លទ្ធភាព​​ប្រកួត​ប្រជែង​របស់​កម្ពុជា​ផ្នែក​ពាណិជ្ជកម្ម​ធ្លាក់​ចុះ​ជាង​មុន

ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ទី​៨៨​ ដែល​រំកិល​ធ្លាក់​ពី​លេខរៀងទី​៨៥​កាល​ពី​ឆ្នាំមុន។

ភ្នំពេញ៖ ខណៈដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន​ការ​ប្រកួត​ប្រជែង​ប្រសើរ​ជាង​ឆ្នាំ​មុន ​លក្ខណៈ​ប្រកួត​ប្រជែង​របស់​កម្ពុជា​មាន​ការធ្លាក់​ចុះ​ចំនួន៣​ចំណាត់​ថ្នាក់នៅ​ឆ្នាំ​២០១៣។ នេះ​បើ​តាម​របាយការណ៍​ស្តី​អំពី​សន្ទស្សន៍​នៃ​ភាព​ប្រកួត​ប្រជែង​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៣-២០១៤​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​ចេញ​ផ្សាយ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃព្រហស្បតិ៍។

របាយការណ៍​នេះ​បង្ហាញ​ថា​សមត្ថភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ដើម្បី​ទាក់ទាញ​លំហូរ​វិនិយោគ​និង​ធានា​កំណើន​សេដ្ឋកិច្ច​ស្ថិត​នៅ​ពី​ក្រោយ​ប្រទេស​សិង្ហបុរី ​ម៉ាឡេស៊ី ​ឥណ្ឌូនេស៊ី ​ថៃ ​ព្រុយណេ ហ្វីលីពីន ​និង​វៀតណាម។ ក្នុង​ចំណោម​១៤៨ប្រទេស​ ប្រទេស​សិង្ហ​បុរី​នៅ​តែ​រក្សា​បាន​ការនាំ​មុខ​គេ​ក្នុង​តំបន់​ដោយ​ជាប់លេខ​រៀង​លំដាប់​ទី​២ ក្នុង​អំឡុង​ពេល​៣​ឆ្នាំ​ជាប់​គ្នា ​ចំណែក​ឯ​ប្រទេស​ក្នុង​តំបន់​ផ្សេង​ទៀតបាន​កើន​ចំណាត់​ថ្នាក់​ចន្លោះ​ពី​១​ទៅ​១២​លេខ​រៀង។​

ដោយ​ឡែក ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ទី​៨៨​ ដែល​រំកិល​ធ្លាក់​ពី​លេខរៀងទី​៨៥​កាល​ពី​ឆ្នាំមុន។

នៅ​ឆ្នាំ​នេះ ​ប្រទេស​ឡាវ​និង​មីយ៉ាន់ម៉ា​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​សិក្សា​នេះ​ជា​លើក​ដំបូង ​ដែល​ក្នុង​នោះ​ប្រទេស​ឡាវ​នាំ​មុខ​កម្ពុជាគឺ​ក្នុង​លេខ​រៀង​ទី៨១​ ខណៈ​ដែល​មីយ៉ាន់ម៉ា​មាន​លេខ​រៀង​ទី១៣៩​ដែល​ទាប​ជាង​គេ​បង្អស់​ក្នុង​តំបន់។

ការ​វាយ​តម្លៃ​នេះ​ដោយ​ឈរ​លើ​មូលដ្ឋាន​គោល​ចំនួន​១២ រួម​មាន ​ហេដ្ឋារចនា​សម្ព័ន្ធ ស្ថាប័ន បរិយាកាស​ម៉ាក្រូ​សេដ្ឋកិច្ច ​សុខភាព​និង​ការ​អប់រំ​ថ្នាក់​មូលដ្ឋាន ​និង​ការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ។

ដូច​ឆ្នាំ​មុន​ៗ​ដែរ ​ក្នុង​ចំណោម​ពាណិជ្ជករ​ដែល​ត្រូវ​បាន​សួរ ​បាន​បញ្ជាក់​ថា​អំពើ​ពុក​រលួយ​នៅ​តែត្រូវ​បាន​ចាត់​ទុក​ថា​ជាឧបសគ្គ​ចម្បង​គេក្នុង​ការបណ្តាក់​ទុន​រកស៊ី​ក្នុង​ប្រទេស​កម្ពុជា។ ​ប្រព័ន្ធ​ការិយាធិបតេយ្យ ​កង្វះ​ពលករ​ជំនាញ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ក៏​ជា​ឧបសគ្គ​សំខាន់សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ។ ក្រៅ​ពី​នេះ ​របាយការណ៍​ក៏​បាន​រកឃើញ​បញ្ហា​បន្ទាប់​បន្សំ​មួយ​ចំនួន​ផ្សេង​ទៀត​ដូចជា ​ស្ថេរភាព​គោលនយោបាយ ​លទ្ធភាព​ទទួល​បាន​ឥណទាន ​និង​ពន្ធដារ​ជា​ដើម។

​លោក ជៀម យៀប ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា ​ទទួល​ស្គាល់​ថា​កម្ពុជា​មិន​ទាន់​អាចប្រៀបធៀប​ជាមួយ​ប្រទេស​ភាគ​ច្រើន​ក្នុង​តំបន់នៅឡើយ​ទេ។

«ការ​វាយ​តម្លៃ​របស់​អង្គការ​ណា​ជា​សិទ្ធិរបស់​គេ ប៉ុន្តែយើង​ក្នុង​នាម​ម្ចាស់​ប្រទេស​យើង​បាន​ខិត​ខំ​ប្រឹងប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ហើយ​ដើម្បី​ប្រកួត​ប្រជែងដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​វិស័យ​ពាណិជ្ជកម្ម​របស់​យើង​មាន​ការ​ឈាន​ឡើង​ឱ្យ​ស្រប​តាមបណ្តា​ប្រទេស​អាស៊ាន​ដទៃ​ទៀត។ ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ កម្ពុជាមិន​ទាន់​អាច​ប្រៀបធៀប​ជាមួយ​ប្រទេស​គេ​អភិវឌ្ឍ​រួច​ហើយ​នោះ​ទេ»។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ យល់​ឃើញ​ថា​របាយការណ៍​នេះ​ស្រប​នឹង​បច្ចុប្បន្នភាព​របស់​កម្ពុជា។

«របាយការណ៍​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ ពីព្រោះ​ក្នុង​ប្រទេស​កម្ពុជា​ពុំ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​ទេ។ អ្នក​ណា​ដែល​មាន​ទំនាក់​ទំនង​ស្អិត​រមួត​ជា​មួយ​មន្ត្រី​មាន​អំណាច ​គេ​មាន​លទ្ធភាព​ប្រមូល​ប្រាក់​ចំណេញ​បាន​ច្រើន។ ម្យ៉ាង​ទៀត​ដោយ​សារអំពើ​ពុក​រលួយ ​ការិយាធិបតេយ្យ ​សេវា​សាធារណៈ​ អគ្គីសនី ​និង​ប្រេង​សាំង​មាន​តម្លៃ​ខ្ពស់ជាង​ប្រទេស​ជិត​ខាង​ វា​ធ្វើ​ឱ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​លំបាក»។

ទីភ្នាក់​ងារ​អភិវឌ្ឍន៍​របស់​សហរដ្ឋ​អាមេរិក​(USAID)ឱ្យ​ដឹង​ថា ​កម្ពុជា​បាន​បាត់​បង់​ថវិកា​យ៉ាង​តិច​៥០០​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ដោយ​សារ​អំពើ​ពុក​រលួយ។​

ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ធំជាង​គេ​នៅ​កម្ពុជា​ បាន​បរិហារ​ថា ​ការ​បាត់បង់​ចំណូល​ជាតិ​ដោយ​សារ​អំពើ​ពុករលួយ​មាន​ច្រើន​ជាង​នេះ។​ អង្គការ​តម្លាភាព​អន្តរ​ជាតិ​ កាលពី​នាំ​២០១២ ​បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​ទី​១៥៧​ក្នុង​ចំណោម​១៧៤​ប្រទេស ​ដែល​មាន​អំពើ​ពុក​រលួយ​ធ្ងន់​ធ្ងរ​ជាង​គេ​ក្នុង​ពិភព​លោក។​

លោក កែម ឡី ​អ្នក​វិភាគ​ឯករាជ្យ ​ពន្យល់​ដោយ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​មួយ​របស់​ក្រុមហ៊ុនស្រាវជ្រាវ​Indochina Research ​ថា​កម្ពុជា​នៅ​មិន​ទាន់​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ជា​លក្ខណៈ​តំបន់​បាន​នៅ​ឡើយ​ទេ។

«​ទីមួយ​ឧបសគ្គ​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​ខ្ពស់​ជាង​គេ។ ទីពីរ​ដោយសារ​ប្រព័ន្ធ​ច្បាប់​យើង​នៅ​ខ្វះខាត​ច្រើន សូម្បី​តែ​តុលាការ​ជំនួយ​ក៏​យើង​មិន​ទាន់​មាន។ ទីបី យើង​រៀន​ទូទៅ ខ្វះ​ការ​រៀន​ជំនាញ។ មួយ​ទៀត​យើង​ខ្វះ​ធនធាន​វត្ថុធាតុ​ដើម គឺ​យើង​នាំ​ចូល​ថ្លៃ។ ចុង​ក្រោយ​សេវាកម្ម​ផ្សេង​ៗ​ដូចជា​ទឹក និង​អគ្គីសនី យើង​មាន​ការ​ខ្វះ​ខាត»។

សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០១៥​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នឹង​ច្របាច់​តំបន់​មួយ​នេះ​ឱ្យ​ក្លាយ​ជា​ទីផ្សារ​និង​មូលដ្ឋាន​ផលិតកម្ម​តែ​មួយ។​ ក្នុង​ន័យ​នេះ ​លក្ខណៈ​ប្រកួត​ប្រជែង​ខ្ពស់​ជា​កត្តា​គន្លឹះ​មួយ​ដើម្បី​អាច​រក្សា​បាន​ក្នុង​ទីផ្សារ​ក្នុង​តំបន់។ ប៉ុន្តែ​លោក កែម ឡី យល់​ថា​កម្ពុជា​អាច​នឹង​បាត់​បង់​ប្រយោជន៍​សេដ្ឋកិច្ច​ច្រើនពី​សមាហរណកម្ម​នេះ ​ដោយ​សារ​ខ្លួន​មិន​ទាន់​បាន​ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​ឱ្យ​បាន​រឹង​មាំ​នៅ​ឡើយ។

របាយការណ៍​នេះ​បាន​ផ្តល់​អនុសាសន៍ឱ្យ​សមាគមអាស៊ាន​ជំរុញ​ឱ្យ​ប្រទេស​ជា​សមាជិក​ខ្លួន​ពង្រឹង​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​ពីព្រោះ​«លក្ខណៈ​ប្រកួត​ប្រជែង​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច ​ដែល​នឹង​ជួយ​កាត់​បន្ថយ​គម្លាត​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពន្លឿន​សមាហរណកម្ម​ក្នុង​តំបន់​និង​ពិភពលោក ដែល​ជា​គោល​ដៅ​ស្នូលរបស់​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន»។