កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ធំទូលាយក្នុងតំបន់ ឬហៅថា (RCEP) «នឹងផ្តល់នូវកាលានុវត្តភាពថ្មីៗ ឆ្ពោះទៅរកប្រភពថ្មីនៃកំណើន សេដ្ឋកិច្ចខ្ពស់ និងរឹងមាំ ដើម្បីជំរុញនិងផ្តល់សន្ទុះដល់ពាណិជ្ជកម្មទំនិញ សេវា និងការវិនិយោគ»។
នេះជាការអត្ថាធិប្បាយមួយរបស់លោកនាយកដ្ឋមន្ត្រីហ៊ុន សែន ដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ក្រោយជំនួបកំពូលរបស់ក្រុមមេដឹកនាំអាស៊ាន និងប្រទេសដៃគូពាណិជ្ជកម្មអាស៊ានស្តីពីកិច្ចព្រមព្រៀងនេះ ដែលបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃចន្ទ។
លោកហ៊ុន សែន បានលើកឡើងបន្ថែមថា៖ «ការសម្រេចបាននូវកិច្ចព្រមព្រៀង RCEP គឺជាសារនយោបាយដ៏មុតស្រួចទៅកាន់ ពិភពលោកបច្ចុប្បន្ន បង្ហាញឲ្យឃើញអំពីឆន្ទ:របស់ថ្នាក់ដឹកនាំ នៃប្រទេស RCEP ក្នុងការគាំពារ សកលភាវូបនីយកម្ម ប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី និងសេដ្ឋកិច្ចពិភពលោក តំបន់បើកចំហ ដែលជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការឆ្លើយតបនឹងនិន្នាការគោលនយោបាយគាំពារនិយម និង ឯកតោភាគីនិយម»។
កិច្ចព្រមព្រៀង RCEPមានការចូលរួមពីប្រទេសចំនួន១៥ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ កាលពីដើមឡើយ កិច្ចព្រមព្រៀងនេះមានប្រទេសចូលរួមចំនួន១០នៅក្នុងសមាគមអាស៊ាន ប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងចិន។
ប្រទេសឥណ្ឌា មិនបានបញ្ជាក់ពីការចង់ចូលរួមរបស់ខ្លួនក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះទេនៅក្នុងកិច្ចប្រជុំអាស៊ីខាងកើត ដែលជាផ្នែកមួយនៃជំនួបកំពូលរបស់សមាគមអាស៊ានរៀបចំឡើងនៅទីក្រុងបាងកក។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) នៅក្រុងភ្នំពេញ ប្រាប់ VOA នៅថ្ងៃអង្គារនេះថា RCEP គឺជាផ្នែកមួយនៃការប្រឆាំងលទ្ធិគាំពារនិយម ហើយដែលអាចផ្តល់ប្រយោជន៍ដល់កម្ពុជាផងដែរ។
«ហើយចំពោះកម្ពុជា ពីព្រោះថា ដោយសារតែកម្ពុជាជាសេដ្ឋកិច្ចតូច ហើយមានភាពបើកចំហ អ៊ីចឹងទេ ការជំរុញឲ្យមាន ការលំហូរពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហ្នឹង គឺផ្តល់ផលប្រយោជន៍ចំពោះកម្ពុជា»។
អ្នកជំនាញទំនាក់ទំនងអន្តរជាតិរូបនេះ លើកឡើងថា កិច្ចព្រមព្រៀង RCEP ត្រូវបានតាក់តែងឡើងខណៈប្រទេសមហាអំណាចមួយចំនួនដូចជាសហរដ្ឋអាមេរិក បានដកខ្លួនចេញពីយន្តការពហុភាគីដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ឬ(TPP) ជាដើម។
ទោះយ៉ាងណា លោក ង៉ែត ជូ អ្នកស្រាវជ្រាវខាងសេដ្ឋកិច្ចនៅប្រទេសកម្ពុជាយល់ថា កិច្ចព្រមព្រៀង RCEP នឹងមិនផ្តល់ប្រយោជន៍ដល់កម្ពុជាខ្លាំងនោះទេ ដោយសារតែផលិតផលក្នុងស្រុកនៅមានកម្រិត ហើយការចំណាយលើថ្លៃផលិតនៅខ្ពស់នៅឡើយ។
«អ៊ីចឹងមានន័យថា កិច្ចព្រមព្រៀងនេះ អាចជាការចំណេញច្រើន របស់ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់ អីហ្នឹង ដោយសារគេអាចនាំផលិតផលរបស់គេហ្នឹងមកស្រុកខ្មែរយើងដោយមិនមានការបង់ពន្ធអីជាដើម បាទអ៊ីចឹង វាការហូរចូលទំនិញ ច្រើនជាងការហូរចេញ»។
លោកបន្ថែមថា កម្ពុជានៅមិនទាន់មានសមត្ថភាពផលិតទំនិញដែលមានលក្ខណៈស្មុគស្មាញ និងបច្ចេកវិទ្យាខ្ពស់ បើធៀបនឹងប្រទេសដៃគូពាណិជ្ជកម្មរបស់អាស៊ាន និងប្រទេសក្នុងសមាគមអាស៊ាន។ លោកកត់សម្គាល់ថា ទំនិញដែលកម្ពុជាអាចនាំចេញបានគឺមានទំនិញកសិកម្មកែច្នៃមួយចំនួនដូចជាស្រូវ អង្ករ និងទំនិញកាត់ដេរ ដែលនៅប្រើបច្ចេកវិទ្យាកម្រិតទាបនៅឡើយ។
លោក ង៉ែត ជូ អះអាង ថា ទីផ្សារដែលល្អបំផុតសម្រាប់ទំនិញកាត់ដេររបស់កម្ពុជា ដែលទ្រទ្រង់ជីវភាពកម្មកររាប់សែននាក់នោះ គឺមានតែសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកប៉ុណ្ណោះ ។ លោកថា កម្ពុជាមិនអាចនាំចេញទំនិញប្រភេទនេះ ទៅលក់នៅប្រទេសដែលជាសមាជិករបស់ RCEP បានងាយស្រួលនោះឡើយ ព្រោះប្រទេសទាំងនោះមានបច្ចេកវិទ្យា និងសមត្ថភាពផលិតខ្ពស់ជាងកម្ពុជា។
ប្រជាពលរដ្ឋសរុបនៅក្នុងប្រទេសទាំង១០នៅសមាគមអាស៊ាន និងប្រទេស៦ផ្សេងទៀតមាន ប្រទេសអូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន នូវែលហ្សេឡង់ និងប្រទេសកូរ៉េខាងត្បូង គឺស្មើនឹង៤៥ភាគរយនៃចំនួនប្រជាជនសរុបក្នុងពិភពលោកនិងមានផលិតផលសរុបក្នុងស្រុក ឬ GDP ស្មើនឹងមួយភាគបីរបស់សាកលលោក។
ប្រសិនបើប្រទេសឥណ្ឌាយល់ព្រមចូលរួមជាមួយកិច្ចព្រមព្រៀង RCEP នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះនឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក។
ប្រទេសឥណ្ឌានៅពេលនេះ កំពុងតវ៉ាដើម្បីការពារផលិតផលកសិកម្ម និងអាជីវកម្មខ្នាតតូចក្នុងស្រុករបស់ខ្លួនមួយចំនួន ដែលអាចរងផលប៉ះពាល់ប្រសិនបើខ្លួនចូលរួមក្នុងកិច្ចព្រមព្រៀងRCEPដែលប្រទេសចិនជាអ្នកនាំមុខនោះ។
កិច្ចព្រមព្រៀងRCEPនេះ នឹងត្រូវគេរំពឹងថានឹងអាចសម្រេចបាននៅឆ្នាំ២០២០ នៅពេលប្រទេសវៀតណាម ធ្វើជាប្រធានសមាគមអាស៊ានក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំជាច្រើនផ្សេងទៀតដែលពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងរបស់ប្រទេសជាសមាជិកអាស៊ាន និងដៃគូពិភាក្សារបស់អាស៊ាន៕