ជីវិត​ស្ត្រី​ខ្មែរ​រៀបការ​ប្ដី​ចិន​ ជួប​ការ​លំបាក​មិន​ដូច​ក្តី​ស្រមៃ​ចង់​មាន​បាន

ទស្សនកិច្ចជនពិភាក្សាអំពី​រូបថត​នៃ​​ពិព័រណ៌​រូបភាព«ការពិត​មិនដូចការរំពឹងទុក»​ ដែលចងក្រង​អំពី​ស្ថានភាព​ស្រ្តី​ខ្មែរ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​​ដោយ​អ្នកថតរូបឯកសារ​ជនជាតិ​ចិន​នាង​យ៉ាន កុង។ ​ពិព័រណ៌​នេះ​ដាក់​បង្ហាញ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃទី​៨​ខែ​ឧសភា​ នៅ​សកលវិទ្យាល័យ​ភូមិន្ទ​និតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​​នៅ​រាជធានី​ភ្នំពេញ។​ (​ឡេង ឡែន​/VOA)

នាង​ យ៉ាន កុង អ្នក​ថត​រូប​ឯកសារ​ជនជាតិ​ចិន ​បាន​ដាក់​តាំង​ពិព័រណ៍​រូប​ថត​ទាំង​នេះ ដែល​មាន​ចំណងជើង​ថា​«ការ​ពិត​មិន​ដូច​ជា​ការ​រំពឹង​ទុក»នេះ។

អ្នកស្រី ប៊ុនថា​ កំពុង​បញ្ចុក​អាហារ​កូន​ប្រុស​តូច​របស់​អ្នក​ស្រី​នៅ​ក្នុង​បន្ទប់​ដ៏តូច​មួយ​ក្នុង​ផ្ទះ ដែល​ព័ទ្ធជុំវិញ​ដោយ​អគារ​ចាស់​ៗ នៅ​តំបន់​ជនបទ​មួយ​ ក្នុង​ប្រទេស​ចិន។

នេះ​គឺ​ជា​រូប​ថត​មួយ​សន្លឹក​ក្នុង​ចំណោម​រូបថត​ចំនួន​១៩សន្លឹក​ ដែល​រៀបរាប់​អំពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី​ ប៊ុនថា​ វ័យ​៣៥​ឆ្នាំ​ ជា​ស្រ្តី​ខ្មែរ​ម្នាក់​ ដែល​បាន​រៀបការ​និង​ទៅ​រស់នៅ​ជាមួយ​ប្តី​ជាជន​ជាតិ​ចិន នៅ​ក្នុង​ភូមិ​មួយ​នៃ​ខេត្ត​ជៀងស៊ី​ (Jiangxi) ​របស់​ប្រទេស​ចិន។

រូប​ថត​ទាំង​នេះ ដែល​បង្ហាញ​ពី​អ្នកស្រី ប៊ុនថា កំពុង​បរិភោគ​អាហារ បោក​ខោអាវ​និង​កំពុង​បី​កូនជាដើម ​ត្រូវ​បាន​តាំង​ពិព័រណ៌​ជា​សាធារណៈ​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ កាលពីថ្ងៃ​ទី៣ ខែ​ឧសភា​កន្លង​ទៅ​នេះ។

នាង​ យ៉ាន កុង អ្នក​ថត​រូប​ឯកសារ​ជនជាតិ​ចិន ​បាន​ដាក់​តាំង​ពិព័រណ៍​រូប​ថត​ទាំង​នេះ ដែល​មាន​ចំណងជើង​ថា​«ការ​ពិត​មិន​ដូច​ជា​ការ​រំពឹង​ទុក»នេះ។

នាង ​យ៉ាន កុង អ្នកថតរូប​ឯកសារ​ជនជាតិ​ចិន​ និងជាម្ចាស់​តាំងពិពណ៌​រូបថត «ការពិត​មិនដូចការរំពឹងទុក»​ ផ្ដល់​បទសម្ភាសន៏​ជាមួយ​អ្នកសារព័ត៌មាន​ នៅ​ថ្ងៃ​ឱកាស​បើកសម្ភោធន៏ កាលពី​ថ្ងៃទី​៣​ ខែឧសភា​ នៅ​សកលវិទ្យាល័យ​ភូមិន្ទនិតិសាស្រ្ត​ និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ នៅ​រាជធានី​ភ្នំពេញ។

អ្នក​ថតរូប​ឯកសារ​វ័យ​២៥​ឆ្នាំ​រូប​នេះ ​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​តាំង​បង្ហាញ​រូប​ថត​ដែល​បង្ហាញ​ពី​ស្ថានភាព​រស់នៅ​របស់​អ្នកស្រី ប៊ុនថា ជាមួយ​ស្វាមី​ជនជាតិ​ចិន​ គឺ​ដើម្បី​ចែក​រំលែក​ព័ត៌មាន​នេះ ជាមួយ​ស្ត្រី​ខ្មែរ​ផ្សេង​ទៀត​ ឲ្យ​ពួកគេ​គិត​ពិចារណា​មុន​នឹង​សម្រេច​ចិត្ត​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​ ដើម្បី​តែ​លុយ។

«អ្នកស្រី ប៊ុនថា​ ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​អស់​ ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​ថត​រូប​នាង។ ហើយ​ខ្ញុំ​គិត​ថា ​សាច់រឿង​របស់​ ប៊ុនថា ​មាន​លក្ខណៈ​សាំ​ញ៉ាំ​ខ្លាំង​ណាស់ ​និង​មាន​ភាព​តានតឹង​នៅ​ក្នុង​ហ្នឹង។ នាង​ខ្វល់ខ្វាយ​ថា ​តើ​គួរ​មក​ផ្ទះ​វិញ​ ឬនៅ​ប្រទេស​ចិន​បន្ត​ទៀត ពីព្រោះ​នាង​ចង់​មើល​ថែទាំ​កូន​របស់​នាង»។

នាង​ យ៉ាន​ កុង ​បាន​ជួប​អ្នក​ស្រី ប៊ុនថា កាល​ពី​ខែ​តុលា​ ឆ្នាំ២០១៤​ ក្រោយ​ពី​នាង​បាន​អាន​រឿងរ៉ាវ​អំពី​កូន​ក្រមុំ​កម្ពុជា​ ដែល​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​ ក្នុង​ទស្សនាវដ្ដី​ក្នុង​ស្រុក​មួយ។

នាង យ៉ាន កុង អះអាង​ថា អ្នកស្រី​ ប៊ុនថា មាន​ក្ដី​អាឡោះ​អាល័យ និង​នឹក​រលឹក​ឪពុក​ម្ដាយ​របស់​អ្នក​ស្រី ដែល​រស់នៅ​នៅ​ខេត្ត​កំពង់​ចាម​ បើ​ទោះបី​ជា​អ្នកស្រី​ បាន​និយាយ​ឆ្លើយឆ្លង​គ្នា​ជាមួយ​ប្អូនស្រី​របស់​អ្នក​ស្រី តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​មួយ​ដង​មួយ​កាល​ក៏​ដោយ។

យោង​តាម​អ្នក​ថតរូប​ជនជាតិ​ចិន​ដដែល នៅ​ក្នុង​ភូមិ​ដែល​អ្នក​ស្រី ប៊ុនថា ​រស់នៅ​នោះ មាន​ស្ត្រី​ខ្មែរ​ជា​ច្រើន​កំពុង​រស់នៅ​ជាមួយ​ប្ដី​ជនជាតិ​ចិន​ ដែលភាគច្រើន​បុរស​ចិន​ទាំង​នោះ​រួម​ទាំង​ប្ដី​របស់​អ្នកស្រី​ ប៊ុនថា​ផង ធ្វើ​ការ​ក្នុង​ការដ្ឋាន​សំណង់។

ប្ដី​របស់​អ្នកស្រី ប៊ុនថា គឺ​លោក ​ហ្សូ រក​ចំណូល​បាន​ជាមធ្យម​ត្រឹម​តែ​៥០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ដែល​នាង ​យ៉ាន កុង ​យល់​ថា ជា​ចំនួន​លុយ​ច្រើន​គួរ​សម បើ​ធៀប​នឹង​ប្រាក់​ចំណូល​នៅ​កម្ពុជា។ ប៉ុន្តែ នាង​ថា នៅ​ក្នុង​ប្រទេស​ចិន ចំនួន​នេះ​ស្ទើរ​តែ​មិន​គ្រប់​ថ្លៃ​ចំណាយ​ចាយ​វាយ​ប្រចាំ​ខែ​ក្នុង​គ្រួសារ​ផង កុំ​ថា​ឡើយ​នៅ​សល់​សម្រាប់​សន្សំ​បាន​ខ្លះ​នោះ។

បុរស​ម្នាក់​ថតយករូប​ភាព​អ្នកស្រី ​ប៊ុនថា ​មកពី​ខេត្ត​កំពង់ចាម​ដែល​ត្រូវ​មេខ្យល់​បោក​យកទៅ​ឲ្យ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន។ ឥឡូវ​អ្នកស្រី​ ប៊ុនថា​ មាន​កូន​ប្រុសម្នាក់អាយុ​ជាង​មួយឆ្នាំ រស់នៅ​តំបន់​ដាច់ស្រយាល​មួយ​ក្នុង​ខេត្ត​ជាងស្ស៊ី​ភាគខាងត្បូង​ឈៀងខាងកើត​នៃ​ប្រទេស​ចិន។

នាង យ៉ាន​ កុង ដែល​បាន​ទទួល​ការ​អនុញ្ញាត​ពី​ប្ដី​អ្នក​ស្រី ប៊ុនថា ក្នុង​ការ​ថត​រូបភាព​អំពី​សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​ពួកគេ និយាយ​ថា លោកស្រី ប៊ុនថា គឺ​ជា​ស្ត្រី​ខ្មែរ​តែម្នាក់​គត់​ ដែល​សុខចិត្ត​ឲ្យ​នាង​ថត​រូប​ និង​សម្ភាសន៍​ជា​សំឡេង​ផង។

«នេះ​គឺ​ជា​រឿង​មួយ ​ដែល​គ្រប់ស្ត្រី​កម្ពុជា​នៅ​ប្រទេស​ចិន​ មិន​បានទទួល​ស្គាល់​ដូច​អ្នកស្រី ប៊ុនថា​ទេ។ ​វា​ពិតជា​អាច​បញ្ជាក់​ថា​ ស្ត្រី​ទាំងនេះ​អាច​នឹង​ក្លាយ​ជា​ឈ្មួញ​កណ្ដាល​ ពីព្រោះ​ពួកគេ​នៅ​ប្រទេស​ចិន​ស្រាប់ ហើយ​ពួកគេ​មាន​ទំនាក់​ទំនង​ជាមួយ​ភាគី​ទាំង​សងខាង។ ដរាបណា​គេ​ដឹង​ថា​ ប្ដី​របស់​គេ​មិន​មាន​លុយ ហើយ​ពួកគេ​មាន​បំណង​ទៅ​ប្រទេស​ចិន​ ព្រោះតែ​ចង់​បាន​លុយ។ ​ដូច្នេះ​វិធី​តែ​មួយ​គត់​ដើម្បី​បាន​លុយ​លឿន ​និង​ងាយ​នោះ​ គឺ​ក្លាយ​ជា​មេខ្យល់ ​ដូចជា​គេ​អាច​ណែនាំ​បុរស​ទាំងនោះ​ទៅ​បងប្អូន​សាច់​ញាតិ​គេ ទៅ​ប្អូនស្រី​បង្កើត​ ឬក៏​អ្នក​ជិតខាង​ទៅ​ប្រទេស​ចិន។ ភ្លាម​នោះ​គេ​នឹង​ទទួល​បាន​លុយ​យ៉ាង​ច្រើន ​តាមរយៈ​ការ​ផ្សំ​គំនិត​ក្នុង​ការ​រៀបការ​នេះ។​ ខ្ញុំ​គិត​ថា​គាត់​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំងអស់​ ដែល​បដិសេធ​មិន​ព្រម​ធ្វើជា​មេខ្យល់»។

អ្នក​តាំង​ពិព័រណ៍​រូបថត​នេះ​បាន​បន្ថែម​ថា បច្ចុប្បន្ន​អ្នកស្រី ​ប៊ុនថា​ ស្នាក់​នៅ​ផ្ទះ​មើល​ថែទាំ​កូន​ និង​ធ្វើ​ការងារ​ផ្ទះ​ជា​ប្រចាំ ​ដោយ​សម្រាន្ត​មិន​បាន​គ្រប់​គ្រាន់​នោះ​ទេ ហើយ​អ្នកស្រី​ ក៏​មិន​បាន​រក​ប្រាក់​ចំណូល​អ្វី​បាន​ដោយ​ខ្លួន​ឯង ​ក្រៅ​ពី​ពឹង​លើ​ប្រាក់​ខែ​ប្ដី​របស់​ខ្លួន​នោះ​ដែរ។​

«​អ្នក​ស្រី ប៊ុនថា ​មិន​បាន​រក​អ្វី​ទេ។​ វា​ដូចតែ​ហ្នឹង​ជីវិត​ដែល​ស្ត្រី​ភាគច្រើននៅ​កម្ពុជា​កំពុង​ជួប​ប្រទះ​ដែរ»។

ក្រៅ​ពី​បង្ហាញ​ពី​ស្ថានភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ស្រី ប៊ុនថា ពិព័រណ៍​រូបថត​«ការ​ពិត​មិន​ដូច​ជា​ការ​រំពឹង​ទុក»នេះ ​ក៏​រៀប​រាប់​តាមរយៈ​ខ្សែ​អាត់​សំឡេង​របស់​អ្នកស្រី ប៊ុនថា​ផងដែរ អំពី​ការ​លំបាក​របស់​អ្នកស្រី ក្នុង​ការ​រស់នៅ​ជាមួយ​ប្ដី​នៅ​ប្រទេស​ចិន​នោះ​ដែរ។

អ្នកស្រី​ ប៊ុនថា ​និយាយ​តាម​ខ្សែ​អាត់​សំឡេង​ដែល​អម​ជាមួយ​រូប​ថត​ទាំង​នេះ​ថា «ខ្ញុំ​មក​នេះ​ ម៉ែ​ឪ​ខ្ញុំ​មិន​ចង់​ឲ្យ​មក​ទេ។ ខ្ញុំ​គិត​ថា​មក​ទៅ​ បាន​ជួយ​ម៉ែ​ឪ​ឲ្យ​រកស៊ី​មាន​បាន​ដូច​គេ​ តែ​ដល់​មក​ទៅ ​ឃើញ​ភ្លាម​ មិន​ត្រឹម​តែ​អត់​មាន​លុយ ​ខ្ញុំ​ឃើញ​ផ្ទះ​ទៅ​ មើល​ទៅ​មិន​គួរ​ឲ្យ​នៅ​សោះ។ ចង់​ទៅ​ផ្ទះ​ភ្លាម​ តែ​វា​មិន​ឲ្យ​ទៅ​ទេ។ វា​ថា ​បើ​ចង់​ទៅ​ផ្ទះ​ ឲ្យ​លុយ​វា​៥០០០​ដុល្លារ​មក»។

ក្នុង​ខ្សែ​អាត់​សំឡេង​ដដែល​ អ្នកស្រី ​ប៊ុនថា​ បន្ត​រៀប​រាប់​ថា​ «បើ​ខ្ញុំ​មាន​លុយ​៥០០០ហ្នឹង​នៅ​ផ្ទះ​វិញ​ ខ្ញុំ​មិន​មក​ទេ។ ​ម៉ា​ផ្ទះ​នៅ​តែ​ឯង ​គ្មាន​ញាតិ​មិត្ត​ និយាយ​ស្ដាប់​គ្នា​មិន​បាន។​ ប្អូន​ខ្ញុំ​វា​ហៅ​ទៅ​ផ្ទះ​វិញ​ដែរ តែ​ខ្ញុំ​វា​អាណិត​ប្ដី។ គិត​ថា​ វា​មិន​ដែល​ធ្វើ​បាប​អ្វី​ទេ ​ណា​មួយ​អាណិត​កូន។ សង្ឃឹម​ថា​ បាន​លុយ​ឲ្យ​ម៉ែ​ឪ​ខ្ញុំ​ តែ​ពេល​ដល់​អត់​បាន​ ឥឡូវ​មាន​កូន​មួយទៀត»។

អ្នក​ជំនាញ​លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ គេ​មិន​ដឹង​ពិតប្រាកដ​អំពី​ចំនួន​ស្ត្រី​ខ្មែរ ដែល​បាន​រៀប​ការ ​និង​ទៅ​រស់​នៅ​ជាមួយ​បុរស​ចិន​នៅ​ប្រទេស​ចិន​នោះ​ទេ ពីព្រោះវា​ជា​ជា​រឿយៗ​ តែង​មាន​រៀបចំ​ដោយ​លួចលាក់​រវាង​មេ​ខ្យល់​ និង​ភាគី​ស្វាមី​នៅ​ប្រទេស​ចិន។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ ម៉ម សុខចា ​មន្ត្រី​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​នៃអង្គការ​ជំនួយ​ផ្លូវច្បាប់​ដល់​កុមារ​ និង​ស្ត្រី បាន​ប្រាប់​ VOAថា រឿងរ៉ាវ​របស់​អ្នកស្រី ប៊ុនថា មិនមែន​ជា​ករណី​តែ​មួយ​គត់​នោះ​ទេ។

«យើង​មាន​២៨ករណី​ ដែល​យើង​បាន​ផ្ដល់​សេវា​ផ្នែក​ច្បាប់​ដល់​គាត់។​ មាន​អ្នក​ខ្លះ​នៅ​ចិន​ អ្នក​ខ្លះ​ត្រឡប់​មក​វិញ។​ នៅ​ក្នុង​២៨ករណី​ហ្នឹង​ មាន​៣​ករណី​ដែល​យើង​បាន​ធ្វើ​សមាហរណកម្ម​មក​ប្រទេស​វិញ‍»។

ស្រ្តី​ម្នាក់​ចង្អុលអ្នកស្រី​រូប​ថត​ ប៊ុនថា​ អាយុ​២៤​ឆ្នាំដែល​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន រស់​នៅ​តំបន់​ដាច់​ស្រយាល​មួយ​នៃ​ខេត្ត​ជាងស្ស៊ី​នៃ​ប្រទេស​ចិន។ ពិព័រណ៌រូបភាព​ដែល​មាន​រូបថត​ចំនួន​១៩​សន្លឹក ​រៀបរាប់​អំពី​ស្ថានភាព​ជិវិត​ស្រ្តី ខ្មែរ​រៀប​ការ​ជាមួយ​បុរស​ចិនត្រូវ​ដាក់​បង្ហាញនៅ​សកលវិទ្យាល័យ​ភូមិន្ទនិតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ ចាប់​ពីថ្ងៃ​ទី៣ដល់​ថ្ងៃទី​៨​ឧសភានេះ។​

លោក​បន្ថែម​ថា​ ភាគច្រើន​នៃ​ស្ត្រី​ខ្មែរ​ ដែល​បាន​រៀប​ការ​ជាមួយ​បុរស​ចិន​នោះ មក​ពី​ខេត្ត​កំពង់​ចាម​ និង​ត្បូង​ឃ្មុំ ហើយ​ពួកគេ​ភាគច្រើន ​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់​ ដោយ​សារ​ពួកគេ​ប្រើប្រាស់​ទិដ្ឋាការ​ទេសចរណ៍​នៅ​ពេល​ទៅ​ប្រទេស​ចិន​នោះ។

«អ្នក​ខ្លះ​សង្ឃឹម​ថា​ ពេល​គាត់​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​ជនជាតិ​ចិន​ គាត់​នឹង​មាន​ជីវភាព​ប្រសើរ។ គាត់​អាច​រក​ប្រាក់​បាន​នៅ​ស្រុក​ចិន​ផ្ញើ​មក​ផ្ទះ។ ​ទី​ពីរ​អ្នក​ខ្លះ​គេ​អត់​បាន​ប្រាប់​គាត់​ថា​ទៅ​ធ្វើការ​ទេ ​មេខ្យល់​ប្រាប់​ថា​ទៅ​ធ្វើការ​រោងចក្រ​ទេ​ បាន​ប្រាក់ខែ​ច្រើន។ ​ប៉ុន្តែ​ពេល​ទៅ​ដល់​ស្រុក​ចិន​ គេ​បង្ខំ​ឲ្យ​រៀប​ការ​ជាមួយ​បុរស​ចិន។ គាត់​គ្រាន់​តែ​ចង់​បញ្ជូន​ប្រាក់​មក​គ្រួសារ​តែ​ប៉ុណ្ណោះ។​ ភាគច្រើន​ ក្នុង​ករណី​ដែល​ខ្ញុំ​បញ្ជូន​ទាំងអស់ ​មិន​មាន​អ្នក​ណា​បាន​ផ្ញើ​លុយ​មក​ផ្ទះ​ទេ»។

លោកស្រី ​ជូ​ ប៊ុនអេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៃ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្នុង​ឱកាស​បើក​សម្ភោធ​ការ​តាំង​ពិព័រណ៍​រូបថត​អំពី​ការ​រៀបការ​របស់​ស្ត្រី​ខ្មែរ ​និង​បុរស​ជនជាតិ​ចិន​នោះ​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​កំណត់​ចំនួន​ស្ត្រី​រងគ្រោះ​អំពី​ការ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​ទេ។

​លោកស្រី​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ចិន ​នឹង​ធ្វើការ​ជាមួយ​អង្គការ​ និង​ទីភ្នាក់ងារ​ផ្គូផ្គង​គូ​ស្រករ​ទាំង​ក្នុង​ស្រុក​ និង​នៅ​ប្រទេស​ចិន​ដើម្បី​ទប់​ស្កាត់​ការ​ជួញដូរ និង​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ ដែល​កំពុង​រងគ្រោះ​នៅ​ប្រទេស​ចិន​ទាំង​នោះ។

យ៉ាង​ណា​ក៏ដោយ ​អ្នក​តាំង​ពិព័រណ៍​រូបថត​អំពី​អ្នក​ស្រី ប៊ុន​ថា គឺនាង ​យ៉ាន កុង​ បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​នៅ​ខេត្ត​ជៀងស៊ី​តែមួយ​ក្នុង​ប្រទេស​ចិន​នោះ មាន​ស្វាមី​ភរិយា​ចំនួន​២០០០គូ​ ដែល​ក្នុង​នោះ ​កូន​ក្រមុំ​មក​ពី​ប្រទេស​កម្ពុជា។

អ្នក​ស្រី ប៊ុនថា ស្ត្រី​ខ្មែរ​ដែល​បាន​រៀបការ​ និង​ទៅ​រស់នៅ​ជាមួយ​ប្ដី​ចិន​នៅ​ប្រទេស​ចិន​នោះ​ បាន​ថ្លែង​តាម​ខ្សែ​អាត់​សំឡេង​ដែល​គេ​ដាក់​បង្ហាញ​អម​ជាមួយ​នឹង​រូបថត​ក្នុង​ពិព័រណ៍​នេះ​ថា៖

«មិន​ចង់​ឲ្យ​ប៉ា​ម៉ែ​ខ្ញុំ​ពិបាក​ទេ។ ​តេ​ប្រាប់​ម៉ែ​ឪ​ខ្ញុំ​ថា​ កុំ​ឲ្យ​ពីណា​មក​ទៀត។ មក​នេះ​គ្មាន​បាន​លុយ​អី​ទេ។​ ចង់​បាន​លុយ​គេ ​វា​មិន​ស្រួល​ទេ។ ប្រឹង​រក​ស៊ី​ខ្លួនឯង​ទៅ តិចតួច​ក៏ដោយ»៕