្លាំង​ជាង​ឃាន​វិញ្ញាណ​របស់​មនុស្ស​ពី​មួយ​ម៉ឺន​ទៅ​មួយ​សែន​ដង​ឯណោះ។ សម្រាប់​ពូជ​សុនខ​ប្រមាញ់ និង​ពូជ​សុនខ​តាម​រក​តម្រុយ ដូចជា សុនខ Bloodhounds សុនខ Beagles និង​សុនខ Golden Retrievers ជា​ដើម គឺ​សុទ្ធតែ​មាន​ជំនាញ​ហិត​ក្លិន​បាន​ល្អ​ឥត​ខ្ចោះ។

សុនខ​ពូជ Shepherds របស់​អាល្លឺម៉ង់​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​ដើម្បី​ស្វែក​រក​ទីតាំង​គ្រឿង​ផ្ទុះ និង​ថ្នាំញៀន​ខុស​ច្បាប់។ នៅ​ក្នុង​មន្ទីរពិសោធន៍ សុនខ​ជា​ច្រើន​ប្រភេទ​ត្រូវ​ប្រើ​ឲ្យ​ហិត​ក្លិន​ទឹក​នោម និង​សំណាក​ទឹក​មាត់ ដែល​មាន​ផ្ទុក​ជំងឺ ដូចជា​គ្រុនចាញ់ មហារីក និង​ញ័រសរសៃ​សាច់ដុំ​ជាដើម។

នៅ​មជ្ឈមណ្ឌល PADs for Parkinson's នៅ​រដ្ឋ Washington សុនខ​ត្រូវ​បាន​បង្វឹក​ឲ្យ​ហិត​ក្លិន​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ឥឡូវ​នេះ​មិន​មាន​ការ​ធ្វើ​តេស្ត​វេជ្ជសាស្ត្រ​ណា​មួយ​ដើម្បី​រក​ឲ្យ​ឃើញ​នូវ​ជំងឺ​សរសៃ​ប្រសាទ​នេះ​ទេ។

អ្នកស្រី Lisa Holt ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល PADs for Parkinson's បាន​បញ្ជាក់​ថា៖ «គេ​ត្រូវ​ការ​ពេល​បង្វឹក​ជា​ច្រើន​សប្ដាហ៍ និង​យ៉ាង​ហោច​ណាស់​ហិត​ក្លិន​របស់​ជំងឺ​ញ័រសរសៃ​សាច់ដុំ​ចំនួន ៤០០​ ដង មុន​ពេល​សុនខ​អាច​ចាប់​ផ្ដើម​ស្គាល់​វា»។

បន្ទាប់​ពី​ធ្វើ​ការ​ស្រាវជ្រាវ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក ឥឡូវ​នេះ ក្រុម​នេះ​កំពុង​ប្រើ «ការ​វាយ​តម្លៃ​របស់​សុនខ» ដើម្បី​ជួយ​មនុស្ស​មួយ​ចំនួន​ឲ្យ​ធ្វើ​ការ​កំណត់​ថា​តើ​ពួក​គេ​មាន​ជំងឺ​ញ័រសរសៃ​សាច់ដុំ​ដំណាក់​កាល​ដំបូង​ឬ​ក៏​អត់។ ពួក​គេ​ពាក់​អាវ​យឺត​មួយ​ជា​ច្រើន​ថ្ងៃ ដែល​ស្រូបយក​ជាតិ​ខ្លាញ់​ចេញ​ពី​ស្បែក។ បន្ទាប់​មក​អាវ​នោះ​នឹង​ត្រូវ​បាន​គេបញ្ចូន​ទៅ​កាន់​មន្ទីរ​ពិសោធន៍ ដើម្បី​ឲ្យ​សុនខ​ហិត​ក្លិន​រក​ជំងឺ​នេះ»។

ការ​ស្រាវ​ជ្រាវ​រក​ជំងឺ​មហារីក​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯ​អង្គការ In Situ Foundation នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។ អ្នកស្រី Dina Zaphiris ដែល​ជា​ស្ថាបនិក​អង្គការ​នេះ បាន​ប្រើ​សំណាក​ដែល​សុនខ​បាន​ហិត ដើម្បី​រក​ដំណាក់កាល​ដំបូងៗ​នៃ​ជំងឺ ដូចជា​ជំងឺ​មហារីក​សួត និង​មហារីក​សុដន់​ជា​ដើម។

អ្នកស្រី​បាន​បញ្ជាក់​ថា ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា «ជា​ទូទៅ សុនខ​អាច​រក​ឃើញ​ជំងឺ​មហារីក​បាន​ត្រឹមត្រូវ​ជាង​វិធី​ឆ្លុះ​រក​ជំងឺ​ដែល​កំពុង​ប្រើ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទៅ​ទៀត»។

ឥឡូវ​នេះ មាន​កិច្ច​ប្រឹង​ប្រែង​ចំនួន​ពីរ​កំពុង​ដំណើរ​ការ​នៅ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ដើម្បី​បង្រៀន​សុនខ​ឲ្យ​ហិត​រក​ក្លិន​នៃ​វីរ៉ុស​កូរ៉ូណា។

នៅ​មជ្ឈមណ្ឌល Working Dog ប្រចាំ​មហាវិទ្យាល័យ​បសុពេទ្យ​នៃ​សាកល​វិទ្យាល័យ University of Pennsylvania គេបាន​ដាក់​សុនខ​ពូជ Labrador Retrievers ចំនួន ៨ ក្បាល ឲ្យ​ហិត​សំណាក​របស់​មនុស្ស​ដែល​មាន និង​គ្មាន​វីរ៉ុស​កូរ៉ូណា ដើម្បី​ឲ្យ​ដឹង​ថា​តើ​សត្វ​សុនខ​ទាំង​នេះ​អាច​ស្គាល់​ជំងឺ​នេះ​ឬ​ក៏​អត់។

អ្នកស្រី Cynthia Otto ដែល​ជា​នាយក​មជ្ឈមណ្ឌល​នេះ បាន​ប្រាប់​ VOA ​ថា ដោយសារតែ «សុនខ​មិន​ធ្លាប់​ហិត​ក្លិន​រក​វីរ៉ុស​កូរ៉ូណា វាពិបាក​ក្នុង​សន្និដ្ឋាន​ណាស់​ថា តើ​វា​នឹង​ពិបាក​ខ្លាំង ឬ​មិន​សូវ​ពិបាក។ ដំបូង យើង​ត្រូវ​បញ្ជាក់​ថា​ពិតជាមាន​ក្លិន​ដែល​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ ដែល​យើង​អាច​រក​វា​ឃើញ​នៅ​ក្នុង​សំណាក»។

ការស្រាវ​ជ្រាវ​ស្រដៀង​គ្នា​នេះ​កំពុងធ្វើ​ឡើង​នៅ​មហាវិទ្យាល័យ​ផ្នែក​អនាម័យ និង​ឱសថសាស្ត្រ​ត្រូពិក​នៃ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស។

លោក James Logan ប្រធាន​ដេប៉ាតឺម៉ង់​គ្រប់គ្រង​ជំងឺ​ឆ្លង កំពុង​ធ្វើ​ការ​ជាមួយអង្គការ​មនុស្សធម៌​របស់​អង់គ្លេស​មួយ​ដែល​មាន​ឈ្មោះ​ថា Medical Detection Dogs ដើម្បី​បង្វឹក​សុនខ ៦ ក្បាល ឲ្យ​ហិត​ក្លិន​រក​វីរុស​កូរ៉ូណា។

លោក Logan ពន្យល់​ថា៖ «យើង​ដឹង​ថា ជំងឺ​ផ្លូវ​ដង្ហើម​ដូចជា​ជំងឺ​កូវីដ១៩ នេះ​ជា​ដើម គឺ​ធ្វើ​ឲ្យ​ក្លិន​រាងកាយ​យើង​ប្រែប្រួល ដូច្នេះ​មាន​ឱកាស​ច្រើន​ដែល​សុនខ​អាច​ហិត​ក្លិន​រក​ជំងឺ​នេះ​បាន។ វិធី​ថ្មី​ក្នុង​ការ​រក​វីរុស​កូរ៉ូណា​នេះ អាច​ជួយ​ដល់ការ​ឆ្លើយ​តប​របស់​យើង​ចំពោះ​ជំងឺកូវីដ​១៩ ក្នុង​រយៈពេល​ខ្លី ជាពិសេស​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ គឺ​វា​អាច​មាន​ឥទ្ធិពល​ [វិជ្ជមាន] ខ្លាំង»។

អ្នកស្រី Claire Guest សហ​ស្ថាបនិក​នៃអង្គការ Medical Detection Dogs បាន​និយាយ​ថា៖ «តាម​គោលការណ៍ យើង​ប្រាកដ​ថា សុនខ​អាចហិត​ក្លិន​រកវីរុស​កូរ៉ូណា​បាន។ ឥឡូវ​នេះ យើង​កំពុងស្វែង​រក​វិធី​ដែល​យើង​អាច​ចាប់​ក្លិន​របស់​វីរុស​នេះពី​អ្នកជំងឺ​ដោយ​សុវត្ថិភាព និង​យក​ក្លិន​នោះ​ឲ្យ​សុនខ​ហិត។

អ្នកស្រី Otto នៃ​មជ្ឈមណ្ឌល Working Dog បាន​និយាយ​ថា ប្រសិនបើ​ការ​ស្រាវជ្រាវ​របស់​អ្នកស្រី​ទទួល​បាន​ជោគជ័យ នោះ​អ្នកស្រី «នឹង​កំណត់​ថា​តើ​សុនខ​អាច [ហិត] មនុស្ស ដើម្បី​រក​វីរុស​កូរ៉ូណា​នេះ​បាន​ត្រឹមត្រូវ ប្រកប​ដោយ​សុវត្ថិភាព​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ»។

អ្នកស្រី Guest បាន​ពន្យល់​ថា៖ «គោល​ដៅ​គឺ​ថា សុនខ​អាច​ហិត​មនុស្ស​ទូទៅ​ដើម្បី​រក​វីរុស​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អ្នក​ផ្ទុក​វីរុស​ដែល​មិន​មាន​រោគ​សញ្ញា​ផង​ដែរ។ វិធី​នេះ​គឺ​លឿន មាន​ប្រសិទ្ធភាព​ និង​មិន​មាន​ការ​ប៉ះពាល់​ដល់​រាងកាយ​មនុស្ស។

ទន្ទឹម​នឹង​ការ​ធ្វើ​តេស្ត​ និង​ការ​ស្រាវជ្រាវ​រក​វ៉ាក់សាំង ច្រមុះ​ដែល​ពូកែ​ខាង​ហិត​ក្លិន​របស់​សុនខ អាច​ជាវិធី​សាស្ត្រ​នាំ​មុខ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាត​ត្បាត​ជា​សកល​នេះ។ សុនខ​អាច​នឹង​ត្រូវប្រើ​ដើម្បី​រក​អ្នក​កើត​ជំងឺកូវីដ១៩ នៅ​តាម​មន្ទីរពេទ្យ អាកាសយានដ្ឋាន និងកន្លែង​អាជីវកម្ម​នានា៕

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា