ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្សនៅទូទាំងពិភពលោកកំពុងធ្វើបាតុកម្មព្រមៗគ្នារយៈពេលពីរថ្ងៃ ដើម្បីប្រឆាំងនឹងការបោះឆ្នោតជាតិដោយទទូចសុំពលរដ្ឋកម្ពុជាកុំឱ្យចេញទៅបោះឆ្នោត និងទាមទារសុំឱ្យសហគមន៍អន្តរជាតិកុំទទួលស្គាល់លទ្ធផលឆ្នោតនេះ។
នៅសហរដ្ឋអាមេរិកបាតុកម្មរៀបចំឡើងនៅថ្ងៃទី២៨ និង២៩ ខែកក្កដា ដោយត្រូវបានរៀបចំនៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋញូវយ៉ក រដ្ឋវ៉ាស៊ីនតោនស្តេត និងរដ្ឋកាលីហ្វញ៉ា ហើយបាតុកម្មនៅប្រទេសកាណាដា មាននៅទីក្រុងម៉ុងរ៉េអាល់។
ក្រុមបាតុករជាច្រើនរយនាក់ដែលបានមកជួបជុំគ្នានៅចំពីមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃសៅរ៍នេះ បានចាត់ទុកថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា គឺជា«ការសម្លាប់លទ្ធិប្រជាធិបតេយ្យ» និង«ការបោះឆ្នោតក្លែងក្លាយ»។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់វីអូអេថា៖
«ថ្ងៃទី២៩ ខែកក្កដានេះ លោក ហ៊ុន សែន បានរៀបចំការបោះឆ្នោតក្លែងក្លាយមួយ ដើម្បីសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។ អីចឹងបងប្អូនខ្មែរយើងរស់នៅសហរដ្ឋអាមេរិក រស់នៅកាណាដា រស់នៅអូស្រ្តាលី រស់នៅញ៉ូសេឡែន រស់នៅបណ្តាប្រទេសអឺរ៉ុប និងពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង នៅប្រទេសជប៉ុន គឺយើងអត់ទទួលយកការបោះឆ្នោតក្លែងក្លាយនេះទេ។ យើងប្រមូលផ្តុំគ្នាដើម្បីសម្តែងមតិប្រឆាំងនឹងការបោះឆ្នោតក្លែងក្លាយ»។
នេះគឺជាការជំរុញចុងក្រោយមួយរបស់អតីតគណបក្សប្រឆាំង បន្ទាប់ពីពួកគេបានធ្វើយុទ្ធនាការការទូតនៅឆាកអន្តរជាតិជាច្រើនខែ ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិនិងហាមឃាត់មន្ត្រីគណបក្សចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
លោក អេង ឆៃអ៊ាង ស្នើសុំឱ្យពលរដ្ឋកុំចេញទៅបោះឆ្នោត ដើម្បីរួមគ្នាមិនផ្តល់ភាពស្របច្បាប់ដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគេរំពឹងថា គណបក្សប្រជាជនកម្ពុជារបស់លោកនឹងឈ្នះឆ្នោតជាថ្មីម្តងទៀតនៅអាណត្តិទី៦នេះ ដោយសារតែគ្មានគូប្រជែងដែលមានកម្លាំងប្រហាក់ប្រហែលគ្នា។
លោក អេង ឆៃអ៊ាង បានបន្ថែមថា៖
«បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា យើងត្រូវតែរួមគ្នាដើម្បីដកអំណាចគាត់នៅថ្ងៃទី២៩ ខែកក្កដានេះ គឺយើងរក្សាម្រាមដៃស្អាតដេកផ្ទះមិនទៅបោះឆ្នោត»។
មានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែងគ្នា ដើម្បីដណ្តើមអាសនៈសភាចំនួន១២៥និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនារបស់គណបក្សប្រជាជនកម្ពុជាថា អ្នកដែលមិនទៅបោះឆ្នោតទេ ដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយលោកថា ពួកគេនឹង«សោកស្តាយ»និ ងចោទសួរថា តើពួកគេអាចរស់នៅមូលដ្ឋានជាមួយនឹងពលរដ្ឋដទៃយ៉ាងម៉េចនឹងកើត។
លោក ឡោ ឡាយសូ អ្នករៀបចំបាតុកម្មនៅទីក្រុង Sacramento រដ្ឋកាលីហ្វញ៉ា បានស្នើពលរដ្ឋកម្ពុជាកុំចាញ់សម្លុតនានា៖
«សូមឱ្យប្រជាពលរដ្ឋកុំខ្លាចនូវការគាបសង្កត់ ព្រោះការគាបសង្កត់ទាំងអស់នោះ ជាអំពើខុសច្បាប់រដ្ឋទេ មិនមែនត្រឹមត្រូវទេ។ ដូច្នេះយើងជាម្ចាស់ឆ្នោត យើងត្រូវតែហ៊ានសម្រេចថា តើយើងត្រូវតែធ្វើពហិការចូលរួមចំណែកជាមួយបងប្អូនខ្មែរទាំងអស់ពាសពេញពិភពលោកទាំងក្នុង និងក្រៅចូលរួមជាមួយអន្តរជាតិទៀតផង ពីព្រោះអន្តរជាតិគេគាំទ្រប្រជាពលរដ្ឋខ្មែរទាំងស្រុង ហើយគេកំពុងតែយកឈ្មោះមួយចំនួនមកដាក់ក្នុងបញ្ជីខ្មៅដើម្បីកាត់ទោសអ្នកណាដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យអ្នកណាដែលរំលោភសិទ្ធិពលរដ្ឋខ្មែរ។ អ្នកណាដែលប្រឡាក់ឈាមពលរដ្ឋខ្មែរទាំងនោះ»។
នៅសហគមន៍អឺរ៉ុប ក្បួនបាតុកម្មបានរៀបចំឡើងនៅប្រទេសបារាំង អាល្លឺម៉ង់ និងប្រទេសស្វីស។
លោក ថៃ មករា អ្នករៀបចំបាតុកម្មនៅមុខទីស្នាក់ការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងធ្វើនៅទីនេះ ដើម្បីស្នើសុំទៅដល់អង្គការសហប្រជាជាតិរួមទាំងប្រទេសហត្ថលេខីនៃប្រទេសទាំង១៨នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស កុំឱ្យទទួលស្គាល់ការបោះឆ្នោតក្លែងក្លាយ ការបោះឆ្នោតបន្លែបន្លំរបស់លោក ហ៊ុន សែន ដែលគាត់កំពុងតែរៀបចំ ដែលយើងហៅថាជាបុណ្យបញ្ចុះសពប្រជាធិបតេយ្យ។ ដូច្នេះ យើងទាមទារសុំឱ្យប្រទេសទាំងនោះ កុំទទួលស្គាល់រដ្ឋាភិបាលណាដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយនេះ»។
សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក បានដកខ្លួនចេញពីការគាំទ្រការបោះឆ្នោតលើកនេះ ហើយសហគមន៍អឺរ៉ុបកំពុងតែពិនិត្យមើលឋានៈអនុគ្រោះពន្ធ «រាល់មុខទំនិញលើកលែងតែអាវុធ» ដែលកម្ពុជាកំពុងប្រើប្រាស់ ដើម្បីនាំទំនិញចូលទីផ្សាររបស់ខ្លួន ដោយសារលក្ខខណ្ឌក្នុងការទទួលបានឋានៈនេះមានភ្ជាប់នឹងការគោរពសិទ្ធិមនុស្ស។ ប្រទេសជប៉ុនបានប្រកាសកាលពីថ្ងៃពុធថា នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមក្នុងការបោះឆ្នោតនៅកម្ពុជាទេ។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីជប៉ុនបានពិចារណាសព្វជ្រុងជ្រោយពីស្ថានការណ៍នៅកម្ពុជា។
រីឯនៅសហរដ្ឋអាមេរិក អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកបានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីព្រាងច្បាប់ថ្មីមួយលេខ៥៧៥៤ ដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាណាដែលបានចូលរួមធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងចំណោមនេះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសម្នាក់និងស្រីម្នាក់ព្រមទាំងកូនប្រសារនិងក្មួយប្រសារផងដែរ៕