ពលករ​ខ្មែរ​ស្នើ​ដល់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ជួយ​ស្រោច​ស្រង់​នយោបាយ​កម្ពុជា​ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

រូបឯកសារ៖ លោក​ម៊ូន ជេអ៊ីន ​(Moon Jae-in) នៅក្នុងសន្និសីទកាសែតមួយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១៥ ខែតុលា ឆ្នា២០១៨។

ពលករ​ខ្មែរប្រមាណ​៦ម៉ឺននាក់​ ដែល​កំពុង​ធ្វើការ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ គឺ​កើត​ឡើង ក្រោយ​ពី​មាន​ទំនាក់​ទំនង​ល្អ​រវាង​កូរ៉េ​ខាងត្បូង​ ​និង​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។

ក្រុម​តំណាង​ពលករ​ខ្មែរខ្លះ​ចង់​ឃើញ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ម៊ូន ជេអ៊ីន ​(Moon Jae-in) ​ជួយ​ស្រោច​ស្រង់​ស្ថានការណ៍​នយោបាយ​កម្ពុជា​ ក្នុង​ពេល​លោក​គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ពាក់​កណ្តាល​ខែមិនា​ខាងមុខ។

នៅ​ពេល​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក ​ម៊ូន ជេអ៊ីន​ Moon Jae-in ​គ្រោងនឹង​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​រដ្ឋ​ចំនួន​៣ថ្ងៃ​ លើក​ដំបូង​នៅ​ពាក់​កណ្តាល​ខែមិនា​នេះ ​ដើម្បី​រឹត​ចំណង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ ក្រុម​តំណាង​ពលករ​ដែល​មាន​និន្នាការ​ទៅរក​គណបក្ស​ប្រឆាំង​ខ្លះ​ ចង់​ឃើញ​មេដឹកនាំ​កូរ៉េ​ខាងត្បូង​ដើរ​តួនាទី​ជួយ​ដល់​ការ​ស្តារ​ឡើងវិញ​នូវ​វិស័យ​សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

កញ្ញា​ រស់ សុផល​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់​ ជា​ពលការនី​ម្នាក់​ផ្នែក​កាត់ដេរ​ក្នុង​រោង​ចក្រ​មួយ​ស្ថិតនៅ​ភាគ​ខាងជើង​ ទីក្រុង​សេអ៊ូល​ នៅតែ​គិតពី​ប្រទេស​កម្ពុជា ទោះ​ជា​មក​ធ្វើការ​បាន​៤ឆ្នាំ​ក្តី។

«ក្នុង​នាមខ្ញុំ​ជា​ពលការនី​ម្នាក់​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ខ្ញុំ​មាន​តែ​ការ​សំណូមពរឲ្យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ ម៊ូន ជេអ៊ីន ​ហ្នឹង​ ជំរុញ​និង​លើក​ទឹកចិត្ត​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​គោរព​លើកស្ទួយ​ និង​ឲ្យតម្លៃ​ទៅលើ​លទ្ធិប្រជាធិប​តេយ្យ នៅក្នុង​ប្រទេស​កម្ពុជា»។

រាប់​បញ្ចូល​លើ​បញ្ហា​គោរព​លទ្ធិប្រជាធិបតេយ្យ ​កញ្ញា​ រស់ សុផល​ បាន​អះអាង​ថា​ ការ​គោរព​សិទ្ធិ​បញ្ចេញមតិ​ សិទ្ធិ​ជួបប្រជុំ ​សិទ្ធិ​ប្រមូលផ្តុំ ​សិទ្ធិ​ការងារ ​ការ​បោះ​ឆ្នោត ដោយ​សេរី ​និង​យុត្តិធម៌ ​សារព័ត៌មាន​ជាដើម។

នៅពេល​សួរថា​តើ​ត្រូវការ​ស្នើសុំ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ប្រាប់​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​អំពីបញ្ហា​ង្វី​ទាក់ទង​នឹង​កម្មករ​ទេ ​កញ្ញា សុផល ​ដែល​ជា​ពលករម្នាក់​មាន​និន្នាការ​ទៅរក​គណបក្ស​ជំទាស់ ​បាន​ថ្លែង​ថា ​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​លក្ខខណ្ឌ​ការងារ​ត្រឹមត្រូវ​ មានការ​គោរព​ច្បាប់​ទម្លាប់​បានល្អ។ ​កញ្ញា​ សុផល​ ចង់​ឃើញ​ប្រទេស កម្ពុជា​មាន​ការ​គោរព​សិទ្ធិមនុស្ស​ កម្មករ ​សិទ្ធិ​បញ្ចេញមតិ ​និង​ច្បាប់​ការងារ​ផ្សេងៗដូចនៅ​ប្រទេស​កូរ៉េ។

«អីចឹង​ហើយ​អត់មាន​អ្វី​សំណូមពរ​ទៅ​ដល់​រដ្ឋាភិបាល​កូរ៉េទេ ​ហើយ​ក៏អរគុណ​សម្រាប់ការជួយ​យកពលករ ​យក​ពលរដ្ឋ​ខ្មែរមក​ធ្វើការ​នៅប្រទេស​កូរ៉េ​ដើម្បី​ជួយ​សម្រួល​ដល់ជីវភាព​ក្រុម​គ្រួសារ​ផងដែរ»។

លោក​យ៉ង់ ស៊ីណេត​ កម្មករ​ម្នាក់​ផ្នែក​រោងចក្រ​ផលិត​គ្រឿង​អាលុយ​មីញ៉ូម​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីទីក្រុង​សេអ៊ូល​ មានស្រុក​កំណើត​នៅខេត្តព្រៃវែង​បាន​ថ្លែង​ថា៖

«ដូច្នេះ​ស្នើសុំ​ឲ្យ​លោក​ប្រធានាធិបតី​របស់​កូរ៉េហ្នឹង​ ស្នើឲ្យ​គាត់និយាយ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ហ្នឹង​ដើម្បី​ឲ្យគាត់​ហ្នឹង​ស្តារ​សិទ្ធិមនុស្ស ​មានការ​គោរព​សិទ្ធិមនុស្ស និង​ស្តារ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ។​ ពិតណាស់​ក្នុង​ប្រទេស​មួយ អភិវឌ្ឍន៍​ទៅ​បាន​លុះត្រា​តែមាន​ការ​គោរព​សិទ្ធិមនុស្ស ​មាន​លទ្ធិ​ប្រជាធិបតេយ្យ ​និងមាន​ប្រព័ន្ធ​យុត្តិធម៌​មួយ​ដែល​ជាទី​ទុកចិត្ត ​ហើយ​យើង​សម្លឹង​ទៅ​មើល​ប្រទេស​កម្ពុជា​របស់​យើង ​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ក្រីក្រ ​វាហាក់បី​ដូចជា​នៅ​ឆ្ងាយ​ដូចជើង​មេឃ»។

លោកថា​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ពង្រឹង​លក្ខខណ្ឌ​ការងារ​ សុខាភិបាល ​សិទ្ធិ​សេរីភាព កម្មករ ​ពលករ​ឲ្យបាន​ល្អ ដូច​ជាកូរ៉េ​ ដែល​លោក​ចង់​ឃើញ​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា។

«ព្រោះខ្ញុំ​បាន​មក​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ ​កូរ៉េ​បាន​ផ្តល់នូវ​លំហរ​សេរីភាព ​អាច​យើង​ធ្វើអី​បាន​ ជា​សិទ្ធិ​នៃការ​សម្តែងមតិ​ សិទ្ធិ​ក្នុង​ការ​ចូលរួម​ក្នុង​ការងារ​សង្គម ​ក៏ដូច​ជា​ប្រព័ន្ធ​សុខាភិបាល​របស់​គេ​ក៏ល្អ​ប្រសើរ​គឺថា​គួរតែ​កម្ពុជា​វិញទេ​ ដែល​គួរ​យក​គំរូ​តាម​កូរ៉េ ហើយខ្ញុំ​មករស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​បាន៤ឆ្នាំ ​គឺថា​ ខ្ញុំ​មាន​សេចក្តី​ស្រេកឃ្លាន​មួយ​គឺថា ខ្ញុំចង់​នាំអ្វី​ដែលល្អៗ​ដូច​មាន​នៅ​ប្រទេស​កូរ៉េហ្នឹង​ ចង់ឲ្យប្រទេស​កម្ពុជាយើង​មាន​ដូចជា​ប្រទេស​កូរ៉េដែរ»។

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ការពារ​គោល​ជំហរ​របស់​រាជ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ រឿង​បញ្ហា​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ។

«ចំពោះ​គោលជំហរ​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឆ្ពោះ​ទៅលើ​រឿង​លទ្ធិ​ប្រជាធិបតេយ្យ​ គឺ​យើង​បាន​ប្តេជ្ញា​រួច​ស្រេច​ទៅហើយ​ រក្សា​នៅការ​ចូលរួម​របស់​មហាជន​តាម​រយៈ​អំណាច​របស់​គេ​ ក្នុងការ​បោះឆ្នោត​ដ៏ទៀងទាត់​តាម​ច្បាប់​នៃការ​បោះឆ្នោត​ ​ក៏ដូចជារៀបចំ​ឲ្យមាន​យន្តការ​គ្រប់គ្រង​ក្នុង​ជម្លោះ​លើ​លទ្ធផល​នៃការ​បោះឆ្នោត​តាម​រយៈ​គណៈ​កម្មាការជាតិ​រៀបចំ​ការបោះឆ្នោត​ ក៏ដូចជា​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​ជា​យន្តការ ក្នុងការ​រៀបចំ​ឆ្លើយតប​ពីសិទ្ធិ​សេរីភាព​របស់​មហាជន​ក្នុងការ​ជ្រើសរើស​អ្នក​តំណាង​របស់​គេ»។

ទោះជាណា ​ក្រុម​តំណាង​ពលករ​ខ្មែរ​ថ្លែង​យ៉ាង​ដូច្នេះ ​ដោយសារ​សេរីភាព​ពលរដ្ឋ​សង្គម​ស៊ីវិល​ ប្រព័ន្ធ​យុត្តិធម៌ ​សេរីភាព​នយោបាយ ​ការ​តវ៉ា​រឿង​រំលោភ​បំពាន​ដីធ្លីត្រូវគេ​បិទ​សិទ្ធិ​សេរីភាព។

​ក្រុមពលករ​ថ្លែង​យោង​ទៅលើ​គណបក្ស​ជំទាស់​ ដែល​ត្រូវបាន​តុលាការ​រំលាយ​មុន​ការ​បោះ​ឆ្នោត ​លោក​កឹម សុខា មេដឹកនាំ​ក្រុមជំទាស់​ត្រូវ​ចាប់ឃុំ​ខ្លួន​និង​ចោទ​ប្រកាន់​ទោស​ពី​បទ​ក្បត់​ជាតិ​ ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​មិនមាន​សេរីភាព​ធ្វើ​នយោបាយ ឬ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ដែលនាំ​ឲ្យ​សហគមន៍​អន្តរជាតិ​ជាពិសេស​សហភាព​អឺរ៉ុប​បាន​សម្រេច​ដកការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម ​EBA ​សម្រាប់​ទំនិញ​នាំចូល​ទីផ្សារ​អឺរុប​ទាំងអស់​លើកលែង​តែអាវុធ​ ហើយនិង​ដំណើរការ​របស់​សភា​សហរដ្ឋ​អាមេរិក​ ចង់​ដក​ការ​អនុគ្រោះពន្ធ ​GSP។

ប្រសិន​បើការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងពីរ​កើត​ឡើង​ នោះ​ការណ៍​នេះ​នឹង​ធ្វើឲ្យ​កម្ពុជា​បាត់បង់​ប្រាក់​ចំណេញ​រាប់រយ​លាន​ដុល្លារ​ក្នុងមួយ​ឆ្នាំៗ ​និង​ផល​ប៉ះពាល់​ផ្សេងៗ​ទៀត។

ពលករ​ខ្មែរប្រមាណ​៦ម៉ឺននាក់​ ដែល​កំពុង​ធ្វើការ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​គឺ​កើត​ឡើង ក្រោយ​ពី​មាន​ទំនាក់​ទំនង​ល្អ​រវាង​កូរ៉េ​ខាងត្បូង​ ​និង​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​នៅសប្តាហ៍​នេះ​ បាន​ឲ្យដឹង​ថា​ ទស្សនកិច្ច​របស់​លោក ​ម៊ូន​ ជេអ៊ីន​ ចាប់ពី​ថ្ងៃទី​១៤ ​ដល់​ថ្ងៃទី​១៦ ​ខែ​មិនា​នេះ​គឺ​តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ​ខ្មែរ ​សម្តេច​ព្រះបរមនាថ​ នរោត្តម ​សីហមុនី ។

លោក​ ម៊ូន​ គ្រោងនឹង​មាន​ជំនួប​ជាច្រើន​ជាមួយ​មន្ត្រីកំពូលៗ​របស់​កម្ពុជា​ រួមទាំង​ចូល​គាល់​ព្រះមហាក្សត្រ​ និង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី​ និង​ពង្រឹង​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ក្រៅពី​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់​ អន្តរជាតិ​ដែល​ជា​កង្វល់​និង​ផល​ប្រយោជន៍​រួម។

លោក​ម៊ូន​ គ្រោងនឹង​ថ្លែង​សុន្ទរកថា​នៅក្នុង​វេទិកា​ធុរកិច្ច​មួយ​ផងដែរ​ ក្រៅពី​គ្រោង​នឹង​ធ្វើជា​សាក្សី​ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន៕