សិស្ស​និស្សិត​និង​សាធារណជន​កាន់តែ​ច្រើន​ចង់​ដឹង​ពី​ឱកាស​សិក្សា​នៅ​សហរដ្ឋ​អាមេរិក តាម​រយៈ​ពិព័រណ៍​កម្មវិធី​សិក្សា​ EducationUSA

សិស្សានុសិស្សកំពុង​សន្ទនាជាមួយ​អ្នក​ណែនាំ​របស់​សាកល​វិទ្យាល័យ​ក្នុង​សហរដ្ឋ​អាមេរិក​ពី​កម្មវិធី​សិក្សា​ផ្សេងៗ​ ​ ក្នុង​កម្មវិធី​​ពិព័រណ៍​កម្មវិធី​សិក្សា ​EducationUSA ក្នុង​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ពិព័រណ៍​កម្ម​វិធី​សិក្សា​របស់​ EducationUSA ​នា​ឆ្នាំ​នេះ ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ដោយ​មាន​ការ​បង្ហាញ​ព័ត៌មាន​អំពី​សាកលវិទ្យាល័យ​ចំនួន ២៨ នៅ​សហរដ្ឋ​អាមេរិក បាន​ទាក់ទាញសិស្ស​និស្សិត​និង​សាធារណជន​ជាច្រើន​នាក់​នៅ​រាជធានី​ភ្នំពេញ។

គាំទ្រ​ដោយស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ពិព័រណ៍​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជាច្រើន រួមមាន​ការ​លើក​កម្ពស់​គុណភាព​នៃ​ការ​អប់រំ ពង្រីក​ការ​សិក្សា និង​អាជីព​សម្រាប់​ប្រជាជន​កម្ពុជា តាមរយៈ​ការ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ស្ថាប័ន​ឧត្តម​សិក្សា​របស់​សហរដ្ឋ​អាមេរិក។

កញ្ញា​ គីម ស្រីអ៊ីន និស្សិត​ឆ្នាំ​ទី ៤ ផ្នែក​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​កញ្ញា​ ក្រោយ​ពី​បាន​ចូលរួម​ពិព័រណ៍កម្ម​វិធី​សិក្សា​នេះ​ជាមួយ​វីអូអេ។

កញ្ញាថ្លែងថា៖ «តាម​ពិត​ទៅ​ ខ្ញុំ​អារម្មណ៍​ភាគ​ច្រើន​ពី​ Scholarship [អាហារ​រូបករណ៍] ក៏​ដូច​ជា​ការ​សិក្សា​នៅ​អាមេរិក​ អ៊ីចឹង​ហើយ​ខ្ញុំ​នាំ​មិត្ត​ភក្តិ​មក​ចូល​រួម​ជាមួយ​គ្នា»។

តាម​រយៈ​ពិព័រណ៍​នេះ កញ្ញា ស្រីអ៊ីន បាន​ស្វែង​យល់​ដឹង​អំពី​កម្មវិធី​បំផ្លាស់​ប្តូរ​សិក្សា​ជាច្រើន ដែល​អាច​ឱ្យ​សិស្ស​កម្ពុជា​អាច​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​បាន ដោយ​យក​ពិន្ទុ​ពី​ការ​សិក្សា​នៅ​អាមេរិក​មក​ជំនួស​ពិន្ទុ​នៅ​សាលា​ក្នុង​ស្រុក។

ចំណែក​លោក ឌឹម សុភត្រា អាយុ​២៩​ឆ្នាំ ជា​អ្នក​បង្កើត​មាតិកា​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​មួយ និង​ជា​និស្សិត​ថ្នាក់​អនុ​បណ្ឌិត​ ថា លោក​ចូលចិត្ត​ពិព័រណ៍​កម្មវិធី​សិក្សា​បែប​នេះ ព្រោះ​លោក​មាន​គម្រោង​ចង់​បាន​សញ្ញា​បត្រ​ថ្នាក់​អនុបណ្ឌិត​ពី​សាលា​បរទេស។

លោក ឌឹម សុភត្រា អ្នក​បង្កើត​មាតិកា​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន​មួយនិង​ជា​និស្សិត​ថ្នាក់​អនុ​បណ្ឌិត​ ​ ផ្តល់​កិច្ច​សម្ភាសន៍ជាមួយ​វីអូអេ ក្នុង​កម្មវិធីពិព័រណ៍​កម្មវិធី​សិក្សា​ EducationUSA ​ភ្នំពេញ កាល​ពីថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោកថ្លែងថា៖ «គម្រោង​ធំ​របស់​ខ្ញុំ​ គឺ​ខ្ញុំ​ចង់​បាន​ Master’s Degree [ថ្នាក់​អនុបណ្ឌិត] មួយ​ទៀត ដោយ​សារ​ឥឡូវ​រៀន​ master មួយ​នៅ​ខ្មែរ​ហើយ​ ប៉ុន្តែ​ចង់​បាន ​master នៅ​ក្រៅ​ប្រទេស។ អាច​ជា​រៀន​សិទ្ធិ​មនុស្ស​ ឬ​រៀន​ជំនាញ​អី​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ​នឹង​Policy [គោល​នយោបាយ]»។

សិស្ស​និស្សិត​កម្ពុជា​ប្រមាណ​ ១៤.៣% ដែល​មាន​ចំនួន​ ៨៤៨​ នាក់ បាន​បន្ត​ការ​សិក្សា​របស់​ពួកគេ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​ ២០២១។នេះ​បើ​តាម​ព័ត៌មាន​នៅ​ក្នុង​គេហ​ទំព័រ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា។

ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក លោក​ W. Patrick Murphy ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​ការ​បើក​ពិព័រណ៍​កម្មវិធី​សិក្សា EducationUSA ថា ចំណេះ​ដឹង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​សិស្សា​នុ​សិស្ស​កម្ពុជា ហើយ​លោក​ពិត​ជា​សេចក្តី​សោ​មនស្ស​រីករាយ ចំពោះ​ការ​ចូល​រួម​ដ៏​សកម្ម​នេះ។

លោកថ្លែងថា៖ «តាម​ទស្សនៈ​របស់​ខ្ញុំ នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការ​អប់រំ​នៅ​កម្ពុជា។ យើង​មាន​សាកល​វិទ្យាល័យ​អាមេរិក​ជាង ២៥ នៅ​ទីនេះ ហើយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​សេវាកម្ម​ដែល​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ផ្តល់​តាម​រយៈ EducationUSA ដែល​ផ្តល់​ការ​ប្រឹក្សា​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​ដែល​ចាប់​អារម្មណ៍​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក»។

លោក​ឯក​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​បាន​បន្ត​ទៀត​ថា វិស័យ​អប់រំ​នៅ​កម្ពុជា​មាន​ការ​វវិត្ត​ល្អ​ប្រសើរ​ជា​មុន តាម​រយៈកំណែ​ទម្រង់​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​សិក្សា​នៅកម្ពុជារបស់​ក្រសួង​អប់រំ។​ លោក​ក៏​បាន​កត់​សម្គាល់​លើឱកាស​ទទួល​បាន​ការ​អប់រំ​កាន់​តែ​ច្រើន​របស់​សិស្ស​ស្រី​នៅ​កម្ពុជា​ និង​វិសាលភាព​នៃ​ជំនាញ​ ដែល​ផ្តោត​លើ​បច្ចេកវិទ្យា។

ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋអាមេរិក​ប្រចាំកម្ពុជាលោក​ W. Patrick Murphy អមដោយលោក សាន វឌ្ឍនា អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ យុវជននិងកីឡា ក្នុង​កម្មវិធីពិព័រណ៍​កម្មវិធី​សិក្សា​ EducationUSA កាល​ពីថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោកថ្លែងថា៖ «ខ្ញុំ​រីករាយ​ណាស់​ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​នៅ​ប្រទេស​កម្ពុជា​ដែល​បាន​ឃើញ​ការ​ចុះ ឈ្មោះ​ចូល​រៀន​របស់​ក្មេង​ស្រី​និង​យុវតី​កើនឡើង។ តាមពិតទៅ ស្ត្រី​មាន​ចំនួន​ច្រើន​នៅ​កម្រិត​វិទ្យាល័យ​និង​សកលវិទ្យាល័យ ហើយ​វា​អស្ចារ្យ​ណាស់​សម្រាប់​ប្រទេស​កម្ពុជា។ ខ្ញុំ​ក៏​ឃើញ​មាន​ជំនាញ​ច្រើន​ត្រូវបាន​បង្កើត​ឡើង។ ខ្ញុំ​បាន​ទៅ​សៀមរាប​កាលពី​សប្តាហ៍​មុន​ដោយ​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​កម្មវិធី​សិក្សា​អំពី​បច្ចេកវិទ្យា​ដល់​សិស្សនិស្សិត​ ដែល​នឹង​ជួយ​ពួកគេ ព្រោះ​អនាគត​គឺ​ផ្តោត​លើ​បច្ចេកវិទ្យា»។

លោក Tomera Ten ពលរដ្ឋ​ខ្មែរ-អាមេរិក​កាំង​មួយ​រូប ដែល​កំពុង​សួរសុខទុក្ខ​សាច់ញាតិ​នៅ​ភ្នំពេញ បាន​ចូលរួម​ពិព័រណ៌​កម្មវិធី​សិក្សា​នេះ ជាមួយ​បង​ប្អូន​ជីដូន​មួយ និង​ក្មួយ​ស្រី​របស់​លោក ដែល​មាន​គម្រោង​នឹង​ចង់​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស។ លោក​យល់​ថា ការ​សិក្សា​នៅ​បរទេស​នឹង​ផ្តល់​នូវ​ពិសោធន៍​ថ្មី​មួយ​ដល់​យុវជន​កម្ពុជា​អំពី​ពិភពលោក។

លោកថ្លែងថា៖ «ភាព​ខុស​គ្នា​គឺ​បទ​ពិសោធន៍ មិន​មាន​មួយ​ណា​ល្អ​ជា​មួយ​ណា​ទេ ប៉ុន្តែ​អ្នក​ដឹង​ថា​មាន​ឱកាស ទៅ​សិក្សា​នៅ​ប្រទេស​ផ្សេង​ទៀត អ្នក​បាន​រៀន​ពី​ភាព​ខុស​គ្នា​នៃ​វប្បធម៌​របស់​មនុស្ស និង​បាន​ជួប​សិស្ស​ដែល​មក​ពី​ជុំវិញ​ពិភព​លោក»។

EducationUSA គឺ​ជា​បណ្តាញ​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ដែល​មាន​មជ្ឈ​មណ្ឌល​ប្រឹក្សា​និស្សិត​អន្តរជាតិ​ជាង​ ៤០០ ​នៅ​ក្នុង​ ១៧០ ​ជាង​ប្រទេស ដោយ​ផ្តល់​ជូន​នូវ​ព័ត៌មាន​ត្រឹម​ត្រូវ ទូលំ​ទូលាយ និង​បច្ចុប្បន្ន​ភាព​អំពី​ឱកាស​សិក្សា​នៅ​ស្ថាប័ន​ក្រោយ​ឧត្តម​សិក្សា​ដែលទទួល​ស្គាល់​នៅ​សហរដ្ឋ​អាមេរិក។ ពិព័រណ៍​នេះក៏​ផ្តល់​សេវាកម្ម​ដល់​សហគមន៍​អប់រំ​ឧត្តម​សិក្សា​របស់​អាមេរិក​ផង​ដែរ​ ដើម្បី​ជួយ​អ្នក​ដឹក​នាំ​ស្ថាប័ន​ឆ្លើយ​តប​នឹង​ការ​ជ្រើស​រើស​បុគ្គលិក​ និង​គោល​ដៅ​អន្តរជាតិ​ភាវូប​នីយ​កម្ម​ក្នុង​បរិវេណ​សាលា៕