បាល់​ទាត់​ទាក់​ទាញ​ការចាប់អារម្មណ៍​ពី​យុវជន​កម្ពុជា

បាល់​ទាត់​ទាក់​ទាញ​ការចាប់អារម្មណ៍​ពី​យុវជន​កម្ពុជា

អ្នក​ទស្សនា​ការ​ប្រកួត​កីឡា​បាល់ទាត់​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​បាន​បញ្ចេញ​សំឡេង​គាំទ្រ​កង​រំពង​ពេញ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​ដ៏​ចំណាស់​ ខណៈ​ពេល​ដែល​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​ជាមួយ​នឹង​ក្រុម​សិង្ហបុរី​ កាល​ពី​សប្តាហ៍​មុន​ ក្នុង​វគ្គ​ជម្រុះ​បឋម​អាស៊ី​ដើម្បី​ឈាន​ចូល​ការ​ប្រកួតពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក។​

មាន​មនុស្ស​ជាង​៦​ម៉ឺន​នាក់​បាន​មក​មើល​ការ​ប្រកួត​ផ្ទាល់​របស់​ក្រុម​ជម្រើស​ជាតិ​ ដែល​ត្រូវ​បាន​គេ​ហៅ​ក្រៅ​ថា​ ជា​អ្នក​ចម្បាំង​ក្រុង​អង្គរ។​

ការ​ប្រកួត​នៅ​ពហុកីឡាដ្ឋាន​នេះ​មានការ​ពេញ​និយម ដោយ​អ្នក​គាំទ្រ​បាន​ទៅ​ទស្សនាផ្ទាល់ ​ហើយ​នៅ​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​ Facebook​ ​មាន​ការ​ជជែក​ពិភាក្សា​អំពី​លទ្ធផល​ និង​របៀប​នៃ​ការ​លេង ​ក្រៅពីនោះក៏​មាន​ការ​ទិញ​ផលិត​ផល​កីឡា​ជាច្រើន ដូចជា​អាវ​ក្រុមជម្រើស​ជាតិ។

ដោយ​មាន​បិទ​រូប​ទង់​ជាតិ​កម្ពុជា​នៅ​លើ​ថ្ពាល់​ យុវនារី​ ជុន​ សុខឃីម ​ដែល​ជា​និស្សិត​មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​ទៅ​មើល​ការ​ប្រកួត​ជា​លើក​ទី​មួយ​ជាមួយ​មិត្ត​ភក្តិ​របស់​នាង។​

«មក​មើល​ផ្ទាល់​ថ្ងៃ​នេះ​ មក​លើក​ទឹក​ចិត្ត​ឲ្យ​កីឡា​ករ​កម្ពុជា​របស់​យើង​ ឲ្យ​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ ហើយ​និង​ឈ្នះ​ការ​ប្រកួត​នេះ»។​

លោក ​ឃួន​ ឡាបូរ៉ាវី​ ជា​ខ្សែ​ប្រយុទ្ធ​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បាន​និយាយ​ថា​ លោក​មាន​ការ​រំភើប​ចំពោះ​ព្រឹត្តិ​ការណ៍​នោះ។ ​លោក​និយាយ​ថា​ អស់​រយៈ​ពេល​១០ឆ្នាំ​ហើយ ដែល​លោក​បាន​លេង​កីឡា​បាល់​ទាត់​នេះ​ ហើយ​ការ​ប្រកួត​កន្លង​មក​មាន​អ្នក​ទស្សនា​ពេញ​កៅអី​នៅ​កន្លែង​មាន​ដំបូល​តែ​ប៉ុណ្ណោះ។

«ជំរុញ​ទឹក​ចិត្ត​ឲ្យ​ប្រឹង​លេង​កាន់​តែ​ខ្លាំង។ ​ពេល​ខ្លះលេង​អត់​ដឹង​ហត់​ទេ​ នៅ​ពេល​មាន​មនុស្ស​មើល​ ហ៊ោ​ច្រើន»។

លោកនាយ​ឧត្តម​សេនីយ៍​ សៅ​ សុខា​ ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ សន្ទុះ​នៃ​ការ​គាំទ្រ​របស់​យុវជន​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​គឺ​ដោយ​សារ​ការ​លេងរបស់​កីឡាករ​បាល់​ទាត់​ ជា​ពិសេស​យុវជន​មាន​បច្ចេកទេស​លេង​ល្អ​ជាង​មុន​ បន្ថែម​លើ​ស្ថិរភាព​នយោបាយ​ និង​កំណើន​សេដ្ឋ​កិច្ច។​

«​ទើប​នឹង​ពេល​ថ្មី​ៗ​នេះ ​មាន​ការ​ពុះ​កញ្រ្ជោល​ដោយ​សារ​ការ​លេង​របស់​យើង​ជា​លក្ខណៈ​អន្តរជាតិ​នេះ​មាន​លទ្ធផល ​ដូច​ខ្ញុំ​បាន​បញ្ជាក់​ខាង​ដើម គឺ​មាន​ការ​ត្រសង​ជា​មួយ​គេ​ មាន​ចាញ់​ មាន​ឈ្នះ​ មាន​ស្មើទៅ​តាម​សមត្ថភាព ​ដែល​យើង​មាន​ អាច​ធ្វើ​បាន»។​

លោក ​កែម ឡី ​អ្នក​ស្រាវ​ជ្រាវ​កិច្ចការ​អភិវឌ្ឍន៍​សង្គម​ ​មើល​ឃើញ​ថា ​វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ​ទាំង​ក្រុម​កីឡាករ ​និង​អ្នក​គាំទ្រ​ ដោយ​សារ​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សិក្សា​ស្វែង​យល់​អំពី​សក្តានុពលវិស័យ​កីឡា​បរទេស​តាម​រយៈ​អ៊ីនធឺណិត​ និង​ការ​វិវត្ត​របស់​កម្ពុជា ​ដែល​អនុញ្ញាត​ឲ្យ​យុវជន​មាន​ឱកាស​លេង​កីឡា​បាន​ច្រើន​ ក៏​ដូច​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​

លោក​បាន​មើល​ឃើញ​ផល​ចំណេញ​ពី​ការ​គាំទ្រ​នេះ​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​ និង​វប្បធម៌​ ទោះ​បី​ជា​វិស័យ​កីឡា​នេះ​នៅ​មាន​កម្រិត​តិចតួច។​

«កាល​ណា​មាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ គណៈ​កម្មការ​អូឡាំពិក​ គណៈ​កម្មការ​កីឡា ​ឬ​មួយ​ក៏​ក្មេងៗ​ដែល​ចូល​លេង​កីឡា​ហ្នឹង​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ហាត់​បន្ថែម​ទៀត ​ពីព្រោះ​គាត់​មាន​ឱកាស​ផ្សាយ​ពាណិជ្ជ​កម្ម។​ គាត់​មាន​ឱកាស​លក់​សំបុត្រ។​ គាត់​មាន​ឱកាស​វិនិយោគ​ទៅ​លើ​វិស័យ​កីឡា។​ អា​ហ្នឹង​វា​ប្រសើរ» ។​

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ វិស័យ​កីឡា​បាល់​ទាត់​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ប៉ុន្មាន​ទេ។​

លោក ​តុង​ សុប្រាជ្ញ ​បានតាម​ដាន​វិស័យកីឡា​បាល់​ទាត់​នៅ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ។​ លោក​បាន​និយាយ​ថា​ ការ​ដែល​ប្រជាជន​ឈប់​គាំទ្រ​កាល​ពី​មួយ​រយៈមុន គឺ​ដោយ​សារនិន្នាការ​នយោបាយ​ខុស​គ្នា​នៃ​ថ្នាក់​ដឹក​នាំ​សហ​ព័ន្ធ​បាល់ទាត់​កម្ពុជា ការ​កំណត់​គ្រាប់​បាល់​មុន​ការ​ប្រកួត​ ដោយ​គ្មាន​ចំណាត់​ការដំណោះ​ស្រាយ​ជា​ដើម។​

ប៉ុន្តែ​ លោក​ទទួល​ស្គាល់​ថា​ បច្ចុប្បន្ន​នេះ​ការប្រកួត​បាល់​ទាត់​ប្រសើរ​ច្រើន​ជាង​មុន​ ហើយ​ការ​លេង​មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើន​ជាង​មុន​ ទោះ​បី​ជា​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ប្រកួត​ចាញ់​ក៏​ដោយ។​

«ឥឡូវ​ទោះ​បី​ជា​ពួក​គាត់​លេង​ចាញ់ ​ប៉ុន្តែ​ធ្វើ​ឲ្យ​អ្នក​មើល​អស់​ចិត្ត»។

កាល​ពី​ដើម​ខែ​មិថុនា​នេះ កម្ពុជា​បាន​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡាអាស៊ី​អាគ្នេយ៍​ SEA GAME ​សម្រាប់​ឆ្នាំ​២០២៣​ជា​ផ្លូវ​ការ ​នៅ​ពេល​ដែល​កម្ពុជា​បាន​ចូលរួម​ប្រកួត​ SEA GAME ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។​

ក្រុម​ជម្រើស​ជាតិ​បាល់​ទាត់កម្ពុជា​មាន​ប្រវត្តិ​មិន​ដែល​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ឡើយ​ នៅ​ក្នុង​ការ​ប្រកួត​កីឡាអាស៊ី​អាគ្នេយ៍។​

លោក​ បូរ៉ាវី ​កីឡាករ​ជម្រើស​ជាតិ​ ​មាន​ការ​ជឿជាក់​ទៅ​លើ​ក្រុម​ជំនាន់​ក្រោយ​សម្រាប់​ការ​ប្រកួត​នា​ពេល​អនាគត​នោះ​ ​ដោយសារ​ពួក​គេ​មាន​ឱកាស​បាន​ហ្វឹក​ហាត់​ពី​ក្មេង ​ខុស​ពី​ជំនាន់​លោក​ ដែល​ចាប់​ផ្តើម​ហាត់​នៅ​ពេល​ដែល​លោក​មាន​អាយុ​១៨​ឆ្នាំ​ទៅ​ហើយ។​

នា​ពេល​អនាគត​ លោក ​កែម​ ឡី​ បាន​ស្នើ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រសួង​អប់រំ​ ដោយ​គួរ​តែ​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​វិស័យ​នេះ​បន្ថែម​ ជាពិសេស​ផ្តល់​ការ​បណ្តុះ​កុមារ ​ដែល​មាន​និស្ស័យ​ទៅ​លើ​កីឡា​ដើម្បី​ឲ្យ​ពួក​គេ​មាន​ការ​ហ្វឹក​ហាត់​ពី​វ័យ​ក្មេង​ទៅ ​ដើម្បី​ឲ្យ​មាន​សន្ទុះ​ខ្លាំង។​

លោក ​សៅ​ សុខា​ បាន​ឲ្យ​ដឹង​ថា​ និរន្តរភាព​នៃ​ការ​គាំទ្រ​នេះ​គឺ​អាស្រ័យ​លើ​ទំនាក់​ទំនង​រវាង​កីឡាករ ​និង​អ្នក​គាំ​ទ្រ។​ លោក​បាន​លើក​ឡើង​ថា​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​កំពុង​ធ្វើ​ការ​ផ្សព្វផ្សាយពាក្យ​ស្លោក​ «ម្នាក់​សម្រាប់​ទាំង​អស់​គ្នា ​ទាំងអស់​គ្នា​សម្រាប់​ម្នាក់» ​ដើម្បី​ឲ្យ​មាន​ការ​គាំទ្រ​លើ​វិស័យ​បាល់​ទាត់​នេះ​កាន់​តែ​ប្រសើរ​ឡើង៕