ការប្រគំតន្ត្រីបង្ហើរចម្រៀង Rock'n'Roll របស់ខ្មែរកាលពីទសវត្សរ័ឆ្នាំ១៩៦០ និងចម្រៀងបង្កើតថ្មីផ្ទាល់ខ្លួន នៅសាលមហោស្រពសិល្បៈវប្បធម៌ The Kennedy Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រទី១២ ខែកញ្ញា ឆ្នាំ២០១៧ ទទួលបានការពេញចិត្ត និងការគាំទ្រពីអ្នកទស្សនារាប់រយនាក់ដែលចូលរួមទស្សនាពេញសាលមហោស្រពនោះ។
ក្រុមតន្ត្រីរ៉ក់ ខ្មែរ-អូស្ត្រាលី The Cambodian Space Project ទទួលបានការគាំទ្រខ្លាំងនៅពេលប្រគំតន្ត្រីបង្ហើរចម្រៀង Rock'n'Roll របស់ខ្មែរកាលពីទសវត្សរ៍ឆ្នាំ១៩៦០ និងចម្រៀងបង្កើតថ្មីផ្ទាល់ខ្លួន នៅសាលមហោស្រពសិល្បៈវប្បធម៌ The Kennedy Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។
ការប្រគំតន្ត្រីបង្ហើរចម្រៀង Rock'n'Roll ទៅកាន់ប្រជាជនចម្រុះជាតិសាសន៍នៅសហរដ្ឋអាមេរិករបស់អ្នកស្រី កាក់ ចន្ធី ដែលជាអ្នកចម្រៀងជនជាតិខ្មែរប្រចាំក្រុមតន្ត្រីនេះ បានទាក់ទាញក្រុមអ្នកទស្សនាជាច្រើនរយនាក់ជាមួយសំឡេងដ៏ពិរោះ សមនឹងកាយវិការញាក់តាមបទភ្លេងរង្គើឆាកទាំងនោះ។ ទាំងបទចាស់ និងបទថ្មីមានដូចជាបទ «ឆ្នាំអូន១៦» បទ «ផ្អែមណាស់ស្នេហា» បទ «Whisky Cambodia» និង បទ «មាន VISA អត់មានបាយ» ជាដើម។
នៅពេលរៀបចំខ្លួនមុនពេលសម្តែង អ្នកស្រី ចន្ធី បានថ្លែងប្រាប់ VOA នៅសាលមហោស្រពសិល្បៈវប្បធម៌ The Kennedy Center ថា ទោះបីជាទស្សនិកជនជាតិអាមេរិកាំង និងបរទេសក្តី ក៏នឹងមានការចូលចិត្តបទចម្រៀងដែលអ្នកស្រីសម្តែងដែរ។
«ពួកគាត់អត់ចេះភាសាខ្មែរយើងទេ ហើយខ្ញុំច្រៀងភាសាខ្មែរ តែសំខាន់យើងប្រើកាយវិការ ហើយនឹងសំឡេងទឹកដម ហើយនឹងបទចម្រៀងយកបទពីជំនាន់ដើម យកមកច្រៀង ពួកគាត់ដឹងតែម្តង ដឹងថាបទចម្រៀងនេះ គឺជាបទខ្មែរយើង ភ្លេងនេះគឺបទខ្មែរយើងពីដើម ហើយយើងយកមកកែថ្មីខ្លះ។ អញ្ចឹងពួកគាត់សប្បាយរីករាយ ដែលខ្ញុំសម្តែងលើឆាកដ៏ធំមួយអញ្ចឹង ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំនឹកស្មានមិនដល់ថាខ្លួនឯងដល់ថ្នាក់ហ្នឹងអញ្ចឹងណា»។
អ្នកស្រីបានបន្ថែមថា ការគាំទ្រ និងការឲ្យតម្លៃសិល្បៈ និងវប្បធម៌ខ្មែរ រាល់ពេល សម្តែងធ្វើឲ្យអ្នកស្រីស្រក់ទឹកភ្នែក។
«ខ្ញុំសម្តែង ខ្ញុំដឹងតែពីការញញឹម ការរាំ ហើយនឹងច្រៀងទៅឲ្យគាត់ស្តាប់ តែគាត់មានស្នូរទះដៃយ៉ាងច្រើនមែនទែន ជួនខ្លះរាប់ពាន់នាក់ដែលខ្ញុំនឹកស្មានមិនដល់ជួនកាលខ្ញុំទឹកភ្នែកពេល ដែលពួកគាត់ស្តាប់យើងអត់បាន តែបែរជាគាត់ឲ្យតម្លៃសិល្បៈខ្មែរយើង មានតម្លៃមែនទែន»។
បទចម្រៀងកាលពីសម័យដើមក្នុងទសវត្សរ៍ឆ្នាំ១៩៦០ គឺច្រៀងដោយ អ្នកស្រី រស់ សេរីសុទ្ធា សម្លេងមាស អ្នកស្រី ប៉ែន រ៉ន និងអ្នកស្រី ហ៊ុយ មាស ហើយនឹងអធិរាជ្យសម្លេងមាស លោក ស៊ីន ស៊ីសាមុត ជាដើម ក្រៅពីចម្រៀងបង្កើតថ្មីផ្ទាល់ខ្លួននោះ។
អ្នកចូលរួមទស្សនាម្នាក់គឺ លោកស្រី គុណថារី ឌឺហ្គៃហ្វីយ៊េ (Kunthary de Gaiffier) ជនជាតិខ្មែរ និងជាមន្ត្រីចូលនិវត្តន៍នៃធនាគារពិភពលោកក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានថ្លែងប្រាប់ VOA ក្រោយពីការប្រគំតន្ត្រីដោយបានសម្តែងការគាំទ្រចំពោះសិល្បៈខ្មែរយ៉ាងខ្លាំង។
«ខ្ញុំចូលចិត្តខ្លាំងណាស់ សប្បាយចិត្តណាស់ដែលបានឮបទ ដែលខ្ញុំកាលពីអតីតពីក្រមុំក្មេងចា នឹកឃើញឡើងវិញ ហើយនាងមានសំឡេងល្អខ្លាំងណាស់ ហើយទាំងបទ ទាំងសម្លេងហ្នឹងធ្វើឲ្យខ្ញុំរំភើបចិត្តណាស់»។
លោកស្រីបានបន្ថែមថា ការសម្តែងនៅអាមេរិក និងឆាកអន្តរជាតិដូច្នេះគឺជាផ្នែកមួយនៃការថែរក្សាសិល្បៈ និងវប្បធម៌ខ្មែរឲ្យបានគង់វង្ស។
«ខ្ញុំថាត្រូវថែរក្សាដែរ ព្រោះជំនាន់ហ្នុង សម្បូណ៍ណាស់។ កាលពីឆ្នាំ១៩៦០ហ្នឹងភ្លេងយើងលេងល្អណាស់។ ហើយកុំឲ្យបាត់បង់ទៅណា ត្រូវខិតខំថែរក្សាតទៅទៀត ជាទ្រព្យសម្បត្តិរបស់យើងដែរ»។
អ្នកទស្សនាម្នាក់ទៀតមកពីរដ្ឋធានីវ៉ាស៊ីនតោន គឺនាង Alicia McCartney បានថ្លែងពីការចូលចិត្តលិល្បៈ និងវប្បធម៌ខ្មែរ។
«អូ! ខ្ញុំពិតជាពេញចិត្តការសម្តែងនេះ។ សម្រាប់ខ្ញុំ វាពិសេសណាស់ដែលបានឃើញវប្បធម៌ខ្មែរ និងឃើញតន្ត្រី រ៉ុកខ្មែរមកសម្តែងក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយសាលមហោស្រពសិល្បៈ ហៅថា Millennium Stage នៃ Kennedy Center គឺជាកន្លែងពិសេសដូច្នេះជាកិត្តិយសណាស់ដែលតន្ត្រីនេះត្រូវគេអញ្ចើញមកសម្តែងនោះ ហើយចំពោះខ្ញុំ ជារឿងរីករាយដែលឃើញការសម្តែងនេះ បានចែកចាយដល់ពលរដ្ឋអាមេរិកាំង»។
នាងបានបន្ថែមថា ក្នុងចំណោមបទទាំងអស់នាងចូលចិត្តបទពីសម័យដើមមួយដែលអ្នកស្រី ចន្ធី រើសយកមកសម្តែង។
«អូ ខ្ញុំមានន័យថាចម្រៀង «បទឆ្នាំអូន១៦» ខ្ញុំពេញចិត្តណាស់ចម្រៀងនេះ។ បទនេះមានថាមពលខ្លាំងណាស់។ ខ្ញុំក៏ពេញចិត្តឃើញកុនបញ្ចាំងនៅពីក្រោយជាមួយនឹងតន្ត្រីផងដែរ។ ខ្ញុំក៏ពេញចិត្តនឹងរឿងរ៉ាវដែលអ្នកស្រី ចន្ធី រៀបរាប់ត្រួសៗអំពីអត្ថន័យនៃបទចម្រៀង ហើយនឹងពេញចិត្តនឹងការធ្វើអត្ថាធិប្បាយរបស់បុរសជាជនជាតិអូស្ត្រាលីត្រួសៗដែរ អំពីប្រទេសកម្ពុជា និងអត្ថន័យនៃចម្រៀងព្រមគ្នានោះ។ ខ្ញុំពិតជាពេញចិត្តណាស់»។
ស្ថាបនិកក្រុមតន្ត្រី The Cambodian Space Project គឺលោក Julien Poulson បានថ្លែងថា សមាជិកក្រុមតន្ត្រីរបស់លោកក្នុងប្រទេសកម្ពុជា គឺជាអ្នកបានរស់ពីសង្គ្រាមមក ហើយមានរឿងទុក្ខលំបាកយ៉ាងច្រើន ចេញពីសង្គ្រាម ឬការរស់នៅដ៏លំបាកលំបិន តែបញ្ហារួមនោះ គឺយើងប្រគំតន្ត្រីជាមួយគ្នា ហើយរីករាយជាមួយគ្នា។
«យើងបានបង្កើតក្រុមតន្ត្រីជាមួយគ្នាបន្ត ហើយនេះជាវិធីមួយនៃការប្រាប់រឿងរ៉ាវពិតៗ តែវាជាតន្ត្រី រ៉ុក និង រ៉ូល»។
លោកបន្ថែមថា លោកបានបង្កើតក្រុមនេះកាលពី៧ឆ្នាំមុន ដោយមានមនុស្ស ៥នាក់ លេងឧបករណ៍ភ្លេងផ្សេងគ្នា តែមិនបានចំណាយពេលវែងដើម្បីរៀបចំក្រុមភ្លេងនេះទេ។
«ចំពោះខ្ញុំ ខ្ញុំពិតជាមានសំណាងដែលបានស្គាល់ ចន្ធី ហើយនឹងក្រុមរបស់ខ្ញុំទីនេះ ព្រោះនេះជាអ្វីដែលខ្ញុំមិនរំពឹងថាធ្វើបានទេ»។
ក្រុមតន្ត្រី The Cambodian Space Project មានប្រជាប្រិយភាពនៅលើឆាកអន្តរជាតិ ខណៈអ្នកស្គាល់ក្រុមតន្ត្រីនេះនៅមានចំនួនតិចតួចនៅឡើយក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។
ក្រុមតន្ត្រីនេះបានបង្កើតឡើងកាលពីឆ្នាំ២០០៩ ដោយតន្ត្រីករកោះ Tasmania នៃប្រទេសអូស្ត្រាលី គឺលោក Julien Poulson និងអ្នកស្រី កាក់ ចន្ធី។ កាលនោះ លោក Julien ស្តាប់ឮសម្លេងច្រៀងដ៏ក្រអួនរបស់អ្នកស្រី ចន្ធី ដែលកំពុងច្រៀងក្នុងបារមួយនៅទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជាដែលធ្លាប់បានត្រូវគេដាក់ឈ្មោះឲ្យថា «ទីក្រុងគុជក្នុងតំបន់អាស៊ីអាគ្នេយ៍» កាលពីទសវត្សរ៍៦០។
ដោយការស្រឡាញ់ និងកោតសរសើរសិល្បៈករ និងតន្ត្រីកាលពីយុគសម័យមាសរបស់ប្រទេសកម្ពុជា ក្រុមតន្រ្តីនេះបានបង្កើតឡើង ក្នុងគោលបំណងស្តារឡើងវិញនូវតន្ត្រីដែលកម្ពុជាបានបាត់បង់ក្នុងអំឡុងសម័យខ្មែរក្រហម។
កាលពីទសវត្សរ៍ទី៦០និងទី៧០ តន្ត្រីនៅកម្ពុជាទទួលឥទ្ធិពលយ៉ាងខ្លាំងពីវប្បធម៌អាមេរិក ដែលត្រូវជ្រៀបចូលមកតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក្នុងកំឡុងពេលអាមេរិកធ្វើសង្គ្រាមប្រឆាំងនឹងវៀតណាមកុម្មុយនិស្ត។ ក្រុមតន្ត្រីដែលល្បីៗដូចជា ក្រុមបក្សីចាំក្រុង ក្រុមតន្ត្រីបាយ័ន និងក្រុម Draka បាននាំមកនូវតន្ត្រីរ៉ក់ខេនរ៉ូលប្លែកថ្មីសម្រាប់ប្រជាជនក្នុងទីក្រុង៕