ទោះបីជាមានមន្ទិលលើភាពជាមេដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកគឺលោក ដូណាល់ ត្រាំ កម្ពុជានៅតែសង្ឃឹមថា អាមេរិកនឹងបន្តទំនាក់ទាំនងជាមួយប្រទេសកម្ពុជាដើម្បីពង្រឹងវិស័យផ្សេងៗដូចជាការលើកស្ទួយសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចជាដើម។
កាលពីខែវិច្ឆិកាកន្លងទៅ ប្រជាពលរដ្ឋអាមេរិកាំង បានបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ មហាសេដ្ឋីអចលនទ្រព្យ ធ្វើជាប្រធានាធិបតីទី៤៥របស់អាមេរិក។ ការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ធ្វើឲ្យសហរដ្ឋអាមេរិកក៏ដូចជាបណ្តាប្រទេសនានានៅលើពិភពលោក នៅមិនស្ងៀមដោយសារជំហរទន់ភ្លន់របស់លោកចំពោះរដ្ឋាភិបាលរុស្ស៊ី និងគោលនយោបាយក្រៅប្រទេសមិនច្បាស់លាស់របស់លោកដែលខុសគ្នាខ្លាំងពីគោលនយោបាយក្រៅប្រទេសរបស់ប្រធានាធិបតីបច្ចុប្បន្ន គឺលោក បារ៉ាក់ អូបាម៉ា។
សារព័ត៌មានធំៗរបស់សហរដ្ឋអាមេរិក ដូចជា The New York Times, The Washinting Post និង The Economist ជាដើម បានសរសេររិះគន់ខ្លាំងៗ ទៅលើគោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ ក្នុងនោះរួមមាន ការទប់ស្កាត់ការហូរចូលនៃជនចំណាកស្រុកពីបណ្តាប្រទេសដែលមានសង្គ្រាម គម្រោងសាងសង់ជញ្ជាំងព្រំដែនជាមួយ ប្រទេសម៉ិចស៊ិក និងការបញ្ជូនជនអន្តោប្រវេសន្ត៍ខុសច្បាប់រាប់លាននាក់ចេញពីទឹកដីអាមេរិកជាដើម។
ក្រៅពីនោះ តារាសម្តែង អ្នកផលិតកម្មវិធីកំប្លែងដែលរិះគន់អ្នកនយោបាយ និងអ្នកនយោបាយដូចជា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងភរិយារបស់លោក ក៏ដូចជា សមាជិកព្រឹទ្ធសភារបស់អាមេរិក លោកស្រី Elizabeth Warran បានរិះគន់ លោក ដូណាល់ ត្រាំ ចំពោះការប្រើពាក្យសម្ដីប្រមាថចំពោះស្ត្រី ការរើសអើងពូជសាសន៍ និង អាជីវកម្មដ៏ធំរបស់លោកដែលនឹងនាំឲ្យមានទំនាស់ជាមួយនឹងតួនាទីជាប្រធានាធិបតីរបស់លោក។
ថ្មីៗនេះលោកក៏បានទទួលការរិះគន់ពីមេដឹកនាំប្រទេសធំៗនៅលើពិភពលោកដូចជាអធិការបតីរបស់អាល្លឺម៉ង់លោកស្រី Angela Merkel ជាដើម។
អ្នកវិភាគឯករាជ្យរបស់កម្ពុជាបានបង្ហាញការព្រួយបារម្ភចំពោះស្ថានភាពរបស់ប្រទេសកម្ពុជានិងតំបន់អាស៊ីទាំងមូលបន្ទាប់ពីលោកដូណាល់ត្រាំឡើងកាន់អំណាចនៅថ្ងៃទី២០ខែមករានេះ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុកយល់ថា ការចូលកាន់តំណែងរបស់លោកដូណាល់ត្រាំនឹងជាដំណាក់កាលសាកល្បងនៃទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនឹងពិភពលោក។
លោក អ៊ូ វីរៈ បានសរសេរនៅក្នុងសារឆ្លើយឆ្លងតាមបណ្តាញសង្គមជាមួយ VOA ថាលោក ដូណាល់ ត្រាំ គឺជាមនុស្សឆាប់ប្រែប្រួលហើយមិនមានគោលនយោបាយអន្តរជាតិច្បាស់លាស់។ លោកបានបន្ថែមថា ការកោតសរសើររបស់លោក ដូណាល់ ត្រាំ ចំពោះមេដឹកនាំផ្តាច់ការមួយចំនួននៅលើពិភពលោកកំពុងតែធ្វើឲ្យលោកនិងសហរដ្ឋអាមេរិកមិនអាចដឹកនាំពិភពលោកបាន។ លោកថា បណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដូចជាសហភាព អឺរ៉ុប ប្រទេស ជប៉ុននិងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ី ដែលរួមមាន ប្រទេសកម្ពុជា កំពុងតែស្រពេចស្រពិល ចំពោះអនាគតនៃទំនាក់ទំនងប្រទេសនេះជាមួយសហរដ្ឋអាមេរិក។
លោកបានសរសេរបន្តនៅក្នុងន័យដើមដូច្នេះថា៖ «ខ្ញុំគិតថាការប្រឈមនៃការប្រណាំងប្រជែងប្រដាប់អាវុធនៅក្នុងពិភពលោកឥឡូវនេះគឺជាការគំរាមកំហែងពិតប្រាកដចំពោះសុវត្ថិភាពតំបន់។ ហើយរឿងនេះ ដូចគ្នាចំពោះប្រទេសកម្ពុជាដែរ»។
លោកបានបន្ថែមនៅក្នុងន័យដើមដូច្នេះថា៖ «គ្រោះថ្នាក់មួយទៀតគឺការចាប់ផ្តើមនៃសង្គ្រាមនយោបាយត្រជាក់ដែលនឹងអាចកើតឡើង ដែលប្រទេសតូចៗដូចជាប្រទេសកម្ពុជាអាចនឹងត្រូវបានគេប្រើប្រាស់ជាកូនអុកម្តងទៀត។»
លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយប្រាប់ VOA ថាសហរដ្ឋអាមេរិកដែលនឹងស្ថិតក្រោមការដឹកនាំដោយប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ អាចនឹងនាំឲ្យមានការតតាំងដោយកម្លាំងយោធា។
លោកមានប្រសាសន៍ថា៖ «គណបក្សសាធារណរដ្ឋគឺចូលចិត្តប្រើកម្លាំងអំណាចក្នុងការដោះស្រាយបញ្ហា។ ខ្ញុំថាចរិតរបស់ត្រាំហើយ នឹងរបៀបអនុវត្តនយោបាយរបស់គណបក្សសាធារណរដ្ឋនឹងធ្វើឲ្យត្រាំជាអ្នកចូលចិត្តធ្វើនយោបាយ នឹងធ្វើនយោបាយប្រើអំណាចកម្លាំងបាយច្រើន។ ហើយយើងមិនដឹងជាលទ្ធផលយ៉ាងណាទេព្រោះអត្តចរិតរបស់គាត់នឹងគឺមិនធ្លាប់មានក្នុងចំណោមអ្នកដឹកនាំអាមេរិកពីមុនមកបា៎»។
ទោះបីជាមិនមានការជឿជាក់លើការដឹកនាំ និងអត្តចរិតជាមេដឹកនាំប្រទេសដ៏មានអំណាចមួយនេះក៏ដោយ ក៏លោក ចាន់ សុផល បង្ហាញក្ដីសង្ឃឹមថា សហរដ្ឋអាមេរិកក្រោមការដឹកនាំ របស់លោក ដូណាល់ ត្រាំ នឹងអាចជួយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យរីកចម្រើន។
«យើងសង្ឃឹមថា ដូណាល់ ត្រាំ នឹងជួយពង្រឹងតំបន់នេះឲ្យមានសេដ្ឋកិច្ចលូតលាស់ហើយនឹងមានលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស»។
លោកស្រី មូ សុខហួរ តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា យល់ថា ប្រទេសអាមេរិកមានគោលនយោបាយលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅទូទាំងពិភពលោក។ លោកស្រីក៏សង្ឈឹមថា សហរដ្ឋអាមេរិកនឹងបន្តគោលនយោបាយនេះ។
«សហរដ្ឋអាមេរិកគឺជាប្រទេសដែលទូទាំងសាកលលោកបានទទួលស្គាល់ថា ជាប្រទេសដែលឈានមុខជាងគេនៅក្នុងការការពារលទ្ធិប្រជាធិបតេយ្យ ការពារសិទ្ធិសេរីភាពសិទ្ធិមនុស្សដូច្នេះប្រធានាធិបតីណាក៏ដោយនៃសហរដ្ឋអាមេរិកគឺយើងគាំទ្រជានិច្ច គាំទ្រក្នុងស្មារតី»។
«គាំទ្រឲ្យមានការបន្តទៅទៀតនូវជំហរដ៏រឹងមាំ រូបភាពដ៏រឹងមាំ ឆន្ទៈដ៏រឹងមាំនៃសហរដ្ឋអាមេរិក រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងការការពារសិទ្ធិសេរីភាពជាសាកលរបស់មនុស្សការពារលទ្ធិប្រជាធិបតេយ្យដែលជាស្នាដៃរបស់ប្រធានាធិបតីដទៃទៀតរហូតដល់ពេលនេះ»។
លោកស្រីបានបន្ថែមថា ទោះជានរណាជាប់ជាប្រធានាធិបតីក៏ដោយ សហរដ្ឋអាមេរិកនៅតែមានតួនាទីដ៏សំខាន់ចំពោះប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃៗទៀតដែរ ដើម្បីធ្វើឲ្យសាកលលោកទាំងមូលទទួលបាននូវគោលការណ៍នឹងស្មារតីដែលជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យសម្រាប់សាកលលោកទាំងមូល។
លោកស្រីមានប្រសាសន៍ថា៖ «បើសិនជាខ្វះខាងស្មារតីនិងគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍសេដ្ឋកិច្ចមិនអាចមានចីរភាពទេ»។
តែទោះយ៉ាងក៏ដោយ មន្ត្រីរដ្ឋាភិបាលយល់ថា ការណ៍ដែលសហរដ្ឋអាមេរិកដឹកនាំដោយសេដ្ឋីអចលនៈទ្រព្យនឹងជួយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឲ្យរីកចម្រើនបន្ថែមទៀត។ ចំណែក បញ្ហាប្រឈមដូចជារបាយការណ៍រំលោភសិទ្ធិមនុស្សក៏នឹងត្រូវកាត់បន្ថយច្រើនផងដែរ។
លោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មយល់ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងរីកចម្រើននៅពេលដែលសហរដ្ឋអាមេរិកដឹកនាំដោយលោក ដូណាល់ ត្រាំ។
លោកថ្លែងប្រាប់ VOA ថា៖ «យ៉ាងម៉េច ក៏វាមានការរីកចម្រើនខ្លះដែរ ផ្នែកសេដ្ឋកិច្ច ព្រោះថាគាត់ជាមនុស្សផ្នែកសេដ្ឋកិច្ចស្រាប់។ អញ្ជឹងកម្ពុជាយើងវានឹងអាចមានការរីកចម្រើនជាមួយអាមេរិក»។
លោកបន្ថែមថា៖ «បើតាមយើងសន្និដ្ឋានមើលទៅ ទោះបីជាគាត់ផ្តោតលើបញ្ហាសិទ្ធិមនុស្សយ៉ាងម៉េចក៏ដោយ ក៏ប៉ុន្តែគាត់ដូចជាមិនផ្តោតងប់ងល់ពេក»។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ប្រាប់ VOA ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកនៅក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ ការប្រឆាំងនឹងអំពើភារវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន កិច្ចសហប្រតិបត្តិការយោធា និងកិច្ចសហប្រតិបត្តិការលើការបោសសម្អាតមីន ជាដើមមានភាពល្អប្រសើរនៅក្នុងអាណត្តិរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
អ្នកនាំពាក្យរូបនេះថ្លែងថា៖ «ឃើញថា រយៈកាលកន្លងមក កិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនគួរជាទីពេញចិត្តបា៎។ ហើយយើងខ្ញុំសង្ឈឹមថា នៅពេលដែលរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកចូលកាន់តំណែងក្នុងពេលខាងមុខនេះគឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរនឹងនៅតែបន្តវិវឌ្ឍទៅដោយល្អបា៎»។
កាលពីខែវិច្ឆិកា បន្ទាប់ពីលោក ដូណាល់ ត្រាំ ត្រូវបានគេបោះឆ្នោតឲ្យជាប់ជាប្រធានាធិបតី អ្នកជំនាញនយោបាយព្រមានថា ការឡើងធ្វើជាប្រធានាធិបតីនៅសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ នឹងជះឥទ្ធិពលអវិជ្ជមានលើកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅក្នុងបណ្តាប្រទេសលើពិភពលោក ក្នុងនោះមានប្រទេសកម្ពុជាជាដើម។
ប្រធានាធិបតីដែលត្រូវបានពលរដ្ឋអាមេរិកាំងបោះឆ្នោតឲ្យដឹកនាំសហរដ្ឋអាមេរិកកាលពីខែវិច្ឆិកាកន្លងទៅនេះ ល្បីខាងប្រើបណ្តាញសង្គម Twitter ដើម្បីវាយប្រហារទៅលើអ្នកដែលរិះគន់រូបលោក។
លោក ឈាង វណ្ណារិទ្ធ អ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិ អំពីតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្រ្តបានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ក្រោមការដឹកនាំរបស់លោកត្រាំ តួនាទីរបស់អាមេរិកនៅក្នុងពិភពលោកនឹងមានការធ្លាក់ចុះ ដោយសារតែនយោបាយការបរទេសរបស់លោកមានលក្ខណៈជាតិនិយមនិងចង្អៀតចង្អល់។
លោកនិយាយថា នៅពេលដែលគោលនយោបាយរបស់លោកត្រាំ មិនមានភាពប្រាកដប្រជា ប្រទេសកម្ពុជានឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានគួរតែរួបរួមគ្នា ហើយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ដូចជា ប្រទេសក្នុងសហគមន៍អឺរ៉ុប ប្រទេសនៅទ្វីបអាហ្វ្រិក ប្រទេសអាមេរិកឡាទីន និងប្រទេសនៅតំបន់អាស៊ីកណ្តាលជាដើមដើម្បីរក្សាលំនឹងនយោបាយនិងសេដ្ឋកិច្ច៕