ក្រុម​កម្មករ​ថា​មិនសូវ​ដឹង​ពី​បញ្ហា​នយោបាយ​តែ​បារម្ភ​ពី​ការ​បាត់​បង់​ទីផ្សារ​វាយនភណ្ឌ​កាត់ដេរ

ក្រុម​កម្មករ​សំណង់​ចូលរួម​ពិធី​​ជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ ខែ​ឧសភា ឆ្នាំ​២០១៨​ នៅក្នុង​ទីក្រុង​ភ្នំពេញ។ (ហ៊ុល​ រស្មី​/VOA)

កម្មករ​ជា​ច្រើន​រយ​នាក់​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សួន​ច្បារ​ខាង​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ដើម្បី​ប្រារព្ធ​ទិវា​ពល​កម្ម​អន្តរជាតិ​ថ្ងៃទី ០១​​ ខែ​ឧសភា​ ដែល​បាន​ឈាន​ដល់​ខួប​លើក​ទី​១៣២​ ​នៅ​ឆ្នាំ​២០១៨​នេះ។​ ពួកគេ​បាន​លើក​ឡើង​ពី​ការ​លំបាក​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​ដែល​ពួក​គេ​កំពុង​បម្រើ​ការងារ​ក្នុង​នោះ​មាន​បញ្ហា​ប្រាក់​ឈ្នួល​​មិន​គ្រប់គ្រាន់​ ការ​ប្រើប្រាស់​កិច្ច​សន្យា​ការ​ងារ​ខ្លីៗ​និង​​ការ​រើសអើង​សហជីព​ជាដើម។ ដោយ​ប្រឈម​នឹង​បញ្ហា​ទាំង​នេះ ពួក​គេ​និយាយ​ថា ពួក​គេ​បាន​ដឹង​ពី​រឿង​នយោបាយ​តិច​តួច​បំផុត​ ឬ​ក៏​មិន​ដឹង​តែ​ម្ដង។​

គ្រា​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា​ គ.ជ.ប. ​បាន​ចាប់​ផ្ដើម​ទទួល​យក​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​និង​បេក្ខជន​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខែ​កក្កដា​ខាង​មុខ​ ​ក្រុម​កម្មករ​ ​ដែល​បាន​ចូលរួម​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី១​ឧសភា​ ឆ្នាំ​២០១៨​នេះ​និយាយ​ថា​ ពួក​គេ​មិន​សូវ​បាន​ដឹង​អំពី​ដំណើរ​ការ​នយោបាយ​នៅ​ក្នុង​ប្រទេស​ ហើយ​ក៏​មិន​បាន​ដឹង​ពី​ការ​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ដែល​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ទំនិញ​កាត់​ដេរ​កម្ពុជា។​

អ្នកស្រី​ ស្រី ទារិកា​ វ័យ៤៤​ ឆ្នាំ កម្មការិនី​កាត់​ដេរ​មួយ​រូប​បាន​និយាយ​ប្រាប់​ ​VOAថា៖​

«អា​រឿង​ហ្នឹង​ ខ្ញុំ​មិន​សូវ​យក​ចិត្ត​ទុកដាក់​ដែរ​ ខ្ញុំ​ដឹង​ថា​ យើង​ជា​កម្មករ​ យើង​ដឹង​តែ​ថា​ធ្វើការ។​ បើ​រឿង​ថា​ផ្នែក​នយោបាយ​ ខ្ញុំ​អត់​ដឹង»។​

អ្នកស្រី​ក៏​មិន​បាន​ដឹង​ពី​ការ​គំរាម​ជា​បន្ត​បន្ទាប់​របស់​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ដែល​ទាំង​ក្រុម​សហជីព​ និង​និយោជក​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភផង​ដែរ។​ អ្នក​ស្រី​ថា​ ប្រសិនបើ​មានការ​បិទ​ផ្សារ​សម្រាប់​ទំនិញ​កាត់ដេរ​កម្ពុជា​មែន​នោះ​ កម្មករ​មុខនឹង​ប្រឈម​ការពិបាក។

អ្នកស្រី​បាន​ថ្លែង​បន្ថែម​ថា៖

«ពិបាក​វា​ចេះ​តែ​ពិបាក​ហើយ​ មិន​ដឹង​ធ្វើ​ម៉េច»។ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ​២០១៧​ ក្រុម​អង្គការ​សិទ្ធិមនុស្ស​ និង​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ជា​ច្រើន​ បាន​លើក​ឡើង​ពី​ក្ដី​បារម្ភ​ជាបន្តបន្ទាប់​ចំពោះ​ដំណើរការ​វិវត្ត​របស់​ប្រទេស​កម្ពុជា​ ទៅ​រក​របប​ដឹកនាំ​ឯក​បក្ស​ ដែល​ផ្ទុយ​ពី​អ្វី​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​បាន​តម្កល់​ប្រព័ន្ធ​សេរី​ពហុបក្ស​ជាធំ​ ​ក្រោយ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​បង្ក្រាប​សារព័ត៌មាន​ឯករាជ្យ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។​

ក្រុម​កម្មករ​លើក​បដា​ទាមទារ​ឲ្យ​បញ្ឈប់ការ​រើស​អើង​សហជីព​ និង​ការ​ផ្តល់​ប្រាក់​ឈ្នួល​អប្ប​បរមា​នៅ​គ្រប់​វិស័យ​ នា​ពិធីជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ ខែ​ឧសភា ឆ្នាំ​២០១៨​ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ (ហ៊ុល​ រស្មី​/VOA)

ការ​ព្រួយ​បារម្ភ​របស់​សហគមន៍​ប្រជាធិបតេយ្យ​បាន​កើត​ឡើង​កាន់​តែ​ច្រើន នៅ​ក្រោយ​ការ​វាយ​បំបែក​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ​ទៅតាម​បណ្ដឹង​របស់​រដ្ឋាភិបាល​ដែលបាន​ចោទ​ លោក​ កឹម សុខា​ មេដឹកនាំ​គណបក្ស​នេះ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ដោយ​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។​ ការ​ចោទប្រកាន់​បែប​នេះ​ ត្រូវ​បាន​លោក​ កឹម សុខា​និង​សហរដ្ឋ​អាមេរិក​បដិសេធ។

​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ដែល​ជា​ទីផ្សារ​សម្រាប់​ទំនិញ​កាត់​ដេរ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​បាន​បង្កើន​ការ​គាប​សង្កត់​លើ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ជា​ហូរហែ​ឲ្យ​ស្តារ​ឡើងវិញ​នូវ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ ដូច​មុន​ការ​បោះឆ្នោត​ឃុំ​ សង្កាត់​ឆ្នាំ​២០១៧។

កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៨កន្លងទៅ​សហភាព​អឺរ៉ុប​ បាន​គំរាម​ជាថ្មី​ទៀត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ​បន្ទាប់​ពី​គណបក្ស​កាន់​អំណាច​និយាយ​ថា​ ខ្លួន​បាន​ឈ្នះ អាសនៈ​ទាំង​អស់​ពី​ការ​បោះឆ្នោត​ព្រឹទ្ធ​សភាដែល​អ្នកគាំទ្រ​គណ​បក្ស​ប្រឆាំង​ត្រូវ​បាន​ដក​ហូត​សិទ្ធិ​បោះឆ្នោត។

អ្នកស្រី​ Federica Mogherini មេដឹកនាំ​គោល​នយោបាយ​ការ​បរទេស​សហភាព​អឺរ៉ុប​បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ​នា​ពេល​នោះ​ថា ​ក្រុមប្រឹក្សា​បាន​ពិចារណា​វិធានការ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ដែល​អ្នក​ការ​ទូត​និយាយ​ថា​ ជា​ការ​ព្រមាន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​ថា មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម។​

អ្នក​ស្រី​ Mogherini ក៏​បាន​និយាយ​ផង​ដែរ​ថា​ជំនួយ​ហិរញ្ញវត្ថុ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ត្រូវ​បាន​ផ្អាក​រួច​ហើយ។​ អ្នកស្រី​បន្ត​ថា​ សហភាព​អឺរ៉ុប​កំពុង​ពិនិត្យ​ឡើងវិញ​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់បែប​យ៉ាង​លើកលែង​អាវុធ​សម្រាប់​ប្រទេស​កម្ពុជា។ កិច្ច​ព្រមព្រៀង​នេះអនុញ្ញាត​ឱ្យ​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នៅ​ទីផ្សារ​អឺរ៉ុប​ដែល​មាន​ប្រជាជន​ប្រមាណ​ ៥០០​លាន​នាក់។

សម្រាប់​សហរដ្ឋ​អាមេរិក​វិញ ​សមាជិក​ព្រឹទ្ធ​សភា​ដែល​មាន​កិត្តិនាម​ល្បី​ជា​ច្រើន​រូប ​បានមូល​មតិ​គ្នា​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ CARI Act «ស្ដីពី​ការទទួលខុសត្រូវ​របស់​កម្ពុជា និង​ធ្វើ​ឱ្យ​ការ​វិនិយោគ​ត្រឡប់​ដូច​ដើម​វិញ»​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​បង្ក្រាប​នយោបាយ​ និង​ការ​កើន​ឡើង​នៃ​អំណាច​សេដ្ឋកិច្ច​នយោបាយ​របស់​ចិន​នៅ​កម្ពុជា​ផង​ដែរ។

លោក​ សាន់ សុផល កម្មករ​ម្នាក់​ទៀតដែល​បម្រើការ​នៅ​វិស័យ​កាត់​ដេរ​ បាន​និយាយ​ថា លោក​ដឹង​តិច​តួច​ពី​ស្ថាន​ការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​និង​ការ​ព្រមាន​ពី​គំនាប​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ និង​សហ​ភាព​អឺរ៉ុប។ លោក​និយាយ​ថា​ វិបត្តិ​ជាច្រើន​នឹង​ផ្ទុះឡើង​ ប្រសិនបើ​សហគមន៍​ប្រជាធិបតេយ្យ​ធំ​ទាំង​ពីរ​នេះ​បិទ​ទីផ្សារ​សម្រាប់​ទំនិញ​កាត់​ដេរ​កម្ពុជា។

«ស្ថានភាព​ខ្ញុំ​គិត​ថា​ ពេល​ដែល​គេ​បិទទ្វារ​ក្រឹប​ គឺ​ហ្នឹង​អាច​ ជួប​វិបត្តិ​ច្រើន។​ ដូច​ខ្ញុំ​និយាយ​អញ្ចឹង ​ពី​ជំហរ​នៃ​ការ​ចាយ​លុយ​ឥឡូវ​ គឺ​មិន​អាច​គ្រប់គ្រាន់​ ដូច​ថា​ ប្រាក់​ខែ​ ២០០​ឬ​៣០០ហ្នឹង​ នៅ​បែង​ចែក​ច្រើន​មាន​អ្នក​ខ្លះ​ផ្ញើ​កូន​នៅ​ស្រុក​ នៅ​ចាយ​វាយ​នៅផ្ទះ​ គាត់​នៅ​ផ្ទះ​ជួល​ ការ​ធ្វើដំណើរ​ មាន​ឪពុកម្ដាយ​អញ្ចឹង ត្រូវ​ផ្ញើ​ឲ្យ​គាត់​ ហើយ​នៅ​ជំពាក់​លុយ​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត»។​

លោក​ អាត់​ ធន់​ប្រធាន​សហភាពការងារ​កម្ពុជានៅខាងស្តាំដៃថ្លែង​ក្នុងពេល​ប្រគល់ញត្តិ​របស់​សហជីពទាមទារឲ្យការ​គោរព​សិទ្ធិកម្មករ​ ដល់​អ្នកស្រី​ឡោក​ ខេង​តំណាង​រាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា​នៅខាង​ឆ្វេងដៃ នៅថ្ងៃ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ ខែ​ឧសភា ឆ្នាំ​២០១៨​ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ (ហ៊ុល​ រស្មី​/VOA)

លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ ចំពោះ​លទ្ធភាព​ដែល​អាច​ធ្វើ​ឡើង​របស់​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ក្នុង​ការ​គាបសង្កត់​ខាង​សេដ្ឋកិច្ច​មក​លើ​រដ្ឋាភិបាល​កម្ពុជា។​

លោក​បាន​ប្រាប់​VOA​អ្នក​នយោបាយ​គួរ​ស្វែង​រក​ការ​សម្រប​សម្រួល​ណាមួយ​ដើម្បី​បញ្ចៀស​គំនាប​សេដ្ឋកិច្ច​នេះ។​

«កម្ពុជា​គឺ​យើង​នាំ​ចេញ​នូវ​ផលិតផល​សំលៀកបំពាក់​នេះ​គឺ​រហូត​ដល់​ជាង​៩០​ភាគរយ​ហើយ​ទៅអាមេរិក​ទៅ​សហគមន៍​អឺរ៉ុប​ និង​ទៅ​ប្រទេស​កាណាដា​ និង​ជប៉ុន។ បើ​សិន​ជា​មាន​កា​រ​ដាក់​ទណ្ឌកម្ម​ គឺ​មាន​ន័យ​ថា​ អ្នក​ដែល​រងគ្រោះ​មុនគេ​គឺ​កម្មករ។ កម្មករ​ដូច​ពួក​យើង​នេះ​ គឺ​យើង​អត់​ចង់​ឃើញ​បញ្ហា​ជម្លោះ​ទេ​ យើង​ចង់​ឃើញ​តែ​សន្តិភាព​ យើង​ចង់​ឃើញ​ការ​បន្ត​ការ​វិនិយោគ​ និង​ការ​បញ្ជា​ទិញ​តទៅទៀត​ ព្រោះ​កម្មករ​មាន​ការងារ​ធ្វើ​ និងអាច​រក​ចំណូល​ដោះ​ស្រាយ​បញ្ហា​បាន»។​

លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖

«ប្អូន​ត្រូវ​យល់​ថា​ហ្នឹង​ គឺ​សិទ្ធិ​គេ​ធ្វើ​អី​ ធ្វើ​ទៅ​ អា​ហ្នឹង​ជា​សិទ្ធិ​ក្នុង​ក្រប​ខណ្ឌ​ឯករាជ្យ​ភាព​ និង​អធិបតេយ្យ​ភាព​ របស់​គេ។ ហើយ​ត្រង់ថា​ វា​មាន​ឥទ្ធិពល​ ឬ​វិសាលភាព​មក​គ្រប​ដណ្ដប់​ទៅ​លើ​ឯករាជ្យ​ និង​អធិបតេយ្យភាព​របស់​កម្ពុជា​វា​អត់​មាន​ទេ»។

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

លោក​ថ្លែងបន្ថែម​ថា៖

«អា​ហ្នឹង​យើង​ឃើញ​ហើយ​ថា​ ពួក​ឧទ្ទាម​ក្រៅច្បាប់​ហ្នឹង​រត់​មួយ​ជុំ​ផែនដីទៅ​ហើយ​ហ្នឹង។ ដូច​ប្អូន​បាន​ជ្រាប​ស្រាប់​ហើយ​ រត់​ទៅ​អាមេរិក​ ឲ្យ​អាមេរិក​ដាក់​ទណ្ឌកម្ម​បិទ​ទីផ្សារ​ អាមេរិក​នាំ​ទំនិញ​ពី​កម្ពុជា​ តែ​ទីបំផុត​ទៅ​ អាមេរិក​នៅ​ឲ្យ​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP ហ្នឹង​រយៈពេល​ពីរ​ឆ្នាំ​ ទៅ​បី​ឆ្នាំ​ខាង​មុខ​ទៀត​ហ្នឹង។ អា​ហ្នឹង​តើ​ជា​ការ​ឆ្លើយ​តប​វិជ្ជមាន​ ឬ​អវិជ្ជមាន​ចំពោះ​សំណើ​របស់​គាត់​ហ្នុង​។ រត់​ទៅ​EU ​ក៏​អញ្ចឹង​ដែរ​ បាទ​វា​អត់​មាន​ការ​ឆ្លើយ​តប​ណាមួយ​ ជា​វិជ្ជមាន​ចំពោះ​សំណើ​របស់​គាត់​ទេ»។

មិន​មែន​តែ​ក្រុម​កម្មករ​ ដែល​មិនបាន​ដឹង​ច្រើន​ពី​កិច្ច​អភិវឌ្ឍ​នា​នា​នៅ​ក្នុង​នយោបាយ​របស់​ប្រទេស​កម្ពុជា​នោះ​ទេ​ ក្រុម​មេ​ដឹកនាំ​សហជីព​ឯទៀត​ ក្រៅ​តែ​ពី​លោក​ ​អាត់ ធន់​ ​ក៏​មិន​បាន​លើក​ឡើង​ច្រើនអំពី​បញ្ហា​ទំនាក់ទំនង​នយោបាយ​ ជា​មួយ​វិស័យ​ការងារ​នៅ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​ ​១ឧសភា ដែល​បាន​ឈាន​ដល់​ខួប​លើក​ទី​១៣២​ នៅ​ឆ្នាំ​២០១៨​នេះ។

លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ថ្លែង​ជាមួយ​អ្នក​កាសែត​អំពី​បរិយាកាស​ការងារ​នៅ​ក្នុង​ប្រទេសនៅ​ក្នុងពិធីជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ ខែ​ឧសភា ឆ្នាំ​២០១៨​ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ (ហ៊ុល​ រស្មី​/VOA)

ផ្ទុយ​ទៅវិញ​ក្រុម​សហជីព​ដែល​ក្រោម​ការ​ដឹកនាំ​របស់​លោក ​អាត់​ ធន់​ បាន​លើកឡើង​ពី​ការ​ចង់​បាន​របស់​កម្មករ​ចំនួន​១៩​ចំណុច ដោយ​ក្នុង​នោះ​មាន​ការ​ចង់​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​២០៧ដុល្លារ​ ក្នុង​មួយ​ខែ​ជូន​ដល់​កម្មករ​និយោជិត​វិស័យ​កាត់ដេរ​ និង​ដេរ​ស្បែកជើង ​ព្រមទាំង​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​កម្មករ​និយោជិត​ វិស័យ​សំណង់​ ទេសចរណ៍ សេវាកម្ម​ ដឹកជញ្ជូន​ និង​វិស័យ​មួយ​ចំនួន​ទៀតដែល​កំពុង​ប្រឈម៕