ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកតាមដាន​រង់​ចាំ​មើល​វាសនា​វិទ្យុ​សំបុក​ឃ្មុំ​របស់​លោក​ សូណង់​ដូ


​លោក ម៉ម សូណង់ដូ​ ជាអ្នករិះគន់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ឥតសំចៃ។
​លោក ម៉ម សូណង់ដូ​ ជាអ្នករិះគន់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ឥតសំចៃ។
រដ្ឋ​ធានី​វ៉ាស៊ីនតោន៖ ប្រធានស្ថានីយ​វិទ្យុសំបុក​ឃ្មុំ ​លោក ម៉ម សូណង់ដូ​ដែលជាអ្នករិះគន់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ឥតសំចៃ​ ត្រូវ​តុលាការ​ចាប់ឃុំខ្លួន​កាលពី​ពាក់​កណ្តាល​ខែកក្កដា​ឆ្នាំ​ ២០១២​ពី​បទសង្ស័យ​ថា​ពាក់ព័ន្ធ នឹងក្រុមមួយ​ដែលរងការ​ចោទថាប៉ងធ្វើ​អបគមន៍​ប្រឆាំងរដ្ឋាភិបាល។​ ក្រុមមន្ត្រីសង្គមស៊ីវិល​និងអ្នក វិភាគឯករាជ្យខ្លះ​បារម្ភខ្លាចថា​ហេតុផលដូច្នេះ​ បណ្តាលឲ្យបិទ​ឬផ្អាកការផ្សាយ​វិទ្យុឯករាជ្យ​មួយនេះ។

ក្រៅពីស្ប៉ត់​ពាណិជ្ជកម្ម ​ស្ថានីយ​វិទ្យុសំបុកឃ្មុំ​ FM 105 ​បានជួលម៉ោងផ្សាយ​ដល់វិទ្យុវីអូអេ​គណបក្ស សម រង្ស៊ី ​គណបក្ស សិទ្ធិមនុស្ស ​អង្គការសង្គមស៊ីវិល​ជាច្រើនដែល​ឃ្លាំមើលនិងផ្ទៀងផ្ទាត់​គោល នយោបាយ​របស់រដ្ឋាភិបាល​កម្ពុជា។​ លោក ម៉ម សូណង់ដូ​មុនពេលចាប់ខ្លួន​ត្រូវគេដឹងថា​បានចូល រួមយកព័ត៌មាន​ជាមួយក្រុមមួយ​ដែលប្តឹង ​លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែន​ទៅតុលាការ​ឧក្រិដ្ឋកម្ម អន្តរជាតិ ​ក្រុងឡាអេ​ និងបានចូលរួម​បញ្ចេញយោបល់ ​ក្នុងនាមជា​ពលរដ្ឋខ្មែរក្នុង​កិច្ចប្រជុំមួយ នៅឯក្រៅប្រទេស​ដែលគេដឹងថា​មានប៉ះពាល់​ដល់រដ្ឋាភិបាល ។

លោក អំ សំអាត ​ប្រធានក្រុម​អ្នកស្រាវជ្រាវ​នៃអង្គការសិទ្ធិមនុស្ស​លីកាដូ​បានអះអាងថា៖
«ប្រសិនជាករណីនេះ​គេរកឃើញទៅ​ ថាមានបទល្មើស​ដែលទាក់ទង​ទៅនឹងវិទ្យុហ្នឹងទៀត​ ខ្ញុំគិត ថាវាអាចឈានដល់​ការបិទវិទ្យុហ្នឹង​ជាបន្តទៀត។​ រឿងនេះកាន់​តែ ប៉ះពាល់​ទៅដល់សេរីភាព​នៃ សារព័ត៌មាន​ផងដែរ»។
ដោយឡែក​លោក ចាន់ សាវ៉េត​មន្ត្រីឃ្លាំមើល​អង្គការសិទ្ធិមនុស្ស​អាដហុក​ បានអះអាងថា​លោក ម៉ម សូណង់ដូ​ពុំមានអ្វីជាប់ទាក់​ទិននឹងការ​ចោទប្រកាន់ទេ ​តែក្តីបារម្ភ​គឺពិតជាមាន​ទោះបីជាគ្មាន​ឃើញមាន ព័ត៌មានស្តីពីការ​បិទវិទ្យុ​ដែលសម្តែងមតិ​ដោយសេរីនេះ​ក្តី។
«តែបើសិនជា​គាត់មានប្រព្រឹត្ត​បទល្មើស​អីផ្សេងទៀត​ ធម្មតានៅក្នុង​គោលការណ៍ច្បាប់​បង្ហាញថា បើសិនជា​មានភស្តុតាង​ទាំងឡាយណា​ដែលពាក់ព័ន្ធ​ជាមួយនឹង​អំពើល្មើស​ គេអាចដកហូត​ឬក៏ អាចបញ្ឈប់​សកម្មភាព»។

មន្ត្រីរដ្ឋាភិបាល​បានព្រមាន​ដល់ក្រុមហ៊ុន​ ប្រព័ន្ធផ្សព្វផ្សាយ​ទាំងអស់មិនឲ្យ​ម្ចាស់ធ្វើនយោបាយ​ហើយ ប្រតិបត្តិវិទ្យុ​និងទូរទស្សន៍ទេ​មុនចេញអាជ្ញាបណ្ណឲ្យ​ បើពុំដូច្នោះទេ​ស្ថានីយនោះ​ត្រូវបិទ​ ផាកនិង​ពិន័យ ជាដើម។

វិទ្យុសំបុក​ឃ្មុំ​ធ្លាប់​ត្រូវ​ផ្អាក​ការផ្សាយ​យ៉ាងតិចម្តង​តាំងពីឆ្នាំ២០០៥មក​ ក្រោយពេល​លោកម៉ម សូណង់ដូ​ ត្រូវចាប់ឃុំខ្លួន​ពីបទរិះគន់​ការចុះហត្ថលេខា​លើសិទ្ធិសញ្ញាព្រំដែន​ បំពេញបន្ថែម​រវាង រដ្ឋាភិបាលកម្ពុជា​និងវៀតណាម​ដែលពលរដ្ឋកម្ពុជាខ្លះ​ជឿថាធ្វើឲ្យ​បាត់បង់ទឹកដី។

មន្ត្រីសង្គមស៊ីវិល​ជាតិនិងអន្តរជាតិ​បានប្រតិកម្ម​ទៅនឹងការ​ចាប់ខ្លួនលោក​ម៉ម សូណង់ដូ ​ថាជារឿង មិនត្រឹមត្រូវ​ និងធ្វើឲ្យសេរីភាព​សារព័ត៌មាន​ សេរីភាពបញ្ចេញមតិ​មានការធ្លាក់ចុះ។​ពួកគេស្នើសុំ​ឲ្យ អាជ្ញាធរដោះលែង​លោក ម៉ម សូណង់ដូ​ជាបន្ទាន់។​ ក៏ប៉ុន្តែ​ក្រុមអ្នកឃ្លាំមើល​បានពន្យល់ថា​គេពុំទាន់ រកឃើញថា​លោក ម៉ម សូណង់ដូ​មានជាប់ពាក់ព័ន្ធ​ នឹង បញ្ហាខុសច្បាប់​អ្វីនោះទេ​ដោយសារថា​ការ ចោទប្រកាន់​លោករឿង​បញ្ចេញមតិជាសិទ្ធិ​របស់បុគ្គលធានា​ដោយរដ្ឋធម្មនុញ្ញ​ ហើយបើថា​ទាក់ទង នឹងអបគមន៍នោះ​គឺទាំងភាគីលោក​ប៊ុន រដ្ឋា​ដែលត្រូវរដ្ឋាភិបាល​បានចោទថា​ជាមេគំនិតនោះ​ ក៏បាន បដិសេធថា​លោក ម៉ម សូណង់ដូ​គ្មានការពាក់ព័ន្ធ​ដែរ។​

ទោះជាយ៉ាងណា​ក៏ដោយលោក ​ផៃ ស៊ីផាន​អ្នកនាំពាក្យមួយរូប​របស់រដ្ឋាភិបាល​ បានអះអាងថា ​សំណុំ រឿង​លោក ម៉ម សូណង់ដូ​ជាសមត្ថកិច្ច​របស់តុលាការ​ក្នុងការបកស្រាយ​ស៊ើបអង្កេត ​ស្វែងរកភស្តុតាង ដាក់បន្ទុកឬ​ដកបន្ទុក។​ លោកថានោះ​មិនមែនជា​សមត្ថកិច្ច​របស់ភាគីណាមួយទេ​ទោះជា រដ្ឋាភិបាលក្តី និងជាអង្គការ​ក្រៅរដ្ឋាភិបាល​ក្តី។

«ដូច្នេះទាំងអស់គ្នា​រួមទាំងខ្ញុំផង​មិនមានហេតុផល​ណាមួយឬកាតព្វកិច្ច​ណាមួយដែលត្រូវការ​បក ស្រាយមុនតុលាការ ​មុនចៅក្រម​ដែលប្រាសចាក​ពីការរៀបចំខ្លួន​ឲ្យនៅឆ្ងាយអំពីការ​បកស្រាយខុស ឬក៏ការបកស្រាយមួយ​ដែលគេហៅថា​ប៉ះពាល់ដល់ឆន្ទានុសិទ្ទ​របស់ចៅក្រម»។

អ្នកស្រី​ ឌិន ផាន់ណារ៉ា​ភរិយាលោក​ម៉ម សូណង់ដូ​បានអះអាងថា​កម្មវិធីផ្សាយ​របស់ វិទ្យុសំបុក ឃ្មុំប្រព្រឹត្តទៅជាធម្មតា​នៅឡើយទេ​ គ្មានការប៉ះពាល់​អ្វីឡើយ។​ លោកស្រីថា​បញ្ហាគឺគ្រាន់តែ​បាត់ សំឡេង​លោកម៉ម សូណង់ដូ​ដែលធ្លាប់ពន្យល់​ផ្នែកច្បាប់​ប្រជាធិបតេយ្យ​ ការកាត់បន្ថយ​អំពើហិង្សា ការយល់ដឹង​ពីសិទ្ធិ​ បញ្ហារំលោភដីធ្លី ​ដែលលោក ​ម៉មសូណង់ដូ​ ធ្វើជារៀងរាល់​សប្តាហ៍ពេលលោក​ចុះ ទៅតាមខេត្ត​មុនពេលត្រូវ​ចាប់ខ្លួន។

«ដល់ពេលឥឡូវ​ពេលគាត់អត់បាននៅ​ អត់មានសំឡេងហ្នឹងទេ​ គឺមានព័ត៌មាន​ធម្មតាៗ»។
អ្នកស្រីផាន់ណារ៉ា​បានបន្ថែម​ដោយអំពាវនាវ​ឲ្យមានកិច្ចអន្តរាគម​ពីភាគីជាតិ​និងអន្តរជាតិ​ដោះលែងប្តី អ្នកស្រីដែលត្រូវការ​យុត្តិធម៌នោះ​រួចខ្លួន។

ជាមួយគ្នានេះដែរ​លោក សុក សំអឿន​មេធាវីរបស់លោក​ម៉ម សូណង់ដូ​បានអះអាងថា​ការចោទប្រកាន់ កូនក្តីលោក​រឿងអបគមន៍នោះ​គ្មានភស្តុតាង​ច្បាស់លាស់ទេ​គឺផ្នែកទៅលើ​ចម្លើយឆ្លើយដាក់​ពីជន សង្ស័យ​ដែលត្រូវតុលាការ​ចាប់ខ្លួន។

«ឆ្លើយដាក់ហ្នឹង​បើគិតមែនទែន​ដូចជាមិនត្រូវដែរទេ​ព្រោះការឆ្លើយដាក់ហ្នឹង​គាត់គ្រាន់តែ​និយាយថា “ខ្ញុំឮឈ្មោះ​ប៊ុន រដ្ឋា​និងបក្សពួក​និយាយថាគេ​ធ្វើតាមបញ្ជា​លោកម៉មសូណង់ដូ​អញ្ចឹង” ​គ្រាន់តែថា ប៉ុណ្ណឹងណា៎»។

លោកសុក សំអឿន​អះអាងថា​លោកនឹងដាក់ពាក្យ​ស្នើសុំធានា​លោកម៉ម សូណង់ដូ​ឲ្យនៅក្រៅឃុំ​ទៅ កាន់តុលាការ​នៅថ្ងៃច័ន្ទសប្តាហ៍​ខាងមុខ។

លោក ម៉ម សូណង់ដូ​បានបង្កើត​សមាគម​អ្នកប្រជាធិបតេយ្យ​របស់លោកតាំងពី​ខែមិនាឆ្នាំ២០១០​ដើម្បី ជួយពលរដ្ឋ​ផ្នែកតស៊ូមតិ។​ ពលរដ្ឋនៅតាម​បណ្តាខេត្តនានា​បានផ្តិតមេដៃ​ស្នើសុំឲ្យតុលាការ​ដោះលែង លោកម៉ម សូណង់ដូ​ឲ្យបាននៅ​ក្រៅឃុំ។

លោក ជា បំរ៉ុង​ អនុប្រធានលោក ​ម៉ម សូណង់ដូ​នៃសមាគម​អ្នកប្រជាធិបតេយ្យ​បានអះអាងថា​ទោះ ជា មានការរារាំង​ពីអាជ្ញាធរ​មូលដ្ឋានខ្លះមែន​ តែសមាគមលោក​បានប្រមូលមេដៃ​ជាច្រើនហើយ​ពី ពលរដ្ឋ ដើម្បីដាក់ជូន​រដ្ឋាភិបាល​ នៅថ្ងៃទី២៨​ខែកក្កដាឆ្នាំ២០១២​ខាងមុខដើម្បី​លើកលែងទោស ​ចំពោះ លោក ម៉ម សូណង់ដូ។

លោកបណ្ឌិត​ឡៅ ម៉ុងហៃ​អ្នកវិភាគឯករាជ្យក្នុង​ប្រទេសកម្ពុជា​បានអះអាងថា​ការចាប់ខ្លួន​លោកម៉ម សូណង់ដូនេះ​គឺជាសញ្ញាប៉ះពាល់ដល់​សេរីភាពបញ្ចេញមតិ​ និងសេរីភាពព័ត៌មាន​ និងអាចប៉ះពាល់ ដល់លទ្ធផល​នៃការបោះឆ្នោតជា​សកលឆ្នាំ២០១៣​ខាងមុខ​ផងដែរ។

ក្រុមអ្នកជំទាស់​ ទាំងគណបក្សនយោបាយ ​និងសង្គមស៊ីវិល​នឹងពុំមានឱកាស​បញ្ចេញមតិ ​យោបល់ ពួកគេបានទេ​ ហើយពលរដ្ឋទៀតសោត​ក៏​ពុំអាចទទួលបាន​ព័ត៌មាន​គ្រប់ជ្រុងជ្រោយដែរ​ប្រសិនបើវិទ្យុ ឯករាជ្យមួយ​គឺវិទ្យុ​សំបុកឃ្មុំ​ត្រូវបិទឬផ្អាក​ការផ្សាយ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​និង​ឯកជន​ស្ទើរតែ​ទាំងអស់​ជាពិសេស​ វិទ្យុ​និង​ទូរទស្សន៍​ត្រូវ​គ្រប់គ្រង​ដោយ ​គណបក្ស​គ្រប់គ្រង​ប្រទេស។
XS
SM
MD
LG