ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​បញ្ចេញ​មតិ​ផ្ទុយ​គ្នា​ជុំវិញ​ការ​ទៅ​បោះឆ្នោត​ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ

រូបឯកសារ៖ ប្រជាពលរដ្ឋ​កម្ពុជា​ កំពុង​ផ្ទៀងផ្ទាត់​ឈ្មោះ​បោះឆ្នោត​ម្តងទៀត​ នៅឯ​ការិយាល័យ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

បន្ទាប់ពី​អវត្តមាន​របស់​គណបក្សសង្គ្រោះជាតិ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត​ ​អាណត្តិ​ទី៦​នេះ​ ប្រជាពល​រដ្ឋ​មួយ​ចំនួន​នៅ​តែ​​កាន់​ជំហរ​ទៅ​បោះឆ្នោត ​ ក៏​ប៉ុន្តែ​អ្នក​ខ្លះ​បេ្តជ្ញា​មិន​ ​ចូល​រួម ​អ្នកខ្លះ​ទៀត​ទៅ​ចូលរួម​ការ​បោះឆ្នោត​ដោយ​សារ​មាន​ការ​បំភិត​បំភ័យ។

ក្នុង​សប្តាហ៍​នេះ​ ​គណ​បក្ស​នយោបាយ​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​គណបក្ស​ទាំង​អស់​២០​ដែល​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ថ្ងៃទី​២៩​ ​ខែកក្កដា​ខាងមុខ​ ចាប់​ផ្តើម​យុទ្ធនាការ​ ​ឃោសនា​រក​សំឡេង​ឆ្នោត​ទ្រង់ទ្រាញ​ធំ​របស់​ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។​ ​ក្នុង​ថ្ងៃ​ទី​១​នៃ​ការ​ឃោសនា​ ​គេ​សង្កេត​ឃើញ​ថា​ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​១​ប៉ុណ្ណោះ​ដែលមាន​ភាព​អធឹក​អធម​ជាង​គណបក្ស​នយោបាយ​ផ្សេងៗ​ ​ដោយ​មានក្បួន​ម៉ូតូ​ ​ឡាន​ទំនើបៗ​ ​ជាច្រើនគ្រឿង​ ​និង​រថយន្ត​ប្រគុំតន្រ្តី​ដែល​តុប​តែង​ដោយ​ធុងបាស​ចាក់​ភ្លេង​ ​បទ​ចម្រៀង ​និង​ភ្លើង​ពណ៌​យ៉ាងស្អាត​ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ប្រជា​ពល​រដ្ឋ​នៅតាម​ដង​ផ្លូវ។​

បើ​ទោះ​ជាការ​ដង្ហែក្បួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ការ​ចាក់​ភ្លេង​ និង​ចម្រៀងគួរ​ឲ្យ​ទាក់​ទាញ​យ៉ាងណា​ក៏​ដោយ​ ​ប្រជាពល​រដ្ឋ​នៅ​តាម​ដង​ផ្លូវ​មួយ​ចំនួន​នៅ​តែ​មិន​អើ​ពើ​ ​មិន​ចាប់​អារម្មណ៍​ ឬ​មិន​សម្លឹងមើល​ក្បួន​ហែ​កាត់​មុខ​ពួក​គេ​នោះ​ទេ។​

នៅ​ក្នុង​អំឡុង​ពេល​ថ្ងៃ​ឃោសនា​បោះឆ្នោត​សប្តាហ៍​ទី១​នៃ​យុទ្ធនាការ​២១​ថ្ងៃ​ ​ប្រជាពល​រដ្ឋ​មួយ​ចំនួន​ ដែល​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​បាន​បញ្ចេញ​មតិ​ផ្សេងៗ​គ្នា​ ​ប្រាប់​ ​VOA​ ​អំពី​ការ​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​នេះ ​ដែលនឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៩​ខែ​កក្កដា​ខាង​មុខ។​

អង្គុយ​លើ​ម៉ូតូ​កង់បី​ ​ភ្នែក​សម្លឹងមើល​បណ្តាញ​សង្គម​ក្នុង​ទូរស័ព្ទ​ ​លោក​ ​សុទ្ធ បញ្ញា​ ​អ្នករត់​ម៉ូតូ​កង់​បី​ ហាក់​ដូច​ជា​មិន​ខ្វល់​ពី​ការ​ហែក្បួន​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ឡើយ។ បុរសវ័យ​៤០​ឆ្នាំ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ​ការ​បោះឆ្នោត​អាណត្តិ​នេះ​ហាក់​បី​ដូច​ជា​ដឹង​លទ្ធ​រួច​ជា​ស្រេច​ទៅ​ហើយ​ ​ដូច្នេះ​ការ​ឃោសនា​មិនមាន​អ្វី​សំខាន់​នោះ​ទេ។

ក៏​ប៉ុន្តែ​ទោះបី​ជាយ៉ាង​ណា​ក៏​ដោយ​ លោក​បាន​ឲ្យ​ដឹង​បន្ត​ថា​ លោក​នឹង​ចូល​រួម​បោះ​ឆ្នោត​ ​ទោះ​បី​ជា​គ្មាន​គណ​បក្ស​ជំទាស់​ក៏​ដោយ។

«មិន​បាច់​ចាំ​ធ្វើ​ឃោសនា​ក៏​ដឹង​ថា​ របស់​គាត់​ជាប់​ដែរ​ ពី​ព្រោះ​បើ​អត់​មាន​អ្នក​គូ​ប្រជែង​ ដូច​អ្នក​វ៉ៃ​បុក​ចឹង។ ខ្ញុំ​ទៅ​បោះ​ រឿង​ថា​ ទៅ​ខ្ញុំ​អត់​ចោល​ទេ។ ​យើង​ស្រឡាញ់អ្នក​ណា​បោះ​ឲ្យ​អ្នក​ហ្នឹង អី​ចឹង​ តែ​គ្រាន់​តែ​ថា​ ឥឡូវ​វា​បាត់​បង់​គណបក្ស​ប្រកួត​ប្រជែង​ជា​មួយ​គាត់​អីចឹង​ វា​ពិបាក​ដែរ»។​

ជា​មួយគ្នា​នេះ​ដែរ​ កញ្ញា​ ​ជួប ចិន្តា​ ​អាយុ​២២​ឆ្នាំ​ជា​និស្សិត​នៅ​សក​លវិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​បាន​ឲ្យ​ដឹង​ថា​ ការ​រីកចំរើន​របស់​ប្រទេស​កម្ពុជាជា​កក្តា​ជំរុញ​ឲ្យ​នាង​នឹង​ទៅ​ចូល​រួម​បោះ​ឆ្នោត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​

«ខ្ញុំ​ទៅ​បោះ​ធម្មតា​អីចឹង។​ ​អត់​មាន​គំនិត​ថា​ អត់​ចង់​ទៅ​បោះ​ទេ។​ ចង់​និយាយ​ថា​ ពី​មុន​ប្រទេស​យើង​ដុន​ដាប​ខ្លាំង​ តែ​មក​ដល់​ឥឡូវ​ វា​ខុស​ប្លែក​គ្នា​ខ្លាំង។​ អីចឹង​បាន​ខ្ញុំ​គិត​ថា ​ទៅ​បោះ​ឲ្យ»។​

​មិត្ត​ភ័ក្រ​របស់​ នាងជួប ចិន្តា​ ​គឺ​កញ្ញា​ ​សូ វលក្ខណ៍​ ​ដែល​អង្គុយ​ក្បែរ​នោះ​ បាន​បង្ហាញ​គំនិត​ផ្ទុយ​ពី​ចិន្តា។​ យុវតីវ័យ​២២​ឆ្នាំ​ និង​ជា​និស្សិត​នៅ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង រូប​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ជ្រើស​រើស​គណ​បក្ស​ដែល​ត្រូវ​បោះ​ឆ្នោត​ឲ្យ​គឺ​មិន​មែន​ផ្តោត​លើ​តែ​ថ្ងៃ​ឃោសនា​នោះ​ទេ​ គឺ​សង្កេត​មើល​សកម្ម​ភាព​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ជា​យូរ​មក​ហើយ។​

កញ្ញា​វលក្ខណ៍កំពុង​សម្រេច​ចិត្ត​ជ្រើស​រើស​គណ​បក្ស​មួយ​ផ្សេង​ទៀត​ក្នុង​ការ​បោះ​ឆ្នោត បន្ទាប់​ពី​គណបក្ស​ដែល​នាង​ស្រឡាញ់អវត្ត​មាន។

«បើ​តាម​គំនិត​ខ្ញុំ​គឺខ្ញុំអត់​ចង់​ទៅ​បោះ​នោះ​ទេ​ ដោយ​សារ​តែ​អត់​មាន​ថ្នាក់​ដឹក​នាំ​ដែល​ខ្ញុំ​ពេញ​ចិត្ត​ប៉ុន្តែដោយ​សារ​ពួក​យើង​ជា​ប្រជា​ពល​រដ្ឋ​ អីចឹង​យើង​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត​គ្រប់​គ្នា។ ​ដោយ​សារ​តែ​អត់​មាន​គណបក្ស​ដែល​ខ្ញុំ​ពេញ​ចិត្ត​អីចឹង​គឺ​ខ្ញុំ​អាច​ក្រឡេក​មើល​ថ្នាក់​ដឹក​នាំ​ដែល​ល្អ​ជាង​ហ្នឹង។ ​ខ្ញុំ​អាច​បោះ​ឲ្យ​គណ​បក្ស​ដែលថ្នាក់​ដឹក​នាំ​គេ​ល្អ​ អាច​អភិវឌ្ឍ​ប្រទេស​យើង»។​

ស្រប​ពេល​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិការ​កុំ​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​ ​នោះ ​មាន​ការ​លើក​ឡើង​ជា​ច្រើន​ខុសៗ​គ្នា​ ​ដូច​ជា​អ្នក​ដែល​មិន​ចូល​រួម​បោះឆ្នោត​នឹង​ត្រូវ​មាន​ ​ទោស​ ​ត្រូវ​កាត់​ប្រាក់ខែ​ ​ត្រូវ​ផាក​ពិន័យ​ ​ត្រូវ​បណ្តេញ​ពី​ការងារ​ជា​ដើម។​ ​ការយល់​ខុស​ទាំងនេះ​ត្រូវ​គេ​យល់​ឃើញ​ថា​ ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​មួយ​ចំនួនរអា​មិន​ហ៊ានធ្វើ​ពហិការ​ ​ហើយ​ចម្រេច​ចិត្ត​ទៅ​បោះ​ឆ្នោត​ទាំង​ទើស​ទាល់។​

ជាមួយ​គ្នានោះ​ដែរ​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទៅ​បោះ​ឆ្នោត​ ​ដោយ​ភ្ជាប់​នឹង​ការ​ព្រមាន​ជា​បន្ត​បន្ទាប់​ថា ​ប្រសិន​បើ​អ្នក​មិន​ទៅ​បោះ​ឆ្នោត​ហើយ​បែរ​យក​ទឹក​ខ្មៅ​ ឬ​ថ្នាំ​លាប​សក់​មក​លាប​លើ​ម្រាម​ដៃ​បន្លំ​ថា​ ​បាន​ទៅ​បោះ​ឆ្នោត​ ​ អ្នក​នោះ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​មាន​ទោស។​

ជាក់​ស្តែង​លោក ហ៊ុន មនោរាជ​ ​អាយុ​២៩​ឆ្នាំ​ ជា​បុគ្គលិកសណ្ឋា​គារ​មួយ ​បាន​ឲ្យ​ដឹង​ថា ​លោក​នឹង​ទៅ​បោះ​ឆ្នោត​ ពីព្រោះ​មាន​សំពាធ​ពី​កន្លែង​ការងារ ​និង​បារម្ភ​ពី​មុខ​របរ​របស់​ប្រពន្ធ​លោក​ដែល​កំពុង​លក់​ដូរ​នៅ​ក្នុង​ផ្សារ​ផង​ដែរ។

«ខ្ញុំ​ថា ​មិន​ទៅ​ តែ​ខ្ញុំ​គិត​ទៅ​ ខ្ញុំ​នឹង​ទៅ​ដោយ​សារ​អី?​ ទី​១​សម្ពាធ​មេ​នឹង​សួរ​ហើយ​ថា​ យ៉ាង​ម៉េចៗហេតុ​អី​បាន​មិន​ទៅ​បោះ? ​អ្នក​មិន​ទៅ​បោះ​គេ​ថា​ អាច​មិន​មែន​ប្រជា​ពល​រដ្ឋ​ ឬ​ក៏​ក្បត់​ជាតិអី​ចឹង។ ​គេ​អត់​បំរើ​សេវា​សាធារណៈ​ឲ្យ។ អីចឹង​ខ្លាច​ ត្រូវ​តែ​ទៅ! ​ទៅ​អីចឹង​ទៅ​ តែ​អត់​បោះ​ទេ!​ ​ចង់​និយាយថា​ ទៅ ​ទៅ​ឲ្យ​តែ​មាន​ឈ្មោះ ​ជ្រលក់​តែ​ម្រាម​ដៃ​ក្នុង​ទឹក​ថ្នាំ​ ​សន្លឹក​ឆ្នោត​មិន​គូស​ ឬ​គូស​ស្អីៗ ​ក្រវេម​ក្រវាម​ ឲ្យ​តែ​ខូចៗ។ ​ធ្វើ​ម៉េច​ឲ្យតែ​មាន​ទៅ ​និយាយ​ឲ្យ​ខ្លី!»​

ក៏​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ ​នួន វិចិត្រ​ ​ដែល​ជា​ប្រជា​ពល​រដ្ឋមាន​ស្រុក​កំណើត​នៅខេត្ត​សៀមរាប​ ​បាន​ប្តេជ្ញា​ចិត្ត​ថា​ មិន​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​នោះ​ទេ​ ហើយ​ក៏​មិន​ខ្លាច​ការ​គំរាម​កំហែង​ ឬ​ពាក្យ​ចចាម​អារាម​បំភិត​បំភ័យ​អ្វី​ដែរ។​

«សម្រាប់ខ្ញុំ​ផ្ទាល់​ ខ្ញុំ​មិន​ទៅ​បោះ​ឆ្នោត​ទេ​ ដោយ​សារ​តែ​គ្មាន​គណបក្ស​ដែល​ខ្ញុំ​ពេញ​ចិត្ត។ ​សម្រាប់ខ្ញុំដូច​ជា​មិន​ខ្លាច​ទេ​ ដោយ​សារនេះ​ជា​សិទ្ធិរបស់​ខ្ញុំ​ ដែល​បាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ។ ​និយាយ​ទៅ ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​ក្លែង​ក្លាយ ​ការ​បោះ​ឆ្នោត​មួយ​ដែល​គ្មាន​ភាព​ប្រជា​ធិប​តេយ្យ»។​

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិទី​៦​នេះ​គឺមិន​មាន​វត្ត​មាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ទេ​ ​ស្រប​ពេល​ដែល​ស្ថាប័ន​អន្តរ​ជាតិ​ធំៗ​មួយ​ចំនួន​បង្ហាញ​ក្តី​បារម្ភ​ថា​ ​ការ​បោះ​ឆ្នោត​ខាងមុខ​នឹង​ក្លាយ​ជា​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​យុត្តិធម៌​ ​និង​មិន​អាច​ទទួល​យក​បាន។​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម ​និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ ​មាន​ប្រសាសន៍ប្រាប់​ ​VOA​ ​ថា​ ​ការ​ដែល​ប្រជា​ពលរដ្ឋ​សម្រេចចិត្ត​ទៅ​ចូល​រួម​បោះឆ្នោត​ដោយ​ស្ម័គ្រ​ចិត្ត​ និង​មាន​អ្នក​ខ្លះទៀត​មិន​ព្រម​ទៅ​ចូល​រួម​បោះ​ឆ្នោត​នោះ ​សុទ្ធតែ​ជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់​ពួក​គេ។​ ​ក៏​ប៉ុន្តែ​លោក ​មាស ​នី​បាន​សម្តែងការ​បារម្ភថា​ បើមាន​អ្នក​ដែល​ទៅ​បោះ​ឆ្នោត​ដោយ​សារ​ការ​ភិត​ភ័យ​តាម​រយៈ​ពាក្យ​ចចាម​អារាម​កន្លង​មក​ គឺ​មាន​ន័យ​ថា​ ការ​បំភិត​បំភ័យ​នោះ​មាន​ឥទ្ធិ​ពល​ខ្លាំង​ទៅ​លើ​អ្នក​ចូល​រួម​បោះ​ឆ្នោត។​

លោក​ ​មាស នី​ ​បាន​ឲ្យ​ដឹង​បន្តដែរ​ថា ​ទោះ​បី​ជា​គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​មាន​វត្ត​មានក្នុង​ការ​បោះ​ឆ្នោត​នេះ​ក៏​ដោយ​ ​តែ​សន្លឹក​ឆ្នោត​ដែរ​មិន​បាន​ការ​និង​ចំនួន​ប្រជា​ពលរដ្ឋ​ដែល​មិនចូល​រូម​បោះ​ឆ្នោត​គឺ​អាច​បញ្ជាក់​ពី​ប្រជា​ប្រិយ​ភាព​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន។​

«តើ​នៅពេល​បោះ​ឆ្នោត​ហ្នឹង ​សន្លឹក​ឆ្នោត​មិន​បាន​ការ​ហ្នឹង​មាន​ចំនួន​ប៉ុន្មាន? ​បើ​សិន​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ចំនួន​ច្រើន​ ​នោះ​យើង​អាច​វាស់​វែង​បាន​ថា​ ការ​បំភ័យ​ទាំង​ឡាយ​ដែល​យើង​បាន​ឭ​ បាន​ដឹង​មក​ដល់​ពេលនេះ​ គឺមាន​ឥទ្ធិ​ពល​ខ្លាំង​ទៅ​លើ​អ្នក​បោះ​ឆ្នោត​នៅ​ស្រុក​ខ្មែរ​យើង។​ ក៏​ប៉ុន្តែ​ដោយ​សារ​ ​អ្នកទៅ​បោះឆ្នោត​បាន​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​របស់​គេ​ក្លាយ​ទៅ​ជា​សន្លឹក​ឆ្នោត​មិន​បាន​ការ​ ​បូក​ជា​មួយ​អ្នក​មិន​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​ច្រើន​ផង​នោះ​ ​អាហ្នឹង​បាន​ន័យ​ថា ​សង្គ្រោះ​ជាតិ​នៅតែ​បាន​បង្ហាញ​ខ្លួន​ថា​ សង្គ្រោះ​ជាតិ​នៅ​តែ​មាន​ឥទ្ធិ​ពល​ទៅ​លើ​ការ​បោះ​ឆ្នោត»។​

យ៉ាង​ណា​ក៏​ដោយ​ ​ទាំង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​និង​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​តែង​ប្រកាស​ថា​ ​ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ ​បើ​ទោះ​ជា​គ្មាន​ការ​ចូល​រួម​ពី​គណ​បក្សប្រឆាំង​ ​គ្មាន​ការ​ចូល​រួម​ពី​អ្នក​សង្កេត​ការណ៍​ ​និង​គ្មាន​ការ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ដោយ​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕