ប៉ូលិសកម្ពុជាអះអាងថា ស្លាកលេខរថយន្តដែលសង្ស័យពាក់ព័ន្ធនឹងការបាត់ខ្លួនសកម្មជនថៃជាស្លាកលេខក្លែងក្លាយ ខណៈក្រសួងការបរទេសថៃនៅបន្តរង់ចាំការផ្ទៀងផ្ទាត់ព័ត៌មាននៅឡើយថា តើសកម្មជនថៃឈ្មោះ Wanchalearm Satsaksitពិតជាត្រូវបានចាប់ពង្រត់ ឬ យ៉ាងណា។
ជិត២សប្តាហ៍មកហើយ ពោលគឺកាលពីថ្ងៃទី៤ ខែមិថុនាលោក Wanchalearm ជាសកម្មជនជាតិថៃ ដែលក្រុមសិទ្ធិមនុស្សរាយការណ៍ថា បានគេចខ្លួនមករស់នៅកម្ពុជាជាច្រើនឆ្នាំមកហើយនោះ ត្រូវបានគេចាប់ដាក់ក្នុងរថយន្ត Highlander ពណ៌ខ្មៅ ហើយបើកចេញទៅ។ សាក្សីដែលនៅក្បែរខុនដូដែលពួកគេថា ជនជាតិថៃលោក Wanchalearm អាយុ៣៧ឆ្នាំ ស្នាក់នៅនោះ បានប្រាប់ VOA ថា ពួកគេឃើញសកម្មជនថៃរូបនេះ ត្រូវបានបុរស៣នាក់ចាប់បញ្ចូលក្នុងរថយន្តមួយគ្រឿងនៅមុខខុនដូមួយ ដែលសកម្មជនរូបនោះ ស្នាក់នៅច្រើនឆ្នាំមកហើយ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សាក្សីបញ្ជាក់ថា អ្នកដែលត្រូវចាប់ពង្រត់នោះ ពិតជាជនជាតិថៃ ដែលរូបថតរបស់លោក ត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មាន។
នៅក្នុងសារអេឡិចត្រូនិក ឬ អ៊ីម៉ែល ដែលផ្ញើមក VOA នៅថ្ងៃអង្គារនេះ លោក Cherdkiart Atthakor អ្នកនាំពាក្យរបស់ក្រសួងការបរទេសថៃ លើកឡើងថា ភាគីថៃបាននិងកំពុងតាមដានរបាយការណ៍ព័ត៌មានទាក់ទងទៅនឹងការបាត់ខ្លួនលោក Wanchalearm «ជាមួយការព្រួយបារម្ភយ៉ាងខ្លាំង»។ ក្រសួងការបរទេសថៃ បញ្ជាក់ថា ការណ៍ពិតមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ និងបញ្ជាក់ច្បាស់នៅឡើយទេ។
ក្រសួងការបរទេសថៃបញ្ជាក់ថា រដ្ឋាភិបាលថៃបានទាក់ទងកម្ពុជារួចហើយ ដើម្បីជាកិច្ចសហការឲ្យផ្ទៀងផ្ទាត់ការណ៍ពិតនិងផ្តល់ព័ត៌មានដែលអាចឈានទៅដល់ការស្វែងរកលោក Wanchalearm។
លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិនិងជាអ្នកនាំពាក្យ ថ្លែងប្រាប់VOA នៅថ្ងៃអង្គារនេះថា រហូតមកដល់ថ្ងៃនេះ អាជ្ញាធរកម្ពុជាមិនទាន់អាចសន្និដ្ឋានថា ព័ត៌មាននៃការបាត់ខ្លួនសកម្មជនថៃរូបនោះ ពិតកម្រិតណានោះទេ។ លោកបន្តថា ម្ចាស់ខុនដូបានប្រាប់ប៉ូលិសថា មិនមានឈ្មោះជនជាតិថៃដែលបាត់ខ្លួន ស្នាក់នៅខុនដូទេហើយម្ចាស់ខុនដូក៏លើកឡើងថា មិនដែលឃើញជនជាតិថៃជាអតិថិជនស្នាក់នៅដែរ។ លោកបន្ថែមថា រថយន្តដែលកាមេរ៉ាសុវត្ថិភាពថតបាននោះ ក៏ប្រើប្រាស់ស្លាកលេខក្លែងក្លាយផងដែរ។
លោកមានប្រសាសន៍ថា៖ «យើងស្រាវជ្រាវដល់ឡាន ដែលអស់លោកបង្ហោះ។ អស់លោកសារព័ត៌មានបានមកពីណាខ្ញុំមិនដឹងទេ។ ឃើញមានស្លាកលេខហ្នឹង ស្លាកលេខក្លែងក្លាយទៀត។ យើងខ្ញុំកំពុងពិចារណាថាព័ត៌មានពិត ឬ មិនពិត ហើយពិតកម្រិតណា»។
នៅពេលសួរអំពីការទុកចិត្តម្ចាស់ខុនដូដែលប៉ូលិសថា ពួកគេមិនដែលឃើញសកម្មជនថៃស្នាក់នៅទីនោះ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ម្ចាស់ខុនដូនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើផ្តល់ព័ត៌មានមិនពិត។
លោកមានប្រសាសន៍ថា៖ «បើសិនជាគាត់កុហក អាហ្នឹងគាត់ទទួលខុសត្រូវចំពោះមុខច្បាប់។ ថ្ងៃក្រោយរកឃើញមក គាត់ទទួលខុសត្រូវមុខច្បាប់ទៅ»។
សាក្សីបានប្រាប់ VOA ថា សកម្មជនថៃរូបនោះរស់នៅខុនដូមួយនេះជាច្រើនឆ្នាំមកហើយ។
នៅពេលសួរទាក់ទងនឹងសាក្សីដែលប្រាប់ VOA អំពីការចាប់ខ្លួននេះ អ្នកនាំពាក្យរបស់ប៉ូលិសកម្ពុជារូបនោះបានថ្លែងថា៖ «បើអូនឯងច្បាស់ជាងសមត្ថកិច្ចអូនឯងសហការជាមួយសមត្ថកិច្ច យកមកដាក់ជាមួយសមត្ថកិច្ច ភស្តុតាងអី»។
បើតាមលោក ឆាយ គឹមខឿន ចាប់តាំងពីឆ្នាំ ២០១៧មក ជនជាតិថៃWanchalearm មិនមានឈ្មោះសុំទិដ្ឋាការពីអាជ្ញាធរកម្ពុជានោះទេ។ ដូច្នេះលោកថា ជនជាតិថៃនោះអាចចេញពីកម្ពុជា ឬ រស់នៅដោយខុសច្បាប់។
ខុនដូវិមានមេគង្គ ឬ Mekong Gardens Condo ដែលត្រូវបានរាយការណ៍ថា សកម្មជនថៃរូបនោះស្នាក់នៅនោះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់ឧកញ៉ាល្បីឈ្មោះលោក ពុង ឃាវសែ។
នៅពេលទាក់ទងតាមទូរស័ព្ទ ជំនួយការរបស់លោក ពុង ឃាវសែ បានបង្វែរសំណួរឲ្យសួរទៅអ្នកធ្វើការនៅខុនដូផ្ទាល់។ ជំនួយការរូបនោះបញ្ជាក់ថា លោក ពុង ឃាវសែពិតជាម្ចាស់ខុនដូ ប៉ុន្តែមិនគ្រប់គ្រងការងារផ្ទាល់នៃការស្នាក់នៅរបស់ភ្ញៀវនោះទេ។
ជំនួយការជាស្រ្តីរូបនោះនិយាយថា៖ «ព្រោះអីខុនដូហ្នឹង បច្ចុប្បន្ន គាត់ជាម្ចាស់ពិតមែន ប៉ុន្តែធម្មតាអ្នកគ្រប់គ្រងមានផ្សេងៗគ្នា។ គាត់ក៏អត់មានគ្រប់គ្រងទៅដល់បញ្ហា ការងារតូចតាច ពីណាគេស្នាក់នៅ ពីណាគេចេញ ពីណាចូលអី ក៏គាត់អត់មានទៅមើលការងារហ្នឹងដែរ»។
សាក្សីអះអាងថា ជនជាតិថៃនោះ តែងតែចេញពីខុនដូមកទិញម្ហូបអាហារហើយពួកគេឃើញមុខស្ទើររាល់ថ្ងៃ។ សាក្សីដែលឃើញការចាប់នោះបាននិយាយដោយសុំមិនបញ្ចេញឈ្មោះ ដោយសារបារម្ភអំពីសុវត្ថិភាព។
មន្រ្តីសិទ្ធិមនុស្សជំរុញឲ្យមានការស៊ើបអង្កេតបន្តទៀតលើករណីនេះ ដោយសារវាមានការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ។
លោក Wanchalearm គឺជាសកម្មជនប្រជាធិបតេយ្យល្បីឈ្មោះម្នាក់ ដែលតែងរិះគន់រដ្ឋាភិបាលយោធារបស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha)។ មួយថ្ងៃមុនការចាប់ដាក់ក្នុងរថយន្ត សកម្មជនរូបនេះបានបង្ហោះវីដេអូចុងក្រោយមួយលើហ្វេសប៊ុករបស់លោក រិះគន់នាយករដ្ឋមន្រ្តីថៃ។ នៅក្នុងវីដេអូប្រមាណ ១ នាទីនោះ សកម្មជនរូបនេះបាន«ជេរប្រមាថ»ថា លោក ប្រាយុទ្ធ ជាមេដឹកនាំនិយាយបានតែមាត់ ដឹកនាំប្រទេសមិនកើត និងជា «មេដឹកនាំល្ងង់ខ្លៅ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) លើកឡើងថា សកម្មជនរូបនេះ បានគេចមកនៅប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋប្រហារនៅប្រទេសថៃក្នុងខែឧសភា ឆ្នាំ២០១៤។ អង្គការ Human Rights Watch បញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរថៃបានចេញដីកាចាប់ខ្លួនលោក Wanchalearm ផងដែរ៕