ការ​ចាប់ខ្លួន​លោក​ ម៉ម សូណង់ដូ​កម្លា​សង្គម​ស៊ីវិល​

Mam Sonando arrested Sunday.

វ៉ាស៊ីនតោន៖ ការចាប់ខ្លួនលោក​ ម៉ម សូណង់ដូ​ពីបទចោទប្រកាន់ថា​ជាប់ទាក់​ទឹន​នឹង​ការធ្វើ​អបគមន៍​នៅ​ខេត្តក្រចេះ​ឬការ​ប៉ះបោរ​ប្រឆាំង​រដ្ឋាភិបាល​រឿង​ដីធ្លី​នោះ​ បានធ្វើ​ឲ្យអង្គការ​សង្គមស៊ីវិល​ខ្លះ​រារែក​ក្នុងការ​បំពេញ​មុខនាទី​ជួយ​ពលរដ្ឋ។​

ដោយ​ទំនង​ជាខ្លាច​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ដូចលោក​ម៉ម សូណង់ដូ​ប្រធាន​វិទ្យុសំបុកឃ្មុំ​ និង​ជា​ប្រធាន​ចលនា​អ្នកប្រជា​ធិបតេយ្យ​រឿង​អបគមន៍​នៅខេត្ត​ក្រចេះ ​ឬការប៉ះបោរ​ប្រឆាំង​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​រឿងដីធ្លី​នោះ​ ក្រុម​មន្ត្រីសង្គម​ស៊ីវិល​និង​អ្នកវិភាគ​និយាយ​ថា​ សកម្មភាព​ជួយ​ពលរដ្ឋ​របស់ក្រុមអង្គការ​សិទ្ធិ​មនុស្ស​ខ្លះ​ទទួល​ការ​គំរាម​កំហែង​និង​ការ​ប្រយ័ត្ន​ប្រយែង​ ជាង​មុន​ដោយសារ​ខ្លាចមាន​ការ​ចាប់ខ្លួន​ឬចោទ​ប្រកាន់​ទោស។ ​

លោក​ម៉ម សូណង់ដូ​ត្រូវចាប់ខ្លួន​កាលពី​ពាក់កណ្តាល​ខែកក្កដា​ឆ្នាំ​២០១២​ដោយ​សារតែការ​ឆ្លើយ​ដាក់​របស់ជន​សង្ស័យ​ដែលត្រូវ​តុលាការ​ចាប់ខ្លួន​មក​សាកសួរ​ពីបទ​ការ​នាំពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ប៉ុនប៉ង​កាន់កាប់ដី​នៅ​ស្រុកឆ្លូង​ខេត្តក្រចេះ ​កាលពីខែ​មេសា​ដែល​រដ្ឋាភិបាល​ចាត់ទុក​ថា​ជាការ​ប៉ុនប៉ង​បង្កើត​អបគមន៍​លើដី​សម្បទាន​វិនិយោគ​ ដែល​អាជ្ញា​បាន​បាញ់​សម្លាប់​កុមារី​អ្នក​តវ៉ាម្នាក់​ស្លាប់ក្នុង​ ពេល​បាតុកម្ម​តវ៉ាដីធ្លី​នោះ។​

លោកម៉ម សូណង់ដូ​ត្រូវគេ​ដឹងថា​ បាន​ផ្សព្វផ្សាយ ​និង​ចូលរួម​ពិភាក្សា​ក្នុង​វេទិកា​នានា​ទាក់ទង​នឹង​បញ្ហា​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​ជាមួយ​ចលនា​ខ្មែរ​មួយក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​សរអា​ហៅថា​ ចលនា​អំណាច​ប្រជា​ពលរដ្ឋ​របស់​លោក​សួន សេរីរដ្ឋា។ ​ចលនា​នេះ​បាន​ប្រកាស​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់លោក​ហ៊ុន សែន ​តាមវិធី​បះបោរ​របស់​ប្រជាពល​រដ្ឋ ​និង​ការប្តឹង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ តាម​រយៈតុលាការ​ឧក្រិដ្ឋកម្ម អន្តរជាតិ​(ICC)​ដែល​គេគិត​ថា ​អាច​ជា​ចំណែក​មួយ​នាំឲ្យ​មាន​ការ​ចាប់ខ្លួន​លោក​ម៉ម សូណង់​ដូដែរ។ ​

លោក​ អ៊ូ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​អះអាង​ថា​ការ​ចាប់ខ្លួននេះ​ធ្វើឲ្យ​ក្រុម​សង្គម​ស៊ីវិល​មិនអាច​ធ្វើការ​បាន​ដោយ​អស់​ពីចិត្ត​ព្រោះ​ពួកគេ​មាន​ការ​ប្រយ័ត្នប្រយែង​ច្រើនជាង​ពេលមុន។​ លោក​អ៊ូ វីរៈ​ចាត់ទុក​ថា​ រឿងនេះ​ជាការ​ផ្ញើសារ​ទូទាំង​ប្រទេស។​

«ហើយ​ការ​គាត់​បរាជ័យ​ ហើយ​គាត់ប្រុង​ប្រយ័ត្ន​ ភ័យ​ខ្លាច​នេះ​វានឹង​ប៉ះពាល់​ដំណើរការ​ប្រជា​ធិបតេយ្យ​និង​ដំណើរការ​គោរព​សិទ្ធិ​មនុស្ស​នៅក្នុង​តំបន់​ នៅក្នុង​ខេត្តក្រចេះ​ផង។​ តែតាម​ខ្ញុំមើល​ ​នៅ​ទូទាំង​ប្រទេស​តែម្តង​ដោយសារ​ការចាប់​ខ្លួន។ រឿង​ខេត្តក្រចេះ​នេះ​ជាការ​ផ្ញើរសារ​មួយ​ដល់​សកម្មជន​ដទៃ​នៅតាម​ខេត្ត​ផ្សេងៗ​ផងដែរ។​ ហើយ​ជារឿង​មួយ​ ដែល​យើង​ព្រួយ​បារម្ភ​នៅ​ពេល​បច្ចុប្បន្ន​នេះ»។​

លោក​អះអាង​ថា​ ​បរាជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហាដីធ្លី​នោះ​ហើយ​ដែល​នាំ​ឲ្យកើត​រឿង​ចាប់​ខ្លួន​និង​គាបសង្កត់​ក្រុម​សង្គមស៊ីវិល​ដើម្បី​ទប់ស្កាត់​អស្ថិរភាព​ក្នុងសង្គម។​

«បើសិន​ជាអត់​មាន​ដំណោះស្រាយ​ រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​គាប​សង្កត់​ដោយ​ធ្វើការ​ចាប់ខ្លួន​សកម្មជន​ច្រើន​គ្នា។​ ខ្ញុំជឿថា​ នឹង​មានការ​ចាប់ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​បន្តបន្ទាប់​នៅ​ឆ្នាំ​២០១២​ និង​ឆ្នាំ​២០១៣ ​ជា​ពិសេស​នៅមុន​ការ​បោះឆ្នោត​២០១៣។​ ខ្ញុំមើលទៅ​នឹង​មាន​ការចាប់​ខ្លួន​ច្រើន​ជាង​មុន»។​

ចំណែក​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​អ្នកវិភាគ​ឯករាជ្យ​ បាន​ថ្លែងថា​ សង្គម​ស៊ីវិល​ ជាពិសេស​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ មិនបាន​ចេញ​ការពារ​លោក​ម៉ម សូណង់ដូ​ ដូចការទាម​ទារ​ឲ្យដោះលែង​អ្នក​ជាប់ឃុំ​ដោយសារ​រឿង​ដីធ្លី​ភូមិ​បឹង​កក់​ទេ។ ​

«ខ្ញុំថា​ ដូចជា​មានការ​រអែង។​ ដូច្នេះ​ទប់ខ្លួន ​ហើយ​ដូច​មិន​ទាន់​អាច​ហ៊ាន​ធ្វើអី​ ក្ឌុងក្តាំង។​ ហើយ​បើចេញ​ការពារ​រឿង​ម៉ម​ សូណង់ដូ​ ដូចជា​មិនទាន់​ឃើញ​អី​ឲ្យ​មាន​សកម្ម​ភាព​ពុះពោរ​ ដូចក្នុង​ករណី​អ្នកបឹងកក់១៣​រូប​ទេ»។​
​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ
លោក​ថ្លែងថា ​សកម្មភាព​ខ្លាចរអារ​នេះ​គឺព្រោះ​ថា ​ករណី​លោក ម៉ម សូណង់ដូ​មិនដឹង​ជា​ពាក់ព័ន្ធ​នឹង​ក្រុមណា​មួយ​ច្បាស់លាស់។​ ហើយ​រឿងនេះ​អាច​ធ្វើឲ្យ​ដំណើរការ​ប្រជា​ធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស ​និង​នីតិរដ្ឋ​នៅ​កម្ពុជាលែង​មាន​ន័យ​ ហើយ​មានតែ​ឈ្មោះ។​
ក្រៅពី​ព្រមាន​ចាត់វិធាន​ការក្តៅ​ចំពោះ​ការប៉ុនប៉ង​ផ្តួល​រំលំរដ្ឋាភិបាល​របស់​លោក ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អំពាវនាវ​ជា​សាធារណៈ​ឲ្យ​មេក្លោង​ចាប់ដី​អបគមន៍​ចុះចូល​ មក​ធ្វើជា​សាក្សី​បំភ្លឺអ្នក​នៅ​ពីក្រោយ​នៃ​អបគមន៍​នោះ​ដើម្បីជា​ថ្នូរនឹង​ការ​លើកលែង​ទោស។​

ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​អាជ្ញាធរប៉ូលិស​បាន​អះអាង​ថា ​ក្រុមអង្គការ​សង្គម​ស៊ីវិល​អាចជា​គោលដៅ​នៃការ​ស៊ើបអង្កេត​ផងដែរ​ទាក់ទង​នឹង​បញ្ហាដីធ្លី​នៅ​ខេត្តក្រចេះ​នេះ​ជាពិសេសការ​គាំពារ​ដល់​ប៊ុន ​រដ្ឋា​ដែល​គេចាត់​ទុកថា​ជា​អ្នក​ដឹកនាំ​ប្រជា​ពលរដ្ឋ​តវ៉ារឿង​ដីធ្លី​នៅ​ខេត្តក្រចេះ​ កាលពីខែមេសា​ជា​បន្តបន្ទាប់​នោះ។​

ថ្លែងប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ពីកន្លែង​អាថ៌កំបាំង​មួយ​កាលពី​ថ្ងៃសុក្រ​ម្សិល មិញ​ លោក​ប៊ុន រដ្ឋា​តំណាង​ប្រជា​ពលរដ្ឋ​ បាន​អះអាង​ថា ​បញ្ហា​ប្រមូល​ផ្តុំប្រជា​ពលរដ្ឋ​តវ៉ា​ដីធ្លី​នៅ​ខេត្តក្រចេះ​នោះ​មិនមែន​ជា​អបគមន៍​ទេ។ ​លោក​ថ្លែងថា​ លោកពុំ​មាន​ពាក់ព័ន្ធ​ជាមួយ​អង្គការឬស្ថាប័នណា​ជា​ខ្នង​បង្អែក​ឬ​ជា​ជម្រក​អីទាំង​អស់។​

«អត់ទេ​ តាំងពីដើមមក​ខ្ញុំធ្វើកិច្ចការ​ដោយឆន្ទៈ​ ដោយឧត្តមគតិ​របស់ខ្ញុំ។​ ខ្ញុំអត់​មានការពាក់ព័ន្ធ​ជាមួយ​អង្គការ​ឬស្ថាប័នណា​ដើម្បីជា​ខ្នង​បង្អែក​ឬ​ដើម្បីជា​ជម្រកអី​ទាំងអស់។​ ប៉ុន្តែខ្ញុំ​ចូល​ចិត្ត​សហការ​ បើសិនជា​គេមាន​គោល​ការណ៍​ច្បាប់ល្អ​ ឆន្ទៈយុត្តិធម៌ ​សច្ចៈធម៌​ពិតប្រាកដ្ឋ។​ ខ្ញុំនឹងដាក់​ទំនាក់ទំនង។​ តាំងពីដើម​មក ខ្ញុំ​ចូល​ចិត្ត​អញ្ចឹង ​ដូចជា​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​នៅ​ក្នុងស្រុក​ខ្មែរ ​គឺខ្ញុំអត់​នៅក្រោម​ឱវាទ​របស់​ពួក​គាត់​ទេ។ ​តែ​ខ្ញុំដឹក​នាំ​រាស្ត្រ​តវ៉ា​ដីធ្លី​គឺខ្ញុំដាក់​សំណើ​ហ្នឹង​ជូន​ពួកគាត់​ ឲ្យ​ពួកគាត់​ជួយ​ពិនិត្យ​ហើយ​នឹង​គាំពារ​ឃ្លាំមើល​ផ្សេងៗ។​ ហើយ​ដូច​គ្នាដែរ ​ពេលដែល​ខ្ញុំ​ភៀស​ខ្លួន​មកក្រៅ​ប្រទេស​ក៏​ខ្ញុំអត់មាន​នៅ​ក្រោម​អ្នកណា​ដែរ។ ​ប៉ុន្តែ​ខ្ញុំមើល​ឃើញនិន្នាការ ​ស្ថាប័នណាល្អ​ ហើយ​គេចង់​មក​ទំនាក់ទំនង​ខ្ញុំ​ក្នុងនាម​មួយ​ដើម្បី​យុត្តិធម៌​ ដើម្បីសច្ចៈ​ធម៌ ​ខ្ញុំអាច​បើក​ភ្លើង​ខៀវ​ឲ្យគេ»។​

ប្រធាន​ក្រុមស៊ើប​អង្កេត​នៃ​អង្គការសិទ្ធិ​មនុស្ស​ពីរ​គឺលោក​ ចាន់ សាវ៉េត​នៃ​អង្គការ​អាដហុក​និង​លោកអំ សំអាត​នៃ​អង្គការលីកាដូ​ បាន​អះអាង​ថា​មក​ទល់ពេល​នេះ​ពុំឃើញ​អាជ្ញាធរ​ឬតុលាការ​កោះហៅ​អង្គការ​លោក​ទៅ​សាកសួរ​នាំ​ទេ។ ​

លោក​ចាន់ សាវ៉េត​បញ្ជាក់ថា​ ការចាប់ខ្លួន​លោកម៉ម សូណង់ដូ​ធ្វើឲ្យ​លោក​មានការ​ប្រយ័ត្នប្រយែង​ក្នុង​កិច្ចការ​របស់លោក។​

«ចាប់តាំង​ពីមាន​ការ​ផ្ទុះរឿង​ហ្នឹងមក​ ពួក​យើង​មាន​ការ​រារែក​ក្នុង​ចិត្តមែន​ដោយ​សារថា​ ប្រភព​ព័ត៌មាន​មួយ​ចំនួន​ ក្រុម​សិទ្ធិមនុស្ស​យើង​អត់បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ទេ»។ ​
លោក​ថ្លែងថា ​អង្គការ​របស់​លោក​ធ្លាប់ជួយ​ផ្នែក​សេវា​កម្មផ្លូវ​ច្បាប់​ មេធាវី និង​គំនិត​ផ្លូវ​ច្បាប់​ផ្សេងៗ​ដល់ជន​រងគ្រោះ​ដែល​តវ៉ារឿង​ដីធ្លីនេះ​ដែរ។ ​

លោក ​អំ សំអាត​បានអះអាង​ថា​ មន្ត្រីសង្គម​ស៊ីវិល​គ្រាន់តែ​បំពេញ​ភារ​កិច្ចតាម​លក្ខន្តិកៈ​របស់ខ្លួន​ ស្របតាម​ច្បាប់​ក្នុង​ការ​ជួយគាំទ្រ​ជន​រងគ្រោះ​ដែល​ត្រូវគេ​រំលោភ​សិទ្ធិ។​ រដ្ឋាភិបាល​គួរចូលរួម​សហការ ​ផ្តល់សេរីភាព​ពេញ​លេញ​ ជាជាងការធ្វើ​ទុក្ខបុក​ម្នេញ​ ចោទ​ប្រកាន់​ លាប​ពណ៌អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា​ ជា​គណបក្សជំទាស់​និង​ចាប់ខ្លួនដាក់ពន្ធនាគារ​ដូច​ករណី​មុនៗ។

«រឿងនេះ​ជាការ​គំរាមកំហែង​និង​ជាការ​បន្ទុច​បង្អាក់​នូវ​សេរីភាព​ក្នុង​ការចូលរួម​ក្នុងវិស័យ​ការពារ​និង​លើកស្ទួយ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា»។​

ទោះ​ជាយ៉ាងណា​ក៏ដោយ​លោក​ផៃ ស៊ីផាន​អ្នកនាំពាក្យ​របស់រដ្ឋាភិបាល​មួយ​រូប ​បានរិះគន់​សកម្មភាព​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ចំនួន​កន្លងមក​ដោយ​អះអាង​ថា​ ការចាប់​ខ្លួន​នីមួយៗ​គឺ​ធ្វើតាម​នីតិវិធី​ ហើយ​ក៏មិនមែន​ចាប់ខ្លួន​ចំពោះ​តែមន្ត្រី​ អង្គការក្រៅ​រដ្ឋាភិបាល​ទេ។​ មន្ត្រីក្នុង​រដ្ឋាភិបាល​ក៏ត្រូវ​ចាប់ខ្លួន​ដូច​គ្នា​ ប្រសិន​បើប្រព្រឹត្ត​ខុសច្បាប់។​

«ក៏ប៉ុន្តែ​អង្គការ​ក្រៅរដ្ឋាភិបាល​ខ្លះ​ហ្នឹង​មិន​មែន​គ្រាន់តែ​ជា​អ្នកផ្តួចផ្តើម​គំនិត​ ផ្តួចផ្តើម​អនុវត្ត​ទេ​ ក៏ជា​អ្នកដើរតួ​យ៉ាង​សំខាន់​ក្នុង​ការប្រឆាំង​ជាមួយ​រាជរដ្ឋា​ភិបាល។ ​រឿងហ្នឹង​ជា​កំហុស​ហើយ ​ដោយសារ​អ្នក​មាន​អាណត្តិ​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល​គឺគណបក្ស​ មិន​មែន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ។​ ដូច្នេះ​យើង​ត្រូវ​បែងចែក​ដាច់ដោយ​ឡែក​ពីគ្នា»។​

ក្រុម​អ្នកវិភាគ​បានអះអាង​ថា​ កម្ពុជា​គួរ​ពិចារណា​អំពីផល​ប៉ះពាល់​ទៅ​ថ្ងៃអនាគត​ និង​គោលជំហរ​របស់ខ្លួន​ឡើងវិញ​ ទាក់ទង​នឹង​ការ​ចាប់ខ្លួន​ ការ​រិតត្បិត​សេរីភាព​របស់អង្គការ ​សមាគម​ក្រោម​រូបភាព​ថ្មីគឺ​អបគមន៍​នេះ។​ អ្នក​វិភាគ​ដដែល​បាន​បន្ថែម​ថា​ ការចាប់ខ្លួន​និង​ការ​រិតត្បិត​នេះ​អាច​នាំឲ្យ​ខូចឈ្មោះ​កម្ពុជា​កាន់តែខ្លាំង​ នៅ​ពេល​កម្ពុជា​ជា​ប្រធានអាស៊ាន ​ហើយ​ទទួល​រៀបចំ​ទទួល​ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​មក​កាន់​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ខែវិច្ឆិកាខាងមុខ៕