នយោបាយកម្ពុជា​ក្លាយ​ជា​ហិង្សា

  • Robert Carmichael

នៅ​ក្នុង​រូបថត​ដែល​ផ្តល់​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ បង្ហាញ​ពី លោក​ ញ៉យ​ ចំរើន ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​រង​របួស​ដោយ​សារ​អំពើ​ហិង្សា​បង្ក​ដោយ​បាតុករ​ នៅ​មុខ​រដ្ឋ​សភា​ជាតិ​​ នា​វេលា​ថ្ងៃ​ត្រង់​ ទី​២៦​ ខែ​តុលា​ ឆ្នាំ​២០១៥។កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ក្រុម​អ្នក​តវ៉ា​ដែល​ភាគ​ច្រើន​ជា​ យុវជន​នេះ​ បាន​មក​ប្រមូល​ផ្តុំ​គ្នា​នា​មុខ​រដ្ឋសភា​ជាតិ​និង​ស្នើ​ឲ្យ​មាន​ការដក​តំណែង​លោក​កឹម​ សុខា​ អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភាជាតិ​ ដោយ​លើក​ហេតុផល​ថា​លោក​ប្រើ​នយោបាយ​ភូតភរ​បោកប្រាស់​និង​លាបពណ៌។​

ចំណង​ទាក់ទង​រវាង​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា កាន់​តែ​មាន​សភាព​ដុនដាប​​ខ្លាំង​ឡើង​ក្នុង​សប្តាហ៍​នេះ​ បន្ទាប់​ពី​មាន​ការ​វាយតប់​ពី​សំណាក់​ហ្វូង​មនុស្ស ទៅ​លើ​តំណាងរាស្រ្ត​របស់​គណបក្ស​ប្រឆាំង​២រូប។

ចំណង​ទាក់ទង​រវាង​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា កាន់​តែ​មាន​សភាព​ដុនដាបខ្លាំង​ឡើង​ក្នុង​សប្តាហ៍​នេះ​ បន្ទាប់​ពី​មាន​ការ​វាយតប់​ពី​សំណាក់​ហ្វូង​មនុស្ស ទៅ​លើ​តំណាងរាស្រ្ត​របស់​គណបក្ស​ប្រឆាំង​២រូប ខណៈ​ពេល​ដែល​តំណាងរាស្រ្ត​ទាំង​២រូបនេះ​បាន​ចាកចេញ​ពី​សភា​ជាតិ។ ហេតុការណ៍​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ ជា​ស្នាដៃ​របស់​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាចនេះ​កើតឡើង​បន្ទាប់​ពី​មាន​ការ​ព្រមាន​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​ថា​ ប្រទេស​កម្ពុជា​នឹង​មាន​សង្រ្គាម​ស៊ីវិល ប្រសិន​ណា​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត​នៅ​ឆ្នាំ២០១៨​ខាង​មុខ​នេះ។

​ការ​វាយប្រហារ​យ៉ាង​សាហាវ​ឃោរឃៅ​កាល​ពី​ពេល​ថ្ងៃត្រង់​នៅ​ថ្ងៃ​ច័ន្ទ​ទៅ​លើ​តំណាងរាស្រ្ត​របស់​គណបក្ស​ប្រឆាំង​២រូប​នេះ គឺ​ជា​ការ​រំលឹក​យ៉ាងច្បាស់​ថា ភាព​តានតឹង​ក្រោយ​ការ​បោះឆ្នោត​របស់​កម្ពុជា​កាលពី​ឆ្នាំ២០១៣​ មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ​ទេ។

ការ​វាយ​ប្រហារ​នេះ​ ត្រូវ​បាន​គេ​ជឿ​ថា​ ជា​ស្នាដៃ​របស់​ជន​ដៃ​ដល់​របស់​គណបក្ស​កាន់​អំណាច បន្ទាប់​ពី​មាន​ការ​បរាជ័យ​នូវ​វប្បធម៌​សន្ទនា​រវាង​លោក​ នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​មេដឹកនាំ​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី កាល​ពី​ដើម​ឆ្នាំ​នេះ។ យោង​តាម​ទ្រឹស្តី ការ​វាយប្រហារ​នេះ គឺ​ជា​ដំណើរការ​មួយ​ដែល​ធ្វើ​ឲ្យ​ភាព​តានតឹង​កាន់តែ​មាន​សភាព​ខ្លាំងក្លា​ឡើង។

ក្រុម​ជន​ដៃ​ដល់ បាន​វាយតប់​អ្នក​តំណាងរាស្រ្ត​ទាំង២រូប​ ខណៈពេល​ដែល​ពួកគេ​បាន​ចាកចេញ​ពី​សភាជាតិ ដោយ​ចាប់​អូស​ពួកគេ​ចេញ​ពី​រថយន្ត និង​ធ្វើ​ការ​វាយតប់​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់។ សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​បាន​និយាយ​ថា ប៉ូលិស​ និង​កង​សន្តិសុខ​ដែល​យាម​នៅ​ក្បែរ​នោះ​ មិន​បាន​ជួយ​អន្តរាគមន៍​ដល់​អ្នក​តំណាងរាស្រ្ត​ទាំង​២រូប​នោះ​ទេ។ ឥឡូវនេះ អ្នក​តំណាងរាស្រ្ត​ទាំង​២រូប​នោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ។

​អំពើ​ហិង្សា​នេះ​កើតឡើង​ភ្លាមៗ​ បន្ទាប់ពី​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រាប់​រយ​នាក់​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នៅ​ក្រៅ​សភា​ជាតិ ដោយ​ទាមទារ​ឲ្យ​អនុប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក កឹម សុខា លាលែង​ពី​តំណែង​ជា​អនុប្រធាន​រដ្ឋ​សភា។

ហេតុការណ៍​នេះ​ កើតឡើង​ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ទាមទារ​ឲ្យ​តុលាការ​កម្ពុជា​កាត់​ទោស​លោក កឹម សុខា ពី​បទ​ព្យាយាម​ផ្ដួល​រំលំ​រដ្ឋាភិបាល។

នៅ​ក្នុង​ការ​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​កាល​ពីថ្ងៃ​ពុធ​នេះ លោក ហ៊ុន សែន បាន​ថ្កោលទោស​ទៅលើ​ការ​វាយប្រហារ​នេះ និង​បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​អ្នកពាក់ព័ន្ធ​ទាំងអស់​នោះ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក លោក ហ៊ុន សែន ក៏​បាន​ទទូច​ថា​ គណបក្ស​កាន់​អំណាច​មិន​នៅ​ពី​ក្រោយ​រឿង​នេះ​ទេ។

គណៈកម្មាធិការ​របស់​រដ្ឋាភិបាល​ដែល​មាន​សមាជិក​ជា​មន្រ្តី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​ផ្តល់​ភារកិច្ច​ឲ្យ​ស៊ើបអង្កេត​លើ​រឿង​ដែល​បាន​កើតឡើង​នេះ។

អ្នក​វិភាគ​នយោបាយ គឺ​លោក អ៊ូ​ វីរៈ ដែល​ជា​ស្ថាបនិក​នៃ​វេទិកា​អនាគត​ដែល​ជា​អង្គការ​ស្រាវជ្រាវ​នយោបាយ​ក្នុង​ស្រុក​និយាយ​ថា មនុស្ស​ជាច្រើន​ជឿ​ថា សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​រឿង​នេះ។

លោក អ៊ូ វីរៈ បាន​ថ្លែង​ថា «ខ្ញុំ​គិត​ថា មាន​ភស្តុតាង​គ្រប់គ្រាន់ មាន​វីដេអូ​គ្រប់គ្រាន់ ក្នុង​ការ​បង្ហាញ​ថា វា​កើតឡើង​មក​ពី​សមាជិក​របស់​គណបក្ស​កាន់​អំណាច ប៉ុន្តែ​ខ្ញុំ​គិតថា សំណួរ​គឺនៅ​ត្រង់​ថា តើ​ពួកគេ​នឹងត្រូវ​បាន​ដាក់ទោស​ទៅ​លើ​ការ​ប្រព្រឹត្ត​នេះ​ដែរ​ឬ​ទេ?»​

លោក​បាន​បន្ថែម​ថា មនុស្ស​ម្នា​មាន​ការ​សង្ស័យ​ថា​តើ​គណៈកម្មាធិការ​ស៊ើបអង្កេត​ពិត​ជា​ធ្វើ​ការងារ​របស់​ពួកគេ​ដោយ​មិន​លម្អៀង​ដែរ​ឬ​ទេ។

លោក អ៊ូ វីរៈ បាន​បន្ត​ថា «ខ្ញុំ​មិន​ជឿ​ទេ ថា​យើង​អាច​ទុក​ចិត្ត​បាន​ ថា​ការ​ស៊ើបអង្កេត​នឹង​អាច​ដាក់​សំណាញ់​ចាប់​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំងអស់​នោះ​បាន ក៏ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ពួកគេ​ប្រហែល​ជា​អាច​ចាប់​ខ្លួន​មនុស្ស​ពីរ​ឬបី​នាក់​ ហើយ​រដ្ឋាភិបាល​កាន់​អំណាច​អាច​លាតត្រដាង​ថា វា​ជា​ហេតុផល​ ដែល​បញ្ជាក់​ថា ពួកគេ​មិន​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​វាយប្រហារ​នេះ​ទេ។ ខ្ញុំ​គិតថា ទស្សនៈ​របស់​សាធារណៈជន នឹង​នៅ​តែ​បន្ត​មាន​មន្ទិល​សង្ស័យ បើ​ទោះ​បី​ជា​ វា​ជា​ការពិត​ក៏​ដោយ»។

លោក អ៊ូ វីរៈ បាន​កត់​សម្គាល់​ថា លោក​ ហ៊ុន សែន​ មិន​បាន​លើកឡើង​អំពី​ហេតុការណ៍​ទី​ពីរ​ដែល​បាន​កើតឡើង​ដោយ​សារ​ជន​ដៃដល់ កាល​ពីថ្ងៃច័ន្ទ​ ក្នុង​អំឡុង​ពេល​ដែល​ក្រុម​អ្នក​តវ៉ា​ បាន​គប់​ដុំ​ថ្ម​ចូល​ក្នុង​ផ្ទះ​របស់​លោក កឹម សុខា អស់​រយៈពេល​ប៉ុន្មាន​ម៉ោង ខណៈពេល​ដែល​ភរិយា​ និង​មនុស្សម្នា​ដទៃ​ទៀត​កំពុង​ភ័យ​ខ្លាច​នៅ​ខាង​ក្នុង​ផ្ទះ​ ហើយ​ប៉ូលិស​មិន​បាន​រារាំង​ក្រុម​អ្នក​តវ៉ា​នោះ»។ ​

កងកម្លាំង​ប្រដាប់​អាវុធ​របស់​កម្ពុជា​ បាន​ចូលរួម​ក្នុង​ការ​តវ៉ា​ក្នុង​សប្តាហ៍​នេះ។ មាន​ទាហាន​មួយ​ក្រុម​ដែល​ត្រូវ​បាន​គេ​ថត​រូប​ឃើញ​ថា ​មាន​កាន់​បដាទាមទារ​ឲ្យ​លោក​ កឹម សុខា ចុះ​ចេញ​ពី​តំណែង។ មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ បាន​គាំទ្រ​សកម្មភាព​របស់​ទាហាន​ទាំង​នេះ ថា​ជា​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ។

ហេតុការណ៍​ទាំងអស់​នេះ​កើត​ឡើង​ក្រោយ​ពី​មាន​ការ​ព្រមាន​ធ្ងន់ៗ​ជាច្រើន​ ពី​សំណាក់ លោក ហ៊ុន សែន ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដែល​ថា​នឹង​មាន​សង្រ្គាម​ស៊ីវិល​កើតឡើង ប្រសិន​ណា​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះឆ្នោត​អាណត្តិ​ក្រោយ ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ហើយ​លោក ហ៊ុន សែន​ ក៏​បានប្រើ​ពាក្យ​សម្តី​វាយប្រហារ​ធ្ងន់ៗ​ជាច្រើន​ ទៅ​កាន់​លោក កឹម សុខា និង​មេដឹកនាំ​គណបក្ស​ប្រឆាំង ​លោក សម​ រង្ស៊ី ផង​ដែរ។ ​

សម្រាប់​លោក សម រង្ស៊ី ដែល​នឹង​ត្រូវ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ បាន​ធ្វើ​ការ​រិះគន់​លើ​ការ​វាយប្រហារ​ទៅ​លើ​មន្រ្តី​តំណាងរាស្រ្ត​របស់​គណបក្ស​ប្រឆាំង ថា​ជា​យុទ្ធសាស្រ្ត​របស់​ លោក ហ៊ុន សែន​ ក្នុង​ការ «ប្រើប្រាស់​វិធីសាស្រ្ត​ហ្វាស៊ីស​ ដើម្បី​ក្រាញ​នឹង​អំណាច‍»។

ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ អ្នក​វិភាគ​មួយ​ចំនួន រួម​ទាំង​លោក អ៊ូ វីរៈ ដែលជា​នាយក​នៃ​វេទិកា​អនាគត បាន​បញ្ចេញ​ការ​ភ្ញាក់​ផ្អើល​ថា គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រើប្រាស់​វិធីសាស្រ្ត​បំភិតបំភ័យ​និង​ហិង្សា​ ដើម្បី​ក្តោបក្តាប់​អំណាច​នោះ ហាក់​ដូចជា​ចាប់ផ្តើម​ធ្លាក់​កូដ​រួច​ទៅ​ហើយ។ ​

លោក អ៊ូ វីរៈ បាន​និយាយ​ថា «ការ​បោះឆ្នោត​ជាតិ ដែល​ជា​ការ​បោះឆ្នោត​ដ៏​សំខាន់​បំផុត​នោះ​ នឹង​មក​ដល់​ក្នុង​រយៈពេល​ជិត​៣ឆ្នាំ​ខាង​មុខ ដែល​នេះ​ជា​រយៈពេល​ដ៏យូរ​ទៅ​មុខ​ទៀត។ ដូច្នេះ ខ្ញុំ​គិតថា ប្រសិន​បើ​ គណបក្ស​កាន់អំណាច ចាប់​ផ្តើម​អនុវត្ត​វិធីសាស្រ្ត​ទាំងអស់​នេះ​ ដែល​តាមពិត​ទៅ​វា​លឿន​ពេក និងមានលក្ខណៈ​ក្មេង​ខ្ចី នោះ​ប្រហែល​ជា​យើង​អាច​នឹង​ឃើញ​នូវ​ស្ថានភាព​នឹងនរ​នៅ​មុន​ពេល​មាន​ព្យុះភ្លៀង‍»។ ​

ក្នុង​ពេល​នេះ លោក វីរៈ រំពឹង​ទុក​ថា​ គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​អនុវត្ត គោលនយោបាយ​ដែល​ខ្លួន​បាន​ព្យាយាម​ និង​សាកល្បង ក្នុង​ការ​ប្រើប្រាស់​តុលាការ​ដើម្បី​ចាត់ការ​លោក​ សម រង្ស៊ី និង​ប្រើប្រាស់វិធីសាស្រ្តរុកគួន​ផ្នែក​រាងកាយ ទៅ​កាន់​លោក​ កឹម សុខា៕

ប្រែសម្រួលដោយ​ ហុង ចិន្តា