អាជ្ញាធរថៃបានប្រកាសនៅថ្ងៃពុធនេះថាខ្លួនរកឃើញករណីវិជ្ជមានកូវីដ១៩លើស្ត្រីខ្មែរម្នាក់ ដែលត្រូវបានរាយការណ៍ថា«លួច»ឆ្លងដែនចូលទឹកដីថៃតាំងតែពីសប្ដាហ៍មុន។ តែអ្នកឃ្លាំមើលស្ថានភាពពលករបារម្ភពីករណីដែលអាជ្ញាធរថៃយកពលករចំណាកស្រុកដើម្បីទម្លាក់កំហុសរឿងឆ្លងរាលដាលកូវីដ១៩ក្នុងសហគមន៍របស់ខ្លួន។
លោក Pakarathorn Thienchai អភិបាលខេត្តជលបុរី (Chonburi) របស់ថៃបានប្រកាសក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃពុធនេះថាស្ត្រីកម្ពុជារូបនោះមានវ័យ១៩ឆ្នាំ។
តាមរយៈវីដេអូនៃសន្និសីទសារព័ត៌មានដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សាលាខេត្តជលបុរី លោកអភិបាល Pakarathorn Thienchai បានថ្លែងថាស្ត្រីរូបនោះស្ថិតក្នុងចំណោមពលករកម្ពុជា១១នាក់ដែលបានមកដល់ស្រុកពានទង«ដោយខុសច្បាប់»កាលពីថ្ងៃទី១៧ខែធ្នូ។
លោកថ្លែងថា៖ «ហេតុដូចនេះទើបបានជាត្រូវយករឿងនេះមកជម្រាបជូនបងប្អូនអ្នកស្រុកជលបុរីឱ្យបានជ្រាបថា នៅខណៈពេលនេះយើងបានត្រួតពិនិត្យរកឃើញអ្នកឆ្លងមេរោគកូវីដជនជាតិកម្ពុជាជាពលករចំណាកស្រុកដែលធ្វើដំណើរចូលមកដោយខុសច្បាប់ចំនួន០១ករណីហើយ»។
លោកអភិបាលខេត្តរូបនេះបន្ថែមថាស្ត្រីវ័យ១៩ឆ្នាំនេះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហើយមន្ត្រីសុខាភិបាលថៃកំពុងតាមដានរកមើលអ្នកប៉ះពាល់ផ្ទាល់ពីព្រំដែនដល់សហគមន៍។
VOA មិនទាន់ទទួលបានការឆ្លើយបំភ្លឺភ្លាមៗពីស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃពុធនេះ។ វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានទេ។
លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីផ្នែកសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ សម្ដែងមន្ទិលអំពីការយកករណីកូវីដទម្លាក់បន្ទុកលើពលករចំណាកស្រុកខ្មែរ ក្រោយលោកនាយករដ្ឋមន្ត្រីPrayut Chan-o-cha (ប្រាយុទ្ធ ចាន់អូចា) បានទម្លាក់កំហុសឱ្យពលករបរទេសជុំវិញការផ្ទុះឆ្លងកូវីដ១៩ ដែលកំពុងរាលដាលនៅក្នុងប្រទេសថៃ។
មន្ត្រីសង្គមស៊ីវិលរូបនេះបារម្ភថារដ្ឋាភិបាលថៃ ដែលកំពុងរងសម្ពាធពីបាតុកម្មព្រមៗគ្នារបស់មហាជនទាមទារប្រជាធិបតេយ្យ កំពុងរកហេតុផលដើម្បីប្រកាសច្បាប់សឹកដឹកនាំគ្រាអាសន្ន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំបារម្ភថារឿងនេះបើសិនជាវាគ្រាន់តែជាស្វាលាបមាត់ពពែ ខ្ញុំគិតថាវាធ្វើឱ្យពលករយើងរងគ្រោះដោយមិនដឹងខ្លួន ហើយចាប់ផ្ដើមមានការរើសអើងពលករបរទេសហើយ។ មានការរើសអើងចាប់ផ្ដើមមិនពេញចិត្ត»។
ទោះយ៉ាងណា លោក ឌី ថេហូយ៉ា ក៏លើកឡើងផងដែរអំពីចលនានៃការលួចនាំពលករកម្ពុជាចូលទៅធ្វើការនៅប្រទេសថៃ អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩តាំងពីដើមឆ្នាំ ដែលការនាំផ្លូវការរងភាពរអាក់រអួល តែអំណោយផលឱ្យមេខ្យល់អាចនាំពលករទៅថៃដោយមិនស្របច្បាប់។
ប្រទេសថៃថាខ្លួនកំពុងទប់ទល់នឹងការឆ្លងរាលដាលកូវីដ១៩ក្នុងសហគមន៍ ដែលធ្ងន់ធ្ងរជាងគេនៅខេត្តសមុទ្រសាគរ(Samut Sakhon) ទីដែលមានករណីឆ្លងច្រើនជាង១០៦៣ករណីគិតត្រឹមថ្ងៃអង្គារ។ នេះបើយោងតាមមន្ទីរជាតិឃោសនាព័ត៌មានផ្លូវការ (National News Bureau of Thailand ឬNNT) របស់ថៃ។
សារព័ត៌មាន NNT បន្ថែមថាមានខេត្តចំនួន៥ហើយដែលមានការបិទខ្ទប់ទាំងស្រុងឬដោយផ្នែក គិតត្រឹមថ្ងៃពុធនេះ ក្នុងនោះមាន សមុទ្រសាគរ សមុទ្រសង្គ្រាម សមុទ្រប្រាការ សុពណ៌បុរី និងឈាងម៉ៃ។
បណ្ដាខេត្តកម្ពុជាជាប់ព្រំដែនថៃបានប្រុងជើងការតាំងតែពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យមានការយាមកាមត្រៀមទទួលពលករកម្ពុជាដែលមកពីប្រទេសថៃ ដោយរៀបចំធ្វើតេស្ដរកកូវីដ១៩ និងធ្វើចត្តាឡីស័កនៅទីដ្ឋានដែលរដ្ឋរៀបចំ។
លោក ហ៊ុន សែន បញ្ជាឱ្យចូលតាមច្រកព្រំដែនអន្តរជាតិចំនួន៣ប៉ុណ្ណោះគឺច្រកដូងក្នុងខេត្តបាត់ដំបង ច្រកប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ក្នុងខេត្តឧត្តរមានជ័យ។
អភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ ប្រាប់វីអូអេថាគិតត្រឹមថ្ងៃពុធនេះ មានពលករកម្ពុជាប្រមាណ១៣០នាក់ហើយ ដែលវិលត្រឡប់មកកម្ពុជាតាមច្រកខេត្តបាត់ដំបង និងកំពុងស្ថិតក្នុងមណ្ឌលចត្តាឡីស័កក្នុងស្រុកកំរៀង។
លោកបន្ថែមថាក្នុងចំណោមនោះ ក៏មានពលករដែលមិនមានឯកសារផ្លូវច្បាប់តែលោកថាអាជ្ញាធរកម្ពុជាត្រូវតែទទួលពលរដ្ឋខ្លួនទោះក្នុងលក្ខខណ្ឌណាក៏ដោយ។
លោកថ្លែងថា៖ «យើងមានកម្លាំងចាំទទួលគាត់។ កាលណាគាត់មកខុសកន្លែង យើងនៅតែឱ្យមកអ៊ីចឹង យើងមិនអាចឃាត់ពលរដ្ឋខ្មែរយើងឱ្យនៅដីគេ កណ្ដាលព្រៃនោះទេ មិនចឹង? យើងត្រូវតែយកហើយ គាត់ឆ្លងមកយ៉ាងម៉េច ក៏ត្រូវយកដែរ»។
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យឱ្យដឹងថាមានពលករកម្ពុជាប្រមាណ៥០០នាក់បានចូលមកពីថៃវិញ តាមច្រកអូរស្មាច់ នារយៈពេល៣ថ្ងៃកន្លងមក។
លោកឲ្យដឹងទៀតថាមណ្ឌលចត្តាឡីស័ករបស់ខេត្តដែលមានកម្រិត នឹងត្រូវរកជំនួយពីខេត្តក្បែរខាង និងខេត្តកំណើតរបស់ពលករសាម៉ី ដើម្បីទទួលការដាក់ឱ្យនៅដាច់ដោយឡែកបានគ្រប់គ្រាន់។
ទាំងអភិបាលខេត្តបាត់ដំបង និងឧត្តរមានជ័យបញ្ជាក់ថាមិនទាន់មានពលករណាម្នាក់មានជំងឺកូវីដ១៩នោះទេ គិតត្រឹមរសៀលថ្ងៃពុធនេះ។ វីអូអេមិនទាន់ទាក់ទងអាជ្ញាធរខេត្តបន្ទាយមានជ័យបាននៅឡើយទេ៕